លោក អ៊ីវ ប៉ូលី មេធាវីនៃក្រុមមេធាវី កម្ពុជា អន្តរជាតិ និងជាគ្រូបង្រៀនច្បាប់នៃសាលាមេធាវី និងនៅតាមមហាវិទ្យាល័យច្បាប់មួយចំនួនបានផ្តល់បទសម្ភាសឲ្យ ភ្នំពេញ ប៉ុស្តិ៍ លើប្រធានបទស្តីពីបណ្តឹងរដ្ឋប្បវេណីនិងសាលក្រមរដ្ឋប្បវេណីយោងទៅលើខ្លឹមសារច្បាប់ជាធរមានដែលមានសេចក្តីពិស្តារដូចខាងក្រោម៖
លោកមេធាវីអ្វីទៅបណ្តឹងរដ្ឋប្បវេណី?
បណ្តឹងរដ្ឋប្បវេណី គឺជាការអនុវត្តសិទ្ធិទាមទារតាមផ្លូវតុលាការចំពោះវិវាទទាំងឡាយណា ដែលពាក់ព័ន្ធនឹងទំនាក់ទំនងញាតិ និងទំនាក់ទំនងទ្រព្យសម្បត្តិ ដូចជាបណ្តឹងលែងលះ បណ្តឹងទាមទារដី ឬ ប្រាក់ជាអាទិ៍។ បណ្តឹងរដ្ឋប្បវេណីត្រូវដាក់ទៅតុលាការរដ្ឋប្បវេណី នៃការិយាល័យទទួលពាក្យបណ្តឹងនិងរដ្ឋបាលរបស់សាលាដំបូងរាជធានី‑ខេត្ត ដោយភាគីនៃសំណុំរឿងហៅថា ដើមចោទ (អ្នកប្តឹងគេ) និងចុងចម្លើយ (អ្នកដែលត្រូវគេប្តឹង)។ នៅពេលដាក់ពាក្យបណ្តឹងត្រូវបង់ពន្ធ (ពន្ធដាក់ពាក្យសុំ) ដោយសមាមាត្រទៅតាមតម្លៃកម្មវត្ថុនៃបណ្តឹង ហើយតុលាការនឹងបោះត្រាបញ្ជាក់។
ពេលដែលតុលាការទទួលបានពាក្យបណ្តឹង តើនីតិវិធីបន្តត្រូវធ្វើដូចម្តេច?
នៅពេលតុលាការបានទទួលពាក្យបណ្តឹងរដ្ឋបាលតុលាការនឹងបញ្ជូនពាក្យបណ្តឹងនេះទៅចៅក្រមទទួលបន្ទុក ដើម្បីចាត់ការជាសមត្ថកិច្ចដោយពិនិត្យទៅលើទម្រង់នៃពាក្យបណ្តឹងឬការបង់ពន្ធជាអាទិ៍បន្ទាប់មកនឹងចាត់បញ្ជូនពាក្យបណ្តឹងនេះទៅចុងចម្លើយ។
ចំណាត់ការបន្តទៀតតុលាការនឹងកំណត់កាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ក្នុងអំឡុងពេលដែលច្បាប់កំណត់និងសមរម្យ ដែលអាចឲ្យភាគីចូលរួមក្នុងនីតិវិធីត្រៀមដែលជាការអះអាងរបស់ភាគីក្នុងការឆ្លើយគាំទ្រការទាមទារ ឬបដិសេធការទាមទារ ជាអាទិ៍ ដែលជាមូលដ្ឋាននៃការសម្រេចសេចក្តីសម្រាប់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
ជាបន្តតើតុលាការនឹងបើកសវនាការនៅពេលណា ហើយប្រើសិទ្ធិសម្រេចដូចម្តេចចំពោះពាក្យបណ្តឹងនោះ?
នៅពេលនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលត្រូវបានបញ្ចប់តុលាការនឹងបន្តចំណាត់ការដោយកំណត់កាលបរិច្ឆេទទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ) ដើម្បីសម្រេចសេចក្តីចំពោះពាក្យបណ្តឹងថា តើច្រានចោល ឬសម្រេចតាមការទាមទារ។ ប្រសិនបើពាក្យបណ្តឹងនោះគ្មានមូលដ្ឋានឬគ្មានភ័ស្តុតាងគាំទ្រការទាមទារតុលាការនឹងចេញសាលក្រមច្រានចោលការទាមទារផ្ទុយទៅវិញបើពាក្យបណ្តឹងនោះមានមូលដ្ឋាននិងភ័ស្តុតាងគ្រប់គ្រាន់តុលាការនឹងចេញសាលក្រមសម្រេចតាមការទាមទារ។
ចុះបើមានភាគីណាមួយមិនសុខចិត្តនឹងសាលក្រមរបស់តុលាការតើច្បាប់ផ្តល់សិទ្ធិអី្វខ្លះឲ្យទៅភាគីនោះ?
ការសម្រេចសេចក្តីរបស់តុលាការចំពោះពាក្យបណ្តឹងត្រូវធ្វើឡើងតាមរយៈសាលក្រម ដែលជាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានី‑ខេត្ត (តុលាការជាន់ ទី១)។ ប្រសិនបើភាគីដែលចាញ់ក្តី មិនសុខចិត្តភាគីចាញ់ក្តីអាចប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនោះទៅសាលាឧទ្ធរណ៍ (តុលាការជាន់ ទី២) ដោយការប្តឹងឧទ្ធរណ៍ត្រូវធ្វើឡើងតាមរយៈពាក្យបណ្តឹងឧទ្ធរណ៍នៅការិយាល័យក្រឡាបញ្ជីនៃសាលាដំបូងដែលបានចេញសាលក្រមដោយត្រូវបង់ពន្ធស្មើនឹង ១,៥ ដង (មួយដងកន្លះ) នៃពន្ធដាក់ពាក្យសុំ។ បន្ទាប់ពីទទួលពាក្យបណ្តឹងឧទ្ធរណ៍ និងបានបង់ពន្ធគ្រប់ចំនួនសាលាដំបូងរាជធានី‑ខេត្ត នឹងបញ្ជូនបណ្តឹងនោះទៅសាលាឧទ្ធរណ៍ក្នុងពេលសមរម្យដែលអាចគោរពបាននូវគោលការណ៍ស្តីពីតុលាការត្រូវរ៉ាប់រងបណ្តឹងឲ្យឆាប់រហ័សនិងយុត្តិធម៌។
នៅពេលពាក្យបណ្តឹងឧទ្ធរណ៍ទៅដល់សាលាឧទ្ធរណ៍តើសាលាឧទ្ធរណ៍ត្រូវចាត់ការដូចម្តេច?
នៅពេលពាក្យបណ្តឹងមកដល់សាលាឧទ្ធរណ៍នឹងពិនិត្យពាក្យបណ្តឹងនោះថា តើធ្វើឡើងក្នុងអំឡុងពេលដែលច្បាប់កំណត់ឬយ៉ាងណា? បង់ពន្ធគ្រប់ចំនួនហើយឬនៅ? ជាអាទិ៍។ បន្ទាប់មកទៀត សាលាឧទ្ធរណ៍នឹងកំណត់កាលបរិចេ្ឆទទាញហេតុផលដោយផ្ទាល់មាត់ដើម្បីត្រួតពិនិត្យឡើងវិញនូវចំណាត់ការរបស់សាលាដំបូងនិងភាពស្របច្បាប់នៃសេចក្តីសម្រេចទុកជាមូលដ្ឋាននៃការសម្រេចបន្តថា តើច្រានចោលពាក្យបណ្តឹងឧទ្ធរណ៍ឬលុបចោលសាលក្រមសាលាដំបូងរាជធានី‑ខេត្ត ឬបញ្ជូនត្រឡប់មកសាលាដំបូងរាជធានី‑ខេត្ត ចាត់ការបន្តឲ្យបានសមស្របតាមផ្លូវច្បាប់ឡើងវិញ។
ចុះបើភាគីណាមួយមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍តើអាចប្តឹងទៅណា ឬត្រូវធ្វើដូចម្តេចទៀត?
ភាគីដែលមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍គប្បីប្តឹងសារទុក្ខនឹងសាលដីការបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូល (តុលាការជាន់ចុងក្រោយ) ដោយការប្តឹងសារទុក្ខ ត្រូវធ្វើឡើងតាមរយៈពាក្យបណ្តឹងសារទុក្ខនៅការិយាល័យក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ ដែលបានចេញសាលដីកាដោយត្រូវបង់ពន្ធនៃបណ្តឹងសារទុក្ខស្មើនឹង ២ ដងនៃពន្ធដាក់ពាក្យសុំ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងសារទុក្ខនិងបានបង់ពន្ធគ្រប់ចំនួនសាលាឧទ្ធរណ៍នឹងបញ្ជូនពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូលក្នុងអំឡុងពេលសមរម្យដែលអាចគោរពបាននូវគោលការណ៍ស្តីពីតុលាការត្រូវរ៉ាប់រងបណ្តឹងឲ្យឆាប់រហ័ស និងយុត្តិធម៌។
នៅពេលពាក្យបណ្តឹងសារទុក្ខទៅដល់តើតុលាការកំពូលនឹងចាត់ការដូចម្តេច?
នៅពេលពាក្យបណ្តឹងសារទុក្ខមកដល់តុលាការកំពូលនឹងពិនិត្យពាក្យបណ្តឹងសារទុក្ខនោះថា តើធ្វើឡើងក្នុងអំឡុងពេលដែលច្បាប់កំណត់ឬយ៉ាងណាបង់ពន្ធគ្រប់ចំនួនហើយឬនៅ? ជាអាទិ៍។ តមកតុលាការកំពូលនឹងចេញដីកាសម្រេចឲ្យដើមបណ្តឹងសារទុក្ខដាក់លិខិត បញ្ជាក់មូលហេតុនៃបណ្តឹងសារទុក្ខក្នុងអំឡុងពេលដែលច្បាប់កំណត់ (៣០ថ្ងៃ) គិតចាប់ពីថ្ងៃបានទទួលដីកាសម្រេច។ ប្រសិនបើមិនដាក់ក្នុងអំឡុងពេលច្បាប់កំណត់នោះទេ តុលាការកំពូលនឹងលើកបណ្តឹងចោលដោយដីកាសម្រេច។
ប្រសិនបើដើមបណ្តឹងសារទុក្ខបានដាក់លិខិតបញ្ជាក់មូលហេតុនៃបណ្តឹងសារទុក្ខ ក្នុងអំឡុងពេលដែលច្បាប់កំណត់តុលាការកំពូលនឹងចាត់បញ្ជូនលិខិតនេះទៅចុងបណ្តឹងសារទុក្ខដើម្បីឲ្យឆ្លើយតបតាមរយៈឯកសារត្រៀម (សារណាតប) ក្នុងការឆ្លើយដោះបន្ទុកចំពោះការលើកឡើងរបស់ដើមបណ្តឹងសារទុក្ខ។ សាលដីការបស់តុលាការកំពូលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា (សាលដីកាអធិបតេយ្យ) ហើយការប្តឹងត្រូវបញ្ចប់ត្រឹមតុលាការកំពូលលើកលែងតែភាគីចាញ់ក្តីអះអាងអំពីមូលហេតុនៃការជំនុំជម្រះសាជាថ្មីហើយមានហេតុផលតាមការកំណត់របស់ច្បាប់ភាគីនោះអាចដាក់ពាក្យបណ្តឹងទាមទារឲ្យជំនុំជម្រះសាជាថ្មី៕