នៅក្នុង​រថយន្តឈ្នួល​ ឬ​រថយន្ត​តាក់ស៊ី​ក៏ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងទៀត គឺ​អ្នកជិះ​តែងមាន​កញ្ចប់​អីវ៉ាន់​ផ្ទាល់ខ្លួន រីឯ​ម្ចាស់​រថយន្ត​ក៏​តែង​ត្រូវបាន​គេ​ផ្ញើ​កញ្ចប់​បញ្ញើ​ជា​ហូរហែ​ផង​​ដែរ​។ ប៉ុន្តែ​ចៃដន្យ​នៅក្នុង​កញ្ចប់​នោះ​ត្រូវបាន​សមត្ថកិច្ច​ឆែក​រកឃើញថា ជា​គ្រឿងញៀន​។ ​តាម​ផ្លូវ​ច្បាប់​ក្នុងករណី​បែបនេះ តើ​ម្ចាស់​រថយន្ត​ត្រូវ​មានទោស​​ឬ​មួយ​យ៉ាងណា​? ​

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក សួន វីរៈបញ្ញា ជា​សមាជិក​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ការិយាល័យ​មេធាវី ជីជី អន្តរជាតិ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖ ​

ឧបមា​ថា ជន​ម្នាក់​មាន​កញ្ចប់​គ្រឿងញៀនបាន​ជិះ​រថយន្ត​តាក់ស៊ី ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ម្ចាស់​រថយន្ត​នោះ ដោយ​សំអាង​ថា​ក្នុង​រថយន្ត​នោះ​មាន​គ្រឿងញៀន​។ ចំណែក​ម្ចាស់​កញ្ចប់​គ្រឿងញៀន​នោះបាន​រត់​​បាត់​។ តើ​ម្ចាស់​រថយន្ត​តាក់ស៊ី​ត្រូវ​ជាប់ទោស​ដែរឬទេ​? ​បើ​មាន​ជាប់​ពាក់ព័ន្ធ​គឺ​ដោយសារ​​មូលហេតុ​អ្វី ហើយ​បើ​មិន​ជាប់​ពាក់ព័ន្ធ តើ​មូលហេតុ​អ្វី​?

មុន​នឹង​បកស្រាយ​ដល់​អង្គហេតុ​ខាងលើ​នេះ​ខ្ញុំបាទ​សូម​ជម្រាបជូន​ថា នៅក្នុង​ធាតុ​ផ្សំ​នៃ​បទល្មើស​គ្រឿងញៀន គឺ​វា​មាន​លក្ខណៈពិសេស​ជាង​បទល្មើស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​បន្តិច​ត្រង់​ថា គ្រប់​បទល្មើស​គ្រឿងញៀន​គឺ​តម្រូវ​ឲ្យ​មាន​ធាតុ​ចេតនា​ក្នុង​ការប្រព្រឹត្ត​បទលើ្មស​នៅក្នុង​នោះ ដែល​ខុស​​ពី​បទលើ្មស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ដែល​ពុំ​ចាំបាច់​តម្រូវ​ឲ្យ​មាននូវ​ធាតុ​ចេតនា​នៅក្នុង​នោះទេ ឧទាហរណ៍​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។

នៅក្នុង​ករណី​ខាងលើ​នេះ​ម្ចាស់​រថយន្ត​ដែល​ជា​អ្នករត់​តាក់ស៊ី​ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទលើ្មស​នោះទេ ប៉ុន្តែ​គាត់​ត្រូវមាន​ភ័ស្តុតាង​រឹងមាំ​បង្ហាញថា​គាត់​ពុំ​បានដឹង​ ឬ​បាន​សង្ស័យថា ជន​នោះ​មាន​រក្សាទុក​គ្រឿងញៀន​នៅជាប់​នឹង​ខ្លួន​នោះ​ទេ​។

ក្នុង​ករណី​នេះ​អាជ្ញាធរ​ដែល​ជា​សមត្ថកិច្ច​អាច​ធ្វើ​កោសល្យ​វិច័យ​ស្នាម​ក្រយៅដៃ​ដែល​មាន​នៅលើ​ស្បោង ឬ​ក្រដាស​វេចខ្ចប់​គ្រឿងញៀន​នោះ​ដើម្បី​ផ្ទៀងផ្ទាត់​ក្នុងការ​ស្វែងរក​ជនសង្ស័យ​ដែលជា​ម្ចាស់ និង​ជា​អ្នកប្រព្រឹត្ត​បទល្មើស​ពិតប្រាកដ​។ ម្ចាស់​រថយន្ត​ដែល​គាត់​បាន​ដំណើរ​ការដឹក​ភ្ញៀវ​ជាធម្មតា គាត់​ពិតជា​មិន​អាច​ដឹងថា អតិថិជន​ដែល​ជិះ​រថយន្ត​របស់​គាត់​នោះ​បាន​រក្សាទុក​គ្រឿងញៀន​នៅជាប់​នឹង​ខ្លួន​​ ឬ​អត់​នោះទេ​។ ​

ប៉ុន្តែ​ក្នុង​ករណី​ដែលមាន​ភ័ស្តុតាង​បង្ហាញថា គាត់​បានដឹង​អំពី​ការរក្សា​ទុក​នេះ ឬ​គាត់​មានការ​សង្ស័យ ហើយ​គាត់​មិន​បាន​សួរនាំ​ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច នោះ​គាត់​អាច​នឹង​ត្រូវ​ទទួលរង​ការចោទប្រកាន់​រួមគ្នា​ជាមួយ​ម្ចាស់​គ្រឿងញៀន​ដែរ ក្រោម​បទ​រក្សាទុក ដឹកជញ្ជូន​ ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​ ២០១២​។

ករណី​ស្រដៀង​គ្នា​នេះដែរ​ ឬ​ប្រសិន​បើ​ម្ចាស់​តាក់ស៊ី​នោះ​ត្រូវ​បាន​ជន​ម្នាក់​ផ្ញើ​កញ្ចប់​គ្រឿងញៀន តែ​គាត់​មិន​បាន​ដឹង ហើយ​គេ​ឲ្យ​តម្លៃ​សេវា​លើស​ពី​តម្លៃ​បញ្ញើ​ធម្មតា​។ នៅពេល​នោះ​សមត្ថកិច្ច​បាន​ឆែក​ឃើញថា​ជា​កញ្ចប់​គ្រឿងញៀន​។ តើ​អាច​ចោទប្រកាន់​ថា ម្ចាស់​រថយន្ត​តាក់ស៊ី​ជាប់​ពាក់ព័ន្ធ​ដែរ​ទេ បើ​គាត់​ជា​អ្នក​ទទួល​កម្រៃ​ជើងសា​?

ក្នុង​ករណី​ស្រដៀង​គ្នា​នេះ ម្ចាស់​តាក់ស៊ី ឬ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ដឹកជញ្ជូន មិន​អាច​ទទួលទោស​បាន​ទេ ប្រសិន​បើ​ខ្លួន​ទទួលបញ្ញើ​កញ្ចប់​គ្រឿងញៀន ដែល​មាន​វេចខ្ចប់​ជិត ហើយ​ខ្លួន​មិន​បាន​ដឹងថា​ក្នុង​កញ្ចប់​នោះ​ជា​គ្រឿងញៀន​ទេនោះ​។

ប៉ុន្តែ​ក្នុង​ករណី​ដែល​ខ្លួន​មាន​ការសង្ស័យ ឬ​ខ្លួន​បាន​ដឹងថា​ក្នុង​នោះ​ជា​កញ្ចប់​គ្រឿងញៀន​ហើយ ប៉ុន្តែ​បែរ​ជា​មិន​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​បន្ត​ដឹកជញ្ជូន​កញ្ចប់​បញ្ញើ​គ្រឿងញៀន​នោះ ដោយ​ទាមទារ​ប្រាក់​កម្រៃ​នៃ​ការដឹកជញ្ជូន​ខ្ពស់​ជាង​សេវា​តម្លៃ​ធម្មតា នោះ​ម្ចាស់​តាក់ស៊ី ឬ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ដឹកជញ្ជូន​នោះ​អាច​នឹង​ត្រូវ​បាន​ទទួល​ការ​ចោទប្រកាន់​។

ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយទៀត​៖ ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ដែល​ខ្លួន​ដំណើរការ​​អាជីវកម្ម​ធម្មតា ហើយ​មាន​មនុស្ស​ចូលទៅ​ស្នាក់នៅ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ផ្ទះ​សំណាក់​នោះ ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់​ពុំ​បានដឹង​ទេ ក្នុង​ករណី​នេះ នៅពេល​សមត្ថកិច្ច​ប្រតិបត្តិការ​ចាប់បាន​ជនល្មើស​នៅក្នុង​ផ្ទះសំណាក់​នោះ​គឺ​ម្ចាស់ផ្ទះ​ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ​។ ​

ប៉ុន្តែ​ក្នុង​ករណី​ដែល​សមត្ថកិច្ច​រកឃើញ និង​មាន​ភ័ស្តុតាង​រឹងមាំ​ថា ម្ចាស់ផ្ទះ​បាន​ដឹង​ថា​មនុស្ស​មួយក្រុម​នោះ​ចូល​ទៅ​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន​ហើយ (​ឧទាហរណ៍​៖ ម្ចាស់ផ្ទះ​សំណាក់​បានឃើញ​មនុស្ស​មួយក្រុម​នោះ​មាន​កាន់​ទុយោ ដប​ទឹក ឬ​កាន់​កញ្ចប់​គ្រឿងញៀន ដោយ​អាច​ឲ្យ​ខ្លួន​អាច​ពិចារណា​ថា មនុស្ស​នោះ​ចូល​ទៅ​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន​) ប៉ុន្តែ​ខ្លួន​នៅតែ​អនុញ្ញាត​ឲ្យ​ចូល​ទៀត នោះ​ម្ចាស់ផ្ទះ​អាច​រង​ពីបទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

សរុបមក​បទល្មើស​គ្រឿងញៀន​មាន​លក្ខណៈពិសេស​ត្រង់​ថា ពុំមាន​បទលើ្មស​គ្រឿងញៀន​ដោយ​អចេតនា​នោះទេ គឺ​គ្រប់ការ​កំណត់ថា ជនណា​ម្នាក់​មានទោស​អំ​ពីបទ​ល្មើស​គ្រឿងញៀន គឺ​ត្រូវតែ​រក​ឲ្យ​ឃើញថា ជន​នោះ​បាន​ប្រព្រឹត្ត​ទង្វើ​ល្មើស​នោះ​ដោយ​ចេតនា​។

ការកំណត់​អំពី​ចេតនា​នៃ​បទល្មើស​គ្រឿងញៀន​នេះដែរ​គឺ​ត្រូវបាន​ការពារ​ដោយ​អនុសញ្ញា​របស់​អង្គការ សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់ និង​សារធាតុ​ដែល​ធ្វើឱ្យ​ប៉ះពាល់ ប្រព័ន្ធ​សរសៃប្រសាទ​ឆ្នាំ​ ១៩៨៨ និង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ក្នុង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ខាង​​លើ​នេះ ឆ្នាំ​ ២០០៥​។

នៅក្នុង​មាត្រា ៣ នៃ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់ និង​សារធាតុ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឆ្នាំ​ ១៩៨៨ បាន​ចែង​ថា “​ភាគី​នីមួយៗ​ត្រូវ​អនុម័ត​នូវ​វិធាន​ផ្សេង​ដែលមាន​លក្ខណៈ​ចាំបាច់​ដើម្បី​កំណត់​ឲ្យ​លក្ខណៈ​បទល្មើស​ព្រហ្មទណ្ឌ​ទាំងឡាយ អនុលោម​តាម​ច្បាប់​ក្នុង​ប្រទេស​របស់​ខ្លួន ពេល​ដែល​អំពើ​បាន​ប្រព្រឹត្ត​ដោយ​ចេតនា​”​។

ជា​ចុងក្រោយ​ខ្ញុំ​បាទ​សូម​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀន​ដោយ​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​រាល់ពេល​ដែល​បាន​ជួប​ប្រទះ​ ឬ​មាន​ការសង្ស័យថា មាន​ការប្រព្រឹត្ត​បទលើ្មស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​៕