
ព្រះរាជអាជ្ញាអន្តរជាតិ និងអ្នកជំនាញច្បាប់ប្រហែល ១០០ នាក់ ដែលបានប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុននៅទីក្រុង Nuremberg ប្រទេស អាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី «ការកសាងកេរដំណែល បទពិសោធ ពីសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិនិងតុលាការកូនកាត់ ពីប្រទេសកម្ពុជាលោកស្រី ជា លាង សហព្រះរាជអាជ្ញាជាតិនិងលោក William Smith សហព្រះរាជអាជ្ញារងអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានចូលរួមក្នុងសន្និសីទនេះផងដែរ។ លោក Smith បានឆ្លើយទៅនឹងសំណួររបស់លោក ជាង សុខា នៃ ភ្នំពេញ ប៉ុស្តិ៍ អំពីបទពិសោធកេរដំណែល និងការងាររបស់លោកបច្ចុប្បន្ន នៅសាលាក្តី។
សំណួរ៖ តើលោកបានរៀនសូត្រនិងចែករំលែកអ្វីខ្លះជាមួយនឹងព្រះរាជអាជ្ញាអន្តរជាតិ និងអ្នកជំនាញច្បាប់អន្តរជាតិពីសន្និសីទនេះ?
ចម្លើយ៖ ខ្ញុំគិតថា ចំណុចសំខាន់មួយ បញ្ហាដែលខាងភាគីជាតិរបស់តុលាការត្រូវដោះស្រាយ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មខ្នាតធំ បញ្ហាដែលតុលាការអន្តរជាតិត្រូវដោះស្រាយ និងបញ្ហាដែលតុលាការកូនកាត់ត្រូវដោះស្រាយ ភាពស្រដៀងគ្នារវាងបញ្ហាទាំងនោះ ហើយដោយចែករំលែកបទពិសោធ ចែករំលែកសមត្ថភាពជម្នះលើបញ្ហាប្រឈម ខ្ញុំគិតថា វានឹងជួយយើងទាំងអស់គ្នានៅទីនេះ ពីកម្ពុជានៅ អាហ្វ្រិក នៅតុលាការអន្តរជាតិ ដើម្បីពិនិត្យបញ្ហាដែលគេមាន ហើយព្យាយាមស្វែងរកដំណោះស្រាយ ឬស្វែងរកមធ្យោបាយដើម្បីឲ្យដំណើរការរបស់តុលាការផ្ទាល់ទទួលបានជោគជ័យ។ ខ្ញុំយល់ឃើញថា វាគឺជាការល្អប្រសើរ ដើម្បីប្រើប្រាស់នូវបទពិសោធ របស់អ្នកដទៃទៀត។
សំណួរ៖ និយាយអំពីកេរដំណែល តើតុលាការ ដូចជា អ.វ.ត.ក នឹងក្លាយជាយ៉ាងម៉េច ពេលវាបញ្ចប់ ឬប្រៀបធៀបនឹងតុលាការអន្តរជាតិដទៃទៀត?
ចម្លើយ៖ ខ្ញុំគិតថា ផ្នែកមួយចំនួននៃកេរដំណែលនេះនឹងដូចគ្នាភាគច្រើន ហើយផ្នែកមួយទៀតនឹងផ្នែកផ្សេងៗ ហើយមូលហេតុដែលផ្នែកដទៃទៀតនៃកេរដំណែលនឹងខុសគ្នា ព្រោះកម្ពុជាមានស្ថានការណ៍ពិសេស យើងមានតុលាការកូនកាត់នៅកម្ពុជា បើធៀបនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុង ឡាអេ ដូច្នេះ ឱកាស និងលទ្ធភាព គឺខុសគ្នារវាងតុលាការនីមួយៗ ប៉ុន្តែ កេរដំណែលគឺជាកេរដំណែលសំខាន់សម្រាប់តុលាការទាំងអស់។ ខ្ញុំគិតថា ការបញ្ចប់និទ្ទណ្ឌភាពដោយយកមេដឹកនាំសំខាន់ៗមកកាត់ទោសដែលទទួល ខុសត្រូវលើឧក្រដិ្ឋកម្មខ្នាតធំ ហើយខ្ញុំគិតថា បង្កើតការផ្សះផ្សាដល់សហគមន៍ វាជាការចាប់ផ្តើមជួយកសាងនីតិរដ្ឋក្នុងសង្គមទាំងនោះ។ នៅកម្ពុជា ដោយធ្វើការជាមួយនឹងចៅក្រម និងមេធាវីកម្ពុជា ហើយបុគ្គលិកគាំពារ និងបុគ្គលិកតុលាការ ដែលខ្ញុំគិតថា ការចែករំលែកចំណេះដឹងទាំងអស់នេះ វានឹងបានទៅដល់អន្តរជាតិ ដល់ប្រជាជនកម្ពុជា ហើយអ្នកវិជ្ជាជីវៈកម្ពុជាទាំងនោះនឹងយកជំនាញទាំងនោះទៅអនុវត្តក្នុងតុលាការក្នុងស្រុក ដើម្បីជួយបង្កើនគុណភាពនៃការជំនុំជម្រះ ដូច្នេះ ចំពោះជនរងគ្រោះ និងជនត្រូវចោទ គោលគំនិតនៃភាពយុតិ្តធម៌ត្រូវបានបំពេញ។ ខ្ញុំក៏គិតផងដែរថា នៅ អ.វ.ត.ក លក្ខណៈជាសាធារណៈនៃការកាត់ទោសបានអនុញ្ញាតឲ្យប្រជាជនកម្ពុជាពិភាក្សាដោយបើកចំហ ហើយឥឡូវនេះ វាជាពេលត្រឹមត្រូវសម្រាប់ប្រជាជនក្នុងការធានាថា សិទិ្ធមនុស្សត្រូវបានការពារ ដោយមានសំឡេងនិយាយជាមួយនឹងរដ្ឋាភិបាល ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដែលនេះ វាជាការឆ្ពោះទៅរកការការពារសិទិ្ធមនុស្សថែមទៀតនៅកម្ពុជា។
សំណួរ៖ នៅសន្និសីទ គេពិភាក្សាអំពីឥទិ្ធពលនយោបាយក្នុងដំណើរការតុលាការផងដែរ ចំពោះ អ.វ.ត.ក ដែលលោកជាព្រះរាជអាជ្ញា តើលោកមើលឃើញឥទិ្ធពលនយោបាយរាំងស្ទះការស៊ើបអង្កេតរឿងក្តីរបស់លោកដែរឬទេ?
ចម្លើយ៖ ចម្លើយគឺពិតជាទេក្នុងន័យដែលយើងបាន កាត់ទោសក្នុងរឿងក្តី ទី១ រឿងក្តី ដែលយើងចង់ធ្វើការកាត់ទោស យើងកាត់ទោសមេដឹកនាំជាន់ខ្ពស់ ដែលទើបតែបញ្ចប់ប៉ុន្មានថ្ងៃមុន។ ក្នុងនីតិវិធី ខ្ញុំមិនគិតថា មានការជ្រៀតជ្រែកនយោបាយខ្លាំងទេ ប៉ុន្តែ អ្វីដែលយើងអាចនិយាយបាន គឺទាក់ទងនឹងរឿងក្តីដទៃទៀត គឺសំណុំរឿង ០០៣ និង ០០៤ ដែលជនសង្ស័យបួននាក់ផ្សេងទៀត ស្ថិតក្រោមការស៊ើបអង្កេត ហើយរដ្ឋាភិបាលបានបង្ហាញច្បាស់ថា គេមិនគិតអំពីរឿងក្តីទាំងនោះទេ។ ឥឡូវនេះ អ្នករាល់គ្នា មានសិទិ្ធ និងមតិយោបល់ដែលរដ្ឋាភិបាលកម្ពុជាដឹង ហើយអង្គការសហប្រជាជាតិដឹង ពីកិច្ចព្រមព្រៀងដែលគេចុះហត្ថលេខា គឺមេធាវី និងចៅក្រម នៅតុលាការត្រូវធ្វើសកម្មភាពដោយឯករាជ្យ។ គេមិនត្រូវទទួលយកការណែនាំពីរដ្ឋាភិបាលឬអង្គការសហប្រជាជាតិទេ ហើយយើងជឿជាក់ថា គេគោរពកិច្ចព្រមព្រៀងនោះ បើទោះបីជាគេមានមតិយោបល់ខុសគ្នាអំពីថា តើត្រូវកាត់ទោសអ្វី។ ដូច្នេះ ខ្ញុំគិតថា មានគំនាបនយោបាយដោយមតិយោបល់ដែលបានលើកឡើងដោយបុគ្គលក្នុងរដ្ឋាភិបាល ប៉ុន្តែសម្ពាធនយោបាយ និងការជ្រៀតជ្រែកនយោបាយជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយខ្ញុំគិតថា ដំណាក់កាលនេះ ការជ្រៀតជ្រែកនយោបាយមិនធំ ដែលធ្វើឲ្យតុលាការមិនអនុវត្តអាណតិ្តរបស់ខ្លួនទេ។
ក្នុងសំណុំ រឿង ០០៣ និង ០០៤ បានស៊ើបអង្កេតហើយ ហើយយើងនឹងដឹងអំពីលទ្ធផលស៊ើបអង្កេតនៅឆ្នាំក្រោយ ទោះបីមានដីកាចោទ ឬដីកាតម្កល់ ហើយតុលាការកម្ពុជា និងសហគមន៍អន្តរជាតិនឹងគោរព និងគាំទ្រទោះមានដីកាអ្វីក៏ដោយ។
សំណួរ៖ សំណុំរឿង ០០២/០១ បានបញ្ចប់ ហើយសំណុំរឿង ០០២ នៅតែបន្ត និយាយអំពីជនជាប់ចោទដែលចាស់ និងមានជំងឺ តើលោកខ្លាចថា ជនជាប់ចោទទាំងនេះនឹងស្លាប់មុនពេលបញ្ចប់រឿងក្តីដែរឬទេ?
ចម្លើយ៖ ខ្ញុំគិតថា សំខាន់ណាស់ ដែលរឿងក្តី ០០២/០១ នេះបានបញ្ចប់។ វាសំខាន់ណាស់ ហើយសំណាងល្អ ដែលលោក នួន ជា និងលោក ខៀវ សំផន នៅតែមានសម្បទាល្អ សម្រាប់នីតិវិធី ប៉ុន្តែ វាអាចនឹងមានគ្រោះថ្នាក់ដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរអាច ស្លាប់ មុនពេលប្រកាសសាលក្រម។ យើងចង់ឲ្យប្រកាសសាលក្រមក្នុងពេលឆាប់ៗ ពេលមានការកាត់ទោសមួយទៀតទាក់ទងនឹងជនជាប់ចោទទាំងពីរនេះ យើងមិនឯកភាពជាមួយនឹងអង្គជំនុំជម្រះ ឲ្យមានការកាត់ទោសពីរលើកទេ យើងបាននិយាយថា វាគួរតែមានការជំនុំជម្រះមួយ លើបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ដែលកំពុងកាត់ទោសក្នុងរឿងក្តី ទី១ ដែលមិនត្រូវគាំទ្រនៅចុងបញ្ចប់ ដូច្នេះ វាសំខាន់ដែលនីតិវិធីបន្ត យើងត្រូវចាប់ផ្តើមការជំនុំជម្រះមួយទៀតប្រសិនបើជនជាប់ចោទ ម្នាក់ឬពីរនាក់ស្លាប់ ក្នុងអំឡុងនីតិវិធីនោះ ឬមុនពេលចាប់ផ្តើមនីតិវិធី ខ្ញុំមិនគិតថា វាជាបរាជ័យទេ។
សំណួរ៖ សំណុំរឿង ០០៣ និង ០០៤ កំពុងស៊ើបអង្កេត ប៉ុន្តែ វាហាក់ដូចជាខាងព្រះរាជអាជ្ញាកម្ពុជារាំងស្ទះនីតិវិធី ដូច្នេះ តើលោកគិតថា រឿងក្តីទាំងនេះនឹងអាចចេញហើយជនសង្ស័យថែមទៀតនឹងត្រូវចោទប្រកាន់ដែរឬទេ?
ចម្លើយ៖ លោកអ្នកត្រូវយល់ថា ភាគីកម្ពុជាមិនសកម្មក្នុងការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ដែលគួរឲ្យច្បាស់លាស់ ប៉ុន្តែខ្ញុំគិតថា វាហួសហេតុពេកហើយ ដែលនិយាយថា ភាគីកម្ពុជានៅតុលាការ ឬតុលាការកម្ពុជារាំងស្ទះការស៊ើបអង្កេត ខណៈការស៊ើបអង្កេតកំពុងបន្ត អ្នកស៊ើបអង្កេតកំពុងបំពេញការងារសាកសួរសាក្សី ប្រមូលភ័ស្តុតាង ដូច្នេះ ដំណើរការស៊ើបអង្កេតមិនត្រូវបានរាំងស្ទះទេ ហើយវាត្រូវបានអនុវត្តយ៉ាងសកម្មដោយភាគីជាតិនៅតុលាការ។ ថាតើមានអ្វីខ្លះកើតឡើងចំពោះរឿងក្តីនេះ យើងត្រូវតែរង់ចាំរហូតដល់ការស៊ើបអង្កេតបានបញ្ចប់ ហើយយើងរំពឹងថាការស៊ើបអង្កេតគួរតែបញ្ចប់នៅឆ្នាំក្រោយ៕ TK