នៅពេល​កម្មករ​កាត់ដេរ​មាន​ទំនាស់​ ឬ​មាន​វិវាទ​ជាមួយ​ថៅកែ​រោងចក្រ​ណា​មួយ​គឺ​មាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជា​ស្ថាប័ន​មួយ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​។ ​ប៉ុន្តែ​ថា​តើ​រាល់​ការដោះស្រាយ​វិវាទ​រវាង​កម្មករ​កាត់ដេរ​ និង​ថៅកែ​មាន​ភាពលម្អៀង​ ឬ​មិន​លម្អៀង​យ៉ាង​ណា​នោះ​ភ្នំពេញ-ប៉ុស្តិ៍​បាន​សម្ភាសន៍​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនាកម្មករ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០០៣ ​ដែល​ក្រុមប្រឹក្សា​នេះ​ ជា​អ្នក​ដោះស្រាយ​វិវាទ​ការងារ​រួម​ក្នុង​នោះ​ក៏​មាន​ការដោះស្រាយ​វិវាទ​កម្មករ​កាត់ដេរ​ដែរ​។ ក្នុង​នាម​លោក​ជា​ប្រធាន​សហជីព​មួយ​ដែរ​នោះ​ លោក​អង្កេត​ឃើញ​ថា ​រហូត​មក​ដល់​ពេល​នេះ​ ការ​​ដោះស្រាយ​វិវាទ​កម្មករ​ភាគច្រើន​លើ​ទំនាស់​អ្វី​ខ្លះ​?

ជាទូទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​អាច​ទទួល​យក​បាន​ និង​គាំទ្រ​ចំពោះ​ដំណើរការ​រាល់​ការងារ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ មាន​លក្ខណៈ​ល្អប្រសើរ​ដែល​អាច​ទទួល​យក​បាន​ពី​កិច្ចការ​ផ្សេងៗ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ ជាទូទៅ​រាល់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គឺ​ពឹងផ្អែក​ទៅ​តាម​ច្បាប់​ពិសេស​ការសម្រេច​ទាំងអស់​សុទ្ធសឹង​តែ​មាន​ការឯកភាព​ និង​អាច​ទទួល​យក​បាន​ហើយ​ក៏​គ្មាន​ការ​លម្អៀង​ទៅ​ខាង​និយោជក​ក៏​អត់​ដែរ​។ និយាយ​ឲ្យ​ចំ​ទៅ​គឺ​បញ្ហា​វិវាទ​ជាទូទៅ​មាន​ ២ ​ដែល​មាន​ន័យ​ថា ការដោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​អំពី​វិវាទ​សិទ្ធិ​គឺ​យើង​ទទួល​យក​បាន​មួយរយ​ភាគរយ​។

បើ​ក្នុង​ករណី​ដោះស្រាយ​វិវាទ​អំពី​ផលប្រយោជន៍​វិញ​គឺ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​យក​មក​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​វិវាទ​ផលប្រយោជន៍​ទេ​។ ​ដូច្នេះ​យើង​ឃើញ​ថា វិវាទ​ផលប្រយោជន៍​វា​ធម្មតា​ទេ​បើ​គេ​មិន​កាត់​ទៅ​ហើយ​ហើយ​កម្មករ​ចេះ​តែ​ទាមទារ​អាហ្នឹង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គេ​មាន​សិទ្ធិ​នៅ​ក្នុង​ការបដិសេធ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​របស់​គេ​។

ចំពោះ​ដែល​ថា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​កាត់ក្តី​តែ​អំពី​សិទ្ធិ​នេះ​មាន​ន័យ​ថា​ឧទាហរណ៍​ករណី​ថៅកែ​រោងចក្រ​បង្ខំ​ឲ្យ​កម្មករ​កាត់ដេរ​ថែម​ម៉ោង ករណី​បញ្ឈប់​មេដឹកនាំ​សហជីព ករណី​ឲ្យ​ធ្វើការ​ពេល​ថ្ងៃ​បុណ្យ​ថ្ងៃ​អាទិត្យ​ដោយ​មិន​គិត​ប្រាក់​ឈ្នួល​អាហ្នឹង​ហើយ​គេ​ហៅ​ថា ទំនាស់​អំពី​សិទ្ធិ​។ ព្រោះ​ថា​អ្វី​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ហើយ​និយោជក​មិន​គោរព​មិន​អនុវត្ត​អាហ្នឹង​គេ​ហៅថា រំលោភសិទ្ធិ​ហើយ​។

អ៊ីចឹង​នៅ​ពេល​ណា​ដែល​មាន​ទំនាស់​អំពី​សិទ្ធិ​ហើយ​ពេល​ណា​ដែល​មាន​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​គាត់​កាត់ក្តី​ដូច​នៅ​តុលាការ​ដែរ​ឬ​យ៉ាង​ណា​? ​ហើយ​ឲ្យ​ភាគី​ណា​មួយ​ឈ្នះ​ និង​ប្រាក់​ពិន័យ​មាន​ទេ​​ឬ​ក៏​យ៉ាង​ម៉េច​?

ការកាត់ក្តី​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គ្មាន​បង្គាប់​ឲ្យ​ភាគី​ណា​មួយ​បង់​ប្រាក់​ពិន័យ​ទៅ​ភាគី​ម្ខាង​ទៀត​នោះ​ទេ ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​និយោជក​អនុវត្ត​។ មាន​ន័យ​ថា​ចាប់ពី​ថ្ងៃ​ដែល​យើង​ប្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ហើយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចេញ​សេចក្តី​បង្គាប់​ពេល​ណា​គឺ​ឲ្យ​និយោជក​ត្រូវ​តែ​អនុវត្ត​ពេល​ហ្នឹង​។

ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​រកឃើញ​ថា និយោជក​កេងប្រវ័ញ្ច​លុយ​របស់​កម្មករ​ឧទាហរណ៍​ថា ក្រុមហ៊ុន​ខ្លះ​គាត់​មិន​ឲ្យ​កម្មករ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យជាតិ​អន្តរជាតិ​ហើយ​ថៅកែ​រោងចក្រ​នៅ​តែ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​នៅ​ថ្ងៃ​នេះ​ដោយ​មិន​គិត​ពី​ប្រាក់​ឈ្នួល​ផ្សេងៗ​ហ្នឹង​គឺ​នៅពេល​ដែល​ខាង​កម្មករ​ប្តឹងទៅ​គឺ​ខាង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សង​វិញ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​មានចែង​នៅក្នុង​ច្បាប់​។ ​

ចំពោះ​ករណី​ទំនាស់​ផលប្រយោជន៍​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​ទទួល​ដោះស្រាយ​អ៊ីចឹង​មាន​តែ​បង្វែរ​ទៅ​ខាង​តុលាការ​វិញ​ឬ​យ៉ាង​ម៉េច​? ​ហើយ​ចូរ​លោក​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​ពាក្យ​ថា​ទំនាស់​ផលប្រយោជន៍​នេះ​?

ចំពោះ​បញ្ហា​ទំនាស់​ផលប្រយោជន៍​ទៅ​តុលាការ​ក៏​អត់​ដែរ​បើ​ទោះ​ជា​យើង​ប្តឹង​ទៅ​ក៏​អត់​ន័យ​ដែរ​ព្រោះ​ថា​ខាង​តុលាការ​ក៏​គេ​មើល​ឬ​យោង​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែរ​។ ​ព្រោះ​ថា​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក៏​កើត​ចេញ​ពី​ក្រុម​អ្នក​ច្បាប់​ដែល​មាន​ចៅក្រម​នេះ​ឯង​។

ទំនាស់​ផលប្រយោជន៍​ខ្ញុំ​ឧទារហណ៍​ថា​តាម​ផ្លូវ​ច្បាប់​អត់​មាន​លុយ​ថ្លៃ​បាយ​ថ្ងៃត្រង់​ទេ​ ប៉ុន្តែ​កម្មករ​និយោជិត​គាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ថ្លៃ​បាយ​ថ្ងៃត្រង់​ឲ្យ​គាត់​នៅក្នុង​តម្លៃ​ណា​មួយ​ទៅ​។ ​ឧទាហរណ៍​ក្នុង ​១ ​ថ្ងៃ​ ២​ ពាន់​ឬ​ ៤ ​ពាន់​រៀល​អ៊ីចឹង​ទៅ​ហើយ​ខាង​ក្រុមហ៊ុន​គេ​បដិសេធ​ហើយ​រឿង​នេះ​ត្រូវ​បាន​ប្តឹង​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ អ៊ីចឹង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គេ​មិន​ចាត់ការ​ទេ​ដោយសារ​ថា វា​ជា​ការទាមទារ​មួយ​ដែល​មិន​ស្របតាម​ផ្លូវ​ច្បាប់​ដែល​មិន​មាន​ច្បាប់​ចែង​ដូច្នេះ​ខាង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គេ​មិន​កាត់​ទេ​រឿង​ហ្នឹង​។

ប្រមុខ​រដ្ឋាភិបាល​បាន​ចុះ​ជួប​កម្មករ​ដែល​បង្ហាញ​ពី​ការយក​ចិត្ត​ទុកដាក់​ដល់​ពួកគេ​រហូត​ឧបត្ថម្ភ​ថវិកា​ដល់​ស្ត្រី​កម្មករ​ឆ្លង​ទន្លេ​រួមទាំង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ផង​។ តើ​សកម្មភាព​នេះ​លោក​យល់​យ៉ាង​ណា​ដែរ​?

ខ្ញុំ​គិតថា​វា​ជា​រឿង​មួយ​ល្អ​ដែល​ថ្នាក់ដឹកនាំ​លោក​ចុះ​ជួប​កម្មករ​និយោជិត​ដោយ​ផ្ទាល់​ដែល​លោក​អាច​ស្វែងយល់​បាន​ច្រើន​ជុំវិញ​ស្ថានភាព​របស់​កម្មករ​ និង​ជុំវិញ​ការងារ​ផ្សេងៗ​។ ខ្ញុំ​យល់​ឃើញ​ថា​ប្រសិន​បើ​យើង​ពិនិត្យ​ទៅលើ​សកម្មភាព​អ្វី​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​លោក​កំពុង​តែ​ធ្វើ​ជា​ការ​បង្ហាញ​ការយក​ចិត្ត​ទុក​ដាក់​ដល់​កូនចៅ​របស់​លោក​ហើយ​។

ហេតុ​ដូច្នេះ​ លោក​គួរ​តែ​ធ្វើ​ឲ្យ​បាន​ច្រើន​ហើយ​ និង​ធ្វើ​បន្តបន្ទាប់​ទៀត​ទោះបី​ជា​មិន​ជិត​ដល់​រដូវកាល​បោះឆ្នោត​ ឬ​ក៏​ក្រោយ​បោះឆ្នោត​នេះ​។ ខ្ញុំ​គ្រាន់​តែ​សូម​សំណូមពរ​ថា​ការចុះ​ជួប​កម្មករ​ជា​ញឹកញាប់​ជា​រឿង​មួយ​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ផ្សេងៗ​របស់​កម្មករ​និយោជិត​ដែល​គាត់​គិត​ថា​ត្រូវការ​បំពេញ​នូវ​ភាព​ចន្លោះ​ប្រហោង​។ ​ឧទាហរណ៍​ថា ស្ត្រី​សម្រាល​កូន​គាត់​មាន​​ឱកាស​ឈប់ ៩០ ​ថ្ងៃ​នៅ​ក្នុង​ច្បាប់​ស្តីពី​ការងារ​ហើយ​គាត់​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​ ៥០ ​ភាគរយ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ​ប្រមុខ​ដឹកនាំ​អាច​ស្វែង​យល់​ពី​តម្រូវការ​ផ្សេងៗ​របស់​កម្មករ​បន្ថែម​ទៀត​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អះអាង​ថា​រដ្ឋាភិបាល​បាន​រៀបចំ​កញ្ចប់​ថវិកា​ប្រមាណ ៤០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ផ្ដល់​ទៅ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ បន្ថែម​លើ​ប្រាក់​ខែ​របស់​ពួកគេ​ដែល​គ្រោង​ដំឡើង​ដល់ ១៧០ ដុល្លារ​ចាប់ពី​ឆ្នាំ​ក្រោយ​នេះ​។​ ​ជំនួយ​បន្ថែម​បែប​នេះ​តើ​លោក​គិត​ថា​ជា​ផ្នែក​មួយ​រារាំង​មិន​ឲ្យ​កើត​មាន​បាតុកម្ម​​ ឬ​ការតវ៉ា​ពី​កម្មករ​ឬ​យ៉ាង​ណា​? ​ហើយ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​មាន​សំអាង​ឬ​?

ខ្ញុំ​គិតថា​ជំនួយ​របស់​រដ្ឋាភិបាល​ទៅ​លើ​ផ្នែក​មួយ​គឺ​មិនមែន​កាត់​បន្ថយ​វិវាទ​នោះ​ទេ​ករណី​វិវាទ​វា​កើតឡើង​អំពី​ទំនាស់​រវាង​ភាគី​កម្មករ​និយោជិត​ជាមួយ​ភាគី​និយោជក​លើ​ហេតុផល​ផ្សេងៗ​។

ឧទាហរណ៍​ថា​ករណី​រំលោភ​សិទ្ធិ​កម្មករ ​ឬ​ក៏​ការប្រមាថ​បៀតបៀន​ការ​កេង​ប្រវ័ញ្ញ​ដូច្នេះ​ហើយ​លុយ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​បន្ថែម​ដល់​កម្មករ​ជា​ផ្នែក​មួយ​ក្នុង​ការបង្កើន​នូវ​ការជួយ​ទ្រទ្រង់​ដល់​ស្ត្រី​សម្រាល​កូន​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នេះ​ជា​ការ​លើក​​ទឹកចិត្ត​បន្ថែម​។ ​ប៉ុន្តែ​វា​មិនមែន​ជា​ការទប់ស្កាត់​នូវ​ករណី​វិវាទ​ទេ​ករណី​ទប់ស្កាត់​វិវាទ​វា​មិនមែន​ដោយសារ​តែ​លុយ​ផ្តល់​ឲ្យ​នោះ​ទេ​។

​ប្រសិន​បើ​កម្មករ​និយោជក​គាត់​មិន​បាន​សហការ​គ្នា​ក្នុង​កន្លែង​ធ្វើការ​ឲ្យ​បាន​ល្អ​គាត់​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទេ​ដែល​និយោជក​មាន​ចរិត​រើសអើង​គាត់​មាន​ចរិត​ខុស​ច្បាប់​មិន​ខ្វល់​អំពី​ច្បាប់​គឺ​នាំ​ឲ្យ​វិវាទ​កើតឡើង​ហើយ​។

​បញ្ហា​នេះ​ចង់​មិន​ចង់​ការតវ៉ា​ប្រាកដ​ជា​កើត​មាន​ព្រោះ​ថា​បច្ចុប្បន្ន​ការតវ៉ា​មិនមែន​គ្មាន​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​អត់​មាន​វិវាទ​ដែរ​ផ្ទុយ​ទៅ​វិញ​មាន​វិវាទ​ច្រើន​ណាស់​ដែល​មាន​ស្អេកស្កះ​នៅតាម​បណ្តា​រោងចក្រ តែ​គ្រាន់តែ​ថា​ដោយសារ​តែ​ច្បាប់​ស្តីពី​សហជីព​វា​កម្រិត​សិទ្ធិ​ក្នុង​ការតវ៉ា​។

ពី​ប៉ុន្មាន​ខែ​មុន​មាន​ថៅកែ​រោងចក្រ​កាត់ដេរ​រត់ចោល​រោងចក្រ ​និង​មិន​បើក​លុយ​ឲ្យ​កម្មករ​ទៀត​ផង​ករណី​នេះ​លោក ហ៊ុន សែន បាន​ចេញ​លុយ​បើក​ឲ្យ​កម្មករ​ជួស​ថៅកែ​ដើម្បី​ផ្តល់​ឲ្យ​បងប្អូន​កម្មករ​។ ​តើ​សកម្មភាព​បែប​នេះ​អាច​ឲ្យ​ថៅកែ​បាន​ចិត្ត​ហើយ​ថ្ងៃក្រោយ​គាត់​រត់​ចោល​រោងចក្រ​ទៀត​ទេ​?

អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​នេះ​គឺជា​ការដោះស្រាយ​ចំពោះ​មុខ​ជា​ការ​ដោះស្រាយ​ជាក់ស្តែង​ឲ្យ​កម្មករ​ក្នុង​ការ​ចំណាយ​ថ្លៃ​ទឹក​ភ្លើង​ថ្លៃ​ជួល​ផ្ទះ​។ ប៉ុន្តែ​ការប្រើប្រាស់​វិធានការ​ដោះស្រាយ​នេះ​វា​ច្បាស់​ណាស់​ថា​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​បាន​ចិត្ត​ហើយ​ ប៉ុន្តែ​គួរ​មាន​វិធានការ​ថ្មី​បន្ថែម​ទៀត​ដូចជា​តម្រូវ​ឲ្យ​និយោជក​តម្កល់​លុយ​ផ្នែក​ណា​មួយ​ដើម្បី​ដោះស្រាយ​ក្នុង​ករណី​បែប​នេះ​ដែល​យើង​យក​លុយ​នោះ​មក​ទូទាត់​៕