ភ្នំពេញៈ ទាំង​បុគ្គលិក​ក្រុមហ៊ុន​ទាំង​កម្មករ​កាត់ដេរ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ពី​ក្រសួង​ការងារ​ ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវ​ក្រុម​កម្មករ​និយាយ​ថា​មាន​ការ​រង់ចាំ​យូរ​ពេល​ពួកគេ​ទៅ​រក​សេវា​មិន​បង់​ប្រាក់​នេះ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​រីឯ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​កាត់ដេរ​វិញ​ត្រូវ​បាន​ប្រធាន​សហជីព​និយាយ​ថា ភាព​ស្ងប់ស្ងាត់​នេះ​មិន​មាន​ន័យ​ថា​គ្មាន​ការ​រំលោភ​សិទ្ធិ​កម្មករ​នោះ​ទេ​។ ​

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (CCAWDU) ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

រាជរដ្ឋាភិបាល​បាន​កែសម្រួល​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​អនុក្រឹត្យ​ដោយ​ផ្តល់​ការ​ថែទាំ​សុខភាព​ឥត​គិតថ្លៃ​សម្រាប់​និយោជិត​ហើយ​និយោជក​ជា​អ្នក​បង់ថ្លៃ​។ រឿង​នេះ​ចាប់​អនុវត្ត​ពី​ថ្ងៃ​​ទី​ ១ មករា ឆ្នាំ​ ២០១៨ តទៅ​។ ពេល​នេះ​លោក​សង្កេត​ឃើញ​ថា​ដំណើរការ​នៃ​ការ​អនុវត្ត​នេះ​មាន​សម្ទុះ​យ៉ាង​ម៉េច​ដែរ​?

ចាប់ពី​ខែ​មករា​២០១៨ តទៅ​កម្មករ​កាត់ដេរ​មិន​ចាំបាច់​បង់​ប្រាក់​ថ្លៃ​ពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទៀត​ទេ​។ ​អ៊ីចឹង​បញ្ហា​នេះ​បើ​សរុប​ទៅ​និយោជក​ត្រូវ​បង់​គ្រោះថ្នាក់​ការងារ 0,៨ ភាគរយ ហើយ​ចំពោះ​ការ​បង់ថ្លៃ​ថែទាំ​សុខភាព​ហ្នឹង​គឺ​ ១,៣ ​ភាគរយ​បើ​សរុប​ទៅ​គឺ​ ៣,៤ ​ភាគរយ​នៃ​ការ​បង់​ទៅ​លើ​សន្តិសុខ​សង្គម​នៅ​ពេល​បច្ចុប្បន្ន​ហ្នឹង​។ ​

ការ​បង់​នេះ​ខ្ញុំ​គិត​ថា​វា​មិន​ទាន់​ច្រើន​ទេ​បើ​យើង​ប្រៀបធៀប​នៅ​ប្រទេស​វៀតណាម​គឺ​និយោជក​ត្រូវ​បង់​រហូត​ដល់​ ២៣ ​ភាគរយ​ទៅ​លើ​របប​សន្តិសុខ​សង្គម​ឯ​កម្មករនិយោជិត​ត្រូវ​បង់​ ៩ ​ភាគរយ​។ ​

ចំណែក​នៅ​កម្ពុជា​វិញ​និយោជក​ទើប​តែ​បង់​ ៣,៤ ​ភាគរយ​​អ៊ីចឹង​វា​ជា​ចំនួន​តិច​មែនទែន​ដែល​វិនិយោគ​ទៅ​លើ​វិស័យ​ផ្នែក​សន្តិសុខ​សង្គម​ហ្នឹង​។ បើ​យើង​មើល​ទៅ​ប្រទេស​វៀតណាម​ទំហំ​ប្រជាពលរដ្ឋ​គេ​ច្រើន​ទំហំ​ថវិកា​ជាតិ​គេ​ធំ​ ប៉ុន្តែ​គេ​ចំណាយ​មួយ​ផ្នែក​ពី​រដ្ឋ​ទៀត​ចូល​ទៅ​សន្តិសុខ​សង្គម​ប្រហែល​ជា​ ៦ ​ភាគរយ​។ ចំណែកឯ​នៅ​កម្ពុជា​យើង​វិញ​ការ​ចំណាយ​លើ​វិស័យ​សន្តិសុខ​សង្គម និង​ជំនួយ​សង្គម​វិញ​តែ​ ០,៦ ​ភាគរយ​ទេ​បាន​ន័យ​ថា​វា​តិច​មែនទែន​ពី​របប​សន្តិសុខ​សង្គម​នេះ​។

ករណី​នេះ​ហេតុ​អ្វី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​រាជរដ្ឋាភិបាល​មិន​អនុវត្ត​នូវ​ការ​ផ្តល់សេវា​របប​សន្តិ​សុខ​សង្គម​ដូច​ពេល​បច្ចុប្បន្ន​នេះ​?

តាមពិត​ទៅ​សេវា​របប​សន្តិសុខ​សង្គម​នេះ​គឺ​រដ្ឋាភិបាល​ចាប់​អនុវត្ត​តាំង​ពី​ឆ្នាំ​ ២០០៨ ​​មក​ ប៉ុន្តែ​ឆ្នាំ​ ២០០៨ ​គេ​អនុវត្ត​ចំពោះ​គ្រោះថ្នាក់​ការងារ​រីឯ​ឆ្នាំ​ ២០១៧ ​នេះ​គេ​អនុវត្ត​នូវ​របប​ថ្មី​មួយ​ទៀត​ទៅ​លើ​ជំងឺ​ទូទៅ​គឺ​សេវា​ថែទាំ​សុខភាព​ហ្នឹង​។ មិនមែន​រាជរដ្ឋាភិបាល​មិន​អនុវត្ត​ទេ​គឺ​បាន​អនុវត្ត​ហើយ​គ្រាន់​តែ​ថា​កាលពី​ឆ្នាំ​ ២០១៧ ​គឺ​កម្មករ​ចេញ​ ១,៣ ​ភាគរយ​គឺ​ថា​រដ្ឋាភិបាល​ផ្ទេរ​ឲ្យ​និយោជក​ចេញ​ ១,៣ ​ភាគរយ​ជំនួស​កម្មករ​តែ​ប៉ុណ្ណឹង​ទេ​។

ប្រសិន​បើ​ការងារ​នេះ​ធ្វើ​ទៅ​បាន​រលូន​មែន​តើ​លោក​គិត​ថា​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ​បាន​កម្រិត​ណា​ដែរ​?

តាម​ពិត​ទៅ​កម្មករ​យើង​ចំណាយ​ទៅ​លើ​ថ្លៃ​សេវា​ពេទ្យ​ច្រើន​ដែរ​ហើយ​អ្នក​ខ្លះ​រហូត​ដល់​គាត់​មាន​ជំងឺ​គាត់​មិន​ហ៊ាន​ទៅ​ពេទ្យ​ទេ​ដោយសារ​តែ​គាត់​គ្មាន​លុយ​បង់​ថ្លៃ​ព្យាបាល​ហ្នឹង​រហូត​ដល់​អ្នក​ខ្លះ​មាន​ជំងឺ​ឈឺ​ធ្ងន់​ហើយ​មិន​ហ៊ាន​ទៅ​ពេទ្យ​ព្រោះ​ត្រូវ​ចំណាយ​លុយ​ច្រើន​រហូត​ពី​ ៥០០ ​ទៅ​ ១ ​ពាន់​ដុល្លារ​។ ​

ក៏​ប៉ុន្តែ​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​គ្រុន​ពោះវៀន​អី​ជាដើម​ដែល​អាច​ព្យាបាល​បាន​តែ​គាត់​មិន​ទៅ​ពេទ្យ​ទេ​ព្រោះ​បញ្ហា​លុយ​ហើយ​នៅ​ពេល​ដែល​អនុវត្ត​សេវា​ថែទាំ​សុខភាព​ឃើញ​ថា បើ​សិន​ជា​គាត់​ឈឺ​ល្មមៗ​គាត់​អាច​ទៅ​ព្យាបាល​បាន​ដែរ​ពេល​នោះ​គឺថា​ជំងឺ​របស់​គាត់​មិន​អាច​ទុក​យូរ​រហូត​ហួស​ពេល​ព្យាបាល​បាន​ទេ​នេះ​ចំណុច​ទី​ ១ ​។ ចំណុច​ទី​ ២ ​គឺ​គាត់​មិន​បាច់​បង់​ថ្លៃ​ព្យាបាល​ទៀត​ទេ​ព្រោះ​សេវា​របប​សន្តិសុខ​សង្គម​នេះ​ត្រូវ​បង់​ជំនួស​ឲ្យ​ក្រុម​កម្មករ​រួច​ហើយ​។

ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា​សេវា​ពេទ្យ​ជាទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​គឺ​ភាគច្រើន​តែងតែ​ទៅ​រក​សេវា​ឯកជន​តែ​គេ​យក​ថ្លៃ​បើ​សេវា​រដ្ឋ​វិញ​តែងតែ​មាន​ការ​យក​ជា​ទឹក​តែ​ទៅ​ឲ្យ​គ្រូពេទ្យ​នេះ​កន្លង​មក​។ ​អ៊ីចឹង​នៅ​ពេល​កម្មករ​យើង​ប្រើប្រាស់​សេវា​ហ្នឹង​ទៅ​ជា​គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ហើយ​ឥឡូវ​ហ្នឹង​កំពុង​តែ​មាន​បញ្ហា​នៃ​ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូពេទ្យ​រហូត​ដល់​មាន​ការ​ចោទប្រកាន់​ថា​មាន​ការ​រើសអើង​ទៅ​លើ​ប័ណ្ណ​សុខភាព​របប​សន្តិសុខ​សង្គម​ ប.ស.ស ​ហ្នឹង​ផង​។ ​

អ៊ីចឹង​បើ​យើង​ពិនិត្យ​មើល​ទៅ​វា​អាច​ត្រូវ​ដូច​អ្វី​ដែល​កម្មករ​និយាយ​ដោយសារ​តែ​កន្លង​មក​ពេទ្យ​រដ្ឋ​មិន​មាន​អ្នក​ធ្វើការ​មិន​មាន​សេវា​ល្អ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​បេឡា​ជាតិ​ដុះដាល​គឺ​តម្រូវ​ឲ្យ​មាន​កុងត្រា​ភាគច្រើន​គឺ​មន្ទីរពេទ្យ​រដ្ឋ​។ ​អ៊ីចឹង​មន្ទីរពេទ្យ​ក៏​ចាប់ផ្តើម​រៀបចំ​ទទួល​សេវា​របស់​ប្រជាពលរដ្ឋ​ដែល​ពី​មុន​គ្រូពេទ្យ​ធ្វើការ​តិចតួច​តែ​ឥឡូវ​គ្រូពេទ្យ​គាត់​ធ្វើការ​ច្រើន​។

ដល់​ពេល​អ៊ីចឹង​ទៅ​​វា​អាច​ជា​រឿង​ថ្មី​សម្រាប់​ខាង​និយោជក​ដែរ​ហើយ​ក៏​ខាង​ពេទ្យ​ដែរ​ដែល​គាត់​មាន​ឥរិយាបថ​ធ្លាប់​ធ្វើ​មួយៗ​ដល់​ឥឡូវ​គាត់​ធ្វើ​ច្រើន​ ឬ​គាត់​ធ្លាប់​ព្យាបាល​ទទួល​បាន​សេវា​ ឬ​ក៏​ព្យាបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ឬ​ក៏​គាត់​ទៅ​ព្យាបាល​នៅ​កន្លែង​ឯកជន​របស់​គាត់​ឥឡូវ​ដល់​ពេល​មាន​សេវា​នេះ​គ្រូពេទ្យ​ចាប់ផ្តើម​អនុវត្ត​ហើយ​។

ក្រុម​កម្មករ​បាន​និយាយ​ថា​សេវា​ថែទាំ​សុខភាព​នេះ​បើ​ពួកគេ​ទៅ​មន្ទីរពេទ្យ​ត្រូវ​អង្គុយ​រង់ចាំ​យូរ​តើ​លោក​សង្កេត​ឃើញ​ដូច​ក្រុម​កម្មករ​និយាយ​ដែរ​ទេ​?

រឿង​នេះ​ជា​ការពិត​ហើយ​ព្រោះ​កន្លង​មក​កម្មករ​គាត់​មិន​សូវ​ប្រើប្រាស់​សេវា​នេះ​ទេ​ពួកគាត់​ទៅ​រក​សេវា​ពេទ្យ​ថ្លៃៗ​ ឬ​ឈឺ​ល្មមៗ​គាត់​ទៅ​ពេទ្យ​ឯកជន​ ឬ​ពេទ្យ​ផ្សេងៗ​ហើយ​ណា​មួយ​កម្មករ​មិន​សូវ​ជា​មាន​លុយ​គាត់​ខ្លាច​អស់​លុយ​ច្រើន​។ ​

ឥឡូវ​គាត់​ទៅ​ពេទ្យ​ដូចជា​កាល់ម៉ែត​អីហ្នឹង​ធ្វើឲ្យ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ចាល់​។ ដូច​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​អ៊ីចឹង​ថា​ពេទ្យ​រដ្ឋ​ភាគច្រើន​មិន​សូវ​ជា​មាន​អ្នក​បម្រើ​សេវាកម្ម​ល្អ​ហើយ​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​មិន​សូវ​ជា​អ្នក​សកម្ម​ទេ​ព្រោះ​មនុស្ស​អត់​មាន​ជំងឺ​ទៅ​ព្យាបាល​។ ដល់​ពេល​ឥឡូវ​មាន​កុងត្រា​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ​អ៊ីចឹង​ខាង​មន្ទីរពេទ្យ​នឹង​ត្រូវ​បង្កើន​សេវាកម្ម​ខ្លួនឯង​ដូច្នេះ​ពេទ្យ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ហើយ​ពលរដ្ឋ​ទៅ​ច្រើន​រឿង​អី​ថា​មិន​ជន់​នោះ​។

និយាយ​ជា​រួម​ទៅ​ក្រុម​កម្មករ​និយោជិត​ក្រោយ​ពី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​មក​តើ​ពួកគាត់​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​ដែរ​?

បញ្ហា​នេះ​ដូចជា​មិន​មាន​ការ​ប្រែប្រួល​អី​ទេ​ដូចជា​បញ្ហា​សុខភាព​អី​គឺ​មិន​ទាន់​អនុវត្ត​ទេ​អ៊ីចឹង​វា​មិន​ទាន់​មាន​អី​ដែល​ថា​ប្រសើរ​ទេ​។ ចំពោះ​ប្រាក់​ឈ្នួល​កន្លង​មក​មាន​ការ​ឡើង​តែ​ឡើង​កម្រិត​ទាប​ខណៈ​ទំនិញ​នៅ​ទីផ្សារ​ក៏​ឡើង​ដែរ​ដូច្នេះ​វា​មិន​ទាន់​ឃើញ​មាន​ជា​សញ្ញា​វិជ្ជមាន​ប៉ុន្មាន​ទេ​។ វា​ប្រសើរ​ហើយ​តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​។

ចំពោះ​ការ​ទាស់​ទែង​គ្នា​រវាង​កម្មករ​ និង​និយោជក​ហាក់​ដូចជា​មិន​សូវ​កើត​មាន​តើ​បញ្ហា​នេះ​យ៉ាង​ម៉េច​ដែរ​លោក​?

ខ្ញុំ​ទទួល​ស្គាល់​ថា​ឥឡូវ​នេះ​មិន​សូវ​មាន​កូដកម្ម​ទេ​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា គ្មាន​ជម្លោះ​ទេ​គឺ​មាន​ជម្លោះ​កាន់តែ​ច្រើន​ជាង​មុន​ទៀត​ហើយ​ការ​រំលោភ​សិទ្ធិ​ច្រើន​ជាង​មុន​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ច្បាប់​ថ្មី​កម្មករ​ពិបាក​នៅ​ក្នុង​ការ​រក​អ្នក​តំណាង​ដើម្បី​ជួយ​ដោះស្រាយ​ ឬ​ក៏​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​កូដកម្ម​។

ចំពោះ​រឿង​នយោបាយ​ថ្មីៗ​នេះ​កាន់​តែ​ដាក់​បន្ទុក​បន្ថែម​ទៀត​អ៊ីចឹង​ខាង​សហជីព​ខាង​កម្មករ​ហ្នឹង​កំពុង​បន្ត​រង​នូវ​ភាព​អយុត្តិធម៌​មួយ​ចំនួន​ដែល​យើង​មិន​ហ៊ាន​ធ្វើ​ការ​តវ៉ា​ ឬ​ក៏​ទាមទារ​ភ្លាមៗ​ទេ​បាន​ន័យ​ថា​មិនមែន​ថា​ស្ងាត់​ហ្នឹង​សន្តិភាព​ទេ​តែ​ដោយសារ​មកពី​ឥទ្ធិពល​នៃ​ច្បាប់​សហជីព​ថ្មី និង​រឿង​នយោបាយ​ហ្នឹង​ធ្វើឲ្យ​កម្មករ​នៅ​ស្ងៀម​មួយ​កន្លែង​សិន​មិន​ហ៊ាន​តវ៉ា​៕