សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​ ៦ ​ជំពូក​ និង​ ៣១ ​មាត្រា​គឺជា​ច្បាប់​មួយ​បម្រើ​ដល់​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​បើ​តាម​ការពន្យល់​ពី​ប្រធាន​សហជីព​មួយ​ថា​ច្បាប់​នេះ​មិនមែន​កំណត់​តែ​ផ្នែក​វិស័យ​កាត់ដេរ​តែមួយ​ផ្នែក​នោះទេ​។

ច្បាប់​នេះ​ចង់​សំដៅ​លើ​ការកំណត់​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​ទាំងមូល​ ខណៈ​កន្លងមក​ការប្រើប្រាស់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​មាន​តែ​លើ​កម្មករ​កម្មការិនី​កាត់ដេរ​តែប៉ុណ្ណោះ​។

ទោះ​យ៉ាង​ណា​ចំណុច​ខ្លះ​នៅក្នុង​ច្បាប់​នេះ​ត្រូវ​បាន​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​យល់​ឃើញ​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​គឺ​ក្រុម​សហជីព​មួយ​ចំនួន​យល់ឃើញ​ថា​ចំណុច​ខ្លះ​ត្រូវ​បាន​សាទរ​នឹង​ចំណុច​ខ្លះ​មិន​ត្រូវ​បាន​សាទរ​ទេ​។

ចំពោះ​លោក​ដែល​ជា​ប្រធាន​សហជីព​មួយ​រូប​លោក​យល់​យ៉ាង​ម៉េច​ដែរ​?

ចំពោះ​ខ្ញុំ​ទិដ្ឋភាព​ច្បាប់​នេះ​ទាំង​មូល​វា​មាន​ចំណុច​ខ្លះ​យើង​ស្វាគមន៍​ហើយ​ចំណុច​ខ្លះ​យើង​ចង់​ឲ្យ​មាន​ការ​កែប្រែ​។ ចំណុច​ដែល​យើង​ស្វាគមន៍​ហ្នឹង​គឺជា​អត្ថន័យ​ពី​កិច្ចព្រមព្រៀង​កន្លង​មក​ដែល​ត្រឹមតែ​ជា​កិច្ចព្រមព្រៀង​សម្រាប់តែ​វិស័យ​កាត់ដេរ​តែ​មួយ​ទេ តែ​ឥឡូវ​គេ​យក​មក​សរសេរ​ក្នុង​ច្បាប់​។ ឧទាហរណ៍​ថា ការចរចា​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ ការចរចា​ដោយ​ផ្អែក​ទៅ​លើ​សេដ្ឋកិច្ច​ក្នុង​សង្គម​អី​ជាដើម​ដែល​មាន​ន័យ​បែប​ហ្នឹង​។

ចំពោះ​អ្វី​ដែល​មិន​ល្អ​នោះ​គឺ​ឧទាហរណ៍​ថា​ដូចជា​មាត្រា​ ១០៤ ​និង​មាត្រា​ ១០៩ នៃ​ច្បាប់​នេះ​ត្រូវ​បាន​លុប​ចោល​ចេញពី​ច្បាប់​ស្តីពី​ការងារ​ហើយ​មាត្រា​ ១២ ​យើង​យល់​ឃើញ​ថា​វា​ជា​គន្លឹះ​ ឬ​ក៏​ជា​បេះដូង​នៃ​កម្មករ​របស់​យើង​ដែល​យក​ធ្វើ​ជា​មូលដ្ឋាន​នៅក្នុង​ការកំណត់​ប្រាក់​ឈ្នួល​។

តែ​ឥឡូវ​នេះ​​ ការកំណត់​ប្រាក់​ឈ្នួល​បាន​ស្រប​ទៅ​តាម​ច្បាប់​ថ្មី​ហើយ​។ ​ចំពោះ​ច្បាប់​ថ្មី​នេះ​មិន​បាន​ដកស្រង់​ច្រើន​ពី​អត្ថន័យ​នៃ​មាត្រា​ ១០៤ ​និង​មាត្រា​ ១០៩ ​ទាំងអស់​ទេ​។

ឧទាហរណ៍​ថា​មាត្រា​ ១០៩ ​នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​គេ​និយាយ​ថា​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវតែ​ជា​ប្រាក់​ឈ្នួល​មួយ​ដែល​ធានា​ការរស់នៅ​សមរម្យ​របស់​កម្មករ​និយោជិត​ និង​អ្នក​រស់នៅ​ក្នុង​បន្ទុក ហើយ​ប្រាក់​ឈ្នួល​នេះ​ត្រូវ​តែ​ពិភាក្សា​គ្នា​ឡើង​តាម​ស្ថានភាព​សេដ្ឋកិច្ច​ស្ថានភាព​សង្គម​អី​ជាដើម​។

នេះ​បើ​យើង​មើល​ពី​ទិដ្ឋភាព​ច្បាប់​ដែល​មាន​តាំងពី​មាត្រា​ ១០៤ ១០៩ ​ហើយ​ដល់​ឥឡូវ​នេះ​គេ​លុបចោល​មាត្រា​ទាំងនេះ​ហើយ​ចែង​ថា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ប្រាក់​ឈ្នួល​ទាប​បំផុត​ដែល​កំណត់​ដោយ​ច្បាប់​។

ដូច្នេះ ​ចង់​ដឹង​ថា​បើ​ទាប​បំផុត​មិន​ដឹង​ជា​ប៉ុន្មាន​ដែល​កំណត់​ដោយ​ច្បាប់​នោះ​ទេ​បើ​កាលពី​មុន​មាន​ប្រើ​ពាក្យ​ថា​រស់នៅ​សមរម្យ​សម្រាប់​កម្មករ​ និង​គ្រួសារ​ដោយ​គ្មាន​ពាក្យ​ថា​ទាប​បំផុត​ និង​ពាក្យ​ថា​កំណត់​ដោយ​ច្បាប់​ទេ​។ ចំពោះ​ពាក្យ​ថា​សមរម្យ​ក្នុង​ន័យ​ហ្នឹង​មាន​ន័យ​ថា​បើ​គេ​ឲ្យ​មិន​ត្រឹមត្រូវ​គឺ​យើង​អាច​និយាយ​ថា មិន​សមរម្យ​បាន​។ អ៊ីចឹង​ន័យ​ត្រង់​កន្លែង​នេះ​យើង​គិត​ថា មិនគួរ​លុប​ច្បាប់​ការងារ​ចាស់​ចោល​ទេ​។ ​

នៅពេល​នោះ​ទោះបី​ជា​មាន​ការចរចា​ជា​រៀងរាល់​ឆ្នាំ​ ប៉ុន្តែ​បើក​សិទ្ធិ​ឲ្យ​រដ្ឋមន្ត្រី​ខាង​ក្រសួង​ការងារ​ជា​អ្នក​កំណត់​ឲ្យ​។ ឧទាហរណ៍​ថា​ករណី​ប្រធាន​ស័ក្តិ​ ឬ​ក៏​ករណី​ចាំបាច់​ណា​មួយ​គាត់​អាច​នឹង​ពន្យារ​ការចរចា​បាន​។ ចំពោះ​ករណី​ប្រធាន​ស័ក្តិ​គឺ​យើង​ទទួល​យក​។ យើង​យល់​ថា​នៅ​ត្រង់​ចំណុច​មួយ​ចំនួន​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​វា​ហាក់​ដូចជា​មិនល្អ​ទេ ឧទាហរណ៍​ថា ពេលណា​ថៅ​កែ​មាន​ឥទ្ធិពល​ខ្លាំង​ហើយ​រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​កម្មករ​នោះ​អាហ្នឹង​ត្រូវ​ពន្យារ​ហើយ​ព្រោះ​ជា​ករណី​ចាំបាច់​ណា​មួយ​។

នៅត្រង់​ចំណុច​នេះ​ហើយ​ដែល​យើង​មិន​សុខចិត្ត​។ ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចេញ​ប្រកាស​កំណត់​ប្រាក់​ឈ្នួល​តាម​វិស័យ​នោះ​ក៏​យើង​មិន​សុខចិត្ត​ដែរ​ពីព្រោះ​អី​គឺ​នៅក្នុង​ប្រទេស​កម្ពុជា​ចំពោះ​ប្រាក់​ឈ្នួល​នៅ​តាម​ខេត្ត​មួយ​ចំនួន​ និង​នៅ​រាជធានី​ភ្នំពេញ​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​បើ​តាម​ការស្រាវជ្រាវ​តាំងពី​ឆ្នាំ​ ២០០៩ ​មក​នោះ​។

បើ​តាម​ខេត្ត​គិតពី​សោ​ហុយ​ធ្វើ​ដំណើរ​ឯ​នៅ​រាជធានី​គិត​ពី​ថ្លៃឈ្នួល​ផ្ទះ​អ៊ីចឹង​វា​ប្រហាក់​ប្រហែល​គ្នា​ទេ ហើយ​ខេត្ត​មួយ​ចំនួន​ការចេញ​សោហុយ​ធ្វើ​ដំណើរ​ពី​រោងចក្រ​ដល់​កម្មករ​គឺ​ចង់​ជាង​នៅ​រាជធានី​ផង​។ ​

ដូច្នេះ​ការកំណត់​នៅ​តាម​តំបន់​គឺ​វា​អាច​ទាប​ដែល​អាច​ធ្វើឲ្យ​បាត់បង់​ប្រយោជន៍​កម្មករ​។ ដូច្នេះ​ហើយ​យើង​មិន​ចង់​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​នៅ​តាម​តំបន់​នោះ​ទេ​គួរ​កំណត់​នៅ​ថ្នាក់ជាតិ​មួយ​ហើយ​អនុវត្ត​ដូច​បច្ចុប្បន្ន​អ៊ីចឹង​ទៅ​។ មានន័យ​ថា​បើ​ ១៧០ ​គឺ​ ១៧០ ​ដុល្លារ​នៅ​​ទូទាំង​ប្រទេស​អ៊ីចឹង​ទៅ​។

មួយ​ទៀត​ទាក់ទង​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​បើ​ទោះបី​ជា​មាន​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​ក្តី​ ប៉ុន្តែ​យើង​គិត​ថា​បើ​យើង​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​នោះ​ហើយ​ហើយ​នៅពេល​ដែល​យើង​ចរចា​តវ៉ា​ បើ​ទោះបី​ជា​គេ​ព្រម​មិន​ព្រម​ក៏ដោយ​ហើយ​បើ​យើង​មិន​អនុវត្ត​តាម​គឺ​យើង​មាន​បញ្ហា​។ តាម​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ហ្នឹង​ខ្លឹមសារ​នៃ​ច្បាប់​នេះ​គឺ​សំដៅ​ទៅលើ​ការលើក​កម្ពស់​ជីវភាព​រស់​នៅ​សមរម្យ​ថ្លៃថ្នូរ​បង្កើត​ឱកាស​ការងារ​ និង​បង្កើន​ផលិតភាព​របស់​កម្មករ​និយោជិត​និង​ជំរុញ​ឲ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកប​ដោយ​ភាព​ទាក់ទាញ​។

ចំពោះ​លោក​យល់​បែប​នេះ​ដែរ​ទេ​?

ខ្ញុំ​គិតថា​នេះ​គ្រាន់​តែ​ជា​ការ​លើកឡើង​នៅ​ក្នុង​ច្បាប់​ទេ​ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ថា​ខាង​រដ្ឋាភិបាល​យល់​ឃើញ​ថា​អ្វី​នៅ​ខាង​លើ​វា​ធ្វើឲ្យ​មាន​ដំណើរ​ការល្អ​។ ​

នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​យើង​មើល​ឃើញ​ថា​មាន​ចំណុច​ខ្លះ​ល្អ​និង​មិន​ល្អ​ក៏ដោយ​ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា​ច្បាប់​ជាច្រើន​គឺ​រៀបចំ​នីតិវិធី​មែន​ ប៉ុន្តែ​បាន​ថយ​នូវ​សិទ្ធិ​សហជីព​ជាពិសេស​ខាង​សហជីព​ឯករាជ្យ​ហ្នឹង​តែ​ម្តង​ហើយ​មាន​បង្កើន​នូវ​ទោសពិន័យ​ទៀត​ប្រសិន​បើ​យើង​មិន​អនុវត្ត​។

មាន​ន័យ​ថា​ ពេល​កន្លង​មក​ ការចរចា​ប្រាក់​ឈ្នួល​ការបង្កើន​ប្រាក់​ឈ្នួល​អី​នោះ​គឺ​ត្រូវការ​ឱកាស​ និង​សិទ្ធិ​របស់​កម្មករ​និយាយ​ទេ​។ ក្នុង​ន័យ​ច្បាប់​នេះ​វា​បាន​មួយ​ផ្នែក​តែ​វា​មិន​បាន​ទាំងអស់​នោះ​ទេ​៕