ជាទូទៅ​គេ​យល់​ឃើញ​ថា​ការប្រព្រឹត្ត​អ្វី​មួយ​ ឬ​ក៏​មុន​នឹង​ធ្វើ​អ្វី​មួយ​ប្រសិន​បើ​អ្នក​នោះ​សំអាង​ទៅ​លើ​ផ្លូវច្បាប់​ជាធំ​នោះ​គឺ​លទ្ធផល​នៃ​ទង្វើ​នោះ​ជា​ភាពល្អ​ប្រសើរ​មួយ ហើយ​បើ​ទោះ​ជា​មាន​ការ​ប្រព្រឹត្ត​ខុស​ក៏​ជា​ផ្នែក​មួយ​នៃ​ការទទួល​ខុសត្រូវ​ទៅ​តាម​ទម្រង់​ច្បាប់​ដែរ​។

ចំណែកឯ​ប្រជាពលរដ្ឋ​កម្ពុជា​ ឬ​មន្ត្រី​សាធារណៈ​ថា​តើ​មាន​ការ​យល់ដឹង​ពី​ច្បាប់​កម្រិត​ណា​ ឬ​​បំពាន​ច្បាប់​នៅ​ពេល​គាត់​ប្រព្រឹត្ត​ខុស​បង្ក​ឲ្យ​មាន​បទល្មើស​កើតឡើង​ថា​តើ​គាត់​មាន​ការ​ទទួល​ខុសត្រូវ​កម្រិត​ណា​នោះ ភ្នំពេញ-ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​លោក​ អំ សំអាត ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ដែល​មាន​​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

បើ​តាម​ការកត់សម្គាល់​របស់​លោក​តើ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មុន​នឹង​ធ្វើអ្វី​មួយ​គាត់​គិត​ពី​ផ្លូវ​ច្បាប់​ជា​មុន ​ឬ​ក៏​គាត់​ធ្វើ​តាម​ទម្លាប់​?

តាម​ការសង្កេត​ និង​ការយល់​ឃើញ​របស់ខ្ញុំ​ទី​ ១ គឺ​ប្រជាពលរដ្ឋ​យើង​មិន​ទាន់​បាន​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​ទេ​។ អ៊ីចឹង​យើង​ឃើញ​ថា​គាត់​ធ្វើ​អ្វី​គាត់​មិន​បាន​គិត​ ឬ​ផ្តោត​ទៅលើ​ផ្លូវច្បាប់​ទេ​គាត់​គិត​អំពី​បញ្ហា​ទម្លាប់​របស់​គាត់​ជាធំ ហើយ​មួយ​ទៀត​គឺ​ការ​ធ្វើ​ទង្វើ​តាម​គ្នា​ជា​មុន​ដោយ​ពួកគាត់​មិន​បាន​គិត​ពី​បញ្ហា​ផ្លូវ​ច្បាប់​ទេ​ថា​តើ​អ្វី​ដែល​យើង​ធ្វើតាម​ទម្លាប់​ ឬ​ក៏​ធ្វើតាម​គ្នា​ហ្នឹង​អាច​ប៉ះពាល់​ដល់​ផ្លូវច្បាប់​ ឬ​ក៏​គាត់​អាច​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​។ ​បញ្ហា​ហ្នឹង​គឺ​គាត់​មិន​បាន​គិត​ដល់​ទេ​បាទ​។

ប្រសិន​បើ​ពួកគាត់​ធ្វើ​អ្វី​មួយ​តាម​ទម្លាប់​តើ​មកពី​មូលហេតុ​អ្វី​?

ខ្ញុំ​តែងតែ​គិត​ថា​គាត់​ធ្វើ​អ្វី​មួយ​ទៅ​តាម​ទម្លាប់​នោះ​ដោយសារ​ថា​ប្រទេស​យើង​មាន​ច្បាប់​ច្រើន​ណាស់​ដែល​បាន​អនុម័ត​ដែល​បាន​ចែង​ ក៏ប៉ុន្តែ​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​នោះ​គឺ​អត់​ទាន់​បាន​ទូលំទូលាយ​ទេ​។ អ៊ីចឹង​ប្រជាពលរដ្ឋ​អត់​បាន​ទទួល​ការអប់រំ ឬ ក៏​ការទទួល​ព័ត៌មាន ឬ ក៏​ចំណេះដឹង​ពី​បញ្ហា​ផ្លូវ​ច្បាប់​ហ្នឹង​ទេ​។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ធ្វើ​អ្វីៗ​ច្រើន​តែ​យក​ទម្លាប់​មក​ធ្វើ​ដោយ​មិន​បាន​អនុវត្ត​ច្បាប់​ហើយ​នៅពេល​ដែល​គាត់​មាន​បញ្ហា​បាន​គាត់​ដឹងថា​គាត់​ធ្វើ​ខុស​ច្បាប់ ឬ គាត់​មិន​បាន​ដឹង​អំពី​ច្បាប់​ថា​អាហ្នឹង​ធ្វើ​ខុស​ ឬ​យ៉ាង​ណា​នោះ​ទេ​។

ជា​រៀងរាល់​ថ្ងៃ​បច្ចុប្បន្ន​នេះ​តើ​លោក​បាន​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា​វិទ្យុ ទូរទស្សន៍ ឬ ក៏​កាសែត​អីហ្នឹង​មាន​ផ្សព្វផ្សាយ​អំពី​ផ្លូវ​ច្បាប់​ច្រើន​ទេ​ពាក់ព័ន្ធ​ផ្លូវច្បាប់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​?

បញ្ហា​នេះ​ខ្ញុំ​ឃើញ​ថា​មិន​អត់​ទេ​ដូចជា​ទូរទស្សន៍​ជាតិ​កម្ពុជា​មាន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​មួយ​ចំនួន​តាមរយៈ​ក្រសួង​យុត្តិធម៌​ ប៉ុន្តែ​វា​មិន​បាន​ទូលំទូលាយ​ទេ​ហើយ​តាម​សារព័ត៌មាន​ និង​ទូរទស្សន៍​ផ្សេងៗ​ទៀត​ក៏​មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​ច្បាប់​ដែល​ជា​ភាព​សំខាន់ៗ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​គាត់​ដឹង​ហើយ​គាត់​ក៏​មិន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ខុស​នឹង​ច្បាប់​ដែល​គាត់​គិត​ថា​គាត់​អាច​នឹង​មានទោស​។

យើង​ឃើញ​ថា​បញ្ហា​ច្បាប់​នេះ​មិន​សូវ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ទេ ហើយ​ប្រជាពលរដ្ឋ​យើង​ទៀត​សោត​ក៏​មិន​សូវ​មាន​ពេលវេលា​ក្នុង​ការ​តាមដាន​ទៅ​លើ​ទូរទស្សន៍​នោះ​ទេ​។ ​ចំណែកឯ​វិទ្យុ​ ឬ​សារព័ត៌មាន​ផ្សេងៗ​ទៀត​គឺ​មិន​សូវ​ជា​បាន​ផ្សព្វផ្សាយ​ទាក់ទង​នឹង​បញ្ហា​ផ្លូវច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​ដឹង​ទេ​បាទ​។

និយាយ​ពី​ផ្លូវ​ច្បាប់​នេះ​ដែរ​គេ​បាន​សង្កេត​ឃើញ​ថា​មន្ត្រី​ខ្លះ​បាន​បំពាន​លើ​ផ្លូវ​ច្បាប់​ ខណៈ​ដែល​ពួកគាត់​ក៏​ដឹង​ដែរ​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជា​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​។ បញ្ហា​នេះ​តើ​មកពី​អ្វី​ដែរ​?

បញ្ហា​នេះ​ខ្ញុំ​គិត​ថា មន្ត្រី​អនុវត្ត​ច្បាប់​គឺ​គាត់​ដឹង​ហើយ​ពី​បញ្ហា​ផ្លូវច្បាប់​ហ្នឹង​​ ប៉ុន្តែ​មន្ត្រី​ខ្លះ​គាត់​នៅ​តែ​បំពាន​ដោយ​គាត់​គិត​ថា គាត់​មាន​អំណាច ឬ ក៏​គាត់​អាច​គេច​ផុត​អំពី​បញ្ហា​ផ្លូវ​ច្បាប់​ហ្នឹង​។ អាហ្នឹង​គឺជា​ទង្វើ​ជា​វប្បធម៌​អាក្រក់​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គាត់​មើល​ឃើញ​អ៊ីចឹង​ទៅ​គាត់​អាច​យក​ជា​គំរូ​តាម​ដែល​គាត់​យល់​ថា ចុះ​គេ​ប្រព្រឹត្ត​ម៉េច​ក៏​នៅតែ​គ្មាន​ទោស​ឯ​គាត់​ម៉េច​ក៏​មិន​អាច​ធ្វើបាន ដូច​គេ​។

នេះ​ជា​ទង្វើ​មួយ​អាក្រក់​ពីព្រោះ​អ្នក​ដែល​អនុវត្ត​ច្បាប់​មន្ត្រី​អនុវត្ត​ច្បាប់​ក៏​ត្រូវ​តែ​ធ្វើជា​គំរូ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង បើ​កាលណា​គាត់​ (​មន្ត្រី​មាន​អំណាច​) ​បំពាន​ច្បាប់​ហើយ​នោះ​តើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​​ជឿជាក់​ទៅ​លើ​អ្វី​៕