ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក​មេធាវី ផុន ធារិន ជា​សមាជិក​ក្រុមហ៊ុន​មេធាវី អិល ប៊ី អិល មាន​ការិយាល័យ​នៅផ្ទះ​លេខ ១០ ផ្លូវ​ ១០៥ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​ ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

លោក​ (​ក​) ​បាន​បើក​រថយន្តបុក​បង្គោល​ភ្លើង​រដ្ឋ ឬ​វត្ថុ​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់​រដ្ឋ​ធ្វើឲ្យ​ខូចខាត​។ តើ​អ្នកបង្ក​ត្រូវ​ចេញ​សំណង​រដ្ឋប្បវេណី និង​អាច​ឈានដល់​ទោស​ព្រហ្មទណ្ឌ​ទេ​? ហើយ​ចុះបើ​មាន​អគ្គិភ័យ​ដែល​ឆ្លង​ចរន្តអគ្គិសនី​របស់​រដ្ឋ​ធ្វើឲ្យ​ឆេះ​ផ្ទះ​របស់​ពលរដ្ឋ​តើ​រដ្ឋ​ចេញ​សំណង​បែបណា​ដែរ​?

យោងតាម​អង្គហេតុ​ខាងលើនេះ យើង​អាច​បែងចែក​ជា​ករណី​ផ្សេងៗ​គ្នា​ជាច្រើន តែ​សូម​លើកយក​ករណី​មួយចំនួន​មក​ធ្វើការ​បង្ហាញ ចំពោះ​អង្គហេតុ​ខាងលើ​នេះ​។ ក្នុងករណី​លោក​ (​ក​) ​គាត់​បើកបរ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​មាន​ការប្រុងប្រយ័ត្ន ប៉ុន្តែ​ឧបទ្ទវហេតុ​កើតឡើង​ដោយសារ​បច្ចេកទេស​រថយន្ត ដូចជា​បែក​កង់ ឬ​ដាច់​ហ្វ្រាំង​ជាដើម និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​ណា​ម្នាក់​ឡើយ​។ រថយន្ត​របស់គាត់​បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង ឬ​ផ្នែក​ណាមួយ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ឬ​ឯកជន​ ជាធម្មតា​មន្ត្រីនគរបាល​ចរាចរណ៍​ច្រើន​តែ​ធ្វើការ​ចរចា​ដោះស្រាយ​រវាង​ភាគី​តំណាង​ទទួល​ខុសត្រូវ​របស់​រដ្ឋ​ ឬ​ឯកជន​ជាមួយ​ម្ចាស់​យានយន្ត ដើម្បី​ធ្វើ​ការសង​សំណង​ខូចខាត​នោះ​តាម​ការ​ព្រមព្រៀងគ្នា ឬ​ក៏​អាច​បញ្ជូន​សំណុំរឿង​មក​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​ក្នុង​ករណី​ភាគី​ណាមួយ​មិន​សុខចិត្ត​។

ដោយឡែក​ក្នុង​ករណី​ដែល​លោក​ (​ក​) បើកបរ​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះបី​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស ឬ​ស្លាប់​ក៏ដោយ​នៅក្នុង​មាត្រា ៧៧ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០១៥ បាន​ចែងថា ជនណា​បើកបរ​យានយន្ត​នៅពេល​ដែល​ខ្លួន​ស្ថិត​នៅក្នុង​ស្ថានភាពស្រវឹង ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី​ ០,៤០ (​សូន្យ​ក្បៀស​សែសិប​) មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​ ០,៨០ (​សូន្យ​ក្បៀស​ប៉ែតសិប​) ​ក្រាម​ក្នុង ​១ ​លីត្រ​ឈាម​ឡើង​ទៅ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ (​មួយ​) ​ខែ ទៅ​ ៦ (​ប្រាំមួយ​) ​ខែ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ៨០០ ០០០ (​ប្រាំបី​សែន​) ​រៀល​ទៅ​ ៤០០០ ០០០ (​បួន​លាន​) ​រៀល​។

ដូចដែល​បាន​រៀបរាប់​ករណី​ទាំង​ ២ ​ខាងលើ​ម្ចាស់​យានយន្ត​លោក​ (​ក​) ​បាន​បុក​បង្គោល​ភ្លើង ហើយ​បាន​បង្ក​ឲ្យ​មាន​ការឆ្លង​ចរន្តអគ្គិសនី​របស់​រដ្ឋ​ និង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ពលរដ្ឋ​ជា​គោលការណ៍ ភាគី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​មាន​សិទ្ធិ​ទាមទារ ចំពោះ​ការខូចខាត​ដែល​បង្កឡើង​ដោយ​លោក​ (​ក​) ​ដែល​ជា​ជនបង្ក​ហេតុ​។ ភាគី​រួមមាន​៖ តំណាង​អគ្គិសនី​កម្ពុជា​ទទួល​បន្ទុក​តំបន់ ឬ​ផ្នែក អាជ្ញាធរ​ពាក់ព័ន្ធ និង​ពលរដ្ឋ​ដែល​រងគ្រោះ​អាច​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​រដ្ឋប្បវេណី​ទៅ​តុលាការ​មាន​សមត្ថកិច្ច ដើម្បី​ឲ្យ​តុលាការ​ចេញ​សាលក្រម​បង្គាប់​ឲ្យ​ជនបង្ក​ហេតុ​ (​លោក ក​) ​សង​សំណង​ការខូចខាត​លើ​ទ្រព្យសម្បត្តិ អាជីវកម្ម ឬ​ការខូចខាត​ផ្សេងៗ​ទៀត​របស់​ខ្លួន​បាន​។ ដោយឡែក​ពលរដ្ឋ​ក៏​អាច​ស្នើសុំ ឬ​ទាមទារ​ទៅ​អគ្គិសនី​កម្ពុជា​ទទួលបន្ទុក ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ឲ្យ​ធ្វើការ​តភ្ជាប់​ឡើងវិញ​លើ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ជាដើម​។

ចង់​សុំ​បញ្ជាក់ថា ចុះ​ប្រសិនបើ​បង្គោល​ភ្លើង​នៅមុខ​ផ្ទះ​ពលរដ្ឋ ទុស្សេ​ឆេះ​ដោយ​គ្មាន​អ្នក​ប៉ះពាល់ ហើយ​ធ្វើឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ តើ​រដ្ឋ​ចេញ​សង​ពលរដ្ឋ​ទេ​?

បើ​ក្នុង​ករណី​បែប​នេះ​ជាទូទៅ​ភាគច្រើន​មិន​ដែល​ប្រជាពលរដ្ឋ​ណា​ប្តឹង​ដល់​អាជ្ញាធរ​អគ្គិសនី​នៅតាម​តំបន់​នោះទេ​ដោយសារ​តែ​គាត់​ខ្វះ​ការយល់ដឹង តាមពិត​គាត់​ស្រាវជ្រាវ​ឃើញ​ថា​ការតភ្ជាប់​បច្ចេកទេស​ ឬ​ក៏​ការទទួល​ខុសត្រូវ​ខាង​អាជ្ញាធរ​អគ្គិសនី​ទើប​ធ្វើឲ្យ​ប៉ះពាល់​រហូត​ដល់​មាន​ចរន្ត​ឆ្លង​ឆេះ​ផ្ទះ​។

អីចឹង​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​សិទ្ធិ​របស់គាត់​ក្នុង​ការទាមទារ​សំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ដែល​នៅក្នុង​តំបន់​នោះ​ទទួល​ខុសត្រូវ​។ ប៉ុន្តែ​យើង​មើល​នៅក្នុង​កិច្ចសន្យា​ដែល​ទាក់ទង​នឹង​ការតភ្ជាប់​ចរន្តអគ្គិសនី បើ​មាន​បញ្ញត្តិ​ចែង​អំពី​ការមិន​ទទួល​ខុសត្រូវ​ដោយសារ​ហេតុផល​ឧបទ្ទវហេតុ​ណាមួយ បើ​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ការតភ្ជាប់​ចរន្តអគ្គិសនី​នោះ បើ​ចែង​ថា ខាង​អគ្គិសនី មិន​ទទួល​ខុសត្រូវ​ដោយសារ​ហេតុផល​ឧបទ្ទវហេតុ​ផ្សេងៗ អីចឹង​ប្រជាពលរដ្ឋ​មិន​អាច​ទាមទារ​ការខូចខាត​ ឬ​ក៏​សំណង​អី​ផ្សេងៗ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទេ​។

ជា​ការអនុវត្ត​ជាក់ស្តែង​នៅក្នុង​ឧបទ្ទវហេតុ​ទាំងឡាយ ដែល​បាន​កើតឡើង​ពលរដ្ឋ​មិន​ដែល​មាន​ការដាក់ពាក្យ​ស្នើសុំ ឬ​ក៏​ទាមទារ​ឲ្យ​ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទទួល​ខុសត្រូវ​លើ​ការខូចខាត​ផ្សេងៗ​ទេ​។ ប៉ុន្តែ​ជាទូទៅ​ប្រជាពលរដ្ឋ​អាចមាន​សិទ្ធិ​ក្នុង​ការទាមទារ​ចំពោះ​ការទទួល​ខុសត្រូវ​ទៅលើ​ចំណុច​ដែល​ខូចខាត​បាត់បង់​។ នេះ​ជា​ហេតុផល​មួយ​ដែល​គាត់​ចាំបាច់​ត្រូវ​ធ្វើការ​ទាមទារ ដាក់ពាក្យ​ស្នើសុំ​ ឬ​ក៏​សុំ​អន្តរាគមន៍​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ការខូចខាត​ផ្ទះសំបែង ឬ​ទ្រព្យសម្បត្តិ​របស់គាត់​។ បញ្ហា​នេះ​ជា​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ក៏​ជា​ការទទួលខុសត្រូវ​ដោយ​ស្វ័យភាព​ខាង​អគ្គិសនី​តាម​តំបន់​៕