
លោក មេធាវី សួន វីរៈបញ្ញា កាលពីកន្លងមក។ រូបថត សហការី
ការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនសហគ្រាសគឺម្ចាស់ក្រុមហ៊ុន ឬសហគ្រាសត្រូវចុះបញ្ជីតាមច្បាប់ពន្ធដារ ដើម្បីបង់ពន្ធ រីឯម្ចាស់ត្រូវបានទទួលស្គាល់សិទ្ធិស្របច្បាប់ពីស្ថាប័នពន្ធដារ។ ជារឿយៗពលរដ្ឋតែងឮពាក្យថា ប៉ាតង់ និង ការបង់ពន្ធ ប៉ុន្តែប្រហែលជាមិនទាន់បានយល់ន័យឲ្យស៊ីជម្រៅទេ។ ជុំវិញបញ្ហានេះភ្នំពេញ-ប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី សួន វីរៈបញ្ញា ប្រធានការិយាល័យមេធាវីជីជីអន្តរជាតិដែលមានខ្លឹមសារដូចខាងក្រោម៖
ក- តើពាក្យថា ប៉ាតង់ និង Patent ជាភាសាអង់គ្លេសខុសគ្នាដូចមេ្តច ?
ពាក្យ “ប៉ាតង់” ក្នុងការពិភាក្សានេះមិនមែនជាសិទ្ធិពិសេសដែលបញ្ជាក់លើការបង្កើតអ្វីមួយថ្មីក្នុងនីតិកម្មសិទ្ធិបញ្ញាដែលភាសាអង់គ្លេសសរសេរថា Patent នោះទេ។ ចំពោះការបង្កើតអ្វីមួយថ្មីពាក្យបច្ចេកទេសច្បាប់ហៅថា ប្រកាសនីយបត្រតក្កកម្ម។ ចំណែកឯពាក្យប៉ាតង់ដែលយើងប្រើក្នុងច្បាប់ពន្ធដារនោះគឺសំដៅទៅលើសកម្មភាពពាណិជ្ជកម្មដែលស្របច្បាប់មានការចុះបញ្ជីត្រឹមត្រូវ និងបានបង់ពន្ធរួចជារៀងរាល់ឆ្នាំ ហើយស្ថាប័នពន្ធដារនឹងចេញវិញ្ញាបនបត្រមួយហៅថា «បណ្ណប៉ាតង់»។
ខ- ពន្ធប៉ាតង់ជាអ្វី តើតម្រូវឲ្យបង់នៅពេលណា?
ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ (Tax-payer) និងកម្រិតផលរបរ (Turnover)។
សម្រាប់សហគ្រាសចាស់ ត្រូវបង់ចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។
សម្រាប់សហគ្រាសថ្មីត្រូវបង់ដំបូងរយៈពេល ១៥ ថ្ងៃ ក្រោយបើកអាជីវកម្ម ឬកាលបរិច្ឆេទនៃការចុះបញ្ជីក្រសួងពាណិជ្ជកម្ម។
ចំពោះអាជីវកម្មដែលចាប់ផ្តើមដំបូងក្នុងអំឡុងពេល ៦ ខែនៃដើមឆ្នាំនោះតម្រូវឲ្យបង់ពេញ ១ ឆ្នាំនូវពន្ធប៉ាតង់ ចំពោះអាជីវកម្មដែលចាប់ផ្តើមក្នុងអំឡុងពេល ៦ ខែចុងឆ្នាំតម្រូវឲ្យបង់តែពាក់កណ្តាលតែប៉ុណ្ណោះ។
គ- តើអ្នកណាខ្លះដែលជាប់ពន្ធប៉ាតង់?
ក) អ្នកជាប់ពន្ធតូចគឺជាសហគ្រាសឯកបុគ្គល ឬសហកម្មសិទ្ធិមានកម្រិត ដែលផលរបរក្នុង ១ ឆ្នាំបាន ២៥០ លានរៀលដល់ ៧០០ លានរៀល។ ឬផលរបរ ៣ ខែជាប់ក្នុង ១ ឆ្នាំបាន ៦០ លានរៀលឡើងទៅ [2] ហើយត្រូវបង់ពន្ធប៉ាតង់អ្នកជាប់ពន្ធតូចចំនួន «៤០០ ០០០ រៀល» ជារៀងរាល់ឆ្នាំ។
ខ) អ្នកជាប់ពន្ធមធ្យម គឺសហគ្រាសដែលមានផលរបរក្នុង ១ ឆ្នាំបាន ៧០០ លានរៀល ទៅ ៤ ០០០ លានរៀល។ ក្នុងនោះដែរ អង្គការដែលចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាងក៏ត្រូវបានចាត់ទុកជាអ្នកជាប់ពន្ធមធ្យមដែរ ហើយត្រូវបង់ពន្ធប៉ាតង់ចំនួន ១ ២០០ ០០០ រៀលក្នុង ១ ឆ្នាំ។
គ) អ្នកជាប់ពន្ធធំ គឺសហគ្រាសដែលមានផលរបរក្នុង ១ ឆ្នាំលើសពី ៤ ០០០ លានរៀល ដោយសហគ្រាសនោះបានចុះបញ្ជីវិនិយោគមានគ្រប់លក្ខណៈ។ ពន្ធប៉ាតង់ គឺ ៣ ០០០ ០០០ រៀល (ផលរបរចាប់ពី ៤ ០០០ លានរៀល ដល់ ១០ ០០០ លានរៀល) ៥ ០០០ ០០០ រៀល (ផលរបរលើសពី ១០ ០០០ លានរៀលឡើង)។
ឃ- តើអ្នកជាប់ពន្ធត្រូវទៅបង់ពន្ធប៉ាតង់នៅកន្លែងណា?
អ្នកជាប់ពន្ធធំ តម្រូវឲ្យបង់នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធមធ្យម ឬតូចតម្រូវឲ្យបង់តាមសាខាពន្ធដារខេត្ត/ខណ្ឌ ដែលសហគ្រាសនោះតាំងនៅ
ង- ក្នុងករណីដែលមានអាជីវកម្មច្រើនប្រភេទក្នុងកន្លែងតែមួយ តើត្រូវបង់ពន្ធប៉ាតង់ដូចម្តេច?
១) អ្នកជាប់ពន្ធដែលមានអាជីវកម្មច្រើនកន្លែង ត្រូវបង់ផ្សេងៗទៅតាមអាជីវកម្ម (ឧ.សណ្ឋាគារនៅសែនសុខ ហាងលក់សម្លៀកបំពាក់នៅទួលគោក)
២) អ្នកជាប់ពន្ធដែលមានអាជីវកម្មច្រើន តែនៅក្រោមអាជីវកម្ម ១ នោះត្រូវបង់តែមួយតែប៉ុណ្ណោះ។ (ឧ. សណ្ឋាគារ ១ ក្នុងនោះមានម៉ាស្សា ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ)
៣) អ្នកជាប់ពន្ធដែលមានសាខា រោងចក្រ ឃ្លាំង រោងជាង ដែលបម្រើអាជីកម្មតែមួយក្នុងរាជធានី ខេត្ត ក្រុង តែមួយនោះបង់ពន្ធតែមួយទេ។
៤) អ្នកជាប់ពន្ធដែលមានសាខា រោងចក្រឃ្លាំង រោងជាង តែមិនស្ថិតនៅក្នុងរាជធានី ខេត្ត ក្រុង តែមួយនោះរដ្ឋតម្រូវឲ្យបង់ពន្ធនីមួយៗនៃទីតាំងស្ថិតនៅ។
ច- ក្នុងករណីដែលមិនបានបង់ពន្ធប៉ាតង់នោះត្រូវទទួលទណ្ឌកម្មបែបណា?
គួរចំណាំថា ពន្ធប៉ាតង់ត្រូវបង់ចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ តែបើមិនបានបង់តាមពេលកំណត់នោះ ម្ចាស់អាជីវកម្មត្រូវពិន័យបូក ១០% នៃពន្ធត្រូវបង់ និងបូក ១,៥% នៃការប្រាក់ប្រចាំខែដែលមិនបានបង់។ ក្នុងករណីជូនដំណឹងហើយមិនបានបង់នោះពិន័យមិនមែន ១០% ទៀតទេគឺ ២៥%[3] ។
ម្យ៉ាងទៀតបើម្ចាស់អាជីវកម្មមិនបានដាក់លិខិតប្រកាសពន្ធទេ គឺពន្ធបន្ថែមស្មើ ៤០% នៃពន្ធត្រូវបង់បូកការប្រាក់ ១,៥% [4] ។
ឆ- តើម្ចាស់អាជីវកម្មអាចយកបណ្ណប៉ាតង់ទៅតម្កល់ខ្ចីប្រាក់ពីធនាគារបានដែរឬទេ?
បណ្ណប៉ាតង់មានតម្លៃចំពោះម្ចាស់អាជីវកម្មដែលមានឈ្មោះក្នុងបណ្ណប៉ាតង់តែប៉ុណ្ណោះ មានន័យថា ក្រៅពីម្ចាស់បណ្ណប៉ាតង់មិនអាចយកបណ្ណប៉ាតង់នោះទៅដាក់តម្កល់ ឬខ្ចីលុយពីធនាគារបានទេ។
ជ- តើក្នុងករណីណាដែលម្ចាស់អាជីវកម្មដែលបានចុះបញ្ជីម្តងហើយ ត្រូវតម្រូវឲ្យចុះបញ្ជីពន្ធប៉ាតង់ជាថ្មី?
ម្ចាស់អាជីវកម្មដែលបង់ពន្ធប៉ាតង់រួចហើយ តែតម្រូវឲ្យបង់ម្តងទៀតក្នុងករណី៖
១) ផ្លាស់ប្តូរអាជីវកម្មថ្មី
២) ផ្លាស់ប្តូរអាជីវកម្មទៅរាជធានី ខេត្ត ថ្មី
៣) ការផ្លាស់ប្តូរម្ចាស់អាជីវកម្ម
ប៉ុន្តែក្នុងករណីដែលម្ចាស់អាជីវកម្មថ្មីរក្សាអាជីវកម្មឲ្យនៅដដែល ឬការផ្លាស់ប្តូរទៅឲ្យ ឪពុក ម្តាយ កូន ប្រពន្ធ ឬអ្នកស្នងស្របច្បាប់នោះ ពុំចាំបាច់តម្រូវឲ្យមានការចុះបញ្ជីប៉ាតង់ថ្មីនោះទេ៕