(​ត​ពី​លេខ​មុន​...) ​កាលពី​សប្តាហ៍​មុន ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះផ្សាយ​ភាគ​ទី​ ១ ​ស្តីពី​ការ​រើស​បាន​លិខិតស្នាម ឬ​ឯកសារ​ផ្សេងៗ​របស់​អ្នកដទៃ​ដែល​សម្គាល់​ពី​អត្តសញ្ញាណ​អចលនទ្រព្យ ឬ​សម្គាល់​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់ និង​យកទៅ​ប្រើប្រាស់​។ លោក​មេធាវី សារ៉េត សារ៉េនឌី សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែល​មាន​ការិយាល័យ​នៅ​ជាន់​ទី ១០ បន្ទប់ P10-11 នៃ​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​ផ្លូវ​លេខ ៣៦ សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បកស្រាយ​នូវ​ភាគ​បញ្ចប់​ដូច​ខាង​ក្រោម​៖

លោក (​ក​) គួរ​ដោះស្រាយ​បែប​ណា​ដើម្បី​រួច​ផុតពី​ការជាប់​ពាក់ព័ន្ធ​នេះ​ព្រោះថា​ស្លាក​លេខ​នោះ​ជា​របស់​គាត់​រើស​បាន​? តើ​គាត់​នៅតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែរ​ឬ​ទេ​?

បើ​យោងតាម​គោលការណ៍​ឯកត្តកម្ម​លោក​ (​ក​) ​មិន​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​រថយន្ត​បង្កហេតុ​នោះឡើយ​ផ្អែក​តាម​ក្រមព្រហ្មទណ្ឌ​មាត្រា ២៤ «​គោលការណ៍​ឯកត្តកម្ម​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​» ​បុគ្គល​ម្នាក់ៗ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ មាន​ន័យ​ថា លោក​ (​ក​) ​មិន​ទទួល​ខុសត្រូវ​លើ​បទល្មើស​រថយន្ត​បង្កហេតុ​ដំបូង​នោះទេ តែ​លោក​ (​ក​) ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​អំពី​ការយក​ស្លាក​លេខ​សម្គាល់​យានជំនិះ​ (​ស្លាក​លេខ​រថយន្ត​បង្ក​បទល្មើស​) ​ដែល​មិនមែន​ជា​ស្លាក​លេខ​រថយន្ត​របស់​លោក​ (​ក​)​។

យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៖ ​មាត្រា​ ៧៨ ​ជន​ណា​ដែល​ចរាចរណ៍​យានជំនិះ ដោយ​ប្រើប្រាស់​បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានជំនិះ ស្លាក​លេខ​សម្គាល់​យានជំនិះ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ដោយ​ដឹងថា ឯកសារ ឬ​វត្ថុ​ក្លែងក្លាយ​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦៣០ (​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​) នៃ​ក្រមព្រហ្មទណ្ឌ​។

មាត្រា​ ៧៩ ​ជន​ណា​ក្លែង​បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានជំនិះ ស្លាក​លេខ​សម្គាល់​យានជំនិះ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ដែល​ចេញ​ដោយ​អ្នករាជការ​សាធារណៈ​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦២៩ (​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​) ​នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ក្រមព្រហ្មទណ្ឌ​៖ ​មាត្រា​ ៦២៩ «​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​» ការ​ក្លែងបន្លំ​ប្រពឹត្ត​នៅក្នុង​លិខិត​យថាភូត ឬ​ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅក្នុង​ឯកសារ​ដែល​ចេញ​ឲ្យ​ដោយ​រាជការ​សាធារណៈ ដើម្បី​ធ្វើការ​កត់សម្គាល់​សិទ្ធិ អត្តសញ្ញាណ ឬ ឋានៈ ឬ​ដើម្បី​យល់ព្រម​ផ្ដល់​ការអនុញ្ញាត​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ (​ប្រាំ​) ទៅ ១០ (​ដប់​)​ឆ្នាំ​។

មាត្រា​ ៦៣០ «​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​» ​ការប្រើប្រាស់​ឯកសារ​ក្លែង​ដែល​ចែង​ក្នុង​មាត្រា ៦២៩ (​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ (​ពីរ​)​ឆ្នាំ ទៅ ៥ (​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ០០០ ០០០ (​បួន​លាន​) រៀល ទៅ ១០ ០០០ ០០០ (​ដប់​លាន​) ​រៀល​៕