ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ និង​ឧស្សាហកម្ម​ស្បែកជើង​ត្រូវ​បាន​អនុវត្ត​ហើយ​កាលពី​ឆ្នាំ​ទៅ​ដែល​កំណត់​ចំនួន​ ១៧០ ​ដុល្លារ ហើយ​ក្រុម​ការងារ​ចម្រុះ​ក៏​បាន​ប្រជុំ​ពិភាក្សា​គ្នា​បន្ត​ទៀត​សម្រាប់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ឆ្នាំ​ ២០១៩​។

តើ​ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​អាច​ទ្រទ្រង់​ជីវភាព​កម្មករ​បាន​សមរម្យ​ដែរ​ឬ​យ៉ាង​ណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាសន៍​ជាមួយ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដូចខាងក្រោម ៖

ទាក់ទិន​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​បើ​លោក​ប្រៀបធៀប​ប្រាក់ខែ​កម្មករ​កាត់ដេរ​ជាមួយ​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​តើ​យ៉ាង​ម៉េច​ដែរ​? ចុះ​ចំពោះ ប.ស.ស វិញ​បាន​ជួយ​សម្រួល​ដល់​កម្មករ​យ៉ាង​ម៉េច​ដែរ​?

បច្ចុប្បន្ន​នេះ​តម្លៃ​ទំនិញ​វា​ឡើង​ខ្ពស់​រីឯ​ប្រាក់​ឈ្នួល​របស់​កម្មករ​កាត់ដេរ​នៅ​ទាប​វា​ពិបាក​ក្នុង​ការចំណាយ​ហើយ​បើ​ប្រាក់ឈ្នួល​បាន​ត្រឹម ២០០ ដុល្លារ​អាច​​ចំណាយ​រស់​។ ទាក់ទង​នឹង ប.ស.ស វិញ​គឺ​គាត់​ទៅ​ទី​នោះ​នៅ​ពេល​ដែល​មាន​ហានិភ័យ​ហ្នឹង​ទេ ដូចជា​ការព្យាបាល​ជំងឺ​អ៊ីចឹង​ទៅ​។

ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​ក្រសួង​ការងារ​អនុវត្ត​ជិត​ ១ ​ឆ្នាំ​ហើយ​នៅ​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ ​​ស្បែកជើង​ហើយ​ក៏​បាន​ចាប់ផ្តើម​ពិភាក្សា​បន្ត​ទៀត​ដែរ​សម្រាប់​ឆ្នាំ​ក្រោយ​។ តើ​ក្រសួង​នឹង​យក​ប្រាក់​ដែល​កំណត់​ ១៧០ ​ដុល្លារ​ជា​គោល​សម្រាប់​ពិភាក្សា​ទៅ​ថ្ងៃ​មុខ​ទៀត​ឬ​យ៉ាង​ណា​?

ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​នេះ​គឺ​ខាង​ក្រសួង​យក​ ១៧០ ​ដុល្លារ​ជា​ចំនួន​ប្រាក់​គោល បាន​ន័យ​ថា​ក្រសួង​នេះ​មិន​បាន​យក​បន្ទាត់​ភាពក្រីក្រ​ ឬ​ក៏​ការសិក្សា​ស្រាវជ្រាវ​ណា​មួយ​មក​ផ្ទៀងផ្ទាត់​ទេ​។

ដោយសារ​ការសិក្សា​ស្រាវជ្រាវ​នោះ​អត់​មាន​ហើយ​បន្ទាត់​ភាពក្រីក្រ​វា​ទាប​ពេក​អ៊ីចឹង​គេ​យក​ប្រាក់ ១៧០ ​ដុល្លារ​ធ្វើ​ជា​គោល​។

បន្ទាប់​មក​គេ​នឹង​គណនា​ថា តើ​ឆ្នាំ​ហ្នឹង​អត្រា​អតិផរណា​មាន​ប៉ុន្មាន​ភាគរយ ឧទាហរណ៍​ខាង​ក្រសួង​ ៣,១៤ ​ភាគរយ​ហើយ​ការប្រែប្រួល​នៃ​ស្ថានភាព​រស់នៅ​ ឬ​ក៏​ការប្រែប្រួល​នៃ​អតិផរណា​ឧទាហរណ៍​ថា ២,២ ​ភាគរយ​ទៅ​ប៉ុន្តែ​យើង​ថា​គួរតែ​គិត​ ៨,២ ​ភាគរយ​ទៅ​តាម​របាយការណ៍​របស់ ប.ស.ស អ៊ីចឹង​ទៅ​។

ដូច្នេះ​កម្រិត​ចំណេញ​នៅ​ក្នុង​វិស័យ​នេះ​ឃើញ​ថា​មាន ៣៤ ភាគរយ ដូច្នេះ​យើង​គិត​ថា​គួរតែ​ផ្តល់​ឲ្យ​កម្មករ​កាត់ដេរ​ ២ ​ភាគរយ​អី​ទៀត​ទៅ​។ អាហ្នឹង​បើ​កាល​ណា​យើង​ឃើញ​ភាគរយ​ហ្នឹង​យើង​យក​មេគុណ​ ១៧០ ​ដុល្លារ​ទៅ​គិត​ទៅ យើង​នឹង​ពិភាក្សា​ទាមទារ​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ​ ២០១៩ ​ហ្នឹង​។

ក្រសួង​បាន​លើកឡើង​ថា​ការ​យក​ ១៧០ ​ដុល្លារ​ជា​គោល​ដោយ​សំអាង​ថា​គ្មាន​អ្វី​សម្រាប់​ផ្ទៀងផ្ទាត់​តើ​ក្រុម​ការងារ​ក្រសួង​ការងារ​មិន​បាន​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​រស់នៅ​របស់​កម្មករ​ទេ​ឬ​?

ដោយសារ​គ្មាន​ការសិក្សា​ស្រាវជ្រាវ​ណា​មួយ​អំពី​ស្ថានភាព​រស់នៅ​របស់​កម្មករ​អ៊ីចឹង​គឺ​យើង​មើល​តែ​អតិផរណា​ទេ​។ ​អ៊ីចឹង​ចំពោះ​សហជីព​គឺ​យើង​នឹង​រក​តួលេខ​ណា​មួយ​ដើម្បី​ដាក់​ទៅ​ចរចា​ដែល​អាច​ថា​ប្រហែល​ជា​ ២ ​ភាគរយ​ ឬ​ ២ ​ភាគរយ​ជាង​អ៊ីចឹង​ទៅ​គឺ​ខាង​ថៅកែ​និយោជក​អាច​ឡើង​បាន​ ៤-១០ ​ដុល្លារ​ទៀត​​អ៊ីចឹង​ទៅ​។

ក្នុង​ការ​ចរចា​នោះ​តើ​មាន​តំណាង​​ភាគី​ណា​ខ្លះ​ចូលរួម​?

ក្នុង​ការ​ចរចា​នោះ​មាន​ខាង​សហជីព​និយោជក និង​ខាង​រដ្ឋាភិបាល​ចូលរួម​។ ចំពោះ​ខាង​ភាគី​នីមួយៗ​មាន​ចំនួន​ ១៦ ​រូប​ស្មើៗ​គ្នា ហើយ​ប្រាក់​ឈ្នួល​ថ្មី​នឹង​មាន​ផ្សេង​មិនមែន ១៧០ ​ដុល្លារ​ទេ​។ វា​អាច​ឡើង​ ឬ​ក៏​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ទៅ​ដែរ​នេះ​បើ​តាម​ការគិត​របស់​យើង​។

តើ​ក្រសួង​ការងារ​បាន​អនុវត្ត​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ក្នុង​អត្ថប្រយោជន៍​អ្វី​ដែរ​ទៅ​? មាន​មាត្រា​ខ្លះ​ក្នុង​ច្បាប់​នេះ​ត្រូវ​បាន​ដក​ចេញ​ តើ​មាត្រា​ដែល​បាន​ដក​ចេញ​នោះ​អាច​ជា​អត្ថប្រយោជន៍​ដល់​កម្មករ-កម្មការិនី​ ឬ​ក៏​មាន​ការ​លំបាក​ដល់​ក្រសួង​?

វា​អាច​ជា​ការលំបាក​ដែរ​ឧទាហរណ៍​ថា សិទ្ធិ​របស់​តំណាង​កម្មករ-កម្មការិនី​ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​ក្រុម​ប្រឹក្សាជាតិ​ដែល​និយាយ​ពី​ប្រាក់​ឈ្នួល​នេះ​ហើយ​ប្រសិន​បើ​យើង​ចូលរួម​ពិភាក្សា​ពិគ្រោះ​យោបល់​ហើយ ហើយ​យើង​បែរ​ជា​តវ៉ា​ ឬ​ មិន​ពេញចិត្ត​ត្រង់​ចំណុច​ណា​មួយ​ក្នុង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​នេះ​គឺ​ខាង​ក្រសួង​ការងារ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ​ដោយ​អាច​នឹង​ត្រូវ​ពិន័យ​។

ក្នុង​ច្បាប់​នេះ​ដែរ មាន​ពាក្យពេចន៍​មួយ​ចំនួន​ដែល​ពិបាក​យល់​ន័យ​ត្រូវ​បាន​ដក​ចេញ​ហើយ​ប្តូរ​មក​ដាក់​ពាក្យ​សាមញ្ញ​វិញ​។

យើង​បាន​ឃើញ​ហើយ​ច្បាប់​ស្តីពី​ការងារ​ត្រង់​មាត្រា​ ១០៣, ១០៤ រហូត​ដល់​មាត្រា​ ១០៩ ​គឺ​សុទ្ធ​តែ​និយាយ​ពី​សិទ្ធិ​កម្មករ​ក្នុង​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ហើយ​នៅ​ក្នុង​លក្ខខណ្ឌ​ពិន័យ​ជាច្រើន​ដែល​ច្បាប់​បាន​ចែង​លម្អិត​នៅ​កន្លែង​ហ្នឹង​៕