ការចេញ​ដីកា​កោះហៅ​ ឬ​ចេញ​ដីកានាំខ្លួន ឬ​ដីកា​ចាប់ខ្លួន​ជា​នីតិវិធី​របស់​តុលាការ​នៅពេល​ជនណាម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការសង្ស័យថា បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ទៅតាម​ពាក្យបណ្តឹង​ពី​ភាគី​ម្ខាង​ទៀត​។ តាម​នីតិវិធី​របស់​តុលាការ​គឺ​ពាក្យ​​ថា​ដីកា​មាន​ច្រើន​ប្រភេទ ប៉ុនែ្ត​ពេលនេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​លើក​យកតែ​ដីកា​នាំ​ខ្លួន​ និង​ដីកា​ចាប់​ខ្លួន​មក​បង្ហាញ​ប៉ុណ្ណោះ​តាមរយៈ​ការបកស្រាយ​ពី​សំណាក់​លោក​មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមា​ថា​ជន​ម្នាក់​មិនទាន់​ត្រូវបាន​តុលាការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គាត់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​អញ្ជើញ​ឲ្យ​ចូលខ្លួន​តែ​គាត់​មិន​ព្រម​ចូល​តុលាការ​។ ករណី​បែប​នេះ​តើ​តុលាការ​នឹង​ចេញ​ដីកា​អ្វី​?

មុន​នឹង​ស្វែង​យល់​ពី​ដីកា​នាំ​​ខ្លួន​នេះ គួរ​សិក្សា​ស្វែងយល់​ពី​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ជា​មុនសិន​។ ​បើ​យោង​មាត្រា​ ១៨៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែងថា ចៅក្រម​ស៊ើបសួរ​អាច​ចេញ​​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​។ ​ដីកាបង្គាប់​ឲ្យ​ចូល​ខ្លួន​គឺជា​បញ្ជា​ដល់​បុគ្គល​ណា​ម្នាក់​ឲ្យ​ចូល​ទៅ​បង្ហាញ​​ខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​។ ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​អាច​ចេញ​ទៅ​លើ​ជន​ត្រូវ​ចោទ​ ឬ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ដែល​មាន​តម្រុយ​ពិរុទ្ធភាព​។

ពាក់ព័ន្ធ​នឹង​ពាក្យ​ថា ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​វិញ បើ​យោងតាម​មាត្រា​ ១៩០ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​គឺជា​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ចាប់ និង​នាំខ្លួន​បុគ្គល​ណា​ម្នាក់​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​។ ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​អាច​ត្រូវ​ចេញ​ទៅ​លើ​ជន​ត្រូវ​ចោទ​ ឬ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ដែល​មាន​តម្រុយ​ពិរុទ្ធភាព​។

ឧបមា​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ម្នាក់​តាម​ដីកា​របស់​តុលាការ តើ​ដីកា​នោះ គេ​ហៅថា​អ្វី​? ​ហើយ តើ​ជន​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​នោះ​នឹងត្រូវ​នាំខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​តែម្តង​ ឬ​នាំខ្លួន​យក​ទៅ​តុលាការ​ដើម្បី​ជំនុំជម្រះ​?

ដីកា​ចាប់​ខ្លួន​មានន័យ​ថា ជា​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ណា​ម្នាក់​ឲ្យ​អនុវត្តតាម​សាលក្រម ឬ​ឲ្យ​ជន​នោះ​អនុវត្ត​ទៅ​តាម​ដីកា​នោះ​។ មាន​ន័យ​ថា តាម​នីតិវិធី​របស់​តុលាការ​ដែល​ពេលខ្លះ​តុលាការ​ជំនុំជម្រះ​ហើយ ហើយ​ចេញ​សាលក្រម​អ៊ីចឹង​តុលាការ​អនុវត្ត​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​​ជន​នោះ​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​តែម្តង​។ ​ដូចដែល​មាន​ចែង​នៅក្នុង​មាត្រា​ ១៩៦ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែងថា ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​អាច​ចេញ​ទៅ​លើ​ជន​ ឬ​បុគ្គល​ណា​ម្នាក់​ដែល​មាន​តម្រុយ​ពិរុទ្ធភាព​។

ចៅក្រម​ស៊ើបសួរ​នឹង​អាច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ជនណា​ម្នាក់​បាន លុះត្រាតែៈ

១- បទល្មើស​ដែល​ចោទ​ប្រកាន់​ជា​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​។

២- ​បុគ្គល​ដែល​ពាក់ព័ន្ធ​បាន​គេច​ខ្លួន​មិនដឹង​ជា​ស្ថិត​នៅ​ទីកន្លែង​ណា​ ឬ​ស្ថិត​នៅក្រៅ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទាក់ទង​នឹង​ដីកា​ចាប់​ខ្លួន​នេះដែរ​គឺ​ជន​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​បាន​ដែល​ពាក់ព័ន្ធ​នឹង​ន័យ​បកស្រាយ​ខាង​លើ​គឺ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​ចៅក្រម​នឹង​ចេញ​ដីកា​ឃុំខ្លួន​ដោយ​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​ជន​នោះ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​តែម្តង​។

បើ​តាម​មាត្រា​ ២២០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដដែល​នេះ​ចែង​ថា ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​គឺជា​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ​ ឬ​មណ្ឌល​ឃុំ​ខ្លួន​ឲ្យ​ទទួល​ និង​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​។ ចៅក្រម​ស៊ើបសួរ​អាច​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បាន​លុះត្រាតែ​ជន​ត្រូវ​ចោទ​ជា​កម្មវត្ថុ​នៃ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​។

យោង​មាត្រា ២២១ ​ចែង​ថា ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មាន​ចុះ​និទ្ទេស​ដូចតទៅ ៖

-​អត្តសញ្ញាណ​របស់​ជន​ត្រូវ​ចោទ

-​ប្រភេទ​នៃ​បទល្មើស​ដែល​ចោទប្រកាន់​ និង​អត្ថបទ​ច្បាប់​ដែល​កំណត់​ និង​បង្ក្រាប​បទល្មើស​នេះ

-​ឈ្មោះ​ និង​ឋានៈ​របស់​ចៅក្រម​ដែល​ចេញ​ដីកា​។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ត្រូវ​មាន​ចុះ​កាលបរិច្ឆេទ​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​ និង​មាន​បោះត្រា​។

ចំពោះ​មាត្រា​ ២២២ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ​ដែរ​ក៏​ចែងថា ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ប្រធាន​ពន្ធនាគារ​ ឬ​មណ្ឌល​ឃុំខ្លួន ត្រូវ​តែ​ទទួល និង​ឃុំខ្លួន​បុគ្គល​ដែល​មាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​រហូត​ទាល់ តែ​បាន​ទទួល​ការ​ឲ្យ​ដំណឹង​អំពី​ការដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។ ប្រធាន​ពន្ធនាគារ​ ឬ​មណ្ឌល​ឃុំខ្លួន​រក្សាទុក​ដើម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​​ ឬ​ចុង​ដីកា​នេះ​ដែល​បញ្ជាក់​ថា​ត្រឹមត្រូវ​តាមច្បាប់​ដើម​៕