គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ស្ថាប័ន​មួយ​ដែល​គ្រប់គ្រង​មេធាវី​ហើយ​ក៏​បាន​បំពេញ​កិច្ចការ​ជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ​មិន​យក​កម្រៃ​ផង​ដែរ​។ ប៉ុន្តែ​នៅ​មាន​ចម្ងល់​ខ្លះ​ថា​តើ​ស្ថាប័ន​នេះ​បាន​ថវិកា​ពី​ប្រភព​ណា​ដើម្បី​ចំណាយ​លើ​សេវា​ជួយ​ការពារ​ក្តី​ជនក្រីក្រ ហើយ​ថា តើ​ស្ថាប័ន​នេះ​ឯករាជ្យ​ឬ​យ៉ាង​ណា​? ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

តើ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ស្ថាប័ន​មួយ​ចំណុះ​ក្រសួង​យុត្តិធម៌​ឬ​យ៉ាងណា​ ហើយ​បង្កើត​ឡើង​ក្នុង​គោលបំណង​អ្វី​ដែរ​?

តាមពិត​ទៅ​គណៈមេធាវី​របស់​យើង​គឺ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៩៥ ដោយ​ច្បាប់​លក្ខន្តិកៈ​​មេធាវី​ហើយ​ក្នុង​ច្បាប់​បាន​បញ្ជាក់​​ច្បាស់លាស់​ណាស់​ថា គណៈមេធាវី​ជា​ស្ថាប័ន​ឯករាជ្យ​គឺ​មិន​នៅ​ក្រោម​ចំណុះ​ក្រសួង​ណា​មួយ​​ ឬ​ក៏​រាជរដ្ឋាភិបាល​ទេ​បាទ​។

ចំណុច​សំខាន់​នៃ​ការបង្កើត​គណៈមេធាវី​គឺ​ដើម្បី​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​ដើម្បី​ឲ្យ​ការ​ប្រកប​វិជ្ជាជីវៈ​ហ្នឹង​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និង​ឯករាជ្យ​។

ក្នុង​ស្ថាប័ន​គណៈមេធាវី​នេះ តើ​មាន​ការ​បែងចែក​ជា​ផ្នែក​ក្នុង​​ការអនុវត្ត​ការងារ​ដូចម្ដេច​ដែរ​?

នៅក្នុង​គណៈមេធាវី យើង​បាន​រៀបចំ​បែងចែក​ភារកិច្ច​មួយ​ចំនួន​ទាក់ទង​នឹង​ការគ្រប់គ្រង​គឺ​យើង​មាន​ប្រធាន​គណៈមេធាវី​ដែល​បោះឆ្នោត​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​។

ចំពោះ​អ្នក​ជាប់​ជា​ប្រធាន​គឺ​ធ្វើ​បាន​តែ​ ២ ​អាណត្តិ​ប៉ុណ្ណោះ ហើយ​ទន្ទឹម​នឹង​នេះ​យើង​មាន​ក្រុមប្រឹក្សា​គណៈមេធាវី​ដែល​​ជា​ស្ថាប័ន​មួយ​សម្រាប់​បង្កើត​គោលនយោបាយ​ឲ្យ​ប្រធាន​គណៈមេធាវី​ដឹកនាំ​។ អ៊ីចឹង​ក្រុម​​ប្រឹក្សា​គណៈមេធាវី យើង​បោះឆ្នោត​រៀងរាល់​ ៣ ​ឆ្នាំ​ម្តង​នេះ​ជា​ស្ថាប័ន​មួយ​សម្រាប់​គ្រប់គ្រង​គណៈមេធាវី​។ ​ចំពោះ​រចនាសម្ព័ន្ធ​​ផ្ទៃក្នុង​យើង​មាន​នាយកដ្ឋាន​មួយ​ចំនួន​សម្រាប់​ប្រតិបត្តិការ​គឺ​នាយកដ្ឋាន​អធិការកិច្ច នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ នាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការបរទេស​ហើយ​និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ។

បច្ចុប្បន្ន​គណៈមេធាវី​មាន​មេធាវី​​ពេញ​សិទ្ធិ​ប៉ុន្មាន​រូប ហើយ​មាន​មេធាវី​មិន​ពេញសិទ្ធិ​ដែរ​ទេ​?

រហូត​មក​ទល់​ពេល​នេះ​គណៈមេធាវី​មាន​ចំនួន​មេធាវី​កើន​បន្តិច​ហើយ​ដោយ​តាំងពី​ឆ្នាំ​ ១៩៩៥ ​មក​គឺ​ពី​ដំបូង​យើង​មាន​មេធាវី​តែ​ ២៥ ​រូប​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​មាន​ដល់​ ១៣៥៥ ​រូប​ដែល​ជា​មេធាវី​ពេញសិទ្ធិ រីឯ​មេធាវី​កម្មសិក្សា​មាន​ ២៥៧ ​រូប​។

តើ​ការកើនឡើង​ចំនួន​មេធាវី​នេះ​មកពី​កត្តា​អ្វី​ខ្លះ​ដែរ​?

កំណើន​មេធាវី​នេះ​គឺ​យើង​គិត​ទៅ​លើ​តម្រូវការ​នៃ​សង្គម​ដែល​ពី​ដំបូង​យើង​បង្កើត​មក​បាន​ន័យ​ថា យើង​បង្កើត​ថ្មី​ដូច្នេះ​ការរៀបចំ​បណ្តុះបណ្តាល​គឺ​ធ្វើ​មិន​ទាន់​។ អ៊ីចឹង​តម្រូវការ​សង្គម​របស់​យើង​កាន់តែ​ច្រើន​សង្គម​សេដ្ឋកិច្ច​របស់​យើង​រីកចម្រើន អ៊ីចឹង​សេវាកម្ម​ច្បាប់​កាន់​តែ​មាន​តម្លៃ​។ ដូច្នេះ​ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គឺ​មេធាវី​យើង​កើន​ខ្ទង់​ ២០០ ​រូប​ហើយ​មក​ទល់​ពេល​នេះ​គណៈមេធាវី​បាន​កើតឡើង​ ២៣ ​ឆ្នាំ​ហើយ​អ៊ីចឹង​ចំនួន​ហ្នឹង​កើន​ប្រហាក់​ប្រហែល​ហ្នឹង​ទៅ​តាម​តម្រូវការ​នៃ​សង្គម​របស់​យើង​។

ចុះ​មេធាវី​សម្រាប់​ជួយ​ជនក្រីក្រ​នៅ​ទូទាំង​ប្រទេស​មាន​ប៉ុន្មាន​រូប​ដែរ ?

គណៈមេធាវី​យក​ចិត្ត​ទុកដាក់​ជាពិសេស​ទៅ​លើ​សេវា​សង្គម​ហើយ​រហូត​មក​ទល់​ពេល​នេះ​គឺ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​មេធាវី​ការពារ​ក្ដី​ជនក្រីក្រ​ហ្នឹង​ដែល​ពី​មួយ​ខែ​ទៅ​មួយ​ខែ​មាន​ច្រើន​ដែល​មក​ទល់​ពេល​នេះ​​មាន​ ៥៣០ ​រូប​សម្រាប់​ការពារ​ក្តី​ជូន​ជនក្រីក្រ​នៅ​ទូទៅ​ប្រទេស​។

ចុះ​ការចំណាយ​ថវិកា​សម្រាប់​មេធាវី​ជួយ​ជនក្រីក្រ​ក្នុង​មួយ​​ឆ្នាំៗ​មាន​ប៉ុន្មាន​ដែរ ហើយ​ថវិកា​ទាំង​នោះ​បាន​ពី​ប្រភព​ណា​ខ្លះ​?

ក្នុង​ការ​ការពារ​ក្ដី​ជូន​ជនក្រីក្រ​គឺ​យើង​គិត​ថា​ថវិកា​មាន​ចំនួន​ច្រើន ប៉ុន្តែ​នៅ​ខ្វះខាត​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​យើង​បាន​ទទួល​ជំនួយ​ពី​រាជរដ្ឋាភិបាល​ជាពិសេស​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​​បាន​យក​ចិត្ត​ទុកដាក់​ផ្តល់​ឲ្យ​គណៈមេធាវី​ដែល​ឥឡូវ​នេះ​ឡើង​ដល់​ ១២០០ ​លាន​រៀល​ក្នុង​ ១ ​ឆ្នាំ​។ ​

ទន្ទឹម​នឹង​នេះ​យើង​ក៏​មិន​បាន​ទទួល​ជំនួយ​ពី​បរទេស​ណា​នៅ​ឡើយ​ទេ​គឺ​យើង​បម្រើ​ការងារ​នេះ​ក្នុង​ក្របខ័ណ្ឌ​ការងារ​ផ្ទៃក្នុង​កម្រិត​ជាតិ​តែ​ម្តង​។ តាំងពី​ឆ្នាំ​ ១៩៩៣ ដែល​គណៈមេធាវី​យើង​មិន​ទាន់​កើត​គឺ​មាន​ជំនួយ​ពី​ប្រទេស​ជាច្រើន​ដែល​គ្រប់គ្រង​សេវាកម្ម​ការពារ​ក្តី​ជូន​ជនក្រីក្រ​ជាពិសេស​គឺ​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

ចាប់​តាំងពី​គណៈមេធាវី​បាន​កកើត​មក​គឺ​យើង​ខិតខំ​បំពេញ​ការងារ​នេះ​ដោយ​ខ្លួនឯង​ដែល​មក​ទល់​ពេល​នេះ​គឺ​យើង​បាន​បំពេញ​ការងារ​ការពារ​ក្ដី​ជនក្រីក្រ​ទាំងស្រុង​តែ​ម្តង​។ ​

ក្រៅ​ពី​នេះ​យើង​បាន​ពង្រីក​សេវាកម្ម​ការពារ​ក្តី​ជូន​ជនក្រីក្រ​ទៅ​តាម​បណ្តា​ខេត្ត​នីមួយៗ បើ​ទោះបី​ជា​ខេត្ត​នោះ​ដាច់​ស្រយាល​ក៏ដោយ​។ ក្នុង​ ១ ​ឆ្នាំៗ​រឿង​ក្តី​បាន​កើនឡើង​ជា​លំដាប់​ដែល​រហូត​មក​ទល់​ពេល​​នេះ​គឺ​តាម​ស្ថិតិ​របស់​យើង​ឃើញ​​ថា​ការងារ​ការពារ​ក្ដី​ជូន​ជន​ក្រីក្រ​គឺ​អាច​ឡើង​ដល់​​ ៥ ​ពាន់​ក្ដី​ក្នុង​ ១ ​ឆ្នាំ​។ ចំពោះ​ថវិកា​ដែល​រាជរដ្ឋាភិបាល​ជួយ​ប្រហែល​ជា​បាន​ ៣ ​ពាន់​ករណី​តែ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ ហើយ​សេវាកម្ម​ដែល​យើង​ផ្តល់​គឺ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​មេធាវី​ជួយ​ដោយ​ស្ម័គ្រចិត្ត​ភាគច្រើន​។

ចំនួន​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​គិត​​ថា​ច្រើន ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​រឿងក្តី​គឺ​នៅ​តិច​នៅ​ឡើយ​ទេ​។ ព្រោះ​ប្រសិន​បើ​យើង​គិត​មើល​ថា​ក្នុង​រឿងក្តី​មួយ​បើ​មេធាវី​ទទួល​សេវាកម្ម​ដែល​កូនក្តី​ពឹងពាក់​វិញ​គឺ​យ៉ាង​តិច​ក៏​ ១ ​ពាន់​ដុល្លារ​ដែរ​ក្នុង​មួយ​ករណី​។ ​ប៉ុន្តែ​រឿង​ក្តី​ការពារ​ជនក្រីក្រ​នេះ​គឺ​ថវិកា​សម្រាប់​ឧបត្ថម្ភ​មេធាវី​យើង​បាន​តែ​ ១០០​ ​ដុល្លារ​ប៉ុណ្ណោះ​​ក្នុង​មួយ​ករណី​បាន​ន័យ​ថា​ខុស​​គ្នា​ ៩ ​ដង​។

ប៉ុន្តែ​ ៩ ​ដង​នេះ​គឺជា​ការស្ម័គ្រចិត្ត​របស់​គណៈមេធាវី​ក៏​ដូច​មេធាវី​ផ្ទាល់​គឺ​យើង​លើក​ទឹកចិត្ត​ឲ្យ​មេធាវី​ទាំងអស់​ជួយ​ធ្វើ​យ៉ាង​ម៉េច​ការពារ​ក្ដី​ជូន​ជនក្រីក្រ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​។

ចំពោះ​ការ​ការពារ​ក្ដី​របស់​មេធាវី​ជូន​ជនក្រីក្រ​ហ្នឹង តើ​លោក​​យល់ថា​គាត់​ប្រើ​វិជ្ជាជីវៈ​ដូច​មេធាវី​ប្រើ​សេវា​ដែរ​ឬ​ទេ​?

តាម​ច្បាប់​របស់​យើង​បើ​ទោះ​ជា​មេធាវី​នោះ​ការពារ​ជនក្រីក្រ​ក៏ដោយ​គឺ​គាត់​មាន​កាតព្វកិច្ច​បំពេញ​ការងារ​ដូច​រឿងក្តី​ដែល​ទទួល​សេវា​ឯកជន​ដែរ​។ ប៉ុន្តែ​ទោះបី​ច្បាប់​តម្រូវ​បែប​នេះ​ក្តី​ ប៉ុន្តែ​ការអនុវត្ត​វា​មាន​ការ​ឆកល្វែង​ខ្លះ​ដែល​យើង​ទទួល​ស្គាល់​​ដែរ ប៉ុន្តែ​គណៈមេធាវី​ជា​ស្ថាប័ន​គ្រប់គ្រង​វិជ្ជាជីវៈ​គឺ​យើង​យកចិត្ត​ទុកដាក់​ ជាពិសេស ​ក្នុង​ការធ្វើ​យ៉ាង​ម៉េច​ឲ្យ​មេធាវី​ហ្នឹង​មាន​គុណភាព​។ អ៊ីចឹង​ក្រោយ​ពី​ខ្ញុំ​ចូល​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​ជិត​ ២ ​ឆ្នាំ​កន្លង​មក​នេះ​គឺ​យើង​បាន​កែទម្រង់​ពិសេស​សម្រាប់​គ្រប់គ្រង​សេវាកម្ម​ឲ្យ​មាន​គុណភាព​ហើយ​ដល់​កន្លែង​។

យើង​បាន​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​រួម​សម្រាប់​តាមដាន​រាល់​សកម្មភាព​របស់​មេធាវី​ម្នាក់ៗ​ដែល​បំពេញ​ការងារ​ដែល​យើង​មិន​អាច​ឲ្យ​មេធាវី​នោះ​ដោយសារ​តែ​រឿង​ក្រីក្រ​ថវិកា​តិច​ហើយ​គាត់​ធ្វើ​ឲ្យ​តែ​បង្គ្រប់កិច្ច​នោះ​គឺ​អត់​ធ្វើ​បែប​នេះ​ទេ​។ ​

យើង​មាន​ប្រព័ន្ធ​តាមដាន​ទិន្នន័យ​របស់​យើង ទី​ ២ ​ទៀត​គឺ​យើង​មាន​មន្ត្រី​ជាពិសេស​គឺ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​ដូច​មាន​លោក លីវ សុវណ្ណា ជា​ប្រធាន​នាយកដ្ឋាន​ការពារ​ជនក្រីក្រ និង​លោក យុង ផានិត ជា​អនុប្រធាន​នាយកដ្ឋាន​ធ្វើ​កិច្ចការ​នេះ​។ យើង​តាមដាន​រាល់​សកម្មភាព​មេធាវី​ជាប្រចាំ​។ ​យើង​បង្រៀន​ផង​យើង​ជួយ​ផង ដែល​ធ្វើឲ្យ​តម្លៃ​នៃ​ការងារ​នេះ​មាន​កម្រិត​ខ្ពស់ ហើយ​ទន្ទឹមនឹង​នេះ យើង​មាន​ប្រតិភូ​របស់​យើង​នៅ​ក្នុង​ខេត្ត​នីមួយៗ​ដែល​អាច​តាមដាន​រាល់​សកម្មភាព​មេធាវី ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ​នោះ​មាន​គុណភាព​។

ចំណុច​មួយ​ទៀត​ដែល​យើង​ធ្វើឲ្យ​មាន​គុណភាព​គឺ​យើង​មាន​គោលនយោបាយ​លើក​ទឹក​ចិត្ត​ឲ្យ​មេធាវី​ដែល​ការពារ​ជនក្រីក្រ​ហ្នឹង​គាត់​មាន​ឆន្ទៈ​ផង ប៉ុន្តែ​ប្រសិន​បើ​គាត់​ធ្វើ​គ្មាន​ឆន្ទៈ​ទេ​គឺ​មិន​អាច​មាន​គុណភាព​ទេ​។ ​អ៊ីចឹង​យើង​ជំរុញ​យ៉ាង​ម៉េច​ឲ្យ​គាត់​មាន​​ឆន្ទៈ​ខ្ពស់​ហើយ​លើស​ពី​នេះ​គឺ​យើង​មាន​វគ្គ​បណ្តុះបណ្តាល អ៊ីចឹង​យើង​បង្កើន​គុណភាព​មេធាវី​របស់​យើង​ដើម្បី​ឲ្យ​ការផ្តល់​សេវា​ការពារ​ក្តី​នេះ​កាន់តែ​មាន​គុណភាព​មាន​បច្ចេកទេស​ខ្ពស់​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ដែល​ធ្វើឲ្យ​ពួកគាត់​ពេញចិត្ត​។

ជាមួយ​គ្នា​នេះ​ គឺ​យើង​មាន​ការ​សហការ​ជិតស្និទ្ធ​ផង​ដែរ​ជាមួយ​ស្ថាប័ន​តុលាការ​ដែល​ខ្ញុំ​តែងតែ​ចុះ​ទៅ​ជា​ប្រចាំ​ក្នុង​ ១ ​ឆ្នាំ​យ៉ាង​ហោចណាស់​ក៏​បាន​ ២ ​ដង​ដែរ ដើម្បី​ប្រជុំ​ពិភាក្សា​ជាមួយ​តុលាការ​ប្រសិន​បើ​ឃើញ​មេធាវី​ណា​ធ្វើការ​ខ្ជីខ្ជា​តុលាការ​រាយការណ៍​ប្រាប់​ខ្ញុំ​ដើម្បី​ឲ្យ​យើង​មាន​ការ​អប់រំ​ណែនាំ និង​ជំរុញ​ឲ្យ​គាត់​ធ្វើ​ការងារ​បាន​ល្អ​៕

(​សូម​រង់ចាំ​អាន​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)