កាលពី​សប្ដាហ៍​មុន ​ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​ផ្សាយ​មួយ​វគ្គ​រួច​ហើយ​ទាក់ទង​នឹង​តួនាទី​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ការ​ការពារ​ក្ដី ពិសេស​ជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ​ដោយ​មិន​យក​កម្រៃ និង​ប្រភព​ថវិកា​សម្រាប់​ចំណាយ​លើ​សេវា​ជួយ​ជនក្រីក្រ​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោក សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​យើង​សូម​មិត្ត​អ្នកអាន​តាមដាន​​វគ្គ​បន្ត​ដែល​ផ្ដោត​លើ​ការបណ្ដុះបណ្ដាល​ដូច​ខាងក្រោម​៖

ទាក់ទង​នឹង​គណៈមេធាវី​នេះ​​ដែរ តើ​មាន​បាន​បង្កើត​ជា​សមាគម​មេធាវី​អាស៊ាន​ដែរ​ទេ​?

គណៈមេធាវី​របស់​យើង​គឺ​យើង​បង្កើន​កិច្ចសហប្រតិបត្តិការ​ខ្ពស់​ជាមួយ​ស្ថាប័ន​គណៈមេធាវី​អន្តរជាតិ​ដែល​ពេល​ខ្ញុំ​ទទួល​តំណែង​នេះ​គឺ​សម្តេច​នាយករដ្ឋមន្ត្រី​លោក​បាន​ផ្តល់​តួនាទី​សំខាន់​ដល់​ គណៈមេធាវី​ក៏ដូចជា​រូបខ្ញុំ​ត្រូវ​បាន​តែងតាំង​ធ្វើជា​ប្រធាន​គណៈកម្មការ​ច្បាប់​ប្រចាំ​ប្រទេស​អាស៊ាន​ទាំង​ ១០ ​ប្រទេស​តែម្តង​ហើយ​យើង​បាន​ជួបប្រជុំ​ម្តង​រួច​មក​ហើយ​ដែល​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខេត្ត​សៀមរាប​កាលពី​ខែ​សីហា​កន្លង​ទៅ​។ ​

យើង​បាន​យក​ចិត្ត​ទុកដាក់​ជាពិសេស​សហការ​ជាមួយ​នឹង​ស្ថាប័ន​គណៈមេធាវី​អន្តរជាតិ​ ឬ​ជាមួយ​ស្ថាប័ន​ច្បាប់​អន្តរជាតិ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​ក្នុង​ពិភពលោក​ទាំង​មូល​។

កាលពី​ឆ្នាំ​មុន​ផង​ដែរ យើង​បាន​ទៅ​ជួបប្រជុំ​ជាមួយ​គណៈមេធាវី​អន្តរជាតិ​ហៅ​កាត់​ថា (I B A) ​នៅ​ទីក្រុង​តូក្យូ​ និង​នៅ​អូស្ត្រាលី​។ ​

ជា​លទ្ធផល​គឺ​យើង​បាន​ទទួល​ផ្លែផ្កា​ល្អ​ហើយ​គណៈមេធាវី​អន្តរជាតិ​បាន​ផ្តល់​តួនាទី​ឲ្យ​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​រៀបចំ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ​គឺ​ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៥ ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​នៅ​ខេត្ត​សៀមរាប​ដោយ​មាន​មេធាវី​មកពី​គណៈមេធាវី​អន្តរជាតិ​យ៉ាង​តិច​ប្រមាណ​ ១ ​ពាន់​នាក់​ចូលរួម​ដែល​នេះ​ជា​កិត្តិយស​របស់​យើង​។

ទន្ទឹម​នឹង​នេះ​យើង​ក៏​បាន​សហការ​ជាមួយ​នឹង​មេធាវី​អន្តរជាតិ​មួយ​ចំនួន​ដែរ​ដូចជា Laws ASiA ជា​គណៈមេធាវី​ប៉ាស៊ីហ្វិក​ដោយ​យើង​ពង្រឹង​ទាំង​ទំនាក់ទំនង​ការទូត និង​ផ្នែក​បច្ចេកទេស​។

ជា​លទ្ធផល​គឺ​គណៈមេធាវី​នៅក្នុង​តំបន់​បាន​អញ្ជើញ​យើង​ទៅ​ជួបប្រជុំ​ពិភាក្សា​ជា​ញឹកញាប់​ដើម្បី​ប្រកប​វិជ្ជាជីវៈ​មេធាវី ហើយ​និង​មាន​កម្មវិធី​មួយ​ពិសេស​គឺ​យើង​ផ្លាស់ប្តូរ​បទពិសោធ​រវាង​គណៈមេធាវី​កម្ពុជា​ និង​គណៈមេធាវី​អន្តរជាតិ​ដូចជា​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​​សិង្ហបុរី​ជាដើម​។ មេធាវី​របស់​​គេ​បាន​មក​សិក្សា​ច្បាប់​នៅ​ប្រទេស​យើង​តាមរយៈ​ក្រុមហ៊ុន​មេធាវី​របស់​យើង​ហើយ​យើង​បញ្ជូន​មេធាវី​ទៅ​សិក្សា​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ជា​​ដៃគូ​របស់​យើង​។

និយាយ​ពី​ការ​ចងសម្ព័ន្ធ​ជាមួយ​ប្រទេស​អាស៊ាន​វិញ បើ​ប្រៀបធៀប​ចំណេះដឹង​មេធាវី​របស់​កម្ពុជា​ជាមួយ​មេធាវី​បណ្តា​ប្រទេស​អាស៊ាន​វិញ​យ៉ាង​ម៉េច​ដែរ​?

យើង​មិន​ខ្លាច​នឹង​និយាយ​ការពិត​ទេ ពីព្រោះ​តាមពិត​ទៅ​គណៈមេធាវី​យើង​នៅ​ថ្មីថ្មោង​ដែល​ទើប​តែ​នឹង​បង្កើត​ក្នុង​រយៈពេល​ខ្លី​បាន​ជាង​ ២០ ​ឆ្នាំ គណៈមេធាវី​នៅក្នុង​តំបន់​ហ្នឹង​លើកលែង​តែ​ប្រទេស​ឡាវ​គឺ​យើង​នៅ​ក្មេងខ្ចី​នៅ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​មេធាវី​។ ​ដោយសារ​​ប្រទេស​យើង​ទើប​តែ​កកើត​ឡើងវិញ​ក្រោយ​របប​ប៉ុលពត​​ដែល​របប​នេះ​បំផ្លាញ​ស្ទើរតែ​ទាំង​ស្រុង​នូវ​រចនាសម្ព័ន្ធ​ក៏​ដូចជា​វិជ្ជាជីវៈ​មេធាវី​ពិសេស​វិស័យ​ច្បាប់​តែ​ម្តង​។ អ៊ីចឹង​ទៅ​ការកសាង​របស់​យើង​ឡើង​វិញ​គឺ​នៅ​ក្មេងខ្ចី​នៅ​ឡើយ​។

ដូច្នេះ​ នៅ​​ពេល​ដែល​យើង​នៅ​ក្មេងខ្ចី​បែប​នេះ​គឺ​យើង​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​មេធាវី​បរទេស​បាន​​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​នេះ​គឺ​យើង​មាន​ធនធាន​មនុស្ស​មួយ​ចំនួន​ដែល​ទៅ​សិក្សា​នៅ​បរទេស​ហើយ មេធាវី​មួយ​ចំនួន​ដែល​យើង​មាន​មិន​អាចមាន​ច្រើន​ដូច​គេ​ទេ​។ ប៉ុន្តែ​យើង​មាន​ធនធាន​មួយ​ចំនួន​អាច​ប្រកួតប្រជែង​​ជាមួយ​នឹង​មេធាវី​អន្តរជាតិ​បាន​។ ​ដើម្បី​ឆ្លើយតប​នឹង​ចំណុច​​នេះ​ដែរ​គណៈមេធាវី​បាន​កែទម្រង់​មួយ​ចំនួន​ទាក់ទិន​នឹង​​វិស័យ​សិក្សា​។ ​

តាំង​ពី​ខ្ញុំ​ចូលកាន់​​តំណែង​ជា​ប្រធាន​គណៈមេធាវី​​គឺ​យើង​បាន​កែទម្រង់​ ជាពិសេស ​​ទៅ​លើ​វិស័យ​អប់រំ​តែ​ម្តង​ជា​​អថិភាព​ផង​ដែរ​។ ​យើង​បាន​កែ​​ទម្រង់ការ​បណ្តុះបណ្តាល​របស់​​យើង​ហើយ​ និង​ការប្រឡង​ដែល​​យើង​ព្យាយាម​ធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នក​ដែល​ចូល​ប្រកប​វិជ្ជាជីវៈ​តាមរយៈ​ការប្រឡង​ក៏ដូចជា ​ចូល​ប្រកប​វិជ្ជាជីវៈ​តាម​បទពិសោធ​គឺ​មាន​គុណភាព​ខ្ពស់​ ឬ ​ក៏​មាន​ចំណេះដឹង​ច្រើន​។ អ៊ីចឹង​ទី​ ១ ​ការជ្រើសរើស​មេធាវី​នេះ​គឺ​យើង​ប្រយ័ត្នប្រយែង​បំផុត​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​គុណភាព​ទី​ ២ ​នៅពេល​ដែល​មេធាវី​ចូល​មក​​គឺ​យើង​ផ្តល់​ការអប់រំ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

យើង​កែទម្រង់​ប្រធានបទ​ ឬ​ក៏​កម្មវិធី​សិក្សា​មួយ​ចំនួន​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ទីផ្សារ​សេរី​ ឬ​ក៏​អន្តរជាតិ​។ ​នៅក្នុង​​ប្រទេស​ជឿនលឿន​គឺ​មុខ​ជំនាញ​​ដែល​គេ​រៀន​គឺ​ផ្តោតលើ​ការ​អនុវត្ត​ផ្ទាល់​តាម​ធម្មតា​អ្នក​ដែល​​ប្រឡង​ចូល​មក​គឺ​គាត់​បាន​រៀន​ច្បាប់​ចប់​អស់ហើយ ដូចជា​បរិញ្ញា​ច្បាប់​ ឬ​ក៏​បណ្ឌិត​ច្បាប់​ជា​​ដើម​។

អ៊ីចឹង​ពេល​ពួកគាត់​មក​ចូល​សាលា​មេធាវី​គឺជា​សាលា​ជំនាញ អ៊ីចឹង​សួរថា តើ​គាត់​ត្រូវ​​យក​ច្បាប់​មក​អនុវត្ត​ដោយ​របៀប​ណា អ៊ីចឹង​យើង​ផ្តោត​ទៅ​​លើ​ជំនាញ​ហ្នឹង​តែ​ម្តង​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ខ្ញុំ​ទៅ​រៀន​នៅ​បរទេស​​ច្រើន​ទាក់ទង​នឹង​វិជ្ជាជីវៈ​មេធាវី​យើង​បាន​ចែករំលែក​បទពិសោធ​​គឺ​បច្ចេកទេស​ការពារ​ក្តី​ឲ្យ​ទៅ​មេធាវី​ជំនាន់​ក្រោយ​របស់​យើង​។

ករណី​នេះ​ពី​មុន​មក​គឺ​យើង​គ្មាន​ក្នុង​កម្មវិធី​សិក្សា​របស់​យើង​ទេ​។

មួយ​ទៀត​គឺ​យើង​បង្រៀន​ឲ្យ​សិស្ស​របស់​យើង​ចេះ​វិភាគ​ទៅ​​លើ​ច្បាប់​តែ​ម្តង​។ ថា តើ​ច្បាប់​ដែល​យើង​មាន​ហើយ​វា​មាន​បញ្ហា​អ្វី​ខ្លះ​ ឬ​ក៏​វា​មាន​អត្ថន័យ​ស៊ីជម្រៅ​កម្រិត​ណា​ដើម្បី​អនុវត្ត​​មកលើ​ករណី​មួយ​។ ​មួយ​ទៀត​គឺ​យើង​ឲ្យ​គាត់​ធ្វើ​ត្រាប់​បាន​​ន័យ​ថា ប្រសិន​បើ​គាត់​រៀន​បច្ចេកទេស​យើង​ឲ្យ​គាត់​ឡើង​ហាត់​ការពារ​ក្តី​សាក​មើល​បាន​ន័យ​ថា​យើង​បង្រៀន​ទ្រឹស្តី​ហើយ​យើង​ឲ្យ​គាត់​សាកល្បង​ថា តើ​គាត់​ធ្វើ​កើត​ ឬ​មិន​កើត​? នេះ​ជា​ជំនាញ​ដែល​គណៈមេធាវី​យក​ចិត្ត​ទុកដាក់​ពិសេស​សម្រាប់​ឲ្យ​សិស្ស​នោះ​ចេញ​មក​មាន​កម្រិត​​ខ្ពស់​អាច​ប្រៀបធៀប​ទៅ​នឹង​បរទេស​បាន​។

អ៊ីចឹង​នៅ​ក្នុង​សាលា​អន្តរជាតិ​គឺ​គេ​ធ្វើ​របៀប​ហ្នឹង​។ ​មក​ដល់​ពេល​នេះ​គណៈមេធាវី​ចាប់ផ្តើម​ជំហាន​ទៅ​មុខ​បើ​មិន​បាន​ប្រហែល​គេ​ ឬ​បើ​អ្នក​ដែល​ឆ្លាត​អាចមាន​ចំណេះដឹង​ប្រហាក់ប្រហែល​គេ​។ ​យើង​គិត​​ថា​រយៈពេល​ ៤ ​ទៅ​ ៥ ​ឆ្នាំ​ខាង​មុខ​គឺ​យើង​នឹង​មាន​គុណភាព​ខ្ពស់​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​មេធាវី​បរទេស​បាន ។​

ទន្ទឹម​នឹង​នេះ​ដូច​ខ្ញុំ​ជម្រាប​​ជូន​គឺ​ដើម្បី​ឲ្យ​ការប្រកួត​ប្រជែង​​ហ្នឹង​ ឬ​ក៏​ចំណេះដឹង​មាន​កម្រិត​នោះ​យើង​មាន​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​ដោយ​មេធាវី​របស់​​គេ​មក​រៀន​ពី​យើង​ហើយ​មេធាវី​របស់​យើង​រៀន​ពី​គេ អ៊ីចឹង​វា​អាច​ចេះ​ទៅវិញ​ទៅមក​បាន​។

ជាមួយ​គ្នា​នេះ​នៅក្នុង​ម៉ោង​សិក្សា​ក៏​យើង​បង្កើន​ដែល​ពី​មុន​អ្នក​ដែល​ចូល​ប្រកប​វិជ្ជាជីវៈ​តាម​មាត្រា​ ៣២ ​តាមរយៈ​បទពិសោធ​​គឺ​យើង​មាន​តែ​ ៨០ ​ម៉ោង​ទេ រៀន​តែ​ក្រមសីលធម៌ បទបញ្ជា​ផ្ទៃក្នុង​ និង​ច្បាប់​លក្ខន្តិកៈ​មួយ​​ចំនួន​ទៀត​។

ប៉ុន្តែ​ឥឡូវ​យើង​បង្កើន​ម៉ោង​បង្រៀន​ថែម​រហូត​​ដល់​ ១៨០ ​ម៉ោង​ដែល​យើង​បង្រៀន​ជាក់លាក់​អំពី​ជំនាញ​ពិតប្រាកដ​នៃ​មេធាវី​តែ​ម្តង​ហើយ​​សិស្ស​ដែល​រៀន​ចប់​គឺ​យើង​បាន​​ផ្តល់​សញ្ញាបត្រ​ឲ្យ​ត្រឹមត្រូវ​។ ប្រសិន​បើ​ទៅ​មុខ​ទៅ​យើង​នឹង​​ធ្វើការ​កែទម្រង់​បន្ថែម​ទៀត​ប្រសិន​បើ​គាត់​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ហើយ​មិន​ទាន់​បាន​ឆ្លងកាត់​​សាលារៀន​ទេ​គឺ​មិន​ឲ្យ​ទៅ​ការពារ​ក្តី​ទេ​ដើម្បី​ឲ្យ​មេធាវី​កាន់តែ​មាន​គុណភាព​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​​សប្ដាហ៍​ក្រោយ​)