អស់​ ២ ​សប្ដាហ៍​មក​ហើយ​ដែល​ភ្នំពេញ-ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ពី​តួនាទី​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ការពារ​ក្ដី ពិសេស​ជួយ​ជនក្រីក្រ​ដោយ​មិន​យក​កម្រៃ​ដោយ​មាន​ការផ្ដល់​កិច្ចសម្ភាសន៍​ពី​លោក សួន វិសាល​ប្រធាន​​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​យើង​សូម​មិត្ត​អ្នកអាន​តាមដាន​វគ្គ​បញ្ចប់​ទាក់ទង​នឹង​ការបណ្ដុះ​បណ្ដាល​ដែល​មាន​ខ្លឹមសារ​ដូចតទៅ​៖

ចំពោះ​គ្រូបង្រៀន​មេធាវី តើ​មាន​ជនបរទេស​ចូលរួម​បង្រៀន​ដែរ​ឬ​ទេ​?

នៅក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គឺ ទី​ ១ យើង​ជ្រើសរើស​មេធាវី​របស់​យើង​ដែល​មាន​វ័យ​ចំណាស់ និង​មាន​បទពិសោធ​យូរ​ក្នុង​វិជ្ជាជីវៈ និង​មាន​សញ្ញាបត្រ​ខ្ពស់ គឺ​យើង​ឲ្យ​ចូលរួម​បង្រៀន​។ ទី​ ២ គឺ​យើង​ឲ្យ​ចៅក្រម​មាន​ជំនាញ​មួយ​ចំនួន​ដែល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ទាក់ទង​នឹង​នីតិវិធី​ក៏​ដូច​បញ្ហា​មួយ​ចំនួន​ដែល​ចៅក្រម​គាត់​អាច​សង្កេត​មើលឃើញ​ថា ពេល​មេធាវី​ណា​ម្នាក់​ទៅ​ការពារ​ក្តី​ចំពោះ​មុខ​តុលាការ​គាត់​ [​ចៅក្រម​] ​ដឹង​ថា តើ​មេធាវី​នោះ​ចេះ​កម្រិត​ណា ឥរិយាបថ​កម្រិតណា​។

អ៊ីចឹង​យើង​អញ្ជើញ​គាត់​មក​ចូល​បង្រៀន​មួយ​ចំនួន​ដែរ​។ ទន្ទឹម​នេះ​យើង​ក៏​មាន​អញ្ជើញ​​មេធាវី​បរទេស​ដែល​ជា​គ្រូ​បង្គោល​កម្រិត​អន្តរជាតិ​ល្បីៗ​ឲ្យ​មក​ជួយ​បង្រៀន​ដែរ​ជាពិសេស​មុខវិជ្ជា​សំខាន់ៗ​ដែល​យើង​មិន​ទាន់​ចេះ​ដល់​។

ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ទាក់ទង​នឹង​បច្ចេកទេស​ការពារ​ក្តី​គឺ​ខ្ញុំ​បង្រៀន​តែ​ម្នាក់​ឯង​ទេ អ៊ីចឹង​សិស្ស​យើង​ច្រើន ហើយ​យើង​ខ្ញុំ​កាន់តែ​មមាញឹក អ៊ីចឹង​ខ្ញុំ​ក៏​អញ្ជើញ​មេធាវី​បរទេស​ដែល​មាន​ជំនាញ​ផ្នែក​ខាង​ហ្នឹង​មក​ជួយ​បង្រៀន​។

មួយ​ទៀត​គឺ​ច្បាប់​ពាណិជ្ជកម្ម​ក៏​យើង​ផ្តោត​លើ​​ផង​ដែរ ព្រោះ​ទីផ្សារ​សេរី​គឺ​ខាង​ពាណិជ្ជកម្ម​អាច​មាន​លំហូរ​ទៅវិញ​ទៅមក​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​គេ​ធ្វើ​វិនិយោគទុន​ឆ្លង​ប្រទេស​នោះ​គឺ​យើង​ត្រូវ​រៀន​ឲ្យ​ដឹង​ពេល​មាន​ករណី​នេះ​​កើតឡើង​គឺ​យើង​យល់​ពី​បញ្ហា​ហ្នឹង​។ ​

ច្បាប់​ពាណិជ្ជកម្ម​គឺ​យើង​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ហើយ​ខ្ញុំ​រួម​ជាមួយ​សាស្ត្រាចារ្យ​មួយ​ចំនួន យើង​បាន​សរសេរ​សៀវភៅ​ទាក់ទង​នឹង​ច្បាប់​ពាណិជ្ជកម្ម​ទាក់ទង​ទម្រង់​ច្បាប់​គឺ​យើង​សរសេរ​ហើយ​យើង​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ចេះ​កាន់តែ​ច្រើន​។

ចំពោះ​ការបង្រៀន​ដល់​មេធាវី​នេះ តើ​ប្រភព​ថវិកា​បាន​មកពី​ណា​?

ការបង្រៀន​នេះ​គឺ​យើង​មាន​ប្រភព​ថវិកា​សំខាន់ៗ ទី​ ១ ​គឺ​គណៈមេធាវី​យើង​ត្រូវ​សន្សំ​លុយ​មួយ​ចំនួន​ទុក​ចំណាយ​ផ្នែក​រដ្ឋបាល​ដោយ​ចំណូល​បាន​មកពី​សមាជិក​បង់​រៀងរាល់​ខែ បាន​ន័យ​ថា​ក្នុង​ ១ ​ខែ​ ១០ ​ដុល្លារ ប្រសិន​បើ​យើង​មាន​ ១ ​ពាន់​នាក់​គឺ​បាន​ក្នុង​ ១ ​ឆ្នាំ​ ១២ ​ម៉ឺន​ដុល្លារ​។ អ៊ីចឹង​បើ​យើង​មាន​គ្នា​ ១៣០០ ​នាក់​បាន​ន័យ​ថា​យើង​សន្សំ​បាន​ជិត​ ២០ ​ម៉ឺន​ដុល្លារ​ដែរ អ៊ីចឹង​យើង​ព្យាយាម​កាត់បន្ថយ​ចំណាយ​លើ​រដ្ឋបាល​ឲ្យ​បាន​ទាប​បំផុត​។

យើង​កាត់​ក្នុង​ចំនួន​ណា​មួយ​ក្នុង​ ១ ​ខែ​គឺ​យើង​អាច​ប្រតិបត្តិការ​ថវិកា​ហ្នឹង​សម្រាប់​បង្រៀន​។ ទី​ ២ ​សិស្ស​ផ្ទាល់ នៅពេល​គាត់​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​តាម​បទពិសោធ​របស់​គាត់​គឺ​បង់​ ២ ​ពាន់​ដុល្លារ​​សម្រាប់​ជួយ​គណៈមេធាវី​ក្នុងការ​ទ្រទ្រង់​សកម្មភាព​មួយ​ចំនួន​។

ចំពោះ​សិស្ស​​របស់​យើង​គឺ​គាត់​បង់​ ២ ​ពាន់​ដុល្លារ​ដែរ​ដូច្នេះ​យើង​បាន​ប្រាក់​នេះ​មួយ​ចំនួន​សម្រាប់​ប្រតិបត្តិការ​។ តាមពិត​ការបង់ប្រាក់​ ២ ​ពាន់​ដុល្លារ​នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ តែ​គណៈមេធាវី​សន្សំ​ពី​ប្រាក់​វិភាគទាន​សម្រាប់​ជួយ​ឧបត្ថម្ភ​លើ​កិច្ចការ​មួយ​ចំនួន​។

ដោយសារ​គណៈមេធាវី មាន​មេធាវី​សម្រាប់​ជួយ​ជនក្រីក្រ តើ​មក​ទល់​បច្ចុប្បន្ន​មាន​ការ​គាំទ្រ​ពី​សាធារណជន​បែប​ណា​ដែរ​? ហើយ​តើ​គណៈមេធាវី​ទទួល​តែ​រឿងក្តី​ឧក្រិដ្ឋ​ឬ​យ៉ាង​ណា​?

តាម​ច្បាប់​គឺ​យើង​តម្រូវ​ថា​រឿង​ឧក្រិដ្ឋ​​ចាំបាច់​ត្រូវ​តែ​មាន​មេធាវី អ៊ីចឹង​គណៈមេធាវី​ផ្តោត​ជាពិសេស​លើ​រឿង​ឧក្រិដ្ឋ​ជា​អាទិភាព ហើយ​មក​ទល់​ពេល​នេះ​យើង​នៅ​មិន​ទាន់​បាន​ផ្តល់​សេវា​ការពារ​ក្តី​ជូន​ជនក្រីក្រ​លើ​រឿង​មជ្ឈិម​ទេ​។ ​ព្រោះ​សូម្បី​រឿង​ឧក្រិដ្ឋ​ក៏​យើង​មិន​ទាន់​បាន​បំពេញ​គ្រប់គ្រាន់​ល្មម​ផង តែ​ដល់​រឿង​មជ្ឈិម​នោះ​គឺ​យើង​ពិបាក​នឹង​ធ្វើ ហើយ​​បើ​យើង​ធ្វើ​គឺ​យើង​ត្រូវការ​ថវិកា​ច្រើន​។

យើង​ខ្ញុំ​ធ្លាប់​ប្រតិបត្តិការ​ការពារ​ក្តី​ជូន​ជនក្រីក្រ​ហ្នឹង​គឺ​យើង​គ្រប់គ្រង​គម្រោង​តាំងពី​ឆ្នាំ​ ១៩៩៤ តាំងពី​មិន​ទាន់​មាន​គណៈមេធាវី​ដែល​ទំហំ​នៃ​ការការពារ​ជនក្រីក្រ​នៅ​ទូទាំង​ប្រទេស បើ​យើង​ធ្វើឲ្យ​បាន​ពេញលេញ​អាច​ត្រូវការ​ថវិកា​ ២ ​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ ហើយ​មក​ទល់​ពេល​នេះ​យើង​មាន​ត្រឹម​ ២០ ​ម៉ឺន​ដុល្លារ ដូច្នេះ​ជា​ផ្នែក​មួយ​តូច​ណាស់​។

ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​​បាន​ដោយសារ​ឆន្ទៈ​របស់​មេធាវី​ហើយ​ខ្ញុំ​សូម​កោតសរសើរ និង​ថ្លែង​អំណរគុណ​ដល់​មេធាវី​ទាំងអស់​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ​ក្តី​ជូន​ជនក្រីក្រ​នេះ​។

ចំណុច​ដែល​យើង​ធ្វើ​បន្ទាប់​គឺ​ជំរុញ​ឲ្យ​មាន​មេធាវី​នៅ​តាម​បណ្តា​ខេត្ត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

តើ​លោក​បាន​ជួប​បញ្ហា​បែប​ណា​ក្នុង​ការដឹកនាំ​គណៈមេធាវី ហើយ​ទទួល​បាន​លទ្ធផល​យ៉ាង​ដូចម្តេច​ដែរ​?

តាម​ធម្មតា​ការងារ​យើង​ចៀស​មិន​ផុត​​ទេ​ពី​បញ្ហា​ប្រឈម ប៉ុន្តែ​ការ​ប្រឈម​ទាំងអស់​នោះ​គឺ​យើង​អាច​ដោះស្រាយ​បាន​។

ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង បញ្ហា​ទី​ ១ ​ដែល​ខ្ញុំ​ចូល​កាន់​គណៈមេធាវី​គឺ​មិន​ទាន់​មាន​ប្រព័ន្ធ​ការងារ​ពេញលេញ​បាន​ន័យ​ថា​ការ​កត់​បញ្ជី ការតាមដាន​អី​វា​ពិបាក​។

ឥឡូវ​នេះ​យើង​បាន​ធ្វើ​កំណែទម្រង់ ហើយ​យើង​មាន​ប្រព័ន្ធ​ទិន្នន័យ​ដែល​ងាយស្រួល​គ្រប់គ្រង​។ បញ្ហា​ទី​ ២ ​គឺ​ការប្រឈម​នឹង​ថវិកា​ដែល​យើង​មាន​តិច តែ​សកម្មភាព​ការងារ​ច្រើន ប៉ុន្តែ​ទោះបី​​យ៉ាង​ណា​ក៏ដោយ​នៅ​ពេល​យើង​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត គឺ​យើង​អាច​ជម្នះ​បាន​។ ទន្ទឹម​នឹ​ងនេះ​គឺ​យើង​ជម្នះ​បញ្ហា​ប្រឈម​បាន​នាពេល​កន្លង​មក​ដោយសារ​រដ្ឋាភិបាល​គាំទ្រ​រាល់​សកម្មភាព​របស់​យើង​ដែល​ពី​មុន​មន្ត្រី​អនុវត្ត​ច្បាប់​មិន​ទាន់​ស្គាល់​ច្បាស់​ពី​តួនាទី​មេធាវី​​ទេ យើង​បាន​ជួបប្រទះ​ក្នុង​ការ​អនុវត្ត​ការងារ​មួយ​ចំនួន​។

ប៉ុន្តែ​បន្ទាប់ពី​ជួប​បញ្ហា​មក​យើង​បាន​ប្រជុំ​ជាមួយ​ស្ថាប័ន​ដឹកនាំ​ក្នុង​កម្រិត​ជាតិ​ដូចជា ក្រសួង​សំខាន់ៗ​មួយ​ចំនួន​គឺ​ក្រសួង​មហាផ្ទៃ​​ជាមួយ​សម្តេច​ក្រឡាហោម យើង​បាន​ស្នើសុំ​គោលការណ៍​ណែនាំ​ពី​សម្តេច​ដើម្បី​ផ្តល់​អនុសាសន៍​ដល់​យើង​ក្នុងការ​ជំរុញ​ឲ្យ​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់ អ៊ីចឹង​យើង​ទទួល​បាន​ដូចជា​សិទ្ធិ​មេធាវី​ក្នុង​ការ​ចូល​ជួប​កូនក្តី​ក្នុង​ពន្ធនាគារ​ដែល​មិន​មាន​បន្ទប់​មេធាវី​។

តែ​ឥឡូវ​យើង​​ធ្វើ​បន្ទប់​មេធាវី​ខ្លួន​យើង​បាន​ហើយ​មេធាវី​អាច​ជួប​កូនក្តី​បាន​ដោយ​យើង​ធ្វើ​នៅ​ទូទាំង​ប្រទេស​តាម​ពន្ធនាគារ​ដើម្បី​ឲ្យ​មេធាវី​យើង​ធ្វើការ​ឲ្យ​បាន​សមរម្យ​ក្នុង​ការជួប​កូនក្តី​ដែល​ជា​ចំណុច​សំខាន់​។

ទាក់ទង​នឹង​ចំណុច​នេះ​ខ្ញុំ​ចង់​សង្ខេប​ជូន​ផង​ដែរ​ពី​សមិទ្ធផល​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​ទៅ​គឺ​យើង​ធ្វើ​បាន​មួយ​ចំនួន​ធំ​ដោយ​ជម្នះ​បាន​ឧបសគ្គ​ទាំងឡាយ​។

ទី​ ១ ​គឺ​យើង​បាន​ធ្វើ​កំណែទម្រង់​រដ្ឋបាល​ឲ្យ​មាន​លក្ខណៈ​ទំនើប​ដែល​អាច​ជួយ​បម្រើ​សេវាកម្ម​មេធាវី​បាន​ល្អ​ប្រសើរ​។

ទី​​ ២ ​ទាក់ទង​វិស័យ​អប់រំ​គឺ​យើង​បាន​កែទម្រង់​បង្កើន​ម៉ោង​ឲ្យ​សញ្ញាបត្រ និង​បង្កើត​កម្មវិធី​អប់រំ​អ៊ីចឹង​យើង​ធ្វើ​បាន​។

ទី​ ៣ ​គឺ​យើង​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ​ដែល​គេ​ទទួល​ស្គាល់​ហើយ​គេ​បាន​ផ្តល់​កិត្តិយស​ឲ្យ​យើង​គឺ​យើង​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ច្បាប់​ប្រចាំ​អាស៊ាន​ដែល​ជា​តំណាង​ប្រទេស​យើង​សម្រាប់​ចរចា​ច្បាប់​ក្នុង ១០ ​ប្រទេស​ហ្នឹង​។

ចំពោះ​កម្រិត​អន្តរជាតិ​​គឺ​គណៈមេធាវី​អន្តរជាតិ​ក៏ដូចជា​គណៈមេធាវី​អាស៊ី​ប៉ាស៊ីហ្វិក​ផ្តល់​កិត្តិយស​ឲ្យ​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ និង​មាន​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​ទៅវិញ​ទៅមក​ដែល​ជា​​ការកែទម្រង់​កម្រិត​អន្តរជាតិ​។

សមិទ្ធផល​សំខាន់​ដែល​យើង​ធ្វើ​បាន​មួយ​កម្រិត​ទៀត​នោះ​គឺ​មាន​ការទទួល​ស្គាល់​ និង​សហការ​ជាមួយ​គណៈមេធាវី​របស់​យើង​បាន​ល្អ​ពិសេស​យើង​បាន​សហការ​​ជាមួយ​ក្រសួង​មហាផ្ទៃ​ហើយ​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​គាំទ្រ​សកម្មភាព​របស់​គណៈមេធាវី​មួយ​ចំនួន​។

យើង​បង្កើត​ឲ្យ​មាន​គណៈមេធាវី​តាម​បណ្តា​ខេត្ត​នីមួយៗ​ដែល​ពី​មុន​មិន​ធ្លាប់​មាន​តំណាង​ធ្វើការ​ឲ្យ​បាន​លឿន​បំផុត​ទាក់ទង​សេវាកម្ម​ជួយ​ជនក្រីក្រ​។ សមិទ្ធផល​មួយ​ទៀត​គឺ​យើង​បាន​បញ្ជូន​មេធាវី​ទៅ​ដល់​ខេត្ត​ដាច់​ស្រយាល​ដែល​ពី​មុន​មិន​ធ្លាប់​មាន​តែ​ឥឡូវ​មាន​មេធាវី​ហើយ​៕