តាមច្បាប់តើអ្នកដែលសម្លាប់មនុស្សដោយអចេតនា ឬសម្លាប់មនុស្សដោយច្រឡំ ត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច? ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក មេធាវី ផុន ធារិន បម្រើការនៅក្រុមហ៊ុនមេធាវី អិល ប៊ីអិល មានការិយាល័យផ្ទះលេខ ១០ ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
មានករណីចោរឆក់កាបូបជនរងគ្រោះម្នាក់ ប៉ុន្តែចោរនោះបានជិះម៉ូតូទៅបាត់។ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកពីក្រោយ ធ្វើឲ្យម្ចាស់កាបូបយល់ថា ជាបក្ខពួកចោរហើយវាយបុរសម្នាក់នោះស្លាប់។ ប៉ុន្តែក្រោយពីសមត្ថកិច្ចស្រាវជ្រាវមកទើបដឹងថា ជនរងគ្រោះមិនមែនជាបក្ខពួកចោរទេ។ ករណីនេះ តើអ្នកប្រព្រឹត្តនឹងមានទោសដែរទេ ព្រោះគាត់សម្លាប់ច្រឡំ?
អំពើឆក់នៅតាមដងផ្លូវសាធារណៈជារឿយៗបានបណ្តាលឲ្យជនរងគ្រោះ រងរបួសស្រាល-ធ្ងន់ ឬស្លាប់ក៏មាន។ មហាជន ឬជនរងគ្រោះមានកំហឹងនឹងជនបង្កដែលនៅពេលចាប់ជនបង្កបានម្តងៗតែងតែត្រូវមហាជន ឬជនរងគ្រោះស្វាគមន៍ឡើងចាស់ដៃដោយការវាយដំ ទាត់ធាក់ជាដើមធ្វើឲ្យជនបង្កនោះរងរបួសយ៉ាងដំណំ ឬបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗក៏មាន។
យើងត្រឡប់មកសំណួរខាងលើវិញក្នុងករណីនេះអ្នកប្រព្រឹត្តនឹងត្រូវចោទប្រកាន់ និងផ្តន្ទាទោសពីបទអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។ យោងតាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំកាលបើអំពើនេះបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។
តើតុលាការសំអាងទៅលើហេតុផលអ្វី ដើម្បីដាក់ទោសទៅលើម្ចាស់កាបូបនោះ ព្រោះគាត់សម្លាប់មនុស្សច្រឡំ?
តាមអង្គហេតុ តុលាការពិនិត្យឃើញថាជនរងគ្រោះមិនបានប្រើប្រាស់អាវុធ ឬតបតជាមួយម្ចាស់កាបូបឡើយ។ ម្ចាស់កាបូបលុយបានដាក់ការសង្ស័យ និងសន្មតទាំងស្រុងថា ជនរងគ្រោះជាបក្ខពួកចោរ និងបង្កើតបង្កជាអំពើហិង្សាលើជនរងគ្រោះរហូតដល់ជនរងគ្រោះស្លាប់ដែលជាសំអាងហេតុមួយធ្វើឲ្យតុលាការអាចចោទប្រកាន់ និងផ្តន្ទាទោសម្ចាស់កាបូបនោះ។
បើយើងនិយាយពីការប្រើអំពើហិង្សាបណ្តាលឲ្យមនុស្សស្លាប់ដោយខ្លួនមិនមែនជាសមត្ថកិច្ច ទោះបីជាខ្លួនជាសមត្ថកិច្ចដែលមានតួនាទីក្នុងការបង្ក្រាបបទល្មើសក៏ដោយ ក៏ខ្លួនគ្មានសិទ្ធិក្នុងការប្រើអំពើហិង្សាក្នុងរូបភាពណាមួយ ចំពោះជនសង្ស័យណាម្នាក់ឡើយមានតែស្ថាប័នតុលាការប៉ុណ្ណោះ ដែលអាចប្រកាស និងដាក់ទោសជនប្រព្រឹត្តបទល្មើសទៅតាមច្បាប់កំណត់។ គ្មានបញ្ញត្តិណាមួយដែលអនុញ្ញាតឲ្យជនណាម្នាក់ប្រើហិង្សា ឬធ្វើទារុណកម្មទោះបីជាជននោះជាជនសង្ស័យ ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិតក៏ដោយ។
យោងតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថាច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ យោងតាមមាត្រា ៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា គា្មនទោសណាមួយដែលត្រូវយកមកអនុវត្តបានឡើយ ប្រសិនបើទោសនោះ មិនត្រូវបានប្រកាសដោយតុលាការ។
ចុះបើជនជាប់ចោទសារភាពថា គាត់ពិតជាបានវាយសម្លាប់ជនរងគ្រោះមែន ហើយគាត់មានសាក្សីជាសំអាងបន្ថែមដល់តុលាការ តើតុលាការនឹងបន្ថយទោសដល់គាត់ខ្លះទេ?
ជាគោលការណ៍ច្បាប់ស្ថានសម្រាលទោស តុលាការនឹងអាចពិចារណាបានទៅលើបុគ្គលិកលក្ខណៈនៃជនជាប់ចោទដែលបានសារភាពររៀបរាប់អង្គហេតុពិតទៅតុលាការតាមដំណាក់កាលនៃនីតិវិធី និងតុលាការអាចនឹងសាកសួរបញ្ជាក់ពីសាក្សីដែលមានប្រយោជន៍ ហើយតុលាការជឿជាក់បានថា ជនជាប់ចោទនេះពិតជាមនុស្សស្លូតត្រង់ ហើយការប្រព្រឹត្តកើតចេញពីកំហឹងមួយពេល។
យោងតាមមាត្រា ៩៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា កាលណាកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទតម្រូវតុលាការអាចសម្រេចឲ្យជនជាប់ចោទបានទទួលនូវស្ថានសម្រាលទោស។ ចំពោះស្ថានសម្រាលទោសដល់ជនជាប់ចោទតុលាការនឹងអនុវត្តចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបន្ថយតាមខ្នាតដែលមានចែងក្នុងមាត្រា ៩៥ និង ៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
តើហេតុអ្វីបានជាច្បាប់តម្រូវផ្តន្ទាទោសម្ចាស់កាបូបលុយនោះបើអំពើប្រព្រឹត្តរបស់គាត់នោះជាអំពើអចេតនា?
ជាគោលការណ៍រាល់អំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះ មានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាននោះច្បាប់ព្រហ្មទណ្ឌនឹងត្រូវយកមកអនុវត្ត។ ក្នុងន័យនេះច្បាប់ព្រហ្មទណ្ឌមានគោលដៅសំខាន់ដើម្បីគ្រប់គ្រងស្ថិរភាពសង្គម បង្ក្រាប និងទប់ស្កាត់បទល្មើសនានាដែលនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះអង្គហេតុខាងលើម្ចាស់កាបូបមិនមានចេតនាសម្លាប់ជនរងគ្រោះឡើយតែម្ចាស់កាបូបបានប្រព្រឹត្តអំពើហិង្សាជ្រុលដៃបណ្តាលឲ្យជនរងគ្រោះស្លាប់។ ទោះបីការប្រព្រឹត្តអំពើហិង្សាជ្រុលដៃដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ក៏ដោយ ម្ចាស់កាបូបត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើរបស់ខ្លួនតាមមាត្រា ២២៤ ដែលក្រមព្រហ្មទណ្ឌបានបញ្ញត្តិរួចមកហើយ៕