ជាទូទៅ គេ​សង្កេតឃើញ​ថា​នៅ​កម្ពុជា​មាន​ពលរដ្ឋ​ភាគច្រើន​នៅពេល​រៀប​អាពាហ៍ពិពាហ៍​គឺ​ពុំ​សូវ​ចុះកិច្ចសន្យា​ទ្រព្យសម្បត្តិ​ប្តី​ប្រពន្ធ​នោះទេ​។ ក៏ប៉ុន្តែ​ប្រសិន​បើ​សហព័ទ្ធ​សម្រេចចិត្ត​លែងលះ​គ្នា​គឺ​ត្រូវ​អនុវត្ត​តាម​ប្រព័ន្ធ​ទ្រព្យសម្បត្តិ​កំណត់​ដោយ​ច្បាប់​។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី សួន វីរបញ្ញា ប្រធានការិយាល័យ​មេធាវី ជី.ជី អន្តរជាតិ​ដែលមាន​ការិយាល័យ​នៅ​អគារ​លេខ​ ២៣០ ​ដេ​ (D) ​ផ្លូវលេខ​ ២១ ស្ថិតក្នុង​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដូចខាងក្រោម​៖

តើ​ទ្រព្យសម្បត្តិ​ណាខ្លះ​ចាត់ទុក​ជា​ទ្រព្យ​ដោយឡែក ហើយ​ទ្រព្យ​ណា​ខ្លះ ចាត់ទុក​ជា​របស់​​រួម​ប្ដី​ប្រពន្ធ​?

ជា​វិធាន​កំណត់​ទ្រព្យសម្បត្តិ​នៅពេល​ប្តី​ប្រពន្ធ​មិនមាន​ឆន្ទៈ​ក្នុង​ការកំណត់​ទ្រព្យសម្បត្តិ​ដោយ​ការព្រមព្រៀង​ជាមុន​​ហើយ​មាន​ការវិវាទ​គ្នា​នោះ​ គឺ​ត្រូវ​ដោះស្រាយ​ដោយ​អនុវត្តតាម​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​ ២០០៧ ដែល​បានចែង​អំពី​វិធាន​ផ្លូវច្បាប់​ដែល​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ការដោះស្រាយ​វិវាទ​ទ្រព្យសម្បត្តិ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​។

១-​ទ្រព្យសម្បត្តិ​ ដោយឡែក​គឺជា ​ទ្រព្យសម្បត្តិ​ដែលជា​កម្មសិទ្ធិ​របស់​សហព័ទ្ធ​ណា​ម្ខាង​ (​មាត្រា​ ៩៧២ ​នៃ​ក្រម​រដ្ឋប្បវេណី​)​។ ទ្រព្យសម្បត្តិ​ដោយ​ឡែក​មាន​ដូចជា​៖

ក. ទ្រព្យសម្បត្តិ ដែល​សហព័ទ្ធ​មាន​នៅ​មុនពេល​រៀប​អាពាហ៍ពិពាហ៍​។ ​ឧទាហរណ៍ លោក ដេវីដ បាន​ទិញ​ឡាន​តម្លៃ ៥ ​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។ ​នៅក្នុង​ឆ្នាំ​ ២០២០ គាត់​បាន​រៀបការ​ជាមួយ​កញ្ញា អេលីហ្សា​។

ក្នុង​ករណី​នេះ​យើង​ឃើញ​ថា ឡាន​ខាងលើ​ត្រូវ​បាន​ទិញ ហើយ​ក្លាយ​ជា​ទ្រព្យសម្បត្តិ​របស់​លោក ដេវីដ តាំងពី​ឆ្នាំ​ ២០១៩ (​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​) ​ដូចនេះ ទោះបី​ជា​គាត់​ទាំង​ ២ ​នាក់​បាន​រៀបការ​នឹង​គ្នា​ហើយ​ក៏ដោយ ក៏​ឡាន​ខាងលើ​ត្រូវ​បាន​ចាត់ទុក​ថា ជា​ទ្រព្យសម្បត្តិ​ដោយឡែក​របស់​លោក ដេវីដ​។

ខ. ទ្រព្យសម្បត្តិ​ដែល​ប្តី ឬ​ប្រពន្ធ​ទទួលបាន​ដោយ​ប្រទានកម្ម សន្តតិកម្ម អច្ច័យទាន​នៅក្នុង​អំឡុងពេល​រៀប​អាពាហ៍ពិពាហ៍​មាន​ន័យថា បើ​ម្ចាស់​ទ្រព្យសម្បត្តិ​​នោះ​ធ្វើ​អំណោយ​ឲ្យ​ទៅ​ប្តី ឬ​ប្រពន្ធ​ទ្រព្យ​ត្រូវ​ចាត់ទុកថា​ជា​​ទ្រព្យ​ដោយឡែក​របស់​ប្តី ឬ​ប្រពន្ធ​នោះ ទោះបី​ទ្រព្យសម្បត្តិ​នោះបាន​ក្នុង​អំឡុងពេល​អាពាហ៍ពិពាហ៍ ឬ​ ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​ហើយ​ក៏ដោយ​​លើកលែង​តែ​ម្ចាស់​អំណោយ​បញ្ជាក់ថា ឲ្យ​ទាំង​ប្តី និង​ប្រពន្ធ ទើប​ទ្រព្យ​នោះ​ចាត់ទុកថា​ជា​ទ្រព្យ​រួម​។ ឧទាហរណ៍​លោក រចនា បាន​ចែក​ដី​ ១ ​កន្លែង​ទំហំ​ ៤ ​ហិកតា​ឲ្យ​ទៅ​កូន​របស់​គាត់​ឈ្មោះ សីហៈ ក្នុង​ឆ្នាំ​ ២០១៩ ដែល​កូន​របស់គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​តាំងពី​ឆ្នាំ​ ២០១៨​។

ក្នុង​ករណី​នេះ​ដី​ខាងលើ គឺជា​ទ្រព្យសម្បត្តិ​ដោយឡែក​របស់​លោក សីហៈ ដែល​គាត់​ទទួល​បាន​ពី​ឪពុក​របស់គាត់​ហើយ​ក្នុងករណី​លែងលះ​ប្រពន្ធ​របស់គាត់​ពុំមាន​សិទ្ធិ​ទាមទារ​ដី​ដែលជា​ទ្រព្យសម្បត្តិ​ដោយឡែក​នេះ​ទេ ទោះបី​ជា​ដី​នេះ​បាន​មក​ក្នុងអំឡុងពេល​អាពាហ៍ពិពាហ៍​​ក៏ដោយ​។

គ. ទ្រព្យសម្បត្តិ​ដែលជា​តម្លៃ​តប​ដែល​ទទួល​បាន​ពី​ការចាត់ចែង​ទ្រព្យសម្បត្តិ​ក្នុង​ចំណុច ក និង ខ ខាងលើ​នេះ​ឧទាហរណ៍ លោក ដេវីដ ក្រោយពី​រៀបអាពាហ៍ពិពាហ៍​រួច​បាន​លក់​ឡាន ដែល​គាត់​ទិញ​តម្លៃ​ ៥ ​ម៉ឺន​​ដុល្លារ​ក្នុងតម្លៃ​ ៣ ​ម៉ឺន​ដុល្លារ ហើយ​​គាត់​យក​លុយ​នោះ​ទៅ​ទិញ​​ខ្សែក​ពេជ្រ ដូចនេះ ខ្សែក​ពេជ្រ​ដែល​គាត់​បាន​ទិញ​នេះ ក៏ត្រូវ​​ចាត់ទុក​ជា​ទ្រព្យសម្បត្តិ​ដោយឡែក ព្រោះ​វា​ជា​តម្លៃ​តប​នៃ​ឡាន​ដែល​ជា​ទ្រព្យ​ដោយឡែក​។

២. ទ្រព្យសម្បត្តិ​រួម

បើ​យោងតាម​មាត្រា​ ៩៧៣ ​នៃ​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រព្យសម្បត្តិ​រួម​គឺជា​ទ្រព្យសម្បត្តិ​ទាំងឡាយ​ណា​ដែល​ប្តី​ប្រពន្ធ​ទាំង​សងខាង​ ឬ​តែ​ម្ខាង​ទទួល​បាន​ក្នុងអំឡុងពេល​រៀបការ​លើកលែង​តែ​ទ្រព្យសម្បត្តិ​ដោយឡែក​ចេញ​។ ​មាន​ន័យ​ថា គឺជា​ទ្រព្យសម្បត្តិ​ដែល​ប្តី ឬ​ប្រពន្ធ​ដែល​ទទួលបាន​ចំណូល​ពី​ការងារ ឬ​ពី​អត្ថប្រយោជន៍​ដែល​កើត​ពី​វត្ថុ​ណាមួយ មាន​ដូចជា​៖ ​ប្រាក់ខែ ប្រាក់ចំណូល​ដែល​បាន​ពី​ការប្រកប​របរ​អាជីវកម្ម ឬ​អាស្រ័យ​ផល​ពី ផ្ទះ ដីឡាន​ទ្រព្យសម្បត្តិ​ដែល​ទិញ​ក្នុង​អំឡុងពេល​រៀបការ​។

ឧទាហរណ៍ លោក ដេវីដ ទៅ​បំពេញ​ការងារ ហើយ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន​ ១ ០០០ ​ដុល្លារ​ក្នុង​ ១ ​ខែ ប្រាក់​នេះ​ត្រូវ​ចាត់ទុក​ថា​ជា​ទ្រព្យសម្បត្តិ​រួម​ក៏ដូចគ្នា​ដែរ​ប្រសិន​បើ​សហព័ទ្ធ​របស់​គាត់​ទៅ​បំពេញការងារ​ ឬ​ធ្វើ​អាជីវកម្ម​លក់ដូរ​បាន​ចំណូល នោះ​ប្រាក់​ចំណូល​ត្រូវ​ចាត់ទុក​​ថា ជា​ទ្រព្យ​រួម​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)