កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចហើយ​អំពី​អ្វី​ទៅជា​ទ្រព្យ​ដាច់​ដោយឡែក និង​អ្វី​ជា​ទ្រព្យ​រួម​របស់​ប្ដី​ប្រពន្ធ​តាមរយៈ​ការបកស្រាយ​ពី​លោក​មេធាវី សួន វីរបញ្ញា ប្រធាន​ការិយាល័យ​មេធាវី ជី.ជី​អន្តរជាតិ​ដែល​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ២៣០ ​ដេ​ (D) ​ផ្លូវ​លេខ​ ២១ ​ស្ថិត​ក្នុង​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ រីឯ​នៅ​ថ្ងៃ​ចន្ទ​នេះ ភ្នំពេញ​ប៉ុស្ដិ៍​សូម​យក​វគ្គ​បញ្ចប់​មក​ចុះផ្សាយ​ជុំវិញ​សិទ្ធិ​ប្ដី​ ឬ​ប្រពន្ធ​ដែល​មក​រស់នៅ​ផ្ទះ​​ដែល​ជា​ទ្រព្យ​របស់​ភាគី​ម្ខាងៗ​ដូចខាងក្រោម ៖

ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​ តើ​ភាគី​ខាង​ប្រពន្ធ ឬ​ប្តី​អាច​ទៅ​រស់នៅ​លើ​ផ្ទះ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ភាគី​ណា​ម្នាក់​បាន​ដែរ​ឬទេ​?

ប្តី ឬ​ប្រពន្ធ ម្ខាង​ណា​ក៏​អាច​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ ឬ​លំនៅឋាន​​របស់​ភាគី​ម្ខាង​ទៀត​បានដែរ ទោះបី​ជា​ផ្ទះ​នោះ​គឺជា​ទ្រព្យសម្បត្តិ​ដោយឡែក​ក៏ដោយ​។ ឧទាហរណ៍​លោក​ ដេវីដ បាន​ទិញ​ផ្ទះ​មុនពេល​រៀបការ ហើយ​កញ្ញា អេលីហ្សា ក៏​បាន​ទិញ​ផ្ទះ​មុនពេល​រៀបការ​ដែរ ដូចនេះ​ក្រោយ​ពេល​រៀបការ គាត់​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​អាច​ទៅ​រស់នៅ​លើ​ផ្ទះ​មួយណា​ក៏បាន ទោះបី​ជា​ផ្ទះ​នោះ​ជា​ទ្រព្យ​ដោយឡែក​របស់​លោក​ ដេវីដ ក៏ដោយ ឬ​របស់ អេលីហ្សា ក៏ដោយ​។

ក្នុង​ករណី​ដែល​ប្តី​ខំ​បំពេញ​ការងារ ដើម្បី​ទទួល​បាន​ប្រាក់ខែ ចំណែកឯ​ប្រពន្ធ​នៅផ្ទះ​មើលថែ​កូន តើ​ក្នុង​ករណី​នេះ ប្រាក់​​ខែ​ ឬ​ប្រាក់ចំណូល​ដែល​ប្តី​រក​បាន​ត្រូវ​ចាត់ទុក​ជា​ទ្រព្យសម្បត្តិ​រួម ឬ​ចាត់ទុក​ជា​ទ្រព្យសម្បត្តិ​ដោយឡែក​?

ក្នុងសង្គម​ខ្មែរ​មួយ​ចំនួន​តែងតែ​គិតថា ឲ្យ​តែ​អ្នកណា​រកស៊ី ឬ​ធ្វើការ​បាន​ប្រាក់ខែ​ច្រើន​ជាង គឺ​អ្នកនោះ​មាន​ទ្រព្យសម្បត្តិ​ច្រើនជាង​ហើយ ប៉ុន្តែ​បើ​មើល​​ទៅ​តាម​ទិដ្ឋភាព​ច្បាប់ គឺ​មិន​ស្រប​ទៅ​តាម​ចំណុច​នេះ​ទេ​។ ក្នុង​ករណី​ដែល​ប្តី​រក​ចំណូល ឬ​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង បើ​ទោះ​​បី​ប្រពន្ធ​នៅតែ​ផ្ទះ​មើល​ថែទាំ​កូន​គ្មាន​ប្រាក់ចំណូល​ក៏ដោយ​គឺ​ប្រពន្ធ​ត្រូវ​មាន​សិទ្ធិ​ស្មើគ្នា​ (​ប្តី​) ​លើ​ប្រាក់បៀវត្សរ៍​ ឬ​ចំណូល​ដែល​ភាគី​ខាង​ប្តី​រកបាន​ និង​មាន​សិទ្ធិ​ស្មើគ្នា​លើ​ទ្រព្យសម្បត្តិ​​រួម​ក្នុង​អំឡុង​អាពាហ៍ពិពាហ៍​។ បើ​ផ្អែក​តាម​មាត្រា ៩៨០ កថាខណ្ឌ​ទី​ ៣ ​នៃ​ច្បាប់​បាន​កំណត់ថា ការងារ​គេហកិច្ច​ត្រូវ​ចាត់ទុក​ថា​មានតម្លៃ​ស្មើ​នឹង​ការងារ​ដែល​ធ្វើ​នៅក្រៅ​ផ្ទះ​ដែរ​។

ចំពោះ​ការប្រើប្រាស់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយឡែក និង​ទ្រព្យសម្បត្តិ​រួម តើ​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​?

ចំពោះ​ការប្រើប្រាស់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយឡែក​គឺ​ម្ចាស់​ដែល​ជា​ទ្រព្យសម្បត្តិ​​នោះ​ផ្ទាល់​គាត់​អាច​ចាត់ចែង​បាន​ដោយ​សេរី​ដោយ​ពុំ​ចាំបាច់​មាន​ការយល់ព្រម​ពី​ភាគី​ម្ខាង​ទៀតឡើយ​។

ចំពោះ​ការប្រើប្រាស់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រួម​គឺ​ប្តី​ប្រពន្ធ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការប្រើប្រាស់​នៅក្នុង​ទំហំ​ដែល​ចាំបាច់​ក្នុង​ជីវភាព​គ្រួសារ ទទួល​ផលប្រយោជន៍ និង​គ្រប់គ្រង​ទៅលើ​ទ្រព្យសម្បត្តិ​នោះ​។ ដោយឡែក​ចំពោះ​ការលក់ ​ការចាត់ចែង​ផ្សេងៗ​នូវ​ទ្រព្យសម្បត្តិ​នោះ​វិញ ត្រូវ​តែ​មាន​ការព្រមព្រៀង​ប្តី​ប្រពន្ធ​ទាំង​ ២ ​នាក់​ទើប​អាច​ធ្វើ​បាន ពុំ​អាច​ចាត់ចែង​បាន​ដោយ​សេរី​តាមចិត្ត​របស់​ភាគី​ណា​ម្នាក់​ដូច​ទ្រព្យសម្បត្តិ​ដោយឡែក​បាន​នោះទេ​។

ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​បាន​ ២ ​ឆ្នាំ ឪពុកម្តាយ​ខាង​ស្រី​បាន​ចែកទ្រព្យ​សម្បត្តិ​ឲ្យ​។ ​លុះ​ ១ ​ឆ្នាំ​ក្រោយមក​អ្នក​ទាំង​ ២ ​បាន​លែងលះគ្នា​។ តើ​ទ្រព្យសម្បត្តិ​ដែល​ឪពុកម្តាយ​ខាង​ស្រី​ចែក​ឲ្យ​នោះ​បែងចែក​តាមរបៀប​ណា​?

ជា​គោលការណ៍​ទ្រព្យសម្បត្តិ​ដែល​ឪពុកម្តាយ​ខាង​ស្រី​ចែក​ឲ្យ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​គាត់​មាន​ន័យ​ថា តើ​គាត់​ចង់​ចែក​ឲ្យ​កូនស្រី​គាត់​តែ​ម្នាក់​ ឬ​ចែក​ឲ្យ​កូន​ទាំង​ ២ ? ដើម្បី​ជា​ការឆ្លើយតប​ទាក់ទង​ទៅនឹង​សំណួរ​ខាងលើ សូម​ធ្វើការ​បែងចែក​ជា​ ២ ​ករណី ៖

ក្នុង​ករណី​ដែល​ឪពុកម្តាយ​ខាង​ស្រី​បាន​កំណត់​ថា ទ្រព្យសម្បត្តិ​ដែល​គាត់​ចែក​ឲ្យ​នោះ​គឺ​ឲ្យ​ទៅ​កូនស្រី​របស់គាត់​តែ​ម្នាក់​ប៉ុណ្ណោះ ដូច្នេះ​ទ្រព្យសម្បត្តិ​នោះ​ត្រូវ​បាន​មកលើ​ភាគី​ខាង​ប្រពន្ធ បើ​ទោះបី​ជា​ទ្រព្យសម្បត្តិ​នោះ​បាន​ក្នុង​អំឡុងពេល​រៀប​អាពាហ៍ពិពាហ៍​ក៏ដោយ​។ ​ចំណុច​​នេះ​គឺ​ផ្អែក​តាម​បញ្ញត្តិ​នៃ​មាត្រា​ ៩៨០ កថាខណ្ឌ​ទី ២ ​ចំណុច ក នៃ​​ក្រមរដ្ឋប្បវេណី​ឆ្នាំ​ ២០០៧​។

ក្នុង​ករណី​ឪពុកម្តាយ​ខាង​ស្រី​បាន​កំណត់​ថា ទ្រព្យសម្បត្តិ​ដែល​គាត់​ចែក​ឲ្យ​នោះ​គឺ​ឲ្យ​ទៅ​កូនស្រី និង​កូនប្រុស​។ មាន​ន័យថា ទ្រព្យសម្បត្តិ​ដែល​គាត់​ចែក​ឲ្យ​នោះ​គឺ​ឲ្យ​ទៅ​កូន​ទាំង​ ២ ​នាក់ ដូច្នេះ​ទ្រព្យសម្បត្តិ​នោះ​ត្រូវ​ចាត់​​ទុក​ថា​ជា​ទ្រព្យសម្បត្តិ​រួម​របស់​​ប្តី​ប្រពន្ធ​។ ​ដូច្នេះ​នៅពេល​អ្នក​​ទាំង​ ២ ​នាក់​ បាន​លែងលះ​គ្នា​នាំ​ឲ្យ​ទ្រព្យសម្បត្តិ​នោះ ត្រូវ​បែងចែក​តាម​កំណត់​ច្បាប់ នេះ​បើ​ផ្អែក​តាម​បញ្ញត្តិ​នៃ​មាត្រា​ ៩៨០ កថាខណ្ឌ​ទី​ ២ ​ចំណុច​ខ​នៃ​ក្រម​រដ្ឋប្បវេណី​ឆ្នាំ​ ២០០៧៕