The Phnom Penh Post Search

Search form

ស្វែង​យល់​ពី​នីតិវិធី ​នៃ​ការ​ចាប់​ខ្លួន ​(​តចប់​)

Content image - Phnom Penh Post
មេធាវី​របស់​រាជរដ្ឋាភិបាល​លោក ឡុង ដារ៉ា ។ រូបថត សហការី

ស្វែង​យល់​ពី​នីតិវិធី ​នៃ​ការ​ចាប់​ខ្លួន ​(​តចប់​)

កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ​មិត្ត​អ្នកអាន​បាន​ស្វែង​យល់​នូវ​​វគ្គ​ទី​ ១ ​រួច​មក​ហើយ​ទាក់ទង​នឹង​​នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​តាមរយៈ​ការ​បកស្រាយ​របស់​លោក​បណ្ឌិត ឡុង ដារ៉ា មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ​ និង​ផ្សព្វផ្សាយ​ច្បាប់​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ សប្តាហ៍​នេះ ​ភ្នំពេញ ប៉ុស្តិ៍​ សូម​ចុះ​ផ្សាយ​តពី​សប្តាហ៍​មុន​ដែល​មាន​សំណួរ​ចម្លើយ​បញ្ចប់​ដូច​ខាង​ក្រោម ៖ ​

ឧទាហរណ៍​បទល្មើស​បាន​កើត​មាន​នៅ​ក្នុង​ផ្ទះ​១ ប៉ុន្តែ​ពេល​នោះ​យប់​ផុត​ម៉ោង​រដ្ឋបាល​​តើ​សមត្ថកិច្ច​អាច​ចូល​ទៅក្នុង​ផ្ទះ​នោះ​បាន​ទេ​? ហើយ​បើ​សមត្ថកិច្ច​ចូល​តើ​ជា​ការ​ខុស​​ច្បាប់​ដែរ​ឬ​ទេ​? ​ហើយ​ក្នុង​ករណី​បែប​នេះ​ម្ចាស់​ផ្ទះ​អាច​ប្តឹង​សមត្ថកិច្ច​វិញ​បាន​ទេ​?

នៅ​ក្នុង​ករណី​មាន​បទល្មើស​កើតឡើង​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ពេល​យប់​ឬ​ផុត​ម៉ោង​រដ្ឋបាល​គឺ​សមត្ថកិច្ច​អាច​ចូល​ទៅក្នុង​ផ្ទះ​នោះ​បាន​បើ​ជា​ករណី​បទល្មើស​ជាក់ស្តែង​ដែល​សមត្ថកិច្ច​មាន​សិទ្ធិ​អំណាច​ធំធេង​ក្នុង​ការ​ចូល​ទៅ​កន្លែង​ប្រព្រឹត្ត​បទល្មើស​ដើម្បី​ទប់ស្កាត់​រារាំង​នូវ​សកម្មភាព​របស់​ជនល្មើស​ (​មាត្រា​ ៩១ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​) ​ហើយ​នគរបាល​យុត្តិធម៌​ត្រូវ​តែ​រាយការណ៍​ដោយ​ផ្ទាល់​មាត់​ជូន​ព្រះរាជអាជ្ញា​ជា​មុន​ (​មាត្រា​ ៨៩ ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​) ​ដូច​ដែល​បាន​បកស្រាយ​នៅ​ក្នុង​​សំណួរ​ទី​ ៣ ​រួច​ហើយ​។ ​ប៉ុន្តែ​ប្រសិន​បើ​សមត្ថកិច្ច​ប្រព្រឹត្ត​ខុស​ច្បាប់​ម្ចាស់​ផ្ទះ​អាច​ប្តឹង​វិញ​បាន​។

នេះ​និយាយ​ពី​ករណី​ត្រូវ​ឆែកឆេរ​ក្នុង​ផ្ទះ​ចុះ​បើ​នៅ​តាម​ផ្លូវ​វិញ​ពេល​ឃាត់​ខ្លួន​នរណា​ម្នាក់​ចាំបាច់​សមត្ថកិច្ច​ត្រូវ​តែ​បង្ហាញ​ដីកា​ចាប់​ខ្លួន​ ឬ​មិន​ប្រើ​ដីកា​ក៏​បាន​?

តើ​ច្បាប់​មាន​ចែង​ក្នុង​ករណី​ចាំបាច់​ណា​ខ្លះ​ត្រូវ​លើកលែង​ដោយ​ចាប់​គ្មាន​ដីកា​ចាប់​ខ្លួន​?

នៅក្នុង​ករណី​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅ​តាម​​ផ្លូវ​សាធារណៈ​ប្រសិន​បើ​ជន​នោះ​កំពុង​ប្រព្រឹត្ត​បទល្មើស​គឺ​សមត្ថកិច្ច​អាច​ចាប់​ឃាត់​ខ្លួន​ជន​នោះ​ភ្លាម​ដោយ​មិន​ចាំបាច់​មាន​ដីកា​ឡើយ​ (​ដូច​បាន​ឆ្លើយ​នូវ​សំណួរ​ខាង​លើ​រួច​ហើយ​។

ប្រសិន​បើ​ការ​ចាប់​ខ្លួន​ជន​ណា​​ម្នាក់​ក្រោយ​ពេល​ចាប់​ខ្លួន ទោះ​ជា​គ្មាន​ដីកា​ ឬ​មាន​ដីកា​ជា​នីតិវិធី​តើ​រយៈពេល​ប៉ុន្មាន​ម៉ោង​នគរបាល​យុត្តិធម៌​ត្រូវ​តែ​រាយការណ៍​ទៅ​ស្ថាប័ន​អយ្យការ​? ​តើ​ការ​រាយការណ៍​នោះ​ដើម្បី​ផលប្រយោជន៍​អ្វី ?

ប្រសិន​បើ​ការ​ចាប់​ខ្លួន​ជន​​ណា​ម្នាក់​ទោះ​ជា​គ្មាន​ដីកា​ ឬ​មាន​ដីកា​ជា​នីតិវិធី​គឺ​នគរបាល​យុត្តិធម៌​ត្រូវ​តែ​រាយការណ៍​ភ្លាមៗ​ទៅ​ព្រះរាជអាជ្ញា​ពីព្រោះ​មន្ត្រី​នគរបាល​យុត្តិធម៌​ស្ថិត​ក្រោម​អំណាច​របស់​ព្រះរាជអាជ្ញា (​មាត្រា​ ៥៨ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​)​។ ការ​រាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នេះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គោរព ​និង​ប្រតិបត្តិ​ច្បាប់​ក្នុង​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​។

តើ​នគរបាល​យុត្តិធម៌​មាន​សមត្ថកិច្ច​ឃុំ​ខ្លួន​ជន​ណា​ម្នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​បញ្ជូន​បន្ត​ទៅ​តុលាការ​?

មន្ត្រី​នគរបាល​យុត្តិធម៌​មាន​សិទ្ធិ​ឃាត់​ខ្លួន​ជនសង្ស័យ​យ៉ាង​យូរ​បំផុត​ ៤៨ ​ម៉ោង​។ ​ថិរវេលា​ត្រូវ​គិត​ចាប់ពី​ម៉ោង​ដែល​សាមី​ខ្លួន​មក​ដល់​អង្គភាព​នគរបាល​ ឬ​កងរាជ​អាវុធហត្ថ​។

ចំពោះ​បទឧក្រិដ្ឋ​កាលណា​មាន​តម្រុយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ពិរុទ្ធភាព​លើ​បុគ្គល​ដែល​ឃាត់​ខ្លួន​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ពន្យារពេល​ឃាត់​ខ្លួន​បាន​ប្រសិន​បើ​វិធានការ​នេះ​ជា​ការ​ចាំបាច់​ដើម្បី​ឲ្យ​ការ​ស៊ើបអង្កេត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ហើយ​ការ​​ពន្យារ​ពេល​នេះ​មិន​អាច​ឲ្យ​លើស​ពី​ ២៤ ​ម៉ោង​ឡើយ​។ ​មាន​ករណី​ខ្លះ​ថិរវេលា​នៃ​ការ​ឃាត់​​ខ្លួន​ត្រូវ​ពិនិត្យ​ទៅ​លើ​នីតិភាព​ និង​អនីតិភាព​នៃ​ជនសង្ស័យ​ទៀត​ផង ​(​មាត្រា​ ៩៦ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​)៕

អត្ថបទគួរចាប់អារម្មណ៍