តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​កំណត់​ឲ្យ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ តែ​ចំពោះ​ម៉ូតូ​មាន​ទំហំ​ស៊ីឡាំង​ម៉ាស៊ីន​ពី​ ១២៥ ​សេសេ​ (cc) ​ឡើង​ប៉ុណ្ណោះ រីឯ​កម្រិត​ក្រោម​នោះ​មិន​តម្រូវ​ឡើយ​។

ប៉ុន្តែ​បញ្ហា​គ្រោះថ្នាក់​ត្រូវ​បាន​​ក្រសួង​មហាផ្ទៃ និង​សង្គម​ស៊ីវិល​​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​រកឃើញ​ថា អ្នក​ស្លាប់​ភាគច្រើន​គឺ​អ្នក​បើកបរ​ម៉ូតូ​មាន​កម្លាំង​ម៉ាស៊ីន​ទាប​ជាង​ ១២៥cc ​ដែល​​គ្មាន​ប័ណ្ណ​បើកបរ​។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក គង់ សុវណ្ណ ជា​ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នក​ដំណើរ​ស្លាប់​យ៉ាង​តិច​ពី​ ៥ ​ទៅ​ ៦ ​នាក់​ក្នុង​ ១ ​ថ្ងៃ​។ ​តើ​គ្រោះថ្នាក់​នេះ​ភាគច្រើន​​ជា​អ្នក​ប្រើប្រាស់​ម៉ូតូ ថ្មើរជើង​ឬ​ក៏​អ្នកបើកបរ​យានយន្ត​?

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើ​តាម​ការសិក្សា​បាន​បង្ហាញ​ថា អ្នកប្រើប្រាស់​ម៉ូតូ​ស្លាប់​មាន​ច្រើន​លើសលប់​ជាង​អ្នក​ប្រើប្រាស់​យាន​ដទៃ​ទៀត​។ អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​ស្លាប់​បាន​​កើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។ នៅ​ឆ្នាំ​ ២០១៧ ​អ្នក​បើកបរ​ម៉ូតូ​គ្រោះថ្នាក់​ស្លាប់​មាន​ ៧៩ ​ភាគរយ និង​​អ្នក​រួមដំណើរ​តាម​ម៉ូតូ​មាន​​ ២១ ​ភាគរយ​។ ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៦ អ្នក​បើកបរ​ម៉ូតូ​គ្រោះថ្នាក់​ស្លាប់​កើន​ ១២៨ ​នាក់​។

ការបើកបរ​ម៉ូតូ​ហួស​ល្បឿន​​កំណត់​គឺជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​មាន​ ៣៣ ​ភាគរយ បន្ទាប់​មក​បើកបរ​វ៉ា​ជែង​ ១៦ ​ភាគរយ ការបើកបរ​បញ្ច្រាស​ទិស​ ១៦ ​ភាគរយ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ១៤ ​ភាគរយ​។ ​ចំណុច​គួរ​ឱ្យ​កត់សម្គាល់​គឺ​ ៧៣ ​ភាគរយ​នៃ​អ្នកបើកបរ​ម៉ូតូ​ដែល​បង្ក​គ្រោះថ្នាក់​អាយុ​ចន្លោះ​ពី​ ១៥-៣៩ ​ឆ្នាំ​។

លោក​ថា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​ម៉ូតូ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​អនុគ្រោះ​ ឬ​លើកលែង​ចំពោះ​អ្នក​ប្រើ​ម៉ូតូ​កម្លាំង​ក្រោម​ ១២៥CC ដោយ​មិន​ចាំបាច់​មាន​ប័ណ្ណបើកបរ​។ តើ​ចំណុច​នេះ​អាច​ជា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​ទេ​?

តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាត្រា​ ៨ ​ថ្មី​ចែង​អំពី​ប័ណ្ណ​បើកបរ​ដោយ​កំណត់​ឱ្យ​មាន​ប័ណ្ណ​តែ​អ្នក​បើកបរ​យាន​ណា​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ១២៥CC ​ឡើង​ទៅ រីឯ​ចាប់ពី​ ១២៥CC ​ចុះ​ក្រោម​មិន​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​បើកបរ​ឡើយ តែ​ត្រូវ​មាន​អាយុ​យ៉ាងតិច​ ១៥ ​ឆ្នាំ​ដោយ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​គឺ​អ្នក​បើក​ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​ ១២៥CC ​ចុះ​ភាគច្រើន​គឺ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​រាល់​ថ្ងៃ ហើយ​ក្នុង​តំបន់​មួយ​ចំនួន​ធំ ឪពុក​ម្តាយ​តែង​ឱ្យ​កូនៗ​ដែល​មាន​អាយុ​មិន​ទាន់​គ្រប់​ ១៥ ​ឆ្នាំ​បើកបរ​ទៅ​សាលារៀន​ ឬ​ទី​ជិត​ទី​ឆ្ងាយ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​។ រីឯ​​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​លើ​អាយុ​អ្នក​បើកបរ​ក៏​ដូចជា​មិន​ទាន់​បាន​ទូលំទូលាយ​ដែរ​។

ក្នុង​ឆ្នាំ​ ២០១៧ គ្រោះថ្នាក់​កើតឡើង​ចំពោះ​អ្នកប្រើប្រាស់​ម៉ូតូ​មាន​ស៊ីឡាំង​ធំ​ជាង​ ១២៥CC មាន​ជនរងគ្រោះ​សរុប​ ១៣០ ​នាក់​។ ​គេ​បាន​កត់ត្រា​ថា​​ក្នុង​ចំណោម​អ្នក​បើកបរ​ម៉ូតូ​ធំ​ដែល​ជួប​គ្រោះថ្នាក់​ ៧០ ​នាក់​​ដែល​ច្បាប់​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​គឺ​មាន​ត្រឹមតែ​ ៥ ​នាក់​ប៉ុណ្ណោះ រីឯ​ ១៥ ​នាក់​ទៀត​មិន​ដឹង​ថា​មាន​ ឬ​គ្មាន​។ ​យ៉ាង​ណា​ក៏ដោយ​អត្រា​មាន​ប័ណ្ណ​បើកបរ​គឺ​​មាន​កម្រិត​ទាប​នៅ​ឡើយ​។

តាម​របាយការណ៍​ចំនួន​ជនរងគ្រោះ​ដល់​ជីវិត​ភាគច្រើន​គឺជា​អ្នក​ប្រើប្រាស់​ម៉ូតូ​។ ម្យ៉ាង​ម៉ូតូ​គឺជា​មធ្យោបាយ​ដ៏សំខាន់​ និង​មាន​ច្រើន​នៅ​កម្ពុជា​យើង​។

ដូច្នេះ​ដើម្បី​ទប់ស្កាត់ និង​ស្តារ​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង​តើ​លោក​យល់​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច​?

ខ្ញុំ​យល់​ថា​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ពង្រឹង​យន្តការ​អប់រំ​ហើយ ប៉ុន្តែ​ពេល​ដែល​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ស្លាក​សញ្ញា​ចរាចរណ៍​មិន​ទាន់​បាន​ទូលំទូលាយ​នោះ ការយល់ដឹង​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​នៅ​មាន​កម្រិត​នៅឡើយ​។ ការបើកបរ​នៅ​ប្រព្រឹត្ត​តាម​ទម្លាប់ ហើយ​ឥរិយាបថ​ខុស​ឆ្គង​ជាច្រើន​កំពុង​បន្ត​ដែល​នាំឲ្យ​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​។ ជាមួយ​គ្នា​នេះ​ដែរ​បច្ចុប្បន្ន​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ ឬ​អង្គភាព​ណា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រមូល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​មក​ចូល​រៀន​ដោយ​ស្ម័គ្រ​ចិត្ត​បាន​នៅ​ឡើយ​ទេ​។

ជាការ​ពិត​ណាស់​អ្នក​បើកបរ​គួរ​ទទួល​បាន​ការបង្ហាត់​បង្រៀន​ឲ្យ​​យល់ និង​ចេះ​បើកបរ​តាម​គម្រោង​ ឬ​កម្មវិធី​ជាក់លាក់​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ជា​តម្រូវ​ចាំបាច់​។

ធ្វើ​ដូចនេះ​អ្នក​បើកបរ​នឹង​មាន​ចំណេះដឹង​អំពី​បញ្ញត្តិ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អំពី​ស្លាក​សញ្ញា​ចរាចរណ៍ និង​ពិសេស​ការយល់ដឹង​ពី​ឥរិយាបថ​បើកបរ​ដែល​នាំ​ឲ្យ​មាន​សុវត្ថិភាព​។

ចុះ​ពេល​នេះ​មន្ត្រី​នគរបាល​ចរាចរណ៍​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ យ៉ាង​ម៉េច​ដែរ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​?

ក្នុង​ពេល​ដែល​ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​មាន​កម្រិត នោះ​ហើយ​​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​អ្នក​បើកបរ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការគោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នោះ​។ យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បន្ទាប់​មក​គឺ​អនុវត្ត​ដោយ​ហ្មត់ចត់ និង​មាន​តម្លាភាព​។

ក្នុង​ពេល​ដែល​ផ្លូវថ្នល់​ទទួល​បាន​ការ​កសាង​ថ្មី​ ឬ​កែលម្អ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​នោះ ការធ្វើ​ដំណើរ​ក៏​បាន​ងាយស្រួល​ជាង​មុន​ដែរ​។ ការពង្រឹង​បរិក្ខារ​ និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្លូវថ្នល់​ក៏​ជា​ចំណែក​ចូលរួម​មួយ​ដ៏សំខាន់​មិន​អាច​ខ្វះ​បាន​ផង​ដែរ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​ធ្ងន់ធ្ងរ​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ប្រើប្រាស់​ម៉ូតូ​។

នា​​ពេល​កន្លង​មក​អង្គការ​វាយតម្លៃ និង​លើក​កម្ពស់​សុវត្ថិភាព​ផ្លូវថ្នល់​អន្តរជាតិ​ (iRAP) ​បាន​សហការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស អនុវត្ត​វិធីសាស្ត្រ​អង្កេត​អំពី​កម្រិត​ផ្សាយ​ពី​សុវត្ថិភាព​ផ្លូវ​ថ្នល់ និង​ដាក់​ចេញ​នូវ​គម្រោង​ប្រកប​ដោយ​កម្រិត​សុវត្ថិភាព​​ និង​ផលចំណេញ​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​ផងដែរ​។

តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ក្រុម​ការងារ​បាន​អង្កេត​ដងផ្លូវ​ដែល​មាន​ប្រវែង​រហូត​ដល់​ជាង​ ៥៥០ ​គីឡូម៉ែត្រ​៕