ការរស់នៅ​ក្នុង​សង្គម​មនុស្ស​ម្នាក់ៗ​តែង​មាន​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​មិន​ថា​នៅ​ប្រទេស​ណា​នោះទេ​។ ​ក៏ប៉ុន្តែ​ចំពោះ​សារៈសំខាន់​នៃ​អត្តសញ្ញាណប័ណ្ណ​គឺ​មាន​មនុស្ស​ខ្លះ​មិន​បាន​ដឹង​​ច្បាស់​ទេ ជាពិសេស​មនុស្ស​វ័យ​ក្មេង​ដែល​ទើប​ដល់​អាយុ​ត្រូវមាន​។

ចង់ដឹងថា តើ​សារៈសំខាន់​របស់​​អត្តសញ្ញាណប័ណ្ណ​យ៉ាងណា​នោះ លោក​មេធាវី សួន វីរៈបញ្ញា ប្រធាន​ការិយាល័យ​មេធាវី​ជី​ជី​អន្តរជាតិ​​មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ២៣០ D ផ្លូវ​លេខ ២១ ស្ថិត​ក្នុង​ភូមិ ព្រែក​តាឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី-ភ្នំពេញ​បាន​ពន្យល់​តាមរយៈ​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​ដូច​ខាងក្រោម​៖

ក- ​តើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​អ្វី​?

អត្តសញ្ញាណប័ណ្ណ​គឺជា​បណ្ណ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ចាំបាច់​ត្រូវតែ​មាន​។ អត្តសញ្ញាណប័ណ្ណ​មាន​សារៈសំខាន់​ក្នុង​ការបង្ហាញ​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​សាមី​ដែល​កាន់កាប់​បណ្ណ​នោះ​។ នៅក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​បង្ហាញ​ព័ត៌មាន​ដូចជា ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត អាសយដ្ឋាន ភិនភាគ​របស់​បុគ្គល​សាមី​។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ ២ ​ភេទ​ដែល​មាន​អាយុ​ ១៥ ​ឆ្នាំ​ឡើង​ទៅ​មាន​សិទ្ធិ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​តាម​ការជូន​ដំណឹង​​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

ខ- ​តើ​សារៈសំខាន់​របស់​អត្តសញ្ញាណ​ប័ណ្ណ​មាន​អ្វីខ្លះ​?

យើង​បែងចែក​សារៈសំខាន់​របស់​អត្តសញ្ញាណប័ណ្ណ​ជា​ ២ ​ផ្នែក​គឺ​សារៈសំខាន់​ចំពោះ​រដ្ឋ និង​សារៈសំខាន់​ចំពោះ​បុគ្គល​សាមី​។

សារៈសំខាន់​ចំពោះ​រដ្ឋ

- ​ងាយស្រួល​តាមដាន គ្រប់គ្រង​រាល់​ទិន្នន័យ បុគ្គល​គ្រប់រូប​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ (​មិន​ថា បរទេស ឬ​ខ្មែរ​)​។

- ​ងាយស្រួល​ក្នុង​ការធ្វើ​ចំណាត់ការ​ចំពោះ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស ដែល​ច្បាប់​ហាមឃាត់

- ​ងាយស្រួល​ធ្វើ​សម្រង់​ស្ថិតិ​។

សារៈសំខាន់​ចំពោះ​បុគ្គល​សាមី

- ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ធ្វើ​សកម្មភាព​ (​ការធ្វើ​កិច្ចសន្យា ការធ្វើ​បណ្ណ​បើកបរ ការទទួល​បាន​ឈ្មោះ​ជា​កម្មសិទ្ធិករ​តាមរយៈ​ផ្សេង​...)

- ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការតវ៉ា​បញ្ចេញមតិ​។

- ​មាន​សិទ្ធិ​ធ្វើការ​បោះឆ្នោត​។

គ- ​ក្នុង​ករណី​ដែល​អ្នក​បាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច​?

យោង​តាម​ប្រការ​ ៩ នៃ​ប្រកាស​ស្តីពី​នីតិវិធី លក្ខខណ្ឌ​នៃ​ការសុំ​ការផ្តល់ និង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ករណី​ដែល​លោកអ្នក​បានដឹង​អំពី​ការបាត់​អត្តសញ្ញាណប័ណ្ណ សាមីខ្លួន​ត្រូវ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​ឃុំ​សង្កាត់​នៃ​អាសយដ្ឋាន​រស់នៅ​របស់​អ្នក​​បច្ចុប្បន្ន​ដើម្បី​ដាក់ពាក្យ​បណ្តឹង​អំពី​ការបាត់​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​មិន​ឲ្យ​លើសពី​ ២៤ ​ម៉ោង បន្ទាប់ពី​ដឹងថា​បាត់ ប្រសិន​បើ​ការបាត់​កើតឡើង​ក្រៅ​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់នៅ​នោះ​ត្រូវ​ជូនដំណឹង​ទៅកាន់​ប៉ុស្តិ៍នគរបាល​ឃុំ សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​មិន​ឲ្យ​លើសពី​ ៤៨ ​ម៉ោង​។ ​ទម្រង់​នៃ​ពាក្យបណ្តឹង​នេះ​គឺ​អ្នក​បាត់​នោះ​អាច​ស្នើសុំ​​ពី​មន្ត្រី​នគរបាល​។

ក្រោយពី​បំពេញ​រួច លោកអ្នក​ត្រូវយក​ពាក្យ​នេះ​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ទទួល​បាន​ការដឹងឮ​ពី​អាជ្ញាធរ និង​ទទួល​បាន​ហត្ថលេខា និង​ត្រា​របស់​ខាង​មន្ត្រី​នគរបាល​។ ​បន្ទាប់មក​យកពាក្យ​នេះ​ទៅ​ដាក់​នៅ​ច្រកចេញចូល ឬ​កន្លែង​ទទួល​ឯកសារ​នៅ​រាជធានី​/​ខេត្ត​ដែល​បុគ្គល​សាមី​រស់នៅ​។ បន្ត​​មកទៀត​ត្រូវ​រង់ចាំ​រយៈពេល​ដែល​មន្ត្រី​កំណត់​។ ចំពោះ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី មិន​តម្រូវ​ឲ្យ​បង់​​ប្រាក់​នោះ​ទេ​៕