កាលពីសប្តាហ៍មុនភ្នំពេញប៉ុស្តិ៍បានចុះផ្សាយភាគទី ១ ទាក់ទងនឹងសិទ្ធិដើម្បីការពារខ្លួនបើមានការចាប់ខ្លួនជនណាម្នាក់ដែលទាមទារត្រូវឲ្យមានមេធាវីក្នុងការការពារក្តី។
ជុំវិញករណីនេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី សួន វីរៈបញ្ញា នៃក្រុមហ៊ុនមេធាវីខ្មែរអប្សរាដែលមានអាសយដ្ឋានផ្ទះលេខ ៥ អា ផ្លូវលេខ ២៨៥ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោកដែលជាភាគបន្តដូចតទៅ... ទិដ្ឋភាពទាំងនេះគឺមិនគួរកើតឡើងទេក្នុងសង្គមខ្មែរហើយវាច្បាស់ណាស់ផ្ទុយពីគោលការណ៍ច្បាប់ជាតិ និង អន្តរជាតិ និងជាពិសេសគឺផ្ទុយពីគោលការណ៍សំខាន់ក្នុងបទល្មើសព្រហ្មទណ្ឌគឺគោលការណ៍សន្មតជាមុនថាគ្មានទោសដែលខ្ញុំបានជម្រាបជូនខាងលើនេះ។
បើមានឱកាសក្នុងកិច្ចសម្ភាសន៍លើកក្រោយទៀតខ្ញុំបាទនឹងលើកឡើងឲ្យបានទូលំទូលាយជាងនេះថាមូលហេតុអ្វីទើបមិនត្រូវឲ្យមានការវាយដំធ្វើទារុណកម្មទៅលើជនសង្ស័យនៅពេលដែលចាប់ខ្លួនបាន។
បន្ទាប់ពីត្រូវនាំខ្លួនមកសាកសួរនៅតុលាការតើជនសង្ស័យត្រូវឆ្លងកាត់ការស៊ើបសួរប៉ុន្មានដំណាក់កាល? តើជននោះអាចពឹងពាក់មេធាវីបានទេ?
បាទដោយសារសំណួរនេះគឺមានភាពទូលំទូលាយណាស់ដូចនេះ ខ្ញុំសូមឆ្លើយដោយសាមញ្ញដើម្បីឲ្យមានភាពងាយស្រួលយល់ និងចាប់បាន៖ នៅពេលដែលនគរបាលយុត្តិធម៌បានបញ្ជូនខ្លួនជនសង្ស័យមកដល់តុលាការជនសង្ស័យត្រូវឆ្លងកាត់តាមនីតិវិធីរបស់តុលាការដែលនីតិវិធីនេះត្រូវអនុវត្តស្របទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧។
ដំបូងជនសង្ស័យត្រូវឆ្លងកាត់ដំណាក់កាលស៊ើបអង្កេតរបស់ស្ថាប័នអយ្យការដែលជនសង្ស័យនឹងត្រូវបាននាំខ្លួនទៅឆ្លើយនៅចំពោះមុខព្រះរាជអាជ្ញា។
បន្ទាប់ពី ការសាកសួរជនសង្ស័យ ជនរងគ្រោះ ឬបុគ្គលជាសាក្សីដែលពាក់ព័ន្ធនឹងការពិនិត្យភ័ស្តុតាងរួចហើយតំណាងអយ្យការអាចសម្រេចចោទប្រកាន់ជនសង្ស័យប្រសិនបើគាត់យល់ឃើញថាជនសង្ស័យនោះពិតជាបានប្រព្រឹត្តបទល្មើសនោះមែនតែបើសិនជាយោងតាមការសាកសួរការស៊ើបអង្កេត និងការសិក្សាភ័ស្តុតាងកន្លងមកគាត់យល់ឃើញថាជនសង្ស័យនោះមិនបានប្រព្រឹត្តបទល្មើសទេនោះគាត់អាចធ្វើការតម្កល់រឿងទុកឥតចាត់ការ (មាត្រា ៤០ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។
ចំពោះការចោទប្រកាន់របស់តំណាងអយ្យការគឺអាចធ្វើទៅតាម ៣ របៀបគឺ៖ ការបើកធ្វើការស៊ើបសួរ,ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬតាមនីតិវិធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម(មាត្រា ៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។
ចំពោះបទលើ្មសឧក្រិដ្ឋព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរខុសពីបទល្មើសមជ្ឈិមដែលក្នុងបទលើ្មសមជ្ឈិមព្រះរាជអាជ្ញាអាចបើកការស៊ើបសួរក៏បានឬមិនបើកក៏បាន។ ឧទាហរណ៍ថាជននោះត្រូវបានតំណាងអយ្យការចោទពីបទឃាតកម្មនោះគាត់ត្រូវឆ្លងកាត់នីតិវិធីរបស់តុលាការមួយដំណាក់ទៀតគឺនីតិវិធីនៃការស៊ើបសួរដែលនីតិវិធីនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ។
ក្នុងដំណាក់កាលនៃការស៊ើបសួរនេះគឺមានគោលដៅ៖ ស្វែងរកធាតុចាំបាច់សម្រាប់ធានាដល់ការចោទប្រកាន់ស្វែងរកភ័ស្តុតាង និងពិរុទ្ធភាពសម្រាប់អង្គហេតុចោទប្រកាន់ និងជាការធានានូវនិរន្តរភាពសម្រាប់ដំណើរការកាត់សេចក្តី។ បន្ទាប់ពីការស៊ើបសួរត្រូវបានចប់សព្វគ្រប់បើចៅក្រមស៊ើបសួរយល់ឃើញថាជនត្រូវចោទបានប្រព្រឹត្តអំពើដែលជាបទឧក្រិដ្ឋបទមជ្ឈិម ឬបទលហុនោះចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ។
នៅក្នុងការជំនុំជម្រះបើសិនជាបទល្មើសនោះជាបទឧក្រិដ្ឋការជំនុំជម្រះត្រូវធ្វើឡើងដោយក្រុមប្រឹក្សាជំនុំជម្រះដែលមានចៅក្រមចំនួន ៣ រូបដែលមួយរូបជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង ២ រូបជាចៅក្រមប្រឹក្សា។
ជនសង្ស័យជនត្រូវចោទ ឬជនជាប់ចោទសុទ្ធតែត្រូវបានធានានូវសិទ្ធិក្នុងការមានមេធាវីការពារក្តីទោះជាគាត់ស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយគឺមានន័យថាចាប់ពីពេលដែលនគរបាលចាប់ខ្លួនគាត់គឺគាត់មានសិទ្ធិក្នុងការមានមេធាវីការពារសិទ្ធិឲ្យរូបគាត់។
ពេលត្រូវបានតុលាការកោះហៅមកជំនុំជម្រះតើជនជាប់ចោទមានសិទ្ធិអ្វីខ្លះដែលច្បាប់ផ្តល់ឲ្យគាត់ក្រៅពីសិទ្ធិមានមេធាវីក្នុងពេលជំនុំជម្រះក្តី?
នៅពេលដែលតុលាការនាំជនជាប់ចោទមកចំពោះមុខសវនាការដើម្បីធ្វើការជំនុំជម្រះនោះជនជាប់ចោទមានសិទ្ធិសំខាន់ៗមួយចំនួនដែលធានាដោយច្បាប់គឺសិទ្ធិដឹងអំពីបទចោទ។ ជនជាប់ចោទត្រូវតែបានដឹងអំពីអំពើល្មើស និងបទល្មើសដែលចោទប្រកាន់មកលើខ្លួន។
សិទ្ធិក្នុងការទទួលបានជំនួយពីមេធាវី៖ ជនជាប់ចោទមានសិទ្ធិពេញលេញដើម្បីមានមេធាវីការពារក្តី។ គាត់មានសិទ្ធិក្នុងការរកមេធាវីដោយខ្លួនគាត់តែបើក្នុងករណីដែលគាត់ពុំមានការជ្រើសរើសមេធាវីដោយខ្លួនឯងនោះមេធាវីត្រូវបានចាត់តាំងតាមគំនិតផ្តើមរបស់ប្រធានតុលាការនៅក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ សិទ្ធិចំពោះមុខ៖ ជនជាប់ចោទត្រូវតែបង្ហាញខ្លួនពេលសវនាការរបស់តុលាការដោយផ្ទាល់។
ជនជាប់ចោទត្រូវតែបានដឹង និងមានសិទ្ធិចូលរួមក្នុងការការពារខ្លួននៅក្នុងដំណើរការនៃការកាត់ក្តីមកលើខ្លួនដោយផ្ទាល់។
សិទ្ធិក្នុងការទទួលជំនួយពីអ្នកបកប្រែ៖...(សូមរង់ចាំអានភាគបញ្ចប់នៅសប្តាហ៍ក្រោយ)