The Phnom Penh Post Search

Search form

ស្វែងយល់ពី​ ការផ្តន្ទាទោស​ទៅ​លើ​ជន​បង្កគ្រោះថ្នាក់ចរាចរណ៍

លោក អិុន បូផា ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​។ រូបថត សហ​ការី
លោក អិុន បូផា ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​។ រូបថត សហ​ការី

ស្វែងយល់ពី​ ការផ្តន្ទាទោស​ទៅ​លើ​ជន​បង្កគ្រោះថ្នាក់ចរាចរណ៍

ការ​ផ្តន្ទាទោស​ទៅ​លើ​ករណី​នៃ​បទល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​រថយន្ត​ ដែល​មាន​ការ​ធ្វេស​ប្រហែស​​ក្នុង​ការ​បើកបរ ការ​ផ្តន្ទាទោស​គឺ​មាន​ភាព​ខុស​គ្នា ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​បទល្មើស។

ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​ បាន​សម្ភាស​លោក​ អិុន បូផា ចៅ​ឮ​ក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង និង​ក៏​ជា​សាស្ត្រាចារ្យ ​នៃ​សាលា​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលា​ការ​ផង​ដែរ ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម ៖

ឧទាហរណ៍​លោក ​«​ក​»​ ជា​ម្ចាស់​រថយន្ត​ ហើយ​លោក​ «​ខ​»​ ដែល​ជា​អ្នក​បើកបរ ​បាន​បើក​រថយន្ត​ទៅ​បុកគេ​ស្លាប់។​ សួរ​ថា ​លោក​ «​ក​»​ ជាម្ចាស់​រថយន្ត​ត្រូវ​ជាប់​ទោស​ដែរ​ទេ​?​

ក្នុង​ករណី​នេះ ​ម្ចាស់​រថយន្ត ​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ​ ព្រោះជា​គោល​ការណ៍​ព្រហ្មទណ្ឌ​គឺ​ថា​ អ្នក​ណា​ធ្វើ​គឺ​អ្នក​នោះ​ទទួល​។ ​អ៊ីចឹង ​បើ​អ្នក​នោះ​ បើក​រថយន្ត​ទៅ​បុក​គេ​ដោយ​ខុសច្បាប់​ចរាចរណ៍​ ដោយ​ខុស​គំនូស​ឬ​និយាយ​រួម ​មូល​ហេតុ​កំហុស​ ដោយ​សារ​តែ​គាត់​ប្រព្រឹត្ត​នោះ ​គឺ​បុគ្គល​នោះ ​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ហើយ​។​

បើ​យោង​មាត្រា​ ៨៥​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ បាន​បញ្ញតិ្ត​ថា​ ជន​ណា​បើក​បរ​ដោយ​ធ្វេស​ប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​ ឬ​មិន​គោរព​កាតព្វកិច្ច​​នៃ​​បទប្បញ្ញ​ត្តិ​ ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​តម្រូវ​ ហើយ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​ពី​ ១​ (មួយ​)​ឆ្នាំ​ទៅ​ ៣ ​(បី)​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៤.០០០.០០០ ​(បួន​លាន​)​ រៀល​ទៅ​ ១៥.០០០.០០០​ (ដប់​ប្រាំ​លាន​)​ រៀល​ និង​អាច​ត្រូវ​ផ្តន្ទាទោស​បន្ថែម​មួយ​ ឬ​ច្រើន​ ដូច​មាន​ចែង​ក្នុង​មាត្រា ៥៣ ​(​ប្រភេទ​នៃ​ទោស​បន្ថែម​) ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

អំពើ​ល្មើស​ខាង​លើនេះ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ​) ​ឆ្នាំ​ទៅ​ ៥​ (ប្រាំ​)​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០.០០០.០០០ ​​(ដប់​លាន​)​ រៀល​ទៅ​ ២៥.០០០.០០០ ​(ម្ភៃ​ប្រាំ​លាន​)​រៀល ​កា​ល​បើ​អំពើ​នេះ​ បាន​ប្រព្រឹត្ត​ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម​៖​

ក-​បើក​បរ​ដោយ​គ្មាន​ប័ណ្ណ​បើក​​បរ​ ឬ​មាន​ប័ណ្ណ​បើកបរ​ តែ​មិន​​ត្រឹមត្រូវ​តាម​ប្រភេទ​យាន​​យន្ត​។​ ខ-​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹ​ង​ ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់​ពី​ ០​,​៤០ ​​(សូន្យ​ក្បៀស​សែ​សិប​)​ មិល្លីក្រាម​ ក្នុង​មួយ​លីត្រ​ខ្យល់​ ឬ​ចាប់​ពី​ ០​,​៨០​ សូន្យក្បៀសប៉ែត​សិប​)​ក្រាម​ក្នុង​មួយ​លីត្រ​​ឈាម​ឡើង​ទៅ​។​ គ​បណ្តាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​នាក់​។​ ឃ-រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ​។​ ចំពោះ​បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ ទោស​បន្ថែម​ដូច​ត​ទៅ​នេះ​ អាច​ត្រូវ​បាន​ប្រកាស​៖​

១-​ការ​ហាម​ឃាត់​ ចំពោះ​​ការ​ប្រកប​វិជ្ជាជីវៈ​ កាល​បើ​បទ​ល្មើស​នេះ​ បាន​ប្រព្រឹត្ត​នៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ ឬ​នៅ​ក្នុង​ឱកាស​ នៃ​ការ​ប្រកបវិជ្ជាជីវៈ​នេះ​ជា​ស្ថា​ពរ​ ឬ​សម្រាប់​រយៈពេ​ល ៥ ​(ប្រាំ​) ​ឆ្នាំ​យ៉ាង​ច្រើន​។​

ចុះ​បើ​លោក​«​ខ​»​​នៅ​ពេល​បើក​រថយន្ត​បុក​គេ​ស្លាប់​ ហើយ​គាត់​រត់​គេច​ខ្លួន​បាត់​ តែ​នៅ​ក្នុង​រថយន្ត​មាន​អត្តសញ្ញាណ​ប័ណ្ណ​ម្ចាស់​រថយន្ត​។​ តើ​ម្ចាស់​រថយ​ន្ត​នោះ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ឬ​យ៉ាង​ណា​?​​

ក្នុងករណី​លោក ​«​ខ​» ​ជា​អ្នក​ខ្ចី​រថយន្ត​ ហើយ​បើក​បុក​គេ​ស្លាប់​ ហើយ​រត់​គេច​ខ្លួន​ តែ​មាន​អត្ត​​សញ្ញាណ​ប័ណ្ណ​ម្ចាស់​រថយន្ត​ នៅ​ក្នុង​រថយន្ត​នោះ​។​ ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ គឺ​ខាង​មន្រ្តី​នគរបាល​ចរាចរណ៍​លោក​នឹង​ធ្វើ​ការ​ស្រាវ​​ជ្រាវ​រក​ម្ចាស់​រថយន្ត​នោះ ​ដើម្បី​យក​គាត់​មក​សាកសួរ​ថា​ ហេតុ​អ្វី​បាន​ជា​ម្ចាស់​រថយន្ត​នោះ​ ឲ្យ​អ្នក​នោះ​ខ្ចី​។​

ដូច្នេះ ​បើ​មន្រ្តី​នគរបាល​ចរាចរណ៍​ ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ កំហុស​នោះ ​បង្ក​មក​ពី​អ្នក​បើក​រថយន្ត​ គឺ​អ្នក​បើកបរ​នោះ​ហើយ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​។ ​ប៉ុន្តែ​ អ្នក​ដែល​ជា​ម្ចាស់​រថយន្ត​ហ្នឹង​ អាច​ពាក់ព័ន្ធ​ទៅ​នឹង​សំណង​រដ្ឋប្បវេណី​។​ ឧទារហណ៍​ថា​ គាត់​ជួល​អ្នក​បើកបរ​ហ្នឹង ​អ៊ីចឹង​អ្នក​បើក​បរ​រថយន្ត​នោះ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​ព្រហ្មទណ្ឌ​ ឯ​ម្ចាស់​រថយន្ត​ ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​សំណង​រដ្ឋប្បវេណី​។​ ដូច​ជា​ក្រុមហ៊ុន​អី​ជា​ដើម​ហ្នឹង​។

ឧទាហរណ៍​​ថា​ លោក​«​ខ​»​គា​ត់​បើក​រថយន្ត​បុក​គេ​ស្លាប់​ ហើយ​គាត់​គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​នគ​រ​បា​ល​ចរាចរ​ណ៍​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​។​ ពេល​ម្ចាស់​រថយន្ត​ដឹង​ ក៏​ទៅ​​ស្នើ​សុំ​យក​រថយន្ត​វិញ​សួ​រ​ថា ​តើ​ម្ចាស់​រថយន្ត​ជាប់​ពា​ក់​ព័ន្ធ​បទ​ល្មើស​នោះ​ដែរ​ទេ​?​

ក្នុង​ករណី​នេះ​ ម្ចាស់​រថយន្ត ​មាន​ករណី​កិច្ច​មួយ​ផ្នែក​ដែរ​ ក្នុ​ង​គ្រោះថ្នាក់​នេះ​ ក៏​ប៉ុន្តែ​ម្ចាស់​រថ​យន្ត​នោះ​ គ្មាន​កាតព្វកិច្ច​ទទួល​ទោស​ព្រហ្មទណ្ឌទេ​ គឺ​គាត់​ទទួល​មួយ​ផ្នែក​តែ​រឿង​សំណង​រដ្ឋប្បវេណី​ទេ​។​

ប៉ុន្តែ​យើងក៏​ត្រូវ​គួរ​​ចង​ចាំដែរ​រឿងគ្រោះ​ថ្នាក់​ចរាចរណ៍​ មិន​មែន​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ​ ព្រោះ​បទ​ល្មើស​ចរាចរណ៍​ជា​បទ​ល្មើស​ដែល​អំពើ​របស់​វា​ មិន​មែន​កើត​ឡើង​ដោយ​ចេតនា​ទេ​ គឺ​ដោយ​អចេតនា​។​

តែ​បើ​កំហុស​នោះ​រក​ឃើ​ញ​ថា​ ដោយ​មាន​ចេតនា​ទុច្ចរិត​ គឺ​មិន​មែន​ជា​រឿង​ទោស​ទណ្ឌទេ​ ប៉ុន្តែ​ក្នុង​ច្បាប់​ចរាចរណ៍​ស្រុក​យើង​ឥឡូវ​នេះ​ ចែង​ពី​ការ​ដាក់​ទោស​ទណ្ឌធ្ងន់​ៗ​ណាស់​ដែរ ​ព្រោះ​ដោយ​សារ​មាន​ការ​បើកបរ​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។​

ប៉ុន្តែ​អ្នក​បើក​បរ​បើ​ឃើញ​គេ​នៅពី​មុខ​ហើយ​ បើក​រថយន្ត​ទៅ​បុក​គេ​ទាំង​កំរោល​ នោះ​គឺមិ​ន​មែ​ន​ជា​អចេតនា​ទេ​ នោះ​គឺ​ជា​រឿង​ឬ​ទោស​ព្រហ្មទណ្ឌហើ​យ ​គឺ​យើង​មាន​ចេតនា​ បើក​រថយន្ត​ទៅ​ផ្តាច់​ជីវិត​គេ​។

​វា​អាស្រ័យ​ទៅ​លើស​កម្មភាព​នៃ​ការ​ប្រព្រឹត្ត​ដែរ​ ហើយ​មាន​អ្នក​ខ្លះ បើ​កបុក​គេ​ហើយ ​ថយ​ទៅ​កិន​ជនរងគ្រោះ​បន្ថែម​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍