កាលពី​សប្ដាហ៍​មុន​មិត្ត​អ្នកអាន​បាន​ស្វែងយល់​ខ្លះ​ហើយ​អំពី​ភាព​ខុសគ្នា​រវាង​អយ្យការ និង​ចៅក្រម​ក៏ដូចជា​សិទ្ធិ​នៃ​ការសម្រេច​នៅ​ក្នុង​សំណុំរឿង​នីមួយៗ​តាមរយៈ​ការបកស្រាយ​របស់​លោក​មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​​ ១៦R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ប៉ុន្តែ​នៅ​លេខ​នេះ​ភ្នំពេញ ប៉ុស្ដិ៍​សូម​លើក​យក​ចំណុច​បន្ដ​ទៀត​ពាក់ព័ន្ធ​នឹង​អយ្យការ​ និង​ចៅក្រម​ដែល​ជា​ភាគ​បញ្ចប់​ដូច​​តទៅ ៖

ហេតុអ្វី​បាន​ជា​មាន​ការ​បែងចែក​ឲ្យ​មាន​អយ្យការ និង​ចៅក្រម​?

ការបែងចែក​ដូច​នេះ​គឺ​ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​ដែល​មាន​អ្នកចោទ (​អយ្យការ ឬ​ព្រះរាជអាជ្ញា​) អ្នក​ការពារ (​មេធាវី​) និង​អ្នក​កាត់ក្តី (​ចៅក្រម​)​។ ដំបូង​គឺ​ព្រះរាជអាជ្ញា​ជា​អ្នកចោទ ឯ​មេធាវី​ជា​អ្នក​ការពារ​ឲ្យ​ជន​នោះ បន្ទាប់មក​ចៅក្រម​ជា​អ្នក​អង្កេត​មើល​ថា តើ​ទាំង​ ២ ​នាក់​នោះ​មួយ​ណា​សន្និដ្ឋាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាង បន្ទាប់មក​គឺ​ចៅក្រម​ជា​អ្នក​សម្រេច​។ ការបែងចែក​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​អំណាច​ប្រមូលផ្តុំ​តែ​ស្ថាប័ន​មួយ ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​មាន​ស្ថាប័ន​ចោទ ស្ថាប័ន​ការពារ និង​ស្ថាប័ន​ដែល​​កាត់ក្តី​។

ជាទូទៅ​នៅ​ពេល​បញ្ជូន​ជន​ណា​ម្នាក់​ទៅ​តុលាការ​គឺ​ត្រូវ​ឆ្លង​កាត់​អយ្យការ ឬ​ព្រះរាជអាជ្ញា​ជា​មុន​ហើយ​បាន​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​។ ហេតុអ្វី​បាន​ប្រើ​នីតិវិធី​នេះ​?

នៅពេល​នគរបាល​យុត្តិធម៌​បង្ក្រាប​បទល្មើស​ជាក់ស្តែង​លើ​ជន​ណាម្នាក់ ហើយ​នោះ​នគរបាល​យុត្តិធម៌​ធ្វើ​របាយការណ៍ និង​បញ្ជូន​ជន​នោះ​មក​តុលាការ​។

នៅពេល​បញ្ជូន​ជន​នោះ​មក​តុលាការ​គឺ​ត្រូវ​ឆ្លងកាត់​ព្រះរាជអាជ្ញា​ជា​មុន​សិន​ដែល​គាត់​ត្រូវ​ត្រួតពិនិត្យ​លើ​សំណុំ​រឿង​ថា​តើ​ជន​ម្នាក់​ដែល​គេ​ចាប់​មក​នោះ​​ត្រឹមត្រូវ​នឹង​ការ​ប្រព្រឹត្ត​នោះ​ឬ​អត់​?

បើ​លោក​ពិនិត្យ​សំណុំ​រឿង​ទៅ​ឃើញ​ថា​ត្រឹមត្រូវ​ហើយ​គឺ​ព្រះរាជអាជ្ញា គាត់​នឹង​ធ្វើ​បទ​ចោទប្រកាន់​ជន​នោះ​ឲ្យ​ត្រូវ​តាម​ច្បាប់ និង​ចំ​មាត្រា​ថា ជន​ម្នាក់​ដែល​គេ​ចាប់​មក​នោះ​ធ្វើ​ខុស​នឹង​ច្បាប់​ទៅ​តាម​មាត្រា​នីមួយៗ​។

បន្ទាប់មក​គេ​បញ្ជូន​ជន​នោះ​ទៅ​ចៅក្រម​ស៊ើប​បន្ត​ទៀត​ហើយ​បើ​ចៅក្រម ពិនិត្យ​ទៅ​លើ​សំណុំរឿង និង​ថ្លឹងថ្លែង​រវាង​របាយការណ៍​អ្នក​ចាប់ និង​រវាង​ជន​ត្រូវ​គេ​ចាប់​បើ​មើល​ទៅ​ឃើញ​ថា​គ្មាន​ខុស​គាត់​មាន​សិទ្ធិ វិនិច្ឆ័យ​សម្រេច​ដោះលែង​ជន​នោះ​វិញ​។ មិនមែន​អាង​ថា​ជា​នគរបាល​ ឬ​អាង​ថា​ជា​ព្រះរាជអាជ្ញា​ចេះ​តែ​ចោទ​គេ​បាន​ទេ​៕