កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយម្តងរួចមកហើយ ស្តីពីការអនុវត្តការងាររបស់មន្ត្រីសាធារណៈ ឬក៏មន្ត្រីអនុវត្តច្បាប់ខ្លះដែលមន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា ហាក់មិនបានស្តែងពីសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែបែរជាចាំមានបទបញ្ជាសិនដែលជាការលើកឡើងតាមរយៈបទសម្ភាសជាមួយលោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាហៅកាត់ថា (ANSA) ដោយលោកបានច្បិចយកហេតុមួយចំនួនដែលនាំឲ្យមានបញ្ហានេះកើតឡើង។
នៅពេលនេះ ភ្នំពេញ ប៉ុស្ដិ៍ សូមលើកយកភាគបញ្ចប់មកផ្សព្វផ្សាយដូចខាងក្រោម ៖
បើទោះជាមន្ត្រីបង្ហាញពីការអនុវត្តតាមបទបញ្ជាក្តី តែមតិទូទៅចាត់ទុកថាមិនមែនអនុវត្តតាមច្បាប់ទេ តែជាការអនុវត្តបទបញ្ជាដែលរូបភាពនេះគ្មានជំនឿពីពលរដ្ឋឡើយ។ ចំពោះលោកយល់បែបណាដែរ ?
បាទ ដោយសារពលរដ្ឋកម្ពុជា ដោយសារសាធាណជន អ្នកឃ្លាំមើលការអនុវត្តការងារសាធារណៈហ្នឹង ឃើញរឿងហ្នឹងមិនមែនជាលើកទី ១ តែវាក៏កើតច្រើនលើករួចមកហើយដែរ។
ខ្ញុំឧទាហរណ៍ថា សូម្បីតែបញ្ហាអនុវត្តរឿងការរៀបចំសណ្តាប់ធ្នាប់នៅជិតផ្ទះលោកនាយករដ្ឋមន្ត្រីហ្នឹងក៏ចាំតែនាយករដ្ឋមន្ត្រីប្រតិកម្ម ហើយអាជ្ញាធរអត់ខ្វល់។ អាហ្នឹង វាអាចមកពីកត្តាអំណាចរបស់អ្នកអនុវត្តច្បាប់ ហើយអ្នកដែលមានឥទ្ធិពលក្នុងការអន្តរាគមន៍ទៅលើបញ្ហាតាំងពីរឿងកំប៉ិកកំប៉ុកឡើងហ្នឹង ក៏វាកំពុងតែញាំញីក្នុងសង្គមខ្មែរដែរ។
អ៊ីចឹងទៅវាធ្វើឲ្យការអនុវត្តច្បាប់មានចំណុចខ្វះខាត ជាពិសេសអ្នកអនុវត្តច្បាប់ដែលជួនកាលជួបការលំបាក ហើយស្រួលមិនស្រួលហ្នឹង របូតបុណ្យស័ក្តិ របូតតំណែងបាត់អស់ដោយមិនដឹងខ្លួន ដោយសារតែការអនុវត្តច្បាប់។
យើងមើលឃើញនូវចំណុចខ្លះដែរដូចជា កន្លងមកមន្ត្រីប៉ូលិសអន្តោប្រវេសន៍ម្នាក់ដែលជេរប៉ូលិសចរាចរណ៍ហើយបង្ហោះវីដេអូឃ្លីបឃើញថា មានការដកតំណែងប៉ូលិសអន្តោប្រវេសន៍រយៈពេលខ្លី ហើយបន្ទាប់មកក៏ដាក់ចូលវិញ។
ការដកស្រួល ដាក់ស្រួលហ្នឹងក៏ដោយសារករណីនេះមានការលូកដៃពីនាយករដ្ឋមន្ត្រីដែរ។ អ៊ីចឹងរឿងខ្លះហាក់ដូចជា រឿងគំរូមួយធ្វើឲ្យអ្នកអនុវត្តច្បាប់បារម្ភដែរ ដូចជាកន្លងទៅនេះឃើញថា មានករណីប៉ូលិសស័ក្តិធំម្នាក់ទាត់មន្ត្រីប៉ូលិសហាត់ការម្នាក់ចំដើមទ្រូង ១ ជើងហើយក្រោយមកក៏ឃើញថាមានការអនុវត្តច្បាប់។ រឿងនេះវាមានទិដ្ឋភាពជ្រាលជ្រៅជាងអ្វីដែលមើលឃើញ។
ខ្ញុំនៅតែមើលឃើញអំពីភាពអសកម្មហើយតំណែងនៃការអនុវត្តច្បាប់នេះយើងដឹងស្រាប់ហើយជាពិសេសតំណែងប៉ូលិសទាហាន ប៉េអឹម នេះគឺជាតំណែងមួយដែលចាំតែមានបញ្ជាពីមេដែលខ្លះថា «សម្រាកប្រុងរង់ចាំបញ្ជាមេ» អាហ្នឹងជាផ្នែកមួយដែរ។
ឥឡូវថា កូនចៅសម្រាកប្រុងរង់ចាំបញ្ជា មេប៉ុន្តែបើមេនោះអសកម្ម តើគួរត្រូវបន្ទោសកូនចៅឬយ៉ាងណា? អ៊ីចឹងប្រសិនបើមេទី ១ អសកម្ម មេទី ២ អសកម្ម សួរថា តើនរណាត្រូវសកម្មនោះគឺនាយករដ្ឋមន្ត្រីនៅពេលលោកឃើញស្អីមិនស្រួល។ ដូចជារឿងអនុវត្តច្បាប់ចរាចរណ៍អីហ្នឹង គាត់ត្រូវលូកដៃលូកជើង អន្តរាគមន៍ ឬក៏ស្នើផ្តល់អនុសាសន៍អ៊ីចឹងទៅ។ អាហ្នឹងដោយសារតែស្ថាប័នជំនាញនោះអសកម្មដែលករណីនេះមកពីមន្ត្រីខ្លះ ធ្វើការនៅកន្លែងហ្នឹងវាយូរពេក។ តំណែងនេះមិនដឹងថា គាត់ឡើងបុណ្យស័ក្តិតាមរបៀបណា ឡើងដោយសែស្រឡាយ ឬដោយឥទ្ធិពលណាមួយ។ អ៊ីចឹងទៅធ្វើឲ្យការអនុវត្តការងាររបស់គាត់អាចជួបបញ្ហាដែរ។
ចំណុចនេះដំណោះស្រាយទាល់តែរកមេដឹកនាំមួយសកម្ម និងមានជំនាញដែលមានវត្តមានពេញលេញលើការបំពេញការងារ និងធ្វើដោយឯករាជ្យ។
ខ្ញុំធ្លាប់ឃើញបទពិសោធកន្លងមកមានអធិការនគរបាលម្នាក់នៅស្រុកត្រាំកក់ពេលឡើងទៅធ្វើការ បែរជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទខ្លះមិនពេញចិត្ត ហើយបន្ទាប់មកក៏ឃើញមានការដកបញ្ឈរជើងទៅ។
យើងត្រូវដឹងថា ការឡើងតំណែងដោយសែស្រឡាយ ដោយបក្ខពួកហ្នឹង ក៏វាជាឧបសគ្គមួយដែរជាពិសេសគឺដំឡើងតំណែងដល់មន្ត្រីមានចំណេះទាប អ៊ីចឹងក៏គេត្រូវពិនិត្យមើលដែរទៅលើនីតិវិធីនៃការផ្តល់តំណែង ឬបុណ្យស័ក្តិដោយត្រូវប្រយ័ត្នផងដែរ។ អាហ្នឹងក៏វាពាក់ព័ន្ធដូចជា មនុស្សហ្នឹងខូច មនុស្សហ្នឹងចោលម្សៀត ហើយចេះតែឡើងបុណ្យស័ក្តិឲ្យលុះពេលឲ្យទៅធ្វើអី ក៏ធ្វើមិនកើតដែលនិយាយទៅវាមិនសមជាអ្នកដឹកនាំ អាហ្នឹងក៏ជាឧបសគ្គមួយ ហើយប្រសិនបើគាត់ឡើងតំណែង ឡើងកៅអីដោយសារសូកប៉ាន់ ឬដោយសារខ្នងបង្អែកទៀតនោះ គាត់ខ្វល់តែរឿងខ្នងបង្អែក គាត់ខ្វល់តែរឿងរកលុយស្រង់ដើម ដោយគ្មានខ្វល់បម្រើពលរដ្ឋទេ។ អាហ្នឹងហើយជាចំណុចអសកម្មដ៏ធ្ងន់។
យើងចង់ឲ្យមានការកែលម្អតាមរយៈប្រព័ន្ធវាយតម្លៃក្នុងការផ្តល់មុខងារ ឬផ្តល់តួនាទី និងការដំឡើងឋានៈឲ្យមានសុក្រឹតភាព។ តំណែងខ្ពស់ តំណែងធំ ផ្តល់ឲ្យមនុស្សដែលមានសមត្ថភាព មានឆន្ទៈពេញលេញក្នុងការផ្តល់ប្រយោជន៍ដល់ពលរដ្ឋ។
ដើម្បីឲ្យការអនុវត្តកិច្ចការនេះមានប្រសិទ្ធភាព និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋនោះលោកគិតថា មន្ត្រីក្រោមឱវាទគួរធ្វើបែបណាទើបល្អ?
ឯករាជភាពរបស់មន្ត្រីគឺជារឿងដ៏សំខាន់។ ការឲ្យថ្នាក់ក្រោមពាក់ព័ន្ធនឹងនយោបាយដោយឲ្យចូលជាសមាជិកគណបក្ស ជាពិសេសក្នុងគណបក្សកាន់អំណាចជាចំណុចមួយដែលត្រូវពិចារណាដែរ។ បើគាត់ជាមន្ត្រីជំនាញគាត់កាន់តួនាទីត្រូវតែទុកឲ្យគាត់ធ្វើការងារដោយឯករាជ្យជាជាងឲ្យគាត់ពាក់ព័ន្ធក្នុងភាពជាសមាជិកគណបក្សជាពិសេសេគណបក្សកាន់អំណាចហ្នឹង។
យើងបានឃើញទាំងអស់គ្នាហើយថា គាត់មានតំណែងក្នុងបក្សផងក្នុងមុខងារសាធារណៈផង។ យើងបារម្ភថាឥទ្ធិពលនៃតំណែងក្នុងនយោបាយដែលមិនផ្តល់នូវឯករាជភាពពេញលេញដល់ការអនុវត្តច្បាប់ជូនប្រទេសជាតិគឺជារឿងមួយហើយ ឯរឿងមួយទៀតគឺការផ្តល់សិទ្ធិអំណាចឲ្យអ្នកអនុវត្តច្បាប់។
ការផ្តល់អំណាចនេះ បើអ្នកណាគេត្រឹមត្រូវចាំឲ្យ តែបើអ្នកស៊ុមគ្រលុំ មានចរិតខិលខូច ពុករលួយ ថ្នាក់ដឹកនាំគួរពិនិត្យមើលដែរ។ រឿងរៀបចំឲ្យមានការឡើងបុណ្យស័ក្ដិ ដោយសារការសូកប៉ាន់ ឬទិញដូរហ្នឹង គួរតែត្រូវកាត់បន្ថយហើយងាកមកគិតរឿងប្រឡងប្រណាំងដើម្បីការបានតំណែងវិញដែលយើងចង់ឲ្យមាន។
មិនមែនតែពេលនេះទេ ការគិតគូរអំពីឯករាជភាពរបស់មន្ត្រីជំនាញបច្ចេកទេសរវាងភាពជាសមាជិកក្នុងគណបក្សគួរតែញែកឲ្យដាច់ ហើយរឿងនេះគួរតែជាគំរូមួយសម្រាប់រយៈពេលយូរ។ ពិសេសឲ្យមានការគិតគូរពីអ្នកធ្វើគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកអនុម័តគោលនយោបាយត្រូវមើលឲ្យបានឆ្ងាយដើម្បីធ្វើយ៉ាងណាឲ្យគេហៅថា ការផ្តល់តួនាទី ការផ្តល់ភារកិច្ចទៅមានការអនុវត្តបានពេញលេញដោយមិនជំពាក់ជំពិនជាមួយនឹងឥទ្ធិពលគឺធ្វើម៉េចកុំឲ្យមន្ត្រីមានឥទ្ធិពលក្នុងជំនួញ។
ឧទាហរណ៍ថា បើគាត់ជាមេប៉ូលិស ជាមេទាហានគាត់មានតំណែងជាន់ខ្ពស់ឲ្យឥទ្ធិពលរបស់គាត់នៅឲ្យឆ្ងាយពីកិច្ចការជំនួញ ឬកិច្ចការអីផ្សេងៗដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ដើម្បីជួយដល់មន្ត្រីជំនាញកុំឲ្យពួកគេទើសទាល់ក្នុងការបំពេញការងារដោយគោរពច្បាប់ឲ្យបានល្អប្រសើរ។
ខ្ញុំវិលមកវិញ រឿងមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធ ឬក៏មន្ត្រីរាជការសាធារណៈ គាត់មានទំនាក់ទំនងជិតស្និទ្ធ ឬក៏ឥទ្ធិពលក្នុងជំនួញ បើគាត់មិនជាទីប្រឹក្សារដ្ឋាភិបាល គាត់ជាសាស្ត្រាចារ្យ គាត់ជាអ្នកជំនាញឯករាជ្យ គាត់អាចធ្វើកិច្ចការរបស់គាត់ ប៉ុន្តែគាត់មិនអាចជាថៅកែក្រុមហ៊ុនដឹកជញ្ជូនមួយបានទេ។
យើងសួរថា ចុះបើមន្ត្រីជំនាញចុះអនុវត្តច្បាប់ហើយអ្នកនោះជាម្ចាស់ក្រុមហ៊ុន ឬជាទីប្រឹក្សារាជរដ្ឋាភិបាល ខ្ញុំសួរថាតើការបង្ក្រាបការដឹកជញ្ជូនទំនិញឲ្យត្រូវតាមទម្ងន់ដែលរដ្ឋបានកំណត់នោះគឺមានប្រសិទ្ធភាពដែរទេ? វានៅតែមានសំណួរមួយសួរថា ប្រសិទ្ធភាពនៃការអនុវត្តការងារហ្នឹង ចំពោះមន្ត្រីអនុវត្តច្បាប់មានការបារម្ភហើយគាត់ធ្វើទាំងភ័យទាំងព្រួយ។ អ៊ីចឹងចំណុចនេះហើយដែលយើងមើលឃើញថាការគិតគូរវែងឆ្ងាយត្រូវតែញែកឲ្យដាច់ពីការពាក់ព័ន្ធរវាងកិច្ចការសាធារណៈ និងវិស័យធុរកិច្ចបានន័យថា ក្រុមអ្នករកស៊ីជំនួញកុំឲ្យវិស័យធូរកិច្ចនោះ មានឥទ្ធិពលលើការអនុវត្តកិច្ចការសាធារណៈ។ យើងចង់ឃើញការកាត់បន្ថយនូវឥទ្ធិពលក្នុងការអនុវត្តច្បាប់ ហើយបញ្ហានេះសព្វថ្ងៃនៅតែកើតមានដដែលគឺខ្លាចអនុវត្តទៅប៉ះគ្នាឯង ឬប៉ះគ្នាគេ៕