ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​សាធារណៈ​ ឬ​ក៏​មន្ត្រី​អនុវត្ត​ច្បាប់​ខ្លះ​ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ហាក់​មិន​ស្តែង​ពី​អំណាច​ដែល​​ជា​សមត្ថកិច្ច​របស់​ខ្លួន​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​មួយ​ធ្វើ​ទៅ​តាម​បញ្ជា​ទៅវិញ​។

ជុំវិញ​បញ្ហា​​នេះ​លោក​ សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ហៅ​កាត់​ថា​ (ANSA) ​បាន​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ដែល​មាន​​ខ្លឹមសារ​ដូច​ខាងក្រោម​៖

មាន​ការ​យល់​ឃើញ​ថា​សកម្មភាព​ ឬ​រូបភាព​ដែល​បង្ហាញ​ពី​ទង្វើ​ខុស​ឆ្គង​ក្នុង​សង្គម​ហាក់​កើត​មាន​ជាយូរ​មក​ហើយ ហើយ​ទង្វើ​ ឬ​សកម្មភាព​នោះ​បាន​ក្លាយ​ជា​ទម្លាប់​អាក្រក់​ទៀត​ផង​។ ប៉ុន្តែ​ហាក់​មិន​សូវ​មាន​​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ទៅ​តាម​​មុខងារ​ ឬ​តួនាទី​ឡើយ​។ ប៉ុន្តែ​នៅ​ពេល​នាយក​រដ្ឋមន្ត្រី ឬ​​ថ្នាក់​លើ​លើក​ពី​បញ្ហា​នោះ ទើប​ថ្នាក់​ក្រោម​នាំ​គ្នា​ដុតដៃ​ដុតជើង​​សកម្ម​ការងារ​។ ​តើ​បញ្ហា​ទាំង​នេះ​លោក​យល់​បែប​ណា​ដែរ​?

ក្នុង​ទិដ្ឋភាព​នេះ ខ្ញុំ​ចាប់ផ្តើម​មើល​ឃើញ​ថា មនុស្ស​ដែល​មាន​តំណែង​ក្នុង​រដ្ឋាភិបាល​ក៏​​ដូចជា​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន គេ​យល់​ថា​ឲ្យ​តែ​ជា​មន្ត្រី​សុទ្ធ​តែ​មាន​ខ្នង​បង្អែក ឬ​មួយ​ក៏​អ្នក​រកស៊ី​។

នៅ​ប្រទេស​យើង​មិន​បាន​បែងចែក​ឲ្យ​ដាច់ ដោយ​​អ្នក​រកស៊ី​ដឹង​តែ​អ្នក​រកស៊ី​ទេ តែ​អ្នក​ខ្លះ​មាន​ខ្នង​បង្អែក​ហើយ​បើ​មាន​ធនធាន​បន្តិច​ទៅ​ក៏​ចាប់ផ្តើម​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល អ៊ីចឹង​ទៅ​ពួកគេ​មិន​ត្រឹម​តែ​ធ្វើ​ការងារ​បម្រើ​រាជការ​សាធារណៈ​ទេ តែ​ពួកគេ​បាន​រកស៊ី​មុខរបរ​ខាង​ក្រៅ​ទៀត​។ ​

នៅ​ពេល​ពួកគេ​ចេញ​ទៅ​រកស៊ី​ហ្នឹង​ហើយ​មុខរបរ​រកស៊ី​របស់​គាត់​នោះ​វា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ដែរ​។ ​ខ្ញុំ​ឧទាហរណ៍​ថា គេ​ទៅ​បើក​ក្រុមហ៊ុន​ដែល​ពេល​នោះ​គេ​អាច​រកស៊ី​ខុសច្បាប់​ខ្លះ ត្រូវ​ច្បាប់​ខ្លះ អ៊ីចឹង​ទៅ​។

អ៊ីចឹង​នៅ​ពេល​មាន​ការ​បង្ក្រាប​ទៅ​ធ្វើឲ្យ​ប៉ះ​ចំ​ខ្សែ​អ្នក​នេះ​ខ្សែ​អ្នក​នោះ​។ ករណី​នេះ ប្រសិន​បើ​ការបង្ក្រាប​នោះ​មិន​មាន​ខ្នង​បង្អែក​មិន​ជា​បញ្ហា​ទេ តែ​បើ​ប៉ះ​ចំ​អ្នក​មាន​ខ្នង​បង្អែក​ធ្វើឲ្យ​មន្ត្រី​ដែល​ទៅ​អនុវត្ត​ច្បាប់​ហ្នឹង​គាត់​ចេះ​តែ​បារម្ភ​ខ្លាច​ថា ប៉ះ​អ្នក​នេះ​ប៉ះ​អ្នក​នោះ ធ្វើឲ្យ​រង្គោះរង្គើ​ដល់​កៅអី​ ឬ​បុណ្យស័ក្តិ​របស់​ខ្លួន​។ ​អ៊ីចឹង​វា​ជាដើម​ចម​មួយ​ធ្វើឲ្យ​អ្នក​ដែល​ចុះ​អនុវត្ត​ច្បាប់​ហ្នឹង​តែងតែ​ជួប​ការ​លំបាក​ជាមួយ​ក្រុម​មនុស្ស​ដែល​មាន​លុយកាក់​មាន​ធនធាន​។

ទាំង​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ការ​អនុវត្ត​ច្បាប់​ខ្លះ​ហ្នឹង​ត្រូវ​រង់ចាំ​តែ​បញ្ជា​ពី​ថ្នាក់​លើ​ជាពិសេស​ក្រៅតែ​ពី​ការ​អនុវត្ត​ច្បាប់​ដូចជា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មន្ត្រី​អនុវត្ត​ទៅ​តាម​ពេលវេលា​ទៅ​តាម​ផែនការ​ប្រចាំថ្ងៃ​របស់​ខ្លួន​។

ឧទាហរណ៍​ថា បើ​អ្នក​ជិះ​ម៉ូតូ​អត់​មួក​សុវត្ថិភាព​មាន​អាយកូម​មាន​ឯកសណ្ឋាន​ជា​ប៉ូលិស​​ជា​យោធា ជា​ប៉េអឹម មាន​ការ​បង្ក្រាប​ដែរ តែ​គ្រាន់​មិន​ផាកពិន័យ​។ ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​មើល​ឃើញ​ថា​ជា​រឿង​មួយ​ដែល​មាន​បក្ខពួក​ជ្រាលជ្រៅ​ពេក​ដែល​ធ្វើឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​បញ្ហា ហើយ​ចេះ​តែ​ខ្លាច​ទើស ខ្លាច​អនុវត្ត​ទៅ​ប៉ះ​គ្នា​ឯង​។

បើ​គ្នាឯង​ចេះ​តែ​ខ្លាច​ប៉ះ​ហើយ តែ​បើ​គ្នា​គេ​វិញ​មិន​ខ្លាច​ទេ គឺ​បណ្តោយ​ឲ្យ​ទៅ​តាម​ច្បាប់​។

ការ​អនុវត្ត​ដែល​ចាំ​តែ​ទទួល​បញ្ជា​ពី​ថ្នាក់ដឹកនាំ​បែប​នេះ​ត្រូវ​បាន​មតិសាធារណៈ​ចាត់ទុក​ថា​ជា​ការ​អនុវត្ត​មួយ​តម្រូវ​តាម​ចិត្ត​មេ តែ​គ្មាន​ការ​ទទួល​ខុសត្រូវ​។ ​តើ​លោក​យល់​បែប​នេះ​ដែរ​ទេ​? ​ហេតុអ្វី​ពី​មុន​មក​គេ​មិន​ធ្វើ​?

តាមពិត​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​ពិសេស​គឺ​ស្ថាប័ន​អនុវត្ត​ច្បាប់ ខ្ញុំ​ឧទាហរណ៍​ថា មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ឬ​ស្ថាប័ន​ប៉ូលិស​ក៏​ដូច​ស្ថាប័ន​ជំនាញ​។ ​ពួកគេ​មាន​កិច្ចការ​ជាច្រើន​ជាក់ស្តែង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ​

ទិសដៅ​ចម្បង​ទី​ ១ គឺ​ការ​ទប់ស្កាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​ហើយ​ការ​អនុវត្ត​ការងារ​កន្លង​មក​មាន​ការ​ទប់ស្កាត់​ការ​ដឹក​​លើស​ទម្ងន់ បញ្ហា​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​។ ប៉ុន្តែ​យើង​មើល​ទៅ​ទំហំ​នៃ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​នោះ​វា​ធំដុំ វា​ច្រើន​អនេក​ពេក​ហើយ​ក្នុង​នោះ​ដែរ​ក៏​វា​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​រកស៊ី​មួយ​ចំនួន​ដែល​មាន​រថយន្ត​តទ្រុង​នោះ​ដែរ​។ ​អ៊ីចឹង​ទៅ​ចំណុច​ខ្លះ​ក៏​បង្ក្រាប​បាន ចំណុច​ខ្លះ​ក៏​បង្ក្រាប​មិន​បាន​គឺ​គ្មាន​ទៅ​ណា​ឆ្ងាយ​ពី​រឿង​ខ្នង​បង្អែក​ប្រើប្រាស់​ឥទ្ធិពល​កាង​មុខរបរ​រកស៊ី​ពី​វិស័យ​ឯកជន​នោះ​ទេ​។ ​បាន​ន័យ​ថា​អ្នក​ដែល​មាន​បុណ្យស័ក្តិ អ្នក​ដែល​មាន​អំណាច អ្នក​ដែល​មាន​ខ្នងបង្អែក តែងតែ​រកស៊ី​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ នេះ​ជា​រឿង​មួយ​។

នេះ​គ្រាន់តែ​យើង​មើល​មួយ​ជ្រុង​ទៅ​លើ​រឿង​រថយន្ត​ដឹក​លើស​ទម្ងន់​ហ្នឹង​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដោយ​យើង​មិន​ទាន់​បាន​មើល​ឲ្យ​ស៊ីជម្រៅ​ទៅ​នឹង​ការ​រកស៊ី​ដឹកឈើ​រកស៊ី​ដែល​ជា​មុខរបរ​មួយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង្ក្រាប​ផង​។ ​

នៅ​ពេល​ដែល​យើង​មើល​ទៅ​លើ​ការ​រកស៊ី​ដឹកឈើ ហើយ​ដល់​កាសែត​ចុះផ្សាយ​ខាង​គ្រប់គ្រង​ព្រៃឈើ​ធនធាន​ធម្មជាតិ​អីហ្នឹង ទាល់​តែ​មាន​កាសែត​ចុះផ្សាយ ​ហើយ​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ទើប​នាំ​គ្នា​ផ្អើល​ឈូឆរ​គ្រប់​គ្នា​។ ​

ទី​ ១ ​គឺ​ការ​បង្ក្រាប​ហ្នឹង​មាន​ធនធាន​មិន​គ្រប់គ្រាន់​បាន​ន័យ​ថា មធ្យោបាយ​ជា​លុយកាក់​សម្រាប់​ការ​ចុះ​អនុវត្ត​​ហើយ​និង​ការប្រើប្រាស់​មធ្យោបាយ​សម្រាប់​បេសកកម្ម​ក៏​នៅ​​តែ​មាន​ភាព​អសកម្ម​នេះ​កើតឡើង​។

ទី​ ២ គឺ​ផ្តល់​មធ្យោបាយ​ហើយ ហើយ​ក៏​ផ្តល់​នូវ​អំណាច​គ្រប់គ្រាន់​គឺថា​ចុះ​បង្ក្រាប​ហើយ​​ក៏​ប៉ះ​ខ្សែ​អ្នក​នេះ​ខ្សែ​អ្នក​នោះ​។ អ៊ីចឹង​ទៅ​រឿង​ខ្លះ​មាន​ការ​បង្ក្រាប​​ខ្លះ នៅ​សល់​ខ្លះ ហើយ​រឿង​ខ្លះ​ប្រសិន​បើ​គេ​ដឹង​ច្បាស់​ថា ខ្សែ​អំណាច​នោះ​ជា​នរណា​ហើយ​គេ​នឹង​អាច​គិត​បារម្ភ​ពី​ការ​ប៉ះពាល់​ទៅ​ដល់​តំណែង ប៉ះពាល់​អ្វី​ដែល​គេ​មាន​បច្ចុប្បន្ន​។ ​អ៊ីចឹង​ជា​ដំណោះស្រាយ​គឺ​ទាល់​តែ​រដ្ឋាភិបាល​ត្រូវ​គិត​ពី​រឿង​ទំនាស់​ផលប្រយោជន៍​។ ​បាន​ន័យ​ថា ​បើ​មន្ត្រី​រដ្ឋាភិបាល​ហើយ​ទៅ​រក​ស៊ី​មុខរបរ​ដូចជា​ធ្វើ​ក្រុមហ៊ុន​រកស៊ី​អ្វីមួយ​ហ្នឹង​ត្រូវ​តែ​គិត​ផង​ដែរ​កុំ​ឲ្យ​ក្រុមហ៊ុន​នោះ​ធំ​ពេក​។ ​

មួយ​ទៀត​ក៏​ត្រូវ​គិត​ផង​ដែរ​ថា​​កុំ​ឲ្យ​មាន​ក្រុមហ៊ុន បើ​អ្នក​ហ្នឹង​ជា​ឧកញ៉ា​ជា​ថៅកែ​ក្រុមហ៊ុន​ហើយ មិន​ចាំបាច់​ឲ្យ​គាត់​មាន​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល តំណែង​ធំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល តំណាង​មុខងារ​សាធារណៈ​ក្តី តំណែង​នយោបាយ​ក្តី អាហ្នឹង​គួរ​តែ​គិត​​ដែរ​។ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​អ្នក​ហ្នឹង​​រំលោភ​អំណាច​។ ​

សូម្បីតែ​រឿង​​បើកឡាន​ប៉ះគ្នា​ក៏​ទូរស័ព្ទ​ឆ្វាត់ឆ្វែង​រក​អន្តរាគមន៍​ធ្វើឲ្យ​ពលរដ្ឋ​ពេល​ខ្លះ​ហ្នឹង ក៏​វង្វេងវង្វាន់​​ដែរ​។ ​នេះ​ហើយ​ជា ​ការ​ប្រើ​អំណាច​ដែល​គ្រាន់​តែ​ជា​រឿង​ចរាចរណ៍​មួយ​ក៏​ប្រើ​អំណាច​ការពារ​​បក្ខពួក​ដែល​ពេល​ខ្លះ គេ​ហៅថា​មើល​ទៅ​គេ​ឃើញ​ទម្រង់​អាក្រក់​កាន់​តែ​អាក្រក់​មើល​ទៅៗ​។ អ៊ីចឹង​គេ​ហៅថា ​ការ​អនុវត្ត​ច្បាប់​មួយ​កុំ​ឲ្យ​មាន​ឱកាស​រំលោភ​​អំណាច​នៅក្នុង​ការប្រើប្រាស់​អំណាច​ដែល​ជះឥទ្ធិពល​ទៅ​ដល់​កំហុស ទៅ​ដល់​ទង្វើ​នៃ​ការ​ដឹកនាំ​នៅក្នុង​សង្គម​៕