ភ្នំពេញៈ អ្នកដំណើរ ​២​ នាក់​ កំពុង​ឈប់​មើល​ការដាក់​តាំងពិព័រណ៍​ប​ន្លែ​ផ្លែឈើ​ស្រស់ៗ និង​ផលិតផល​កសិកម្ម​កែច្នៃ​ផ្សេងៗ ក្រោម​ឆត្រ​ពណ៌​បៃតង តម្រៀប​ជា​ជួរ នៅ​បរិវេណ​លើ​ចិញ្ចើមផ្លូវ​ប្រប​របង​ខាងមុខ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចាប់​​អារម្មណ៍​ចូល​ដើរ​មើល និង​ចោម​រោម​ទិញ​បន្លែ​ផ្លែឈើ​ធម្មជាតិ និង​ផលិតផល​កែច្នៃ​កសិកម្ម​ទាំង​នោះ​យកទៅ​ធ្វើ​ម្ហូប ឬក៏​ធ្វើជា​កាដូ​ជូន​អ្នកជា​ទីស្រឡាញ់​នៅក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តីស្រឡាញ់​កាល​ពីថ្ងៃ​ទី​ ១៤ ​កុម្ភៈ ឆ្នាំ​ ២០២៤​។

ការ​ទិញ​បន្លែ​សុវត្ថិភាព ដែលមាន​ការ​វេច​ខ្ចប់​តាក់តែង​យ៉ាង​ស្អាត ដោយ​ចង​ជា​បាច់​បន្លែ​ចម្រុះ​ពណ៌ មាន​សោភណភាព​ទាក់ទាញ យកទៅ​ជូន​អ្នកជា​ទីស្រឡាញ់ ជា​បទពិសោធន៍​ថ្មី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​បណ្តុះ​ស្មារតី​គាំទ្រ​ផលិតផល​ជាតិ ជំនួស​ឱ្យ​ការទិញ​កាដូ​ផ្កា ដែល​ប្រើ​ជា​ប្រយោជន៍​មិនបាន​ច្រើន ហើយ​ទីបំផុត​មានតែ​ការបោះ​ចោល ដោយសារ​ការ​ស្វិត​ស្រពោន​ក្រៀម​ខូច​។ 

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៤ ខែកុម្ភៈ ក្រសួងកសិកម្ម​បាន​អនុ​​ញ្ញាត​ឱ្យមាន​ការរៀបចំ​ដាក់តាំង និង​លក់​ផលិតផល​បន្លែ​សរីរាង្គ អាហារ​សុវត្ថិភាព និង​ផលិតផល​កសិកម្ម​កែច្នៃ​ផ្សេងៗ ដើម្បី​ធ្វើជា​កាដូ​ផ្តល់ជូន​សេចក្តីស្រឡាញ់ ផ្នែក​សុខភាព​តាមរយៈ​ការគិតគូ​រលើ​សុវត្ថិភាព​ចំណីអាហារ​។​

​នៅពេល​ព្រឹក​ថ្ងៃ​តាំងពិព័រណ៍​នោះ អាជីវករ​មកពី​ក្រុមហ៊ុន កសិដ្ឋាន និង​សហគមន៍​កសិកម្ម​សរុប ចំនួន​ ១៩ បាន​ម្នីម្នា​មក​រៀបចំ​ដាក់តាំង​បង្ហាញ​ផលិត​ផល​សរីរាង្គ និង​ផលិតផល​កែ​ច្នៃ​កសិកម្ម​ផ្សេងៗ​របស់​ពួកគេ ក្នុងនោះ​មានការ​ធ្វើ​ភួង​បន្លែ​ផ្លែ​ឈើ ដាក់​លាយ​ជាមួយ​ផ្កា​កុលាប​ខ្លះៗ​ផង ប្រកបដោយ​ភាព​ច្នៃ​​ប្រឌិត និង​ទាក់ទាញ​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​។  

​កំពុង​ដើររក​មើល​ទិញ​បន្លែ​សុវត្ថិ​ភាពស្រស់ៗ​ដែល​ត្រូវ​បានរៀបចំ​ជា​កាដូ អ្នក​ស្រីរិន រចនា អាយុ​ ៣៤ ​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បានឱ្យដឹងថា ការទិញ​បន្លែ​សុវត្ថិភាព​យកទៅ​ធ្វើ​ម្ហូប នាំឱ្យ​មានការ​ទទួលទាន​ប្រកបដោយ​ទំនុកចិត្ត​មិន​ខ្លាច​មាន​ថ្នាំ​គីមី​ពុល ដែល​អាច​នាំមក​នូវ​ផលប៉ះពាល់​ដល់​សុខភាព​។

និយាយ​ពី​ការបង្ហាញ​ក្តី​ស្រឡាញ់ ស្ត្រី​រូបនេះ​លើកឡើងថា ការទិញ​ភួង​បន្លែ​ចម្រុះ​ពណ៌ ជូន​អ្នកជា​ទីស្រឡាញ់ ជា​រឿង​ល្អ និង​មាន​ប្រយោជន៍​ជាង​ការទិញ​ផ្កា​ដើម្បី​បញ្ជាក់​ពី​ការស្រឡាញ់​។ ផ្កា​ស្អាត​តែ​រយៈ​​ពេល​ខ្លី​ប៉ុណ្ណោះ មិនយូរ​វា​នឹង​ស្រពោន​ស្វិត​ខូច​ប៉ុន្តែ​បន្លែ​គេ​អាច​យកទៅ​ធ្វើ​ម្ហូប​ផ្សេងៗ សម្រាប់​ទទួលទាន​ជុំគ្នា បង្កើតបាន​បរិយាកាស​រីករាយ​ថែមទៀត​។​

​អ្នកស្រី​និយាយថា​៖ «​ទិញ​ផ្កា​អស់​លុយ​មួ​យគ​គោក​ហើយ​ស្វិត​បោះចោល តែបើ​ទិញ​បន្លែ​យើង​ចំណាយលុយ​មែន តែ​យើង​បាន​ផលប្រយោជន៍​មកវិញ​គឺ​បានញុាំ ហើយ​សុខ​ភាពល្អ​ទៀត ព្រោះ​អី​បន្លែ​ខ្មែរ​យើង​ធម្មជាតិ​ពិតៗ​»​។

​កំពុង​ដើរ​សម្លឹង​រកមើល​មុខ​បន្លែ​ដើម្បី​ទិញយក​ទៅធ្វើ​ម្ហូប អ្នកស្រី កែវ ណាវី អាយុ​ ៦៥ ​ឆ្នាំ ជា​ពលរដ្ឋ​នៅ​សង្កាត់​ទន្លេបាសាក់ ដែរ​នោះបាន​និយាយថា​៖ «​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​រាល់​ឆ្នាំ​យើង​ចេះតែ​ទិញ​កាដូ​ជា​ផ្កា​ជូន​សង្សារ ជូន​ម៉ាក់​ប៉ា អ៊ីចឹង​វា​ខាតបង់​អត់​ប្រយោជន៍ ដោយសារ​ផ្កា​អត់​មាន​យកទៅ​ញាំ យកទៅ​ប្រើប្រាស់​អី​បានទេ​។ អ៊ីចឹង​ពេល​មានការ​តាំងពិព័រណ៍​បែបនេះ ខ្ញុំ​មានការ​​សប្បាយរីករាយ ឮ​ភ្លាម​ខ្ញុំ​មក​ចូលរួម​ភ្លាម ដើម្បី​ជួយ​ទិញ​ផលិត​ផល​ខ្មែរ​យើង​»​។ 

​ស្ត្រី​ជា​អ្នកភូមិ​ ១៦ សង្កាត់​ទន្លេបាសាក់​រូបនេះ បានបង្ហាញ​ក្តី​រីករាយ​នៅពេល​ឃើញ​ភាព​រីកចម្រើន​នៃ​ការដាំដុះ​ដំណាំ​កសិកម្ម​របស់​ជនរួមជាតិ ដែល​ផលិត​បាន​បន្លែ​សុវត្ថិភាព​មាន​ស្តង់ដា​ខ្ពស់ ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​ក្នុងស្រុក​កាន់តែ​ប្រសើរ ដែលមាន​អំណោយផល​ល្អ​សម្រាប់​សុ​ខុ​មាល​ភាព​ប្រជាជន​។

​ជាមួយគ្នា​នោះ​អ្នកស្រី​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​​អស់​ឱ្យ​ចូលរួម​ជួយ​ទិញ​បន្លែ​ធម្ម​​ជាតិ ដែល​ដាំ​ដោយ​ដៃ​កូន​ខ្មែរ ព្រមទាំង​ផ្តាំផ្ញើ​ដល់​យុវវ័យ ដែល​ចូលចិត្ត​ទិញ​កាដូ​ផ្សេងៗ អាច​ប្តូរ​មកជា​ការទិញ​កាដូ​បន្លែ​សុវត្ថិភាព​ជូន​មនុស្ស​ជាទី​ស្រឡាញ់​វិញ​។​

​អ្នកស្រី​និយាយថា​៖ «​នេះ​គឺជា​ផលប្រយោជន៍​របស់​ខ្មែរ​យើង បើ​យើង​ប្រឹង​ធ្វើ​ទាំងអស់គ្នា គឺ​យើង​មិនបាច់​នាំ​បន្លែ​ពី​ស្រុក​ក្រៅ​មក​ទេ ព្រោះ​បន្លែ​ពី​ស្រុក​ក្រៅ​គេ​ប្រើ​ថ្នាំ​គីមី​ច្រើន ហើយ​យើង​ញុាំទៅ​អត់​ទុកចិត្ត​ទេ​»​។

​បុរស​វ័យ​ ៥៧​ ឆ្នាំ ឈ្មោះ ហេង ប៊ុ​ន្នី ក្នុង​សម្លៀកបំពាក់​ខោ​ខ្មៅ​អាវ​ពណ៌​ផ្ទៃមេឃ ជា​មន្ត្រី​ក្រសួងកសិកម្ម បាន​ទិញ​ទំនិញ​មួយចំនួន​ដែល​ធ្វើ​ដោយ​សាលា​កសិកម្ម​ចំការ​ដូង​មាន​ដើម​ផ្កា ១​ កន្ត្រក និង​កន្ទុយ​ហេះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ព្រមទាំង​ផលិតផល​កៃ​ច្នៃ​ក​សិ​-​ឧស្សាហកម្ម រួមមាន​ស្រា​ព្រីង​ ១ ​ដប គ្រាប់ស្វាយចន្ទី ចេកឆាប​ដាក់​ប​ញ្ជូ​ល​គ្នា​ ១ ​កន្ត្រក​ទៀតផង​ដែរ​យ​ក​ទុក​ជូន​គ្រួសារ​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​។

​លោក​ប្រធាន​នាយកដ្ឋាន​បុគ្គ​​លិ​ក និង​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួងកសិកម្ម​រូបនេះ យល់ឃើញថា ការដាក់​តាំង និង​លក់​ផលិតផល​បន្ថែ​ធម្មជាតិ​ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ ជាស​កម្ម​ភាពល្អ​មួយ​ក្នុងការ​ពញ្ញាក់​ស្មារតី​កូន​​ខ្មែរ​ជាពិសេស​យុវជន​ជំនាន់​ក្រោយ ឱ្យ​ផ្លាស់ប្តូរ​ការគិត ថា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ មិនមែន​មានតែ​ការទិញ​ផ្កា​ជូន​ក្រុមគ្រួសារ ឬ​គូ​​សង្សារ​នោះទេ ការទិញ​កាដូ​ជា​បន្លែ​សុវត្ថិភាព កាន់តែ​ល្អ​ជាង​ការទិញ​ផ្កា​បង្ហាញ​ក្តី​ស្រឡាញ់​រវាង​គ្នា និង​គ្នា​។ 

​លោក​និយាយថា​៖ «​យើង​ជំរុញ​ផលិតផល​កសិកម្ម​នេះ​ឱ្យ​កាន់តែ​មានគុណ​ភាព សុវត្ថិភាព ហើយ​ធ្វើ​ម៉េច​ឱ្យ​ទាក់ទាញ​អ្នកប្រើប្រាស់​ថា វា​ល្អ​ជាង​ផ្កា​។ បើ​គិត​ទៅ​វា​ជា​អាហារ​ផង និង​ជា​កាដូ​ដ៏​មានន័យ​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ផង​»​។​

​កំពុង​រៀបចំ​បន្លែស្រស់ៗ ដាក់តាំង​លើ​តុ​ទ្រវែង​មាន​កម្រាល​ពណ៍​បៃតង អ្នកស្រី សយ សុ​ម៉ាលី អាយុ ​៤៥ ​ឆ្នាំ​ម្ចាស់​ផ្សា​រស​ហគ​មន៍​ខ្មែរ​ដែល​ប្រមូល​ទិញ​បន្លែ ផ្លែ​ឈើ​សុវត្ថិភាព និង​សរីរាង្គ​គ្រប់​ប្រភេទ​ពី​ប្រជាកសិករ និង​ប្រជា​សហគមន៍​នៅតាម​តំបន់ ដាច់​​ស្រយាល មក​លក់​នៅ​រាជធានី​ភ្នំពេញ​និយាយថា​៖ «​ការដាក់​តាំង​លក់​នេះ ខ្ញុំ​គិតថា​ល្អ ទី១ អាចជួយ​ផ្សព្វផ្សាយ​ពី​បន្លែ​កសិផល​របស់​កសិករ​ដែល​គាត់​នៅ​តំបន់​ដាច់ស្រយាល ទី ​២ ពេល​ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង​គាត់​មក​ឃើញ​អ៊ីចឹង គាត់​ស្គាល់​កាន់តែច្រើន​ធ្វើឱ្យ​កសិផល​របស់​កសិករ​អាចមាន​ទីផ្សារ​ល្អ​ដែរ​»​។​

​អ្នកស្រី​កត់​សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​ដែល​ចូល​ទិញ​បន្លែ​ក្នុងការ​ដាក់តាំង​ពិព័រណ៍​នេះ ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​គ្មាន​ការព្រួយបារម្ភ​ចំពោះ​ការប៉ះពាល់​សុខភាព​នោះទេ​។ មួយវិញទៀត អ្នកចូលរួម​ទិញ​មានការ​ចាប់អារម្មណ៍​លើ​ការ​​តុបតែង បន្លែ​ចម្រុះ​ធ្វើជា​បាច់ផ្កា​។  

​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ចាប់​​អារម្មណ៍​លើ​ពពួក​បន្លែ​ដែល​យើង​ច្នៃ​ធ្វើជា​បាច់ផ្កា​អ៊ីចឹងទៅ​គាត់​គិតថា ទិញ​អាហ្នឹង​វា​បានល្អ​ជាង​គាត់​ទិញ​ផ្កា គាត់​អាច​យកទៅ​ផ្ញើ​អ្នកផ្ទះ ឬ​ជូន​មិត្តភក្តិ​អី​មើលទៅ​វា​ល្អ​ជាង​ផ្កា​»​។​

​ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ឈុត​ពណ៌​ខ្មៅ​ដៃខ្លី ជាមួយនឹង​សកម្ម​​ភាព​លើក​បាច់​បន្លែ​ដ៏​ស្រស់ស្អាត​ដាក់តាំង​លើ​តុ អ្នកស្រី សយ សុ​ម៉ាលី ឱ្យដឹងថា ការគាំទ្រ​បន្លែ​កសិផល របស់​ប្រជាកសិករ​ប្រសើរ​ជាង​ការទិញ​ផលិតផល​កសិកម្ម​នាំចូល ព្រោះ​បន្លែ​សុវត្ថិភាព​សរី​រា​ង្គ​នេះ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​ទទួលបាន​ប្រាក់ចំណូល​ផង និង ឈប់​ធ្វើការ​ចំណាកស្រុក​ផង​។  

​កំពុង​រៀបចំ​ឱ្យ​អ្នកចូលរួម​ទស្សនា​ធ្វើតេស្ត​រសជាតិ​គីម​ឈី នៅ​តុ​តាំងពិព័រណ៍​របស់ខ្លួន លោក ម៉េង សុង​ហោរ ជា​ម្ចាស់​ហាង​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ ដែល​យក​បន្លែ​ផ្លែឈើ​សរីរាង្គ និង​អាហារ​សុវត្ថិភាព​ជាច្រើន​មក​ចូលរួម​ដាក់តាំង​លក់​ផង​នោះ​ឱ្យដឹងថា ការលើកទឹកចិត្ត និង​ការបង្កើតឱ្យមាន​កម្មវិធី​ពិព័រណ៍​ជាច្រើន​បែបនេះ គឺជា​ការជំរុញឱ្យ​ប្រជា​ពលរដ្ឋ​មានការ​យល់ដឹង​ពី​សុវត្ថិ​​ភាព​ចំណីអាហារ និង​យល់ដឹង​ពី​ឱកាស​ធ្វើ​ទីផ្សារ​សម្រាប់​សហ​គ្រាស​ក៏ដូចជា​អ្នក​ប្រកប​រប​រកស៊ី​ផ្សេងៗ​។​

​លោក​ថា​៖ «​ខ្ញុំ​មានឱកាស​ចូល​​រួម​ផ្សព្វផ្សាយ​បន្ថែម​ហើយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រើប្រាស់​អាហារ​សុវត្ថិភាព​របស់​យើង​កាន់តែច្រើន អ៊ីចឹង ទីផ្សារ​ផលិត​ផល​ក្នុងស្រុក​របស់​យើង​មាន​ទីផ្សារ​កាន់តែ​ច្រើនឡើងៗ តាម​​រយៈ​ជំរុញឱ្យមាន​ការតាំងពិព័រណ៍​បែប​ហ្នឹង​ឱ្យ​កាន់តែច្រើន​»​។​

​កំពុង​ដើរ​មើល​ផលិតផល​បន្លែ​ធម្មជាតិ​ក្នុង​កម្មវិធី​នោះ អ្នក​នាំ​​ពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹ​ម រចនា ប្រាប់ថា ក្នុងការ​តាំងពិព័រណ៍​នេះ មានការ​តាំង​បង្ហាញ​ទំនិញ​ចម្រុះ​ជាច្រើន​ប្រភេទ រួមមាន បន្លែ ផ្លែឈើ​ក្រៀម ទឹកដោះគោ​ខ្មែរ ស្ករត្នោត ស្រា​ត្នោត ស្រា​ព្រីង ស្វាយចន្ទី និង​កសិផល​ដំណាំ​ផ្សេងៗ​ទៀត​ជាច្រើន​។ នេះ​ជា​លើក​ទី ​២​​ ហើយ ដែល​ក្រសួង​​កសិកម្ម អនុញ្ញាត​ឱ្យមាន​ការរៀប​ចំការ​តាំង​បង្ហាញ និង​ដាក់លក់​បន្លែ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទូទៅ​។ ការរៀបចំ​កម្មវិធី​នេះ​គឺជា​ការប្តូរ​បរិយាកាស​ពី​ការទិញ​ផ្កា​សម្រាប់​អ្នកជា​ទីស្រឡាញ់​ក្នុង​ថ្ងៃ ១៤ ​កុម្ភៈ​មកជា​ការទិញ​បន្លែ​សុវត្ថិ​ភាព​ជូន​អ្នកជា​ទីស្រឡាញ់​វិញ​។

​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស សំពត់​ពណ៌​ខ្មៅ អ្នកនាំពាក្យ​រាងស្តើង​រូបនេះ​បញ្ជាក់ថា គោល​​បំណង​សំខាន់​នៃ​ការ​ដាក់តាំង​បង្ហាញ​ផលិតផល​កសិកម្ម​ទាំង​នេះ​គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ងាក​មក​ចាប់​អា​ម្មណ៍​អំពី​ផលិត​ផល​កសិផល​របស់​ខ្មែរ បានដឹង​ពី​ការរីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​។​

​កញ្ញា​និយាយថា​៖ «​ឆ្នាំនេះ​យើង​ធ្វើ​ធំ​ជាង​ឆ្នាំមុន​យើង​មាន​ស្តង់​ច្រើនជាង​មុន មាន​ផលិតផល​ច្រើនជាង​មុន​។ ឆ្នាំមុន​យើង​ដាក់តាំង​បង្ហាញ និង​លក់​តែ​បន្លែ​សុ​វ​​ត្ថិ​ភាព​ទេ ប៉ុន្តែ​ឆ្នាំនេះ​យើង​មាន​ផលិតផល​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អនុវិស័យ​កសិកម្ម​រប​ស់​យើង​»៕