
ភ្ញៀវទស្សនាជលវប្បដ្ឋាន Angkor Wildlife & Aquarium។ រូបថត AWA
សៀមរាបៈ ភ្ញៀវទេសចរ ២ នាក់ ឈរជជែកគ្នាដោយស្នាមញញឹម ពេលមើលឃើញត្រីជាច្រើនកំពុងហែលឆ្វែលឆ្វាត់ នៅក្នុងកញ្ចក់អាងទឹកដែលមានដាក់ត្រីជាច្រើនប្រភេទ។ រីឯភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀត បានថតរូបកម្សាន្ត និងមើលហ្វូងមច្ឆានានាហែបហែលរេរាគួរឱ្យមៀងមើល។
ការកម្សាន្តអារម្មណ៍ជាមួយទេសភាពបង្ហាញពីជីវចម្រុះក្នុងទន្លេ សមុទ្រ និងសត្វព្រៃផ្សេងៗ នៅរមណីយដ្ឋានជលវប្បដ្ឋាន Angkor Wildlife & Aquarium ដែលជាអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ ឧទ្យានសត្វ និងផ្ទះសត្វល្មូន មានតែមួយគត់នៅខេត្តសៀមរាប គឺជាបទពិសោធន៍កម្សាន្តថ្មីប្លែក ខុសពីការមើលប្រាសាទ មើលឆ្នេរសមុទ្រ និងមើលពិព័រណ៍តាមស្តង់ដែលមានមនុស្សច្រើនកុះករ។
ភ្ញៀវទេសចរជាច្រើនដែលធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗបានឆៀងចូលលេងកម្សាន្ត រមណីយដ្ឋាន ជលវប្បដ្ឋាន Angkor Wildlife & Aquarium ដែលស្ថិតនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីក្រុងសៀមរាបក្នុងឱកាសទៅដើរលេងកម្សាន្តបុណ្យទន្លេលើកទី ៨ ធ្វើឡើងនៅខេត្តសៀមរាបពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។
ជាការកត់សម្គាល់ចាប់តាំងពីកន្លែងខ្លោងទ្វារចូលអាងពិព័រណ៍នោះ ភ្ញៀវទេសចរបានសម្តែងក្តីសប្បាយរីករាយជាមួយនឹងភាពភ្ញាក់ផ្អើលពេលបានឃើញសត្វត្រីទឹកសាបជាច្រើនប្រភេទ ភាគច្រើនជាត្រីក្នុងទន្លេមេគង្គ កំពុងហែលឆ្វែលឆ្វាត់មើលទៅប្រៀបដូចបានចុះទៅក្នុងបាតទន្លេពិតៗ។
លោក សំណាង ធារិទ្ធ អាយុ ៣០ ឆ្នាំ ជាពលរដ្ឋមកពីខេត្តបាត់ដំបង បាននិយាយថា៖ «នេះជាលើកដំបូងរបស់ខ្ញុំដែលបានចូលមើលទីនេះ ពិតជាប្លែកភ្នែកមែនទែន ពេលឃើញត្រីនៅក្នុងអាងពិព័រណ៍នៅនេះ គឺប្រៀបដូចជាខ្ញុំបានមុជចុះទៅដល់បាតទន្លេ បាតសមុទ្រអ៊ីចឹង ហើយមើលទៅខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាត្រី ១ ក្បាល ដែលកំពុងហែលជាមួយត្រីទាំងនោះដែរ»។
លោកបានសរសើរដល់អ្នកផ្តល់ព័ត៌មាន ដែលមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់ជាមួយភ្ញៀវហើយបានពន្យល់បង្ហាញពីប្រភេទជីវចម្រុះ។ លោកថា ការមកកម្សាន្តទីនេះជាឱកាសដើរកម្សាន្តដ៏ប្លែកភ្នែកមួយ។

កំពុងឈរថតរូបអនុស្សាវរីយ៍នៅកន្លែងពិព័រណ៍ជីវចម្រុះបាតសមុទ្រ យុវនារីវ័យ ១៦ ឆ្នាំឈ្មោះ ឆាយ ដានី មកពីខេត្តកំពង់ចាម បាននិយាយពីការយល់ឃើញរបស់នាងថា នាងសប្បាយចិត្តណាស់ដែលមានពេលវេលាដើរកម្សាន្តជាមួយឪពុកម្តាយ ហើយបានឃើញទេសភាពក្នុងទន្លេ ក្នុងសមុទ្រ និងសត្វព្រៃផ្សេងៗជាច្រើន ដែលគេដាក់តាំងពិព័រណ៍។
នាងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ពេលដើរចូលមកដល់កន្លែងពិព័រណ៍បាតសមុទ្រ ខ្ញុំមានអារម្មណ៍ថា កាន់តែប្លែកជាងនៅទីតាំងពិព័រណ៍អំពីបាតទន្លេទៅទៀត ពេលឃើញផ្កាថ្ម ឃើញត្រី សត្វសមុទ្រផ្សេងៗអ៊ីចឹង ធ្វើឱ្យខ្ញុំស្រមៃថា ហាក់ដូចជានៅឋានបាតាល នៅក្នុងរឿងអ៊ីចឹង»។
ដោយឡែកលោក ឆាយ តារា អាយុ ៣២ ឆ្នាំ មកពីខេត្តកំពត បានសម្តែងការរំភើបសប្បាយរីករាយចំពោះការថតរូបនៅក្នុងកន្លែងពិព័រណ៍នោះ។ ជាមួយគ្នានោះលោកបានលើកឡើងថា មានសត្វព្រៃមួយចំនួនលោកធ្លាប់ឮឈ្មោះប៉ុន្តែមិនដែលបានឃើញ ត្រូវបានគេយកមកថែរក្សាអភិរក្ស។
លោកថ្លែងថា៖ «ក្រៅពីទេសភាពបាតទន្លេ និងបាតសមុទ្រទៅ ខ្ញុំបានចាប់អារម្មណ៍ឃើញសត្វព្រៃមួយចំនួនដូចជាប្រភេទពស់ពព្លាក់អីហ្នឹង ខ្ញុំអត់ដែលឃើញដែរឮតែចាស់ៗនិយាយហើយក្រៅពីហ្នឹងមានសត្វព្រៃកម្រៗដែរ តែមិនសូវច្រើនប៉ុន្មានទេ»។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាទៅទស្សនកិច្ចនៅទីនោះ លោក អុល វណ្ណដា អ្នកគ្រប់គ្រងទូទៅ នៃអង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀមបានឱ្យដឹងថា ឧទ្យានជលវប្បដ្ឋាននេះរាប់ទាំងប្រភេទសត្វក្នុងសមុទ្រ ទន្លេ និងសត្វព្រៃផង មានប្រមាណជាង ១២០ ប្រភេទ ក្នុងនោះមានសត្វព្រៃ ៥០ ប្រភេទ សត្វសមុទ្រ ៣០ ប្រភេទ និងសត្វទឹកសាបមានជាង ៤០ ប្រភេទ។
លោកបញ្ជាក់ថា ទីនេះមិនមែនជាកន្លែងដែលទិញសត្វយកមកដាក់បង្ហាញទេប៉ុន្តែជាកន្លែងផ្តល់ជម្រកដល់សត្វ ដើម្បីឱ្យសត្វទទួលបានការរស់នៅមួយដែលល្អប្រសើរ ប្រសិនសត្វឈឺ ឬសត្វស្ថិតក្នុងលក្ខខណ្ឌគំរាមកំហែងត្រូវតែជួយសង្គ្រោះ។
លោកនិយាយថា៖ «នៅពេលដែលជួយសង្គ្រោះ បានគឺយើងត្រូវយកវាទៅលែង នៅដែនជម្រកអភិរក្សសៀមប៉ាង ព្រោះថានៅទីនោះទើបជាទីជម្រក ដែលមានសុវត្ថិភាពសម្រាប់ពួកវានៅពេលចុងក្រោយ»។

លោក អុល វណ្ណដា ប្រាប់ថា ក្នុងការចូលទស្សនាទីនេះ ភ្ញៀវទេសចរជាតិជាមនុស្សធំពេញវ័យត្រូវចំណាយម្នាក់ ១១ ដុល្លារ ក្មេងៗក្នុងម្នាក់ ៥ ដុល្លារកន្លះ រីឯជនបរទេសម្នាក់ ២០ ដុល្លារ។ ក្រៅពីនេះក៏មានកញ្ចប់ពិសេសសម្រាប់ក្រុមទស្សនកិច្ចសិក្សានៅតាមបណ្តាសាលារៀននានាផងដែរ ដែលក្នុងម្នាក់ចំណាយតែ ១ ម៉ឺនរៀលប៉ុណ្ណោះ។
លោកបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានភ្ញៀវចូលទស្សនាប្រមាណ ៥០០ ទៅ ៨០០ ឬ ១ ០០០ នាក់ ចូលមើលកម្សាន្ត ដែលភាគច្រើនជាជនជាតិខ្មែរ ឯជនបរទេសមិនសូវមានច្រើនទេ។
លោកថា៖ «ទីនេះជាកន្លែងដាក់តាំងបង្ហាញនូវជីវចម្រុះថ្មីទី ១ ក្នុងប្រទេសកម្ពុជា អ៊ីចឹងហើយក្នុងការចុះមកទស្សនានេះគឺយើងបើកទូទៅទាំងក្មេងទាំងមនុស្សចាស់ ទាំងបរទេស ទាំងប្រជាជនយើង គ្រាន់តែថាមានតម្លៃខុសគ្នា»។
អ្នកគ្រប់គ្រងទូទៅនៃអង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀមបានឱ្យដឹងទៀតថា បច្ចុប្បន្នឧទ្យានជលវប្បដ្ឋាននេះ បានផ្តល់ការងារជូនអ្នកស្រុកចំនួន ១៤០ នាក់ហើយប្រសិនបើមានដំណើរការល្អមានការជួយគាំទ្រទាំងភ្ញៀវជាតិ និងអន្តរជាតិ ទៅថ្ងៃមុខនឹងមានការពង្រីកបន្ថែមទៀត ព្រោះការអភិវឌ្ឍទីនេះមានគម្រោងចំណាយ ៧០ លានដុល្លារ លើផ្ទៃដី ១០០ ហិកតាប៉ុន្តែពេលនេះទើបធ្វើបាន ១០ ហិកតា។
កំពុងដើរមើលស្ថានភាពក្នុងឧទ្យានជលវប្បដ្ឋាន Angkor Wildlife & Aquarium បុរសវ័យ ៣៥ ឆ្នាំជាអ្នកស្រុកពួក ខេត្តសៀមរាបឈ្មោះ ប៉ាត់ ពៅ ធ្វើការងារជាសន្តិសុខ បាននិយាយថា លោកចូលបម្រើការងារនៅទីនេះ បានរយៈពេល ១ ឆ្នាំហើយ។ តាមសភាពជាក់ស្តែងទីនេះមានបរិយាកាសល្អ ហើយការងារទទួលបានប្រាក់ខែសមរម្យ ជួយឱ្យជីវភាពមានភាពល្អប្រសើរ ផ្ទុយពីមុនដែលលោកបានធ្វើជាសន្តិសុខនៅក្នុងក្រុងប៉ុន្តែទទួលបានចំណូលតិច។
លោកប្រាប់ថា៖ «ពេលមានការវិនិយោគធ្វើឱ្យអ្នកស្រុកមានការងារធ្វើបែបនេះ ខ្ញុំយល់ឃើញថា វាជារឿងល្អ ហើយណាមួយវាបានផ្តល់ការងារឱ្យអ្នកភូមិយើងបានច្រើន បើកន្លែងនេះបន្តពង្រីកថែមទៀត នឹងជួយឱ្យពលរដ្ឋក្នុងភូមិមានការងារធ្វើកាន់តែច្រើន»។

កំពុងឈរចាំផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរ នៅក្លោងទ្វារចូលឧទ្យានជលវប្បដ្ឋាន Angkor Wildlife & Aquarium យុវតីវ័យ ២១ ឆ្នាំ មានឈ្មោះថា សួស ស្រីលាភ និយាយថា នាងគឺជានិស្សិតផ្លាស់ប្តូរកម្មវិធីសិក្សាមកពីខេត្តបាត់ដំបង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅខេត្តសៀមរាប។
នាងថា ឆ្នាំមុនដោយឃើញមានការជ្រើសរើសអ្នកធ្វើការនៅទីនេះ ជាឱកាសល្អ នាងក៏បានដាក់ពាក្យសុំចូលបម្រើការងារនៅទីនេះ ដើម្បីរកចំណូលសម្រួលដល់ការហូបចុកស្នាក់នៅក្នុងការបន្តការសិក្សា។
យុវតីរូបនេះប្រាប់ថា៖ «ការងារទីនេះអាចរកចំណូលបានគួរសម ហើយមួយទៀតបានផ្តល់ឱ្យយើងទទួលបានព័ត៌មានពីសត្វ ពីត្រីអីច្រើន»។ និស្សិតរៀនបរិញ្ញាបត្រភាសាអង់គ្លេសរូបនេះ បានថ្លែងពីការយល់ឃើញរបស់នាងថា នាងសប្បាយចិត្តខ្លាំង ដោយសារឧទ្យានជលវប្បដ្ឋាននេះទើបតែមានលើកដំបូងនៅក្នុងស្រុកហើយអាចផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ការសិក្សាស្រាវជ្រាវជាពិសេសសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយដែលចង់ស្វែងយល់ពីប្រភេទសត្វ អាចសិក្សាស្វែងយល់ជាក់ស្តែងបាន៕
