សៀមរាបៈ ថ្វីដ្បិតតែដំណាំកាកាវកំពុងត្រូវបានកសិករនៅបណ្តាខេត្តមួយចំនួនដាំ ហើយបានផល និងមានទីផ្សារលក់ខ្លះៗហើយក្តី តែអ្នកនាំពាក្យក្រសួងកសិកម្មបានអះអាងថា នៅកម្ពុជាមិនទាន់មានស្ថិតិពាក់ព័ន្ធនឹងដំណាំប្រភេទនេះនៅឡើយទេ។
មិនខុសអីពីការអះអាងរបស់មន្ត្រីក្រសួងកសិកម្មទេ លោក សរ អេន បានលើកឡើងថា លោកទើបតែសាកល្បងដាំដំណាំកាកាវរយៈពេលប៉ុន្មានឆ្នាំនេះដែរទេ តែលោកថា គ្រាប់កាកាវកំពុងមានតម្រូវការទីផ្សារល្អទាំងក្នុងស្រុក និងក្រៅស្រុក។
ដំណាំកាកាវជាប្រភេទដំណាំងាយស្រួលដាំដោយមិនរើសដី តែវាត្រូវការទឹកខ្លាំង ហើយវាក៏ជាដំណាំមានអាយុកាលរាប់សិបឆ្នាំ និងអាចផ្តល់ផលជារៀងរហូត។ នេះបើយោងតាមការអះអាងពីលោកសរ អេន រស់នៅភូមិត្រពាំងប្ញស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
លោក សរ អេន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីឆ្នាំ ២០២០ លោកបានទិញកូនដើមកាកាវពីប្រទេសថៃ ជាង ៣០០ ដើម ដោយក្នុង ១ ដើមថ្លៃ ១២ ០០០ រៀល។ ប៉ុន្តែពេលលោកយកវាមកដាំ បែរជាត្រូវងាប់ខ្លះទៅវិញ។ បញ្ហានេះមកពីដំណាំកាកាវត្រូវការទឹកខ្លាំងជាងដំណាំដទៃ ព្រោះតំបន់ដែលលោករស់នៅគ្មានប្រភពទឹកគ្រប់គ្រាន់ទើបធ្វើឱ្យកូនដើមកាកាវងាប់អស់ជិត ១០០ ដើម តែបើមានទឹកគ្រប់គ្រាន់នៅពេលឱ្យផលគឺក្នុង ១ សប្ដាហ៍ លោកអាចបេះបានម្តង។
លោកបានបន្តថា បច្ចុប្បន្នលោកមានដើមកាកាវជាង ២០០ ដើម ដែលកំពុងផ្លែ ព្រោះដំណាំនេះក្រោយពីដាំបានអាយុ ១ ឆ្នាំកន្លះ គឺវាចាប់ផ្តើមចេញផ្កាខ្លះៗ ហើយបើមានទឹកគ្រប់គ្រាន់គឺក្នុង ១ ដើមជាមធ្យមអាចបេះផ្លែបានប្រហែល ២០ គីឡូក្រាម។ ប៉ុន្តែបើគិតក្នុង ១ តោន អាចប្រមូលបានគ្រាប់ស្ងួតប្រហែល ៥០០ គីឡូក្រាម ហើយការលក់ជាគ្រាប់គឺក្នុង ១ គីឡូក្រាមតម្លៃ ៦ ម៉ឺនរៀល។ ក្រៅពីយកគ្រាប់ គឺលោកអាចលក់សម្បកផ្លែកាកាវក្នុង ១ គីឡូក្រាមថ្លៃ ១ ២០០ រៀល ដែលអ្នកទិញគេយកទៅច្នៃលាយផលិតជាគ្រឿងសម្អាងផ្សេងទៀតបាន។
លោកបានថ្លែងថា៖ «នៅក្នុងស្រុកស្វាយលើកាលពីដំបូងៗមានគេដាំច្រើនដែរ តែពេលខ្វះទឹកទៅដើមកាកាវក៏ងាប់បណ្តើរៗ។ បើសរុបបច្ចុប្បន្ននៅក្នុងស្រុកស្វាយលើតាមគ្រួសារនៅសល់ប្រហែល ១ ពាន់ដើមទេ ដែលកំពុងឱ្យផល»។
លោក សរ អេន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មូលហេតុដែលលោកដាំដំណាំកាកាវ ព្រោះដឹងថា មានទីផ្សារ តែមុននឹងដាំដំណាំនេះលោកក៏បានស្រាវជ្រាវដើម្បីស្វែងយល់ពីអត្ថប្រយោជន៍របស់គ្រាប់កាកាវខ្លះៗដែរ។ បើតាមដែលលោកដឹងគឺគ្រាប់កាកាវជាវត្ថុធាតុដើមយ៉ាងសំខាន់ដែលគេអាចយកទៅលាយធ្វើជាអាហារ និងគ្រឿងសម្អាងបានច្រើនមុខទៀត។ ដូចជាលាយធ្វើជាទឹកក្រូចកូកាកូឡា អូវ៉ាន់ទីន មីឡូ នំសូកូឡា គ្រឿងក្រអូប និងគ្រឿងសម្អាងផ្សេងៗទៀតជាដើម។ សម្រាប់ទីផ្សារកាកាវវិញមានឈ្មួញជនជាតិជប៉ុន កូរ៉េ អាមេរិកក៏បានទាក់ទងរកទិញពីលោកដែរ តែលោកមិនអាចផ្គត់ផ្គង់បានទេ។
បច្ចុប្បន្នលោកបានលក់គ្រាប់កាកាវទៅឱ្យក្រុមហ៊ុន ១ ក្នុងខេត្តសៀមរាប ហើយក្រុមហ៊ុននេះបានយកទៅផលិតជាតែ ជាភេសជ្ជៈផ្សេងៗទៀត តែលោកក៏បានផលិតជានំបែបអាហារសម្រន់ផងដែរ។
លោកបានប្រាប់ថា៖ «មានឈ្មួញបរទេសទាក់ទងទិញគ្រាប់កាកាវខ្ញុំដែរ តែយើងផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់ផង បានឯណាលក់ឱ្យគេ។ និយាយទៅដំណាំនេះដាំនៅស្រុកយើងដូចជាសាកល្បងដែរទេ ព្រោះគេថាស្រុកយើងនេះដាំមិនកើតទេ តែខ្ញុំសាកល្បងដាំទៅកើតដែរ គួបផ្សំបទពិសោធន៍យើងមិនសូវមានដែរហ្នឹង»។
ជាអ្នកដាំដំណាំកាកាវផង និងជាអ្នកប្រមូលទិញគ្រាប់កាកាវពីកសិករដែរនោះ លោក បូ ពៅ រស់នៅភូមិនាងលាម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានប្រាប់ថា លោកដាំដើមកាកាវបានប្រហែល ៤០០ ដើមដែរ សម្រាប់បេះយកគ្រាប់ ហើយក្រៅតែពីដាំខ្លួនឯងលោកបានដើរប្រមូលទិញពីកសិករដោយក្នុង ១ លើកៗបានគ្រាប់កាកាវជិត ៥០០ គីឡូក្រាមដើម្បីសន្សំទុកកិនកែច្នៃខ្លួនឯង។
លោកបានឱ្យដឹងថា ចំពោះកសិករនៅស្រុកសំឡូតក៏ដាំដំណាំកាកាវដែរ តែមិនសូវច្រើនគ្រួសារទេ ព្រោះគាត់ដាំតែលើដីទំនេរ ដែលសល់ពីការធ្វើកសិកម្ម[ស្រែចម្ការ]តែប៉ុណ្ណោះ ដោយក្នុង ១ គ្រួសារដាំកាកាវ បានប្រមាណពី ៣០០ ទៅ ៤០០ ដើមប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ទីផ្សារកាកាវវាទូលំទូលាយហើយនៅថៃក៏គេត្រូវការដែរ តែខ្ញុំប្រមូលទិញពីកសិករទាំងអស់មិនឱ្យគាត់លក់ទៅក្រៅទេ។យើងមើលពីសារៈប្រយោជន៍របស់កាកាវគ្រាន់តែតូបលក់នំកូនក្មេងក៏មានផលិតផលផ្សំពីកាកាវដែរ នេះយើងមិននិយាយដល់គ្រឿងហូប និងគ្រឿងសម្អាងផងទេ»។
ទោះយ៉ាងណា លោកអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់យ៉ាងខ្លីថា ជុំវិញដំណាំកាកាវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅមិនមានស្ថិតិនៃការដាំដុះនោះទេ ហើយវាក៏មិនមែនជាដំណាំអាទិភាពសម្រាប់សេដ្ឋកិច្ចជាតិដែរ៕