អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ​ ដែល​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ និង​រដ្ឋាភិបាល​បាន​កើត​ឡើង និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន ពាក់​ព័ន្ធ​ទៅ​នឹង​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ទោះបី​ជា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​កាល​ពី​ ២៥ ឆ្នាំ​មុន​ក៏​ដោយ ចំណាប់​អារម្មណ៍​សាធារណៈ​ទើប​តែ​កើត​មាន​ពេល​ថ្មីៗ​នេះ​ ដោយសារ​តែ​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ព្រម​ព្រៀង​នេះ រួម​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ​ដែល​​កម្ពុជា​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង និង​ការ​បញ្ឆេះ​ពី​ក្នុង​ចំណោម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី១១ ខែសីហា ពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង អូស្ត្រាលី និង​ជប៉ុន បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ CLV-DTA ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​នេះ។ មនុស្ស​មួយ​ចំនួន​ក៏​បាន​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​អំពាវនាវ​ឲ្យ​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ នៅ​ថ្ងៃទី១៨ ខែសីហា ប្រឆាំង​ CLV-DTA និង​ឲ្យ​ធ្វើ​តាម​បទពិសោធន៍​ប្រទេស​បង់ក្លាដែស​ដែល​បាតុករ​បាន​ទម្លាក់​រដ្ឋាភិបាល​និង​ឈាន​ដល់​ការ​ស្លាប់​មនុស្ស​រាប់​រយ​នាក់។

នៅ​ថ្ងៃទី១៣ ខែសីហា​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ការ​ចូលរួម​​បាតុកម្ម ដោយ​បញ្ជាក់​ថា អ្នក​រៀបចំ​គម្រោង​នេះ​ប្រឈម​បទ​ល្មើស​ឧបឃាត (ទោស​ពី ​១៥ ​ទៅ ​៣០​ឆ្នាំ)​ ចំណែក​អ្នក​ចូលរួម​ក្នុង​គម្រោង​នេះ​ប្រឈម​នឹង​បទ​ល្មើស​រួមគំនិត​ក្បត់ (ទោស​ពី​៥​ទៅ​១០​ឆ្នាំ)។

សមត្ថកិច្ច​ក៏​បាន​ត្រៀម​ខ្លួន​ទប់ទល់​នឹង​បាតុកម្ម ទោះបី​ជា​ជាក់ស្ដែង មិន​មាន​បាតុកម្ម​ធំដុំ​បាន​កើត​ឡើង។ យ៉ាងណា​ក៏ដោយ ជា​លទ្ធផល មនុស្ស​ជាង ៣០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ផែនការ​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​ CLV-DTA និង​ការ​ព្យាយាម​ធ្វើ​ដំណើរ​មក​ចូល​រួម​បាតុកម្ម​តាម​ការ​ញុះញង់​ពី​ក្រៅ​ប្រទេស។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ពី​បទ «រួម​គំនិត​ក្បត់» ចំណែក​អ្នក​ខ្លះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ ចំនួន​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អាច​កើន​ឡើង​ច្រើន​ជាង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌។

ទោះបីជា​ការ​ចាប់​ខ្លួន​អាច​​បន្ត​ធ្វើ​ក៏ដោយ ​ក្រុម​អ្នក​នៅ​ក្រៅប្រទេស​ក៏​បន្ត​ដាក់​ផែនការ​របស់​ពួកគេ ដោយ​កំណត់​យក​ថ្ងៃទី១ ខែ​កញ្ញា ខាង​មុខ​នេះ​ជា​ថ្ងៃ​បាតុកម្ម​ជា​ថ្មី និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម។

អ្វីជា​ CLV-DTA?

CLV-DTA ​ជា​គម្រោង​ផ្ដួច​ផ្ដើម​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៩ រវាង​មេដឹកនាំ​ប្រទេស​ទាំង​៣ កម្ពុជា ឡាវ វៀតណាម ហើយ​បាន​លេច​ជា​រូបរាង​ឡើង​នៅ​ឆ្នាំ​២០០៤ ក្នុង​គោល​បំណង​អភិវឌ្ឍ​តំបន់​ប្រសព្វ​នៃ​ប្រទេស​ទាំង​៣ ​តាម​រយៈ​ការ​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន លើក​កម្ពស់​ពាណិជ្ជកម្ម កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​បទ​ល្មើស​ធនធាន​ធម្មជាតិ​ជាដើម។ នេះ​បើ​តាម​ការ​ពន្យល់​របស់​រាជរដ្ឋាភិបាល និង​ឯកសារ​កិច្ច​ព្រម​ព្រៀង។

យ៉ាងណា​ក៏ដោយ យោង​តាម​ឯកសារ​ CLV-DTAទោះ​បី​ជា​ប្រទេស​ទាំង៣ ​យល់​ស្រប​ជាមួយ​គ្នា​ទៅ​លើ​ការ​សម្រួល​ការ​ដឹក​ជញ្ជូន​ទំនិញ​ក៏ដោយ​ ក៏​កិច្ច​ព្រម​ព្រៀង​នេះ​បាន​បញ្ជាក់​ពី​ការ​គោរព​ច្បាប់​សម្រាប់​ការ​ធ្វើ​ដំណើរ​​ឆ្លង​ចូល​ទៅ​ប្រទេស​នៃ​កិច្ច​ព្រមព្រៀង​នេះ។

ចំណុច​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​មាត្រា​១២ កថាខណ្ឌ១ នៃ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៦ ដែល​សរសេរ​ថា៖ «មនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង ​CLV-DTA​ ត្រូវ​គោរព​ទៅ​តាម​ច្បាប់​នឹង​បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​ប្រទេស​នីមួយៗ»។

យ៉ាងណា​ក៏ដោយ ការ​ប្រឆាំង​នឹង​ CLV-DTA បាន​ក្លាយ​ទៅ​ជា​​រឿង​នយោបាយ និង ជម្លោះ​ដ៏​ក្ដៅ​គគុក​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​​ប្រទេស។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា។

លោក​និយាយ​ថា៖ «វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ប្រសិន​បើ​មាន​ក្រុម​ណា​មួយ​ដែល​កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​នេះ ដោយ​ប្រើ​ប្រាស់​រឿង CLV-DTA និង​មើល​ឃើញ​ពី​កំសួល​នៃ​ទឹកចិត្ត​ស្នេហា​ជាតិ​ស្នេហា​ទឹកដី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ប្រើ​ប្រាស់​វា​ជា​ឧបករណ៍​ដើម្បី​បង្ក​ភាព​ចលាចល​ឬ​បញ្ហា​នៅ​ក្នុង​សង្គម​ខ្មែរ​តាម​រយៈ​ការ​បំផុស​ឲ្យ​មាន​សកម្មភាព​តវ៉ា បះបោរ នៅ​ក្នុង​ទម្រង់​ណា​មួយ»។

ចំពោះ​ការ​ចាប់​ខ្លួន លោក ប៉ា ច័ន្ទរឿន យល់​ថា ជា​ការពិត​អាជ្ញាធរ​មាន​ករណី​កិច្ច​ក្នុង​ការ​ធានា​នូវ​សុខ​សុវត្ថិភាព​សម្រាប់​សង្គម។ ប៉ុន្តែ លោក​ស្នើ​ឲ្យ​ចំណាត់​ការ​នេះ​គោរព​និង​ប្រកាន់​គោល​ការណ៍​យុត្តិធម៌​ខ្ពស់ ចៀសវាង​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់​យុវជន​ខុស​ ហើយ​បង្ក​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​ខូច​ដល់​អនាគត​របស់​យុវជន។

អ្វី​ជា​ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច?

លោក​ ប៉ា ច័ន្ទរឿន ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ទៅ​លើ​យុវជន​ទាំង​អស់​ ថា​តើ​ពួក​គេ​ចូលរួម​បាតុកម្ម​​ដោយ​ចេតនា ឬ​ដោយសារ​តែ​ទទួល​បាន​ព័ត៌មាន​មិន​ច្បាស់​លាស់ ឬ​ធ្វើ​តាម​ការ​ឃោសនា​របស់​ក្រុម​ណា​មួយ។​

លោក​និយាយ​ថា៖ «ការ​ដាក់​ទោស​យុវជន​ក្នុង​កម្រិត​ទោស​ធ្ងន់ធ្ងរ​មិន​មែន​ជា​វិធី​ល្អ​ទេ ហើយ​វា​ក៏​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ខ្ញុំ​គិត​ថា ទាំង​យុវជន ទាំង​រដ្ឋាភិបាល​គួរ​ដក​ឃ្លា​ម្នាក់​មួយ​ជំហាន ហើយ​រិះ​រក​វិធី​ថ្មី​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​រឿង CLV-DTA នេះ​ឡើង​វិញ និង​ពិនិត្យ​ទៅ​លើ​ថា​តើ​អ្វី​ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង។ តើ​មាន​មធ្យោបាយ​អ្វី​ក្នុង​ការ​តវ៉ា ហើយ​រដ្ឋ​ត្រូវ​រក​វិធី​ថ្មី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ប្រជា​ពលរដ្ឋ»។

លោក​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ដោយ​មាន​ការ​ចូលរួម​ពី​​រដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល និង​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ពង្រីក​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​លើ​កិច្ច​សហប្រតិបត្តិការ​នេះ ​ជាជាង​ការ​ចាប់​ខ្លួន​អ្នក​ដែល​ចេញ​តវ៉ា​ប្រឆាំង។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​សន្ទុះ​នៃ​ការ​កាប​សង្កត់​ទៅលើ​ពលរដ្ឋ​នៅ​តែ​បន្ត​ដោយសារ​តែ​រឿង​នេះ រឿង​នេះ​មិន​អាច​ចប់​ទេ​ ហើយ​វា​នឹង​ទៅ​ជា​ជំងឺ​នយោបាយ​រ៉ាំរ៉ៃ ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម ​ការ​វិនិយោគ ការ​រកស៊ី​ និង​វិស័យ​ទេសចរណ៍​ផង​ដែរ»។

លោក យ៉ង់ គឹមអេង ប្រធាន​រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ យល់​ថា ការ​អភិវឌ្ឍ​នៅ​តំបន់ CLV ​មិន​មាន​អ្វី​អាក្រក់​ទេ ប៉ុន្តែ​បញ្ហា​កើត​ចេញ​ពី​ការ​មិន​យល់​គ្នា ឬ​មិន​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់​តាំង​ពី​ដំបូង។ ដូច្នេះ​ហើយ​ ទាំង​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​ជជែក​គ្នា​បន្ត​ទៀត​ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​កាន់​តែ​ច្បាស់។

លោក​បន្ត​ថា ស្ថានការណ៍​បច្ចុប្បន្ន​នេះ​​ធ្វើ​ឲ្យ​ខ្មែរ​ងាយ​បែក​បាក់​ខ្លាំង​ណាស់។ ដូច្នេះ​គ្រប់​ភាគី​ទាំង​អស់ គួរ​រិះ​រក​វិធី​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​យល់​ដឹង​និង​មាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី CLV-DTA ហើយ​ភាគី​ទាំង​សងខាង​គួរ​ស្ដាប់​ការ​លើក​ឡើង​ពី​ភាគី​ម្ខាង​ទៀត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន​ការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​ជោគ​ជ័យ ដោយ​តម្លា​ភាព​ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ និង​ជា​អត្ថប្រយោជន៍​ដល់​ជាតិ​ទាំង​មូល»។

លោក អំ សំអាត នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រឿង​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​តាំង​ពី​ដំបូង​ពាក់​ព័ន្ធ​នឹង​ប្រតិកម្ម​លើ​ CLV-DTA រួម​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ស្រុក ​និង​ក្នុង​ស្រុក និង​ការ​ប្រកាស​របស់​កង​កម្លាំង​អំពី​ការ​ទប់ស្កាត់​និង​បង្ក្រាប​ទៅ​លើ​អ្នក​ដែល​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃទី១៨ ខែ​សីហា។

លោក​និយាយ​ថា៖ «ចំណុច​នេះ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​ឃើញ​បទ​ពិសោធន៍​កន្លង​មក​ដូចជា​រឿង​ថ្ងៃ៩ វិច្ឆិកា ២០១៩ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ​អ្នក​ដែល​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន»។ លោក​ថ្លែង​ដូច្នេះ សំដៅ​លើ​ការ​ប្រកាស​ត្រឡប់​មកវិញ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​នោះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់។

លោក​បន្ត​ថា៖ «អ្វី​ដែល​សំខាន់ យើង​ជា​អ្នក​ធ្វើ​ការ​សិទ្ធិ​មនុស្ស យើង​ចង់​ឃើញ​អ្នក​នយោបាយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​និង​ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើយ​កុំ​យក​ពលរដ្ឋ​ជា​ឧបករណ៍​នយោបាយ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​រងគ្រោះ​ទៅ​វិញ។ អីចឹង​ យើង​ចង់​ឃើញ​អ្នក​នយោបាយ​ដោះ​ស្រាយ​តាម​បែប​នយោបាយ​ដោយ​សន្តិវិធី»។

លោក​បន្ត​ទៀត​ថា៖ «យើង​ឃើញ​ថា រដ្ឋាភិបាល​លោក​បាន​ធ្វើ​ហើយ​ទាក់​ទង​នឹង​ការ​ពន្យល់ ការ​បក​ស្រាយ​ទៅ​លើ CLV-DTA។ យើង​ចង់​ឃើញ​រាជរដ្ឋាភិបាល​បន្ត​ការ​បក​ស្រាយ​ពន្យល់​តទៅ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​បាន​យល់​អំពី​បញ្ហា​នេះ​កាន់​តែ​ច្បាស់»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើក​ឡើង​ថា ការ​តវ៉ា​រឿង​ CLV-DTA នេះ បង្ហាញ​ពី​ស្មារតី​ជាតិ​ដែល​កើត​ចេញ​ពី​បេះ​ដូង​បរិសុទ្ធ​របស់​ប្រជា​រាស្ត្រ​និង​រាជ​រដ្ឋាភិបាល។ ទាំង​រដ្ឋ​ទាំង​រាស្ត្រ​សុទ្ធ​តែ​ផ្តល់​អាទិភាព​ខ្ពស់​លើ​បញ្ហា​ព្រំដែន​ អធិបតេយ្យ​ ឯករាជ្យ និង​បូរណភាព​ទឹកដី។

លោក​ថ្លែង​ថា៖ «ទាំង​រដ្ឋ​ទាំង​រាស្ត្រ​សុទ្ធ​តែ​ខ្វល់​ខ្វាយ​រឿង​នេះ​ដូច​គ្នា។ ដូច្នេះ ​បើ​រដ្ឋ​ប្រឹង​ដោយ​មាន​រាស្ត្រ​គាំទ្រ ស្រុក​យើង​គង់​វង្ស​យូរ​អង្វែង​ហើយ។ សូម​ស្មារតី​ជាតិ​ដ៏​បរិសុទ្ធ​កើត​មាន​ក្នុង​ដួង​ចិត្ត​ខ្មែរ​គ្រប់ៗ​រូប ហើយ​សូម​ជៀស​ចាក​ឆ្ងាយ​ពី​ក្រុម​ពាក់​ស្រោម​ស្នេហាជាតិ​ដែល​នាំ​ឱ្យ​ជាតិ​យើង​បែក​បាក់»។

លោក​ គិន ភា ស្នើ​ឲ្យ​អ្នក​ដែល​ចាញ់​ការ​ញុះញង់​ពី​អ្នក​នៅ​ក្រៅ​ស្រុក​ចេញ​មុខ​សារភាព​អំពី​ទោស​កំហុស​របស់​ខ្លួន និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​ការ​ញុះញង់​របស់​អ្នក​ជ្រុល​និយម។ ចំពោះ​អ្នក​ដែល​ចាញ់​បោក​ការ​ញុះញង់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន ពួកគេ​គួរ​ទទួល​បាន​ការ​សន្ដោស​ប្រណី​ពី​រដ្ឋាភិបាល។

លោក​ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​គួរ​តែ​អប់រំ​ពួក​គាត់​ទៅ ហើយ​លើក​លែង​ការ​ចោទ​ប្រកាន់ ឲ្យ​ពួក​គាត់​វិល​ទៅ​ផ្ទះ​សម្បែង​វិញ​ទៅ ជាមួយ​នឹង​កិច្ច​សន្យា និង​ការ​ផ្ញើរ​សារ​អំពាវនាវ​ទៅ​ដល់​អ្នក​ឯទៀត​ដែល​ធ្លាប់​ជឿ​តាម​ការ​ញុះញង់​របស់​អ្នក​នយោបាយ​ជ្រុល​និយម។ ខ្ញុំ​គិត​ថា នេះ​ជា​ជម្រើស​ដែល​ល្អ»។

លោក​បន្ត​ថា៖ «យើង​ឃើញ​ថា បងប្អូន​ដែល​ជឿ​នោះ​ គាត់​ស្រឡាញ់​ស្រុក​ទេស​ហើយ តែ​គាត់​ខ្វះ​មូលដ្ឋាន​ព័ត៌មាន​និង​ចំណេញ​ដឹង។ អីចឹង​ទៅ​ ដោយសារ​តែ​ស្រឡាញ់​ជាតិ​ស្រឡាញ់​ទឹកដី ស្រឡាញ់​ព្រៃ​ព្រឹក្សា​ធនធាន​ធម្មជាតិ ក៏​ជឿ​តាម​ការ​ឃោសនា​ញុះញង់​បំបែក​បំបាក់​ ធ្វើ​ឲ្យ​មាន​គម្លាត​ទំនុក​ចិត្ត​រវាង​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ»។

លោក​ចង់​ឃើញ​កម្ពុជា ជា​សង្គម​មួយ​មាន​ភាព​សុខដុម​រមនា ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​ក្ដី​សុខ​ក្សេមក្សាន្ត​ទទួល​បាន​ការ​ថែ​ទាំង​ពី​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ត្រូវ​ការ​ប្រជាពលរដ្ឋ​ដែល​មាន​ស្មារតី ឧត្តម​គតិ​ជាតិ ចៀស​វាង​ការ​បែក​បាក់​ដោយសារ​តែ​ការ​ញុះញង់​ពី​ក្រុម​ជ្រុល​និយម​ណា​ម្នាក់ ឬ​បរទេស​ណា​មួយ។

លោក​ គិន ភា៖ «សូម​បងប្អូន​ សារភាព​កំហុស ហើយ​អំពាវនាវ​ដល់​អ្នក​ឯទៀត​ដែល​គិត​ខុស​ទៅ​លើ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ក្ដី​សន្ដោស​ទៅ​ដល់​ពួកគាត់ អប់រំ​ពួក​គាត់​ ហើយ​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​ដើម្បី​ប្រកប​របប​ចិញ្ចឹម​ជីវិត លើក​តម្កើង​ជីវភាព​របស់​ពួក​គាត់ ជា​ការ​ប្រសើរ»៕