ខេត្ដកណ្ដាល៖ ខណៈប្រទេសកម្ពុជានៅបន្ដរងគ្រោះពីសំណល់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលហែកហួរដោយសង្គ្រាមពីអតីតកាល ស្ត្រីជំនាន់ថ្មីកំពុងអភិវឌ្ឍខ្លួននៅក្នុងតួនាទីដែលធ្លាប់បំពេញដោយបុរស។
នៅក្នុងទឹកទន្លេមេគង្គដ៏ស្ងប់ស្ងាត់ និងល្អក់វល់ នៃស្រុកលើកដែក នារីវ័យក្មេងម្នាក់ឈ្មោះ ស៊ីវ លីនដា កំពុងតែទទួលការហ្វឹកហ្វឺនជាមួយការជ្រមុជទឹកដោយការខាំទុយោអុកស៊ីសែន ជាផ្នែកមួយនៃបេសកកម្មដោះមីនក្នុងទឹក។
ការងារនេះពិតជាសំខាន់ ការតាំងចិត្តរបស់យុវតីរូបនេះពិតជាមិនរាថយ ហើយបេសកកម្មរបស់នាងគឺជាសក្ខីភាពនៃភាពក្លាហាន និងជាគំរូសម្រាប់អ្នកដែលប្តេជ្ញាចង់ធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
កញ្ញា លីនដា បច្ចុប្បន្នមានអាយុ ២១ ឆ្នាំ ជាសមាជិកនៃអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក (SDU) នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។
ភារកិច្ចជ្រមុជទឹកដែលមើលអ្វីមិនឃើញទាល់តែសោះ រួមជាមួយការបំពាក់ឧបករណ៍មុជទឹកឯកទេស និងចងខ្សែចង្កេះ កញ្ញាត្រៀមខ្លួនក្នុងការយកសំណល់នៃសង្គ្រាម ដែលបានគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ និងរំដោះទន្លេឱ្យមានសុវត្ថិភាពពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនានា។
ភារកិច្ចរបស់យុវតីរូបនេះអស្ចារ្យណាស់ ពោលគឺការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ចេញពីបាតទន្លេ ដោយធានាថា សហគមន៍មូលដ្ឋានអាចរស់នៅបានដោយមិនខ្លាច។
ជាមួយទុយោមួយខ្សែរុំចង្កេះ និងវែនតាមើលក្នុងទឹក កញ្ញា ស៊ីវ លីនដា សមាជិកក្រុមមុជទឹក បាននិយាយថា៖ «មួយរយៈក្រោយនេះ ក្រុមស្រីៗរៀនខាំទុយោចុះជ្រមុជទឹក ហើយឥឡូវនេះកំពុងតែហ្វឹកហាត់ខាំទុយោនេះខ្លាំងមែនទែន ក្នុងជម្រៅទឹកជាង ១០ម៉ែត្រ»។
ការហ្វឹកហ្វឺននេះ ដែលផ្តោតលើការមុជទឹកខាំទុយោខ្យល់អុកស៊ីសែន ជំនួសឱ្យការស្ពាយធុងខ្យល់ ជាមធ្យោបាយដ៏មានសារៈសំខាន់កញ្ញា និងមិត្តរួមក្រុមក្នុងការដោះមីនប្រកបដោយប្រសិទ្ធភាព។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សម្រាប់នាងខ្ញុំ ការខាំទុយោជ្រមុជទឹក ងាយស្រួលជាងការប្រើប្រាស់ធុង ពីព្រោះវាអត់មានឧបករណ៍ច្រើន តែទាមទារការហ្វឹកហាត់ឱ្យច្បាស់លាស់»។
កញ្ញា លីនដា បានបន្ដថា៖ «នៅខែទឹកឡើងនេះ មើលអីអត់ឃើញទេ ងងឹតនៅក្នុងទឹក ហើយរាវដោយដៃសុទ្ធតែម្ដង។ រាល់គ្រាប់យុទ្ធភណ្ឌត្រូវតែយកពីបាតទន្លេទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
យ៉ាងណាមិញ យុវតីវ័យ ២១ឆ្នាំ បានបញ្ជាក់ថា ក្នុងនាមជាក្រុមបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះក្រោមផ្ទៃទឹកនេះ ទោះបីជាទឹកល្អក់ ឬទឹកថ្លា បេសកកម្មនៅតែបន្ដ ដោយកិច្ចការទាំងនេះត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងអនុវត្ដជាក់ស្ដែង។
ហ្វឹកហាត់ និងអនុវត្ដជារឿយៗ អ្នកដោះមីនក្នុងទឹករូបនេះ បាននិយាយថា វាបានក្លាយជាការងារសាមញ្ញសម្រាប់កញ្ញា ដោយមិនប្រកាន់ស្ថានភាពទឹកនោះទេ។
កញ្ញា លីនដា មកពីខេត្ដបាត់ដំបង បានថ្លែងថា៖ «អ្វីដែលជំរុញនាងខ្ញុំឱ្យក្លាយជាអ្នកដោះមីន មានកត្តាធំៗពីរគឺការស្រឡាញ់ និងដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
ពេលដែលបានចូលជាបុគ្គលិកដោះមីន យុវតី លីនដា ក៏មានចំណាប់អារម្មណ៍ខាងដោះមីន ឬគ្រាប់ក្នុងទឹកផងដែរទាំងដឹងថា វាគ្រោះថ្នាក់។ ប៉ុន្តែកញ្ញាចង់បានបទពិសោធន៍ថែមទៀត ក៏ដូចជាមានភាពក្លាហាន។
ថ្វីដ្បិតតែយុវតីវ័យទើប ២១ឆ្នាំចាប់យកអាជីពប្រឈមគ្រោះថ្នាក់នេះយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសាររបស់កញ្ញាផ្ដល់ការគាំទ្រ និងលើកទឹកចិត្ដឱ្យបំពេញបេសកកម្មជួយជាតិថែមទៀត។
កញ្ញាបានឱ្យដឹងថា ពួកគាត់សប្បាយចិត្ត និងមោទនភាពចំពោះកិច្ចការនេះ ហើយសម្រាប់អ្នកភូមិក៏ដូចគ្នា ពួកគេពោលសរសើរពីភាពក្លាហាន ហ៊ានចូលធ្វើការដោះមីននេះ។
ថ្លែងពីក្ដីបារម្ភ កញ្ញាបានបន្ដថា៖ «សម្រាប់មិត្តភក្តិក៏ធ្លាប់ប្រាប់កុំឱ្យខ្ញុំចូលធ្វើកិច្ចការនេះ ពីព្រោះខ្លាចផ្ទុះមីន ហើយពេលដែលបានដឹងថា ខ្ញុំចូលធ្វើការងារជាអ្នកដោះមីនបែបនេះ ពួកគេក៏បានមកសួរដូចជាថា ដោះមីនមែនទែន? អត់ខ្លាចផ្ទុះមីនទេ? ទៅដោះមីនចឹងអត់ខ្លាចទេ? ការងារមានច្រើនមិនធ្វើ ទៅធ្វើការដោះមីន? បើខ្លះទៀតក៏សរសើរ មានទាំងល្អ និងមិនល្អ»។
យ៉ាងណាមិញ យុតី លីនដា បានសារភាពថា ដំបូងឡើយ ការចូលរួមក្នុងអង្គភាពដោះមីនក្នុងទឹកនេះ ក៏មានការភ័យខ្លាចដែរ។ ប៉ុន្ដែកញ្ញាអរគុណដល់គ្រូបង្វឹកក្នុងការបង្ហាត់បង្រៀន និងអនុវត្ដជាក់ស្ដែង ទើបកញ្ញាតាំងចិត្ដថា «គេធ្វើបាន ខ្ញុំក៏ធ្វើបាន»។
កញ្ញាបញ្ជាក់ថា៖ «នាងខ្ញុំបានទទួលការបណ្ដុះបណ្ដាលពីលោកគ្រូៗដែលមានជំនាញនិងបទពិសោធន៍ ហើយរៀនបានរយៈពេល ២ខែ។ សម្រាប់ការងារជ្រមុជយកគ្រាប់មួយនេះគឺនាងខ្ញុំបានត្រៀមខ្លួនជាស្រេចហើយ ពីព្រោះលោកគ្រូៗបានបង្ហាត់បង្រៀនទ្រឹស្ដីនិងអនុវត្តន៍ជាក់ស្ដែងដោយយកចិត្តទុកដាក់បំផុត ដូច្នេះហើយបានជានាងខ្ញុំមិនមានការភ័យខ្លាចនោះទេ»។
ជាមួយបទពិសោធដោះមីនក្នុងទឹករយៈពេលមួយឆ្នាំ កញ្ញាបានរំឭកអំពីហេតុការណ៍ប្រឈម ដែលធ្លាប់ជួបប្រទះបញ្ហាពេលប្រតិបត្តិការក្រោមទឹក ដូចជា ការទាក់ធុងអុកស៊ីសែនជាមួយក្បាលបូម ជាស្ថានភាពដ៏គ្រោះថ្នាក់មួយ តែកញ្ញាអាចដោះស្រាយបាន។
កញ្ញាបន្តប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ពេលនោះ ខ្ញុំបានទាក់ធុងខ្យល់ជាមួយក្បាលបូម តែខ្ញុំមិនភ័យទេ ដោយត្រូវតាំងស្មារតី ពីព្រោះបើយើងភ័យ យើងស្លន់ យើងមិនអាចគិតរកដំណោះស្រាយបាននោះទេ។ ខ្ញុំចាប់ផ្ដើមរាវដោះមួយៗធុងខ្យល់ពីក្បាលបូម»។
កញ្ញា លីនដា ទទួលស្គាល់ថា ការងារដោះមីនក្នុងទឹកនេះពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារអ្នកដោះមីនមិនអាចមើលអ្វីឃើញទាំងអស់នៅក្នុងទឹក ដែលទាមទារការប្រុងប្រយ័ត្នខ្លាំង។
លោក សុខ ចិន្តា ប្រធាន SDU ជាអង្គភាពត្រូវបានបង្កើតក្នុងឆ្នាំ២០១៣ និងជាអតីតដោះមីនក្នុងទឹកដ៏ប៉ិនប្រសប់ម្នាក់ បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតភាពជោគជ័យរបស់អង្គភាព។
កាលពីប្រាំបួនឆ្នាំមុន លោក ចិន្តា បានយកគ្រាប់បែកយន្តហោះម៉ាក 82 ទម្ងន់ជាង២២០គីឡូក្រាមពីបាតទន្លេមេគង្គ ជាសមិទ្ធផលដ៏សំខាន់ក្នុងការប្រយុទ្ធបន្តរបស់កម្ពុជាប្រឆាំងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ថ្ងៃនេះ លោកដឹកនាំក្រុមដោះមិន រួមទាំងក្រុមនារី ១២ នាក់ ដូចជាកញ្ញា លីនដា ដែលសុទ្ធតែបានទទួលការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់លើបច្ចេកទេសដោះមីន ហែលទឹក និងមុជទឹក។
លោក ចិន្តា ជឿជាក់ថា ការរាប់បញ្ចូលស្ត្រីក្នុងតួនាទីបែបនេះ មិនត្រឹមតែលើកកម្ពស់ឱកាសការងារស្មើៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
អង្គភាពពិសេសប្រតិបត្តិការក្រោមទឹកមានប្រធានអង្គភាពម្នាក់ អនុប្រធានចំនួន ៣នាក់ ទទួលបន្ទុក ប្រតិបត្តិការ ផ្គត់ផ្គង់ និងទទួលបន្ទុកស្រាវជ្រាវ និងអភិវឌ្ឍន៍។
ចំពោះអនុប្រធានទទួលបន្ទុកប្រតិបត្តិការ ទទួលការដឹកនាំ និងគ្រប់គ្រងកម្លាំង រួមមាន ក្រុម QA/QC ក្រុមម៉ាស៊ីនសណ្ដោង ក្រុមកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) ក្រុមគ្រឿងចក្រកាត់កម្ពោតព្រៃ (BC) និងការដ្ឋានប្រតិបត្តិការក្រោមទឹក។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បច្ចុប្បន្ន នៅក្នុងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក មានស្ត្រីចំនួន ១២នាក់ ដោយ ៥នាក់ ធ្វើការក្នុងក្រុមស្រាវជ្រាវមិនបច្ចេកទេស និងស្រាវជ្រាវបច្ចេកទេស ៤នាក់ ធ្វើការក្នុងក្រុមបោសសម្អាតក្រោមទឹក ៣នាក់ធ្វើការក្រុងក្រុមរាវស្គេនលើផ្ទៃទឹក»។
លោក ចិន្ដា បានបញ្ជាក់ថា សមាជិកស្ដ្រីទាំង ១២នាក់ សុទ្ធតែបានឆ្លងកាត់វគ្គបច្ចេទេសបោសសម្អាតមីន និងវគ្គជំនាញហែល និងជ្រមុជទឹកដូចគ្នា ហើយខ្លះទៀតបានឆ្លងកាត់ជំនាញក្រុមកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) ផងដែរ។
លោកបានលើកឡើងថា ការដាក់បញ្ចូលស្ត្រី ដូចជា កញ្ញា ស៊ីវ លីនដា នៅក្នុងក្រុមជំនាញមុជទឹក គឺជាការផ្ដល់ឱកាសដល់ស្រ្តីក្នុងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការផ្ដល់ឱកាសការងារស្មើគ្នារវាងបុរស និងស្ត្រី ក៏ដូចជាការលើកកម្ពស់តម្លៃស្ត្រីផងដែរ។
សម្រាប់ការបណ្តុះបណ្ដាលអង្គភាពបានផ្ដល់ការហ្វឹកហ្វឺនលើជំនាញមុជទឹកជូនដល់គ្រប់បុគ្គលិកទាំងអស់ ដែលបម្រើការនៅក្នុងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក រួមទាំងការចូលរួមហ្វឹកហ្វឺនលើជំនាញផ្សេងៗទៀត ដែលបានរៀបចំដោយស៊ីម៉ាក់។
លោក ចិន្ដា បានបន្ថែមថា៖ «នៅក្នុងអង្គភាពស៊ីម៉ាក់ ជាពិសេស ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោកតែងតែគិតគូរ និងណែនាំដល់គ្រប់បុគ្គលិកទាំងអស់ធ្វើការជាមួយស្ត្រី និងបានដាក់ចេញនូវបទបញ្ជាជាច្រើន ដើម្បីលើកទឹកចិត្តដល់បុគ្គលិកជាស្ត្រី និងគាំពារសុខភាព និងផលប្រយោជន៍ដល់ស្ត្រីទាំងអស់នៅក្នុងអង្គភាពស៊ីម៉ាក់»។
យ៉ាងណាមិញ លោកទទួលស្គាល់នូវបញ្ហាប្រឈម រួមមាន ចរន្តទឹកហូរលឿន ភ្លៀង ខ្យល់ នារដូវវស្សា ទឹកល្អក់មើលមិនឃើញ គ្រាប់ ឬបំណែកនាវាកប់ជ្រៅក្នុងដីបាតទន្លេជ្រៅៗ មែកឈើ និងកំណាត់មង ឬសាច់អួន ជាឧបសគ្គរំខានដល់អ្នកមុជទឹក ក៏ដូចជាខ្វះថវិកាគាំទ្រប្រតិបត្តិការ និងមិនទាន់មានសម្ភារបច្ចេកទេសទំនើបថ្មីៗ ដើម្បីជួយពន្លឿនកិច្ចប្រតិបត្តិការ។
ជាលទ្ធផលពីចាប់ផ្ដើមខែមីនា ឆ្នាំ២០២២ រហូតដល់ ខែកក្កដា ឆ្នាំ២០២៤ អង្កភាពពិសេសប្រតិបត្តិការក្រោមទឹក បានដោះគ្រាប់មិនទាន់ផ្ទុះ និងមីនសរុប ចំនួន ២៥០១៦គ្រាប់ ក៏ដូចជាសរុបបំណែកដែក និងគ្រាប់ទម្ងន់ ២៣៦ តោន។
យុវតីដែលមានការតាំងចិត្ដខ្ពស់ក្នុងការជម្នះទាំងភាពភ័យខ្លាច និងឧបសគ្គចំពោះមុខ បានបន្ដថា មុនពេលក្រុមដោះមីនចាប់ផ្ដើមប្រតិបត្ដិការ មានក្រុមស្គេនធ្វើការស្គេនលើផ្ទៃទឹកដើម្បីកំណត់មុខសញ្ញាទីតាំងគ្រាប់មីន។
កញ្ញាបានឱ្យដឹងថា៖ «ការជ្រមុជទឹកត្រូវធ្វើតែម្នាក់ឯងទេ តែត្រូវមានអ្នក spare ម្នាក់នៅខាងលើ។ បើមានបញ្ហាអ្វីនៅក្នុងទឹក យើងមានអ្នកជំនួយនៅចាំជួយស្រាប់។
ជាមួយបទពិសោធដោះមីនក្នុងទឹកនេះ មិនត្រឹមតែបេសកកម្មរំដោះផ្ទៃទឹកពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាប៉ុណ្ណោះទេ យុវតីខ្មែររូបនេះស្ម័គ្រចិត្ដបំពេញបេសកកម្មផ្ដល់សន្ដិភាពនៅក្រៅប្រទេសថែមទៀត ប្រសិនបើភារកិច្ចតម្រូវ។
យុវតី លីនដា បានលើកឡើងថា ក្នុងនាមជាស្ត្រីខ្មែរ ដែលអាចមកបម្រើការងារបែបជាបុរសបាន កញ្ញាក៏ប្រឈមបញ្ហាខ្លះៗ ដូចជាថ្ងៃខ្លះមានខ្យល់ រលកធំៗ កម្ដៅថ្ងៃ។
សម្រាប់ឱកាស គឺមិនមានពេលសម្រាប់ខ្លួនឯង តែកញ្ញាសប្បាយចិត្តជាមួយអាជីពការងាររបស់ខ្លួន និងព្យាយាមបន្តទៀតឱ្យបានល្អ។
កញ្ញាប្រាប់ទៀតថា៖ «បុរសធ្វើបាន នាងខ្ញុំជាស្ត្រីក៏អាចធ្វើបាន ហើយនាងខ្ញុំក៏សូមផ្ដាំផ្ញើទៅដល់បងៗជាស្ត្រី បើមានចំណាប់អារម្មណ៍ក្នុងអាជីពស្រដៀងនឹងខ្ញុំ បងៗត្រូវក្លាហាន និងហ៊ានត្រូវចេះលើកទឹកចិត្តខ្លួនឯង និងជឿជាក់លើសម្មភាពខ្លួនឯង»។
កញ្ញានិយាយថា កញ្ញាមានមោទនភាព និងសប្បាយចិត្តដែលអាចធ្វើបានកិច្ចការជាអ្នកដោះមីន ក៏ដូចជាអាចចូលរួមចំណែកជួយដល់សហគមន៍ និងប្រទេសជាតិ៕