ភ្នំពេញ៖ កិច្ច​ការពារ​កុមារ​គឺជា​ការងារ​សំខាន់​មួយ​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​អភិវឌ្ឍន៍ ហើយ​វា​តម្រូវ​ឲ្យ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ការ​អប់រំ។

កម្ពុជា ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​លទ្ធភាព​ទទួល​បាន​ធនធាន​នៅ​មាន​កម្រិត កុមារ​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន​ ការ​ការពារ​សិទ្ធិ និង​សុខុមាលភាព​របស់​ពួកគេ​ទាមទារ​វិធីសាស្ត្រ​ទូលំទូលាយ​និង​ពហុភាគី។

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិសម្បទា តំណាង​ដោយ​អ្នក​នាំពាក្យ​លោក តូច ចាន់នី បាន​ទទួល​ស្គាល់​ថា កុមារ​កម្ពុជា​នៅតែ​បន្ត​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា ការ​រំលោភ​បំពាន ការ​កេង​ប្រវ័ញ្ច និង​ការមិន​យក​ចិត្ត​ទុកដាក់។

បញ្ហា​ទាំង​នេះ​បាន​បង្អាក់​ដំណើរការ​អភិវឌ្ឍ​សង្គម ដែល​ជះ​ឥទ្ធិពល​ដល់​ទាំង​អ្នកមាន​និង​អ្នកក្រ ដោយ​វិសមភាព​យេនឌ័រ ភាព​ក្រីក្រ​ក្នុង​ទីក្រុង ភាព​ខ្វះខាត​នៅ​ជនបទ ការ​បំបែក​គ្រួសារ​ដោយសារ​ការ​ធ្វើ​ចំណាក​ស្រុក ភាព​អត់​ការងារ​ធ្វើ និង​អាកប្បកិរិយា​សង្គម​អវិជ្ជមាន សុទ្ធតែ​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

យោងតាម​របាយការណ៍​នោះ​បាន​បង្ហាញ​ថា៖ «កុមារ​ទទួល​រង និង​ជួប​ប្រទះ​អំពើ​ហិង្សា​នៅ​កន្លែង​សាធារណៈ ផ្ទះ សាលារៀន សហគមន៍ និង​កន្លែង​សាសនា ក៏​ដូចជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។

ផ្អែក​តាម​ការ​អង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​នៅ​កម្ពុជា​ឆ្នាំ ២០២១-២០២២ បង្ហាញ​ថា ចំនួន​ ៦៦​ភាគរយ​នៃ​កុមារ​កម្ពុជា​អាយុ​ពី​១​ឆ្នាំ​ទៅ​១៤​ឆ្នាំ ធ្លាប់​រង​នូវ​ការ​ដាក់​ពិន័យ ពី​មនុស្ស​ពេញវ័យ​ក្នុង​គ្រួសារ។

ក្នុង​នោះ​កុមារ​បី​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ស្មើនឹង ​៥៩ ភាគរយ ធ្លាប់​ទទួល​រង​នូវ​ការ​ដាក់​ពិន័យ​លើ​ផ្លូវ​ចិត្ត កុមារ​ ៤៣​ភាគរយ ធ្លាប់​ទទួល​រង​នូវ​ការ​ដាក់​ពិន័យ​លើ​រាងកាយ និង​៥​ភាគរយ ធ្លាប់​ទទួល​រង​នូវ​ការ​ដាក់ពិន័យ​លើ​រាងកាយ​ធ្ងន់ធ្ងរ។ 

មនុស្ស​ពេញវ័យ​ក្នុង​គ្រួសារ​ចំនួន​២៧​ភាគរយ ជឿថា​ ការ​ដាក់​វិន័យ​លើ​រាងកាយ​ជាការ​ចាំបាច់​ដើម្បី​ប្រៀនប្រដៅ​កូន​ឱ្យ​បាន​ត្រឹមត្រូវ​។ ការ​អង្កេត​ក៏​បាន​បង្ហាញ​ផងដែរ​ថា ២៣​ភាគរយ​នៃ​កុមារ​អាយុ​ ១-១៤​ឆ្នាំ មិន​ធ្លាប់​ទទួល​រង​នូវ​វិធីសាស្ត្រ​ប្រៀនប្រដៅ​ដោយ​ការ​ដាក់​ពិន័យ​ពី​មនុស្ស​ពេញវ័យ​ក្នុង​គ្រួសារ មួយ​ខែ​មុន​អង្កេត។

លោក ចាន់នី បាន​ឱ្យ​ដឹង​ថា៖ «នៅ​ឆ្នាំ​២០២២ ការ​សិក្សា​ស្តីពី​ការ​បញ្ឈប់​គ្រោះ​ថ្នាក់​ការ​កេង​ប្រវ័ញ្ច និង​ការរំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អនឡាញ បាន​រក​ឃើញ​ថា ១១​ភាគរយ នៃ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ដែល​មាន​អាយុ​ពី​ ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ នៅ​ប្រទេស​កម្ពុជា បាន​ទទួល​រង​ការ​កេង​ប្រវ័ញ្ច និង​ការរំលោភ​បំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អនឡាញ»។

ទាំង​នោះ រួម​មាន ការ​គំរាម​កំហែង​ឱ្យ​កុមារ​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ ការ​ចែករំលែក​រូបភាព​ផ្លូវភេទ​របស់​ពួកគេ​ដោយ គ្មាន​ការ​អនុញ្ញាត ឬ​ការ​បង្ខិតបង្ខំ​ពួកគេ​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​ផ្លូវភេទ​តាមរយៈ​ការសន្យា​ផ្តល់​ប្រាក់​ឬ​អំណោយ។

អំពើ​ហិង្សា​លើ​កុមារ​ជារឿយៗ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​មនុស្ស​ពេញវ័យ និង​កុមារ​ដែលមាន​វ័យ​ច្រើនជាង ដែល មាន​តួនាទី​ជា​អ្នក​មើលថែទាំ​កុមារ រួមមាន​ឪពុកម្តាយ បងប្អូន​បង្កើត សាច់ញាតិ គ្រូបង្រៀន មិត្តភក្តិ​នៅ​សាលារៀន សមាជិក​សហគមន៍ អ្នកដឹកនាំ​សាសនា និង​អ្នក​ថែទាំ​នៅក្នុង​កន្លែង​ថែទាំ​កុមារ។

របាយការណ៍​បន្ដថា អំពើ​ហិង្សា​លើ​កុមារ​មាន​ទម្រង់​ជាច្រើន និង​មាន​ការ​ជំរុញ​ពី​កត្តា​ជាច្រើន​នៅ​កម្រិត​គ្រួសារ សហគមន៍ និង​សង្គម ដូច្នេះ​ដំណោះស្រាយ​នានា​ចាំបាច់​ត្រូវ​ដោះស្រាយ​តាម​រយៈ​អន្តរាគមន៍​ចម្រុះ​គ្នា។

ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​កិច្ច​ការពារ​កុមារ ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរ ជាតិ​ជាច្រើន រួមមានៈ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ឆ្នាំ១៩៩២ ពិធីសារ​បន្ថែម​ស្តីពី​ការ​ចូលរួម​របស់​កុមារ​នៅ​ក្នុងជម្លោះ​ប្រដាប់អាវុធ និង​ពិធីសារ​ស្តីពី​អំពើ​ជួញដូរ​កុមារ ពេស្យាចារ​កុមារ និង​រូបភាព​អាសអាភាស​កុមារ​នៅ​ឆ្នាំ​២០០២ និង​អនុសញ្ញា​ទីក្រុង​ឡាអេ​ស្តីពី​កិច្ចការពារ​កុមារ និង​កិច្ចសហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរជាតិ​​នៅ​ឆ្នាំ​២០០៧ ជាដើម។

នៅ​ថ្នាក់ជាតិ កម្ពុជា​បាន​បង្កើត​ក្របខណ្ឌ​ច្បាប់​ដ៏​រឹងមាំ​មួយ​ដែល​ដើរតួ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​កុមារ។

វឌ្ឍនភាព​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ការ​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន អមដោយ​ការបើក​ដំណើរការ​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​របស់​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន (JJLSOP) ក្នុង​ឆ្នាំ២០១៨។

លោក Billy Gorter នាយក​ប្រតិបត្តិ​នៃ This Life ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដែល​បំពេញ​បេសកកម្ម​​ផ្តល់​សិទ្ធិអំណាច​ដល់​សហគមន៍​មូលដ្ឋាន តាមរយៈ​ការអប់រំ ការ​អភិវឌ្ឍន៍​សហគមន៍ បាន​និយាយ​ថា៖ «នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ដែល​ងាយស្រួល​សម្រាប់​កុមារ​ជាង​មុន ដោយ​សង្កត់ធ្ងន់​លើ​ការស្តារ​នីតិសម្បទា​លើ​ការផ្តន្ទាទោស​ចំពោះ​ជនល្មើស​វ័យក្មេង»។

បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត

ឧបសគ្គ​ចម្បង​មួយ​គឺ​កង្វះ​តុលាការ​ជំនាញ និង​បុគ្គលិក​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​កុមារ។

លោក Gorter បាន​និយាយ​ថា មន្ត្រី​អនុវត្ត​ច្បាប់ និង​បុគ្គលិក​តុលាការ​ជារឿយៗ​ខ្វះ​ការ​បណ្តុះ​បណ្តាល​ចាំ​បាច់​ក្នុង​សិទ្ធិ​កុមារ និង​នីតិវិធី​យុត្តិធម៌​អនីតិជន ​ង​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​តំណាង​ផ្លូវច្បាប់​មិន​គ្រប់គ្រាន់​សម្រាប់​អនីតិជន និង​ការ​ពន្យារពេល​ក្នុង​ដំណើរការ​យុត្តិធម៌។

លោក Gorter បាន​ពន្យល់ថា៖ «​ភាពក្រីក្រ និង​កង្វះ​ការអប់រំ​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ ធ្វើឱ្យ​កុមារ​ពី​មជ្ឈដ្ឋាន​ជួប​ការលំបាក ងាយ​នឹង​ទទួលរង​ការ​កេងប្រវ័ញ្ច និង​មិនសូវ​ទទួល​បាន​ការប្រឹក្សា​ផ្នែក​ច្បាប់​ត្រឹមត្រូវ»។​

លោក​បន្ដ​ថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​កម្ពុជា បញ្ជាក់​ពី​តម្រូវការ​បន្ទាន់ ដោយសារ​ជនល្មើស​វ័យ​ក្មេង​ជាច្រើន​ត្រូវ​រស់នៅក្នុង​ពន្ធនាគារ​ជាមួយ​អ្នក​ទោស​​ពេញវ័យ ដែល​ពួកគេ​ត្រូវបាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ និង​ការកេងប្រវ័ញ្ច​បន្ថែមទៀត​។​

លោក​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​សំខាន់​មួយ​ទៀត​គឺ​កង្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ និង​ប្រមូល​ទិន្នន័យ​គ្រប់គ្រាន់ ដែល​រារាំង​ដល់​ការ​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​ច្បាប់ និង​គោល​នយោបាយ​ដែល​មាន​ស្រាប់។

គម្លាត​នៃ​ព័ត៌មាន​នេះ​ធ្វើឱ្យ​មាន​ការ​លំបាក​ក្នុងការ​កំណត់​អត្តសញ្ញាណ​តំបន់​ដែល​ត្រូវ​ការ​ការ​កែ​លម្អ និង​បង្កើត​អន្តរាគមន៍​គោលដៅ​ដែល​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ការប្រព្រឹត្ត​ខុស និង​ការ​កេង​ប្រវ័ញ្ច​លើ​អនីតិជន។

ការ​ការពារ​កុមារ​ងាយ​រងគ្រោះ​បំផុត

ខណៈ​ការ​អប់​រំ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​កុមារ ​វា​ក៏​មាន​សារៈសំខាន់​ដូចគ្នា​ដែរ​ក្នុង​ការ​ធានា​ថាកុមារ​ត្រូវ​បាន​ការពារ​ពី​គ្រោះថ្នាក់​នានា។

អង្គភាព​ការពារ​កុមារ (CPU) ជា​ដៃគូ​រវាង​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អគ្គស្នងការ​នគរបាលជាតិ​កម្ពុជា បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ CPU មាន​ភារកិច្ច​ស៊ើប​អង្កេត​បទល្មើស​ធ្ងន់ធ្ងរ​លើ​អនីតិជន​រួម​ទាំង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ អំពើ​ហិង្សា​លើ​រាងកាយ​និង​ការ​ជួញដូរ។ អង្គភាព​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ជនល្មើស​មក​កាត់​ទោស​ និង​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះថ្នាក់​បន្ថែម​ទៀត។

លោក James McCabe ជា​នាយក​ប្រតិបត្តិ​អង្គភាព CPU គូស​បញ្ជាក់​ពី​សមិទ្ធផល​របស់​អង្គភាព​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដែល​រួម​មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​ជិត ២ពាន់​នាក់​ និង​ការ​កាត់​ទោសដាក់​ពន្ធនាគារ។ 

លោកឱ្យ​ដឹង​ថា៖ «អង្គភាព​របស់​យើង​សម្រេច​បាន​នូវ​កិច្ចការ​ខាន់ៗ មិនត្រឹមតែ​ក្នុង​ការ​ចាប់​ខ្លួន និង​ការកាត់​ទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពី​បញ្ហា​នានា​ផងដែរ»។

លើស​ពី​សមិទ្ធផល​ការពារ​កុមារ អង្គភាព CPU បាន​ផ្តល់​ការ​គាំទ្រ​ដល់​សមាជិក​គ្រួសារ​ជាង ១០៥០០ នាក់ និង​តំណាង​ផ្នែក​ច្បាប់​ដោយ​ឥត​គិតថ្លៃ​ដល់​ជន​រងគ្រោះ​ចំនួន ១១០១នាក់។

ភាព​ក្រីក្រ ការ​អប់រំ និង​សក្ដានុពល​គ្រួសារ

ការ​សម្រេច​បាន​នូវ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាងជិត​ដិត​ទៅ​នឹង​បញ្ហា​សង្គម​ជាមួយ​ភាព​ក្រីក្រ ការ​អប់រំ និង​សក្ដានុពល​គ្រួសារ។

លោក Gorter បាន​ឱ្យ​ដឹង​ថា៖ «ភាព​ក្រីក្រ​បាន​លេច​ចេញ​ជា​ឧបសគ្គ​យ៉ាង​សំខាន់​ចំពោះ​ការ​សម្រេច​បាន​ពេញ​លេញ​នៃ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

កុមារ​ដែល​មាន​ប្រវត្តិ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ងាយ​រងគ្រោះ​នឹង​ការកេងប្រវ័ញ្ច និង​មិនសូវ​មាន​លទ្ធភាព​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់។

លោក​បាន​បន្ថែម​ថា ការ​សិក្សា​បាន​រក​ឃើញ​ថា គ្រួសារ​របស់​កុមារ​ជាប់​ពន្ធនាគារ តែងតែ​ជួប​ការលំបាក​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​សម្ភារៈ ដែល​ធ្វើឱ្យ​​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរឡើង។

ការ​អប់រំ​គឺជា​កត្តា​សំខាន់​មួយ​ទៀត​ក្នុងការ​ការពារ​សិទ្ធិ​កុមារ។ ការ​សិក្សា​បាន​បង្ហាញ​ថា ៧០ភាគរយ​ នៃ​កុមារ​ដែល​បាន​ស្ទង់​មតិ​មិនបាន​ចូលរៀន​នៅពេល​ពួកគេ​ត្រូវបាន​គេ​ចាប់ខ្លួន ហើយ ២៤ភាគរយ​ បាន​ចាក​ចេញពី​សាលារៀន​មុនពេល​ឈានដល់​ថ្នាក់​ទី៦។​

លោក Gorter បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ការជាប់​ពន្ធនាគារ​កាន់​តែ​រំខាន​ដល់​ការ​អប់រំ​របស់​ពួកគេ ប៉ះពាល់​ដល់​ការ​រំពឹង​ទុក​នាពេល​អនាគត​របស់​ពួកគេ»។

សក្ដានុពល​គ្រួសារ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ​សិទ្ធិ​កុមារ​ផងដែរ។ ខណៈពេល​ដែល​កុមារ​ភាគច្រើន​ដែល​ត្រូវ​បាន​ស្ទាបស្ទង់​កំពុង​រស់នៅ​ជាមួយ​សមាជិក​គ្រួសារ​មុន​ពេល​ចាប់​ខ្លួន ករណី​នៃ​អស្ថិរភាព​ក្នុង​គ្រួសារ ដូច​ជា​ការ​លែងលះ ឬ​ឪពុកម្តាយ​ដែល​បាន​ស្លាប់​គឺជា​រឿង​ធម្មតា។

ការ​ជាប់​ឃុំឃាំង​របស់​កុមារ​អាច​ធ្វើឱ្យ​ទំនាក់ទំនង​គ្រួសារ និង​ហិរញ្ញវត្ថុ​កាន់តែ​តានតឹង បង្កើត​វដ្ត​នៃ​គុណវិបត្តិ​ដែល​ពិបាក​បំបែក។

លោក Gorter បាន​បញ្ជាក់​ថា៖ «ដើម្បី​ការពារ​សិទ្ធិ​កុមារ​យ៉ាង​ពិត​ប្រាកដ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ការ​រំលោភ​បំពាន។ នេះ​មាន​ន័យ​ថា ការ​ដោះស្រាយ​ភាពក្រីក្រ ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ ការគាំទ្រ​គ្រួសារ និង​ការផ្តល់​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ និង​ការងារ»។

ការ​ពង្រឹង​គម្លាត៖ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​សិទ្ធិកុមារ

ការ​ការពារ​សិទ្ធិ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ទាមទារ​ឱ្យមាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួម​មាន​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន។

ការ​ស្រាវជ្រាវ​ថ្មីៗ​បង្ហាញ​ពី​តម្រូវការ​សំខាន់​សម្រាប់​ការសហការ​ធ្វើឱ្យ​ប្រសើរ​ឡើង ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការពារ​សុខុមាលភាព​របស់​កុមារ។

លោក Gorter និយាយ​ថា៖ «ការ​គាំទ្រ​សហគមន៍​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការធ្វើ​សមាហរណកម្ម​ឡើង​វិញ​ដោយ​ជោគជ័យ​នៃ​ជនល្មើស​វ័យក្មេង។ កម្មវិធី​របស់​យើង​ធ្វើការ​ដើម្បី​អប់រំ​សហគមន៍ កាត់បន្ថយ​ការ​មាក់​ងាយ និង​បង្កើត​បរិយាកាស​គាំទ្រ​ដែល​កុមារ​ទាំងនេះ​អាច​លូតលាស់ និង​ឈាន​ដល់​សក្តានុពល​ពេញលេញ​របស់​ពួកគេ»។

ដូចដែល​របាយការណ៍​របស់​អង្គការនេះ​បាន​សន្និដ្ឋាន​បាន​បង្ហាញថា​៖ «​​អនាគត​នៃ​សិទ្ធិ​កុមារ​នៅ​កម្ពុជា អាស្រ័យ​ទៅលើ​ការធ្វើ​សមាហរណកម្ម​ប្រកប​ដោយ​ជោគជ័យ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន ដោយ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​បរិយាកាស​យុត្តិធម៌ និង​ការគាំទ្រ​សម្រាប់​កុមារ​គ្រប់រូប​»។​

លោក Gorter បាន​កត់សម្គាល់ថា៖ «​វិធីសាស្ត្រ​សហការ​នេះ​កំណត់​ស្តង់ដា​ថ្មី​មួយ​សម្រាប់​របៀប​ដែល​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​អាច​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ បង្កើត​គំរូ​ដែល​អាច​ជំរុញ​​គំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍»។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួន និង​បាន​អនុម័ត​ច្បាប់ និង​គោល​នយោបាយ​ផ្សេងៗ រួមទាំង​គោល​នយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​ការពារ​កុមារ (២០១៩-២០២៩) និង​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​អ៊ីនធឺណិត (២០២១-២០២៥)​។​

លោក ចាន់នី បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នៅតែ​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ កែលម្អ​ការថែទាំ​ និង​ធានាថា​ កុមារ​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ឱកាស​ធំ​ឡើង​ក្នុង​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព និងការ​ថែរក្សា៕