ខេត្ដសៀមរាប៖ នៅពេលព្រឹកព្រលឹម ខណៈមនុស្ស និងសត្វភាគច្រើនកំពុងលង់លក់ ក្រុមសត្វកណ្ដុរដែលបានទទួលការបណ្តុះបណ្តាលពិសេសចាប់ផ្តើមបំពេញការងារដ៏សំខាន់បំផុតគឺការធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាព។
HeroRATs ទាំងនេះដែលត្រូវបានបណ្តុះបណ្តាលដោយអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក APOPO ប្រើប្រាស់ជំនាញហិតក្លិនដ៏វិសេសរបស់ពួកវាដើម្បីកំណត់អត្តសញ្ញាណគ្រាប់មីនដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ ជួយបោសសម្អាតផ្ទៃដីធំធេង និងធានាបាននូវការធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍មូលដ្ឋាន។
ក្រោកពីម៉ោង ៤ ព្រឹក ដើម្បីចាប់ផ្តើមការងារនៅម៉ោង ៦ ព្រឹក ជំនាញហិតរំសេវជើងបួនតូចៗទាំងនេះអាចសម្អាតផ្ទៃដីគ្របដណ្តប់ ៣០០-៤០០ ម៉ែត្រការ៉េក្នុងមួយថ្ងៃ។
ជំនាញនៃហិតក្លិនអនុញ្ញាតឱ្យពួកវាកំណត់ទីតាំងគ្រាប់មីនបានយ៉ាងឆាប់រហ័ស បន្ទាប់មកត្រូវបានយកចេញដោយសុវត្ថិភាពពីសំណាក់អ្នកដោះមីនជាមនុស្ស។
វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនេះជួយពន្លឿនដំណើរការដោះមីនលើផ្ទៃដីដូចគ្នាក្នុងរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រប្រពៃណី។
នៅលើចម្ការមីន មន្ដ្រីដោះមីនទទួលបានឧបករណ៍ការពាររបស់ពួកគេ មុនបំពេញបេសកកម្ម។ មនុស្សពីរនាក់រៀបចំឱ្យកណ្ដុរមួយក្បាលហិតរកជាតិរំសេវលើផ្ទៃដី ១០០ម៉ែត្រការ៉េ។ នេះបើយោងតាម Lily Shallom មន្ត្រីទំនាក់ទំនងរបស់ APOPO ប្រចាំនៅប្រទេស តង់ហ្សានី។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «សត្វកណ្ដុរត្រូវបានប្រើដើម្បីកំណត់ទីតាំងគ្រាប់មីនបានយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកពួកវាអាចសម្រាកនៅក្នុងម្លប់ដោយសារពួកវាចាញ់កម្ដៅ។ បន្ទាប់មកអ្នកដោះមីនដោយដៃរបស់យើងចូលទៅជីកយកគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតពីសម័យសង្គ្រាម។ ដូច្នេះគ្រាប់ទាំងនោះអាចត្រូវបានបំផ្លាញដោយសុវត្ថិភាព»។
បច្ចុប្បន្ន APOPO ធ្វើការនៅក្នុងប្រទេស អង់ហ្គោឡា ម៉ូសំប៊ិក ហ្ស៊ីមបាវ៉េ កម្ពុជា និងស៊ូដង់ខាងត្បូង ខណៈដែលអង្គការនេះពីមុនបានធ្វើការនៅប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែប្រតិបត្តិការទាំងនេះត្រូវបានបិទនាពេលបច្ចុប្បន្ន។
យោងតាម APOPO បានឱ្យដឹងថា៖ «ទំហំនៃបញ្ហាប្រឈមគឺធំធេងណាស់។ នៅទូទាំងពិភពលោក គ្រាប់មីននិងគ្រឿងផ្ទុះផ្សេងទៀតចំនួនជាង ១៦ម៉ឺនគ្រាប់ ត្រូវបានបំផ្លាញ រំដោះផ្ទៃដីចំនួនជាង ១០៧លានម៉ែត្រការ៉េ ប្រគល់ជូនសហគមន៍មូលដ្ឋានវិញដោយសុវត្ថិភាព»។
កិច្ចខិតខំប្រឹងប្រែងនេះបានផ្ដល់សុវត្ថិភាពដល់មនុស្ស ២,២៨១,៦៤២ នាក់ពីការគំរាមកំហែងនៃសំណល់ជាតិផ្ទុះបន្សល់ពីសង្គ្រាម។
ចាប់តាំងពីឆ្នាំ២០១៥ មក APOPO បានចាប់ដៃគូជាមួយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅខេត្តសៀមរាបដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
កម្មវិធីនេះដំណើរការជាមួយសត្វជាង ៦០ក្បាលនៅទូទាំងខេត្តចំនួន ៤ គឺខេត្តសៀមរាប ព្រះវិហារ បាត់ដំបង និងរតនគិរី។
HeroRATs ទាំងនេះបានចូលរួមបេសកកម្មជាមួយសុខន និងអ្នកដោះមីនដោយដៃ បង្កើតក្រុមដោះមីនប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅឆ្នាំ២០២៣ APOPO បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយដាក់ពង្រាយក្រុមស្រាវជ្រាវបច្ចេកទេសបន្ថែមដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនៅក្នុង និងជុំវិញបរិវេណប្រាសាទកោះកេរ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ APOPO បានឱ្យដឹងថា៖ «រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ដែលរាប់បញ្ចូលទាំងតំបន់ព្រៃក្រាស់ ជាមួយនឹងសំណល់បុរាណវត្ថុចំនួន ១៦៩ រួមទាំងប្រាសាទចំនួន ៧៦ គឺជាទីតាំងវប្បធម៌ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា»។
ការទទួលស្គាល់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៤ របស់កម្ពុជាដោយអង្គការយូណេស្កូក្នុងខែកញ្ញា ឆ្នាំ២០២៣ បានសបញ្ជាក់កាន់តែច្បាស់ពីសារៈសំខាន់នៃការការពាររមណីយដ្ឋានប្រវត្តិសាស្ត្រទាំងនេះពីការគំរាមកំហែងនៃគ្រាប់មីននិងគ្រឿងផ្ទុះផ្សេងទៀត។
កម្មវិធីដោះមីននៅកម្ពុជាលើសពីសមិទ្ធិផលមុនៗទាំងអស់ ដោយបានរំដោះដីសុវត្ថិភាពជាង ១៨,៥លានម៉ែត្រការ៉េ ត្រឡប់ទៅសហគមន៍មូលដ្ឋានវិញដើម្បីអភិវឌ្ឍ។
របាយការណ៍បន្ដថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់ APOPO បាននាំឱ្យមានការរកឃើញនិងការបំផ្លាញគ្រាប់មីនចំនួន ៥៣២ គ្រាប់ គ្រាប់បែកចង្កោមចំនួន ៦០ និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ចំនួន ៣៩២ ផ្សេងទៀត ដែលបង្ហាញពីតម្លៃមិនអាចកាត់ថ្លៃបានក្នុងការធ្វើឱ្យសហគមន៍អាចរស់នៅដោយសេរី និងស្តារជីវភាពរបស់ពួកគេឡើងវិញ»។
បន្ថែមពីលើនេះ ការអប់រំអំពីហានិភ័យនៃគ្រាប់រំសេវផ្ទុះ (EORE) និងក្រុមជំនួយជនរងគ្រោះ (VA) បានទៅដល់មនុស្ស ២៦១៩៣នាក់ដោយជោគជ័យ តាមរយៈវគ្គអប់រំអំពីហានិភ័យដោយសារមីន ហើយជនរងគ្រោះដោយសារគ្រាប់មីនចំនួន ២៧៤ នាក់បានទទួលការព្យាបាលតាមរយៈដៃគូ គឺមនុស្សធម៌ និងបរិយាបន្ន (HI)។
ទោះបីជាមានភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាក៏ដោយ ការប្តេជ្ញាចិត្តនិងភាពជាដៃគូយុទ្ធសាស្ត្ររបស់ APOPO បានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅរបស់កម្ពុជាក្នុងការក្លាយជាគ្មានមីននៅឆ្នាំ២០២៥។
ឆ្ពោះទៅមុខ APOPO សង្ឃឹមថានឹងប្រើប្រាស់ការច្នៃប្រឌិតរបស់ខ្លួននៅក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក ជាពិសេស ចំណោមប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់ (TB) ចំនួន ៣០។
របាយការណ៍បន្ដថា៖ «កណ្តុរដែលត្រូវបានបណ្តុះបណ្តាលដោយ APOPO អាចហិតសំណាកចំនួន១០០ ក្នុងរយៈពេលត្រឹមតែ ២០ នាទីនិងចង្អុលបង្ហាញថា តើសំណាកទាំងនោះអាចបង្កជាជំងឺរបេងឬអត់»។
ដើម្បីបង្កើនការយល់ដឹងអំពីកិច្ចខិតខំប្រឹងប្រែងដោះមីនដ៏សំខាន់ទាំងនេះ APOPO បានបង្កើតមជ្ឈមណ្ឌលអ្នកទស្សនា APOPO នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៧។
មជ្ឈមណ្ឌលនេះផ្តល់ជូនភ្ញៀវទេសចរនូវឱកាសពិសេសមួយដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាជាមួយនឹងគ្រាប់មីននិងការងារប្រកបដោយភាពច្នៃប្រឌិតដែលកំពុងត្រូវបានធ្វើដើម្បីបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌផ្សេងៗ។
អ្នកទស្សនាអាចឃើញសកម្មភាពរបស់ HeroRATs នៅពេលពួកវាហិតរករំសេវ TNT នៅក្នុងបរិវេណដែលបានកំណត់ ដោយផ្តល់រង្វាន់ជាផ្លែចេកសម្រាប់ការរកឃើញជោគជ័យរបស់ពួកវា។
លោក មាស សម្បត្តិ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលអ្នកទស្សនា សង្កត់ធ្ងន់លើផលប៉ះពាល់ជាវិជ្ជមាននៃ HeroRATs ដោយពន្យល់ពីបេសកកម្មរបស់ APOPO និងតួនាទីរបស់សត្វកណ្តុរក្នុងការស្វែងរកគ្រាប់មីន។
លោកបាននិយាយថា មជ្ឈមណ្ឌលបានទទួលនូវកំណើនចំនួនភ្ញៀវក្នុងឆ្នាំ២០២៣ ដោយទទួលភ្ញៀវបានជាង ៣៣០០០នាក់ បើធៀបនឹង ៨៦១៤នាក់ ក្នុងឆ្នាំ២០២២។
លោកបាននិយាយថា៖ «ខ្ញុំបានប្រាប់ភ្ញៀវត្រួសៗអំពីប្រវត្តិ និងជនរងគ្រោះរបស់យើង។ ប៉ុន្តែខ្ញុំព្យាយាមផ្តោតលើសត្វកណ្ដុរ ដោយប្រាប់ពួកគេពីប្រភពរបស់សត្វកណ្ដុរទាំងនោះ និងរបៀបដែលពួកវាហិតរករំសេវ TNT នៅក្រោមដី»។
លោកចាប់ផ្តើមជាមួយនឹងប្រវត្តិរបស់ APOPO និងមូលហេតុដែលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ះពាល់ដល់ពិភពលោក។
APOPO Visitor Center បើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច ផ្តល់បទពិសោធន៍អប់រំដល់ភ្ញៀវទេសចរក្នុងខេត្តសៀមរាប។
តម្លៃដំណើរទស្សនកិច្ចសម្រាប់ឆ្នាំ២០២៤ ត្រូវបានកំណត់ត្រឹម ១០ ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ដំណើរទស្សនកិច្ចរួមគ្នា ជាមួយនឹងដំណើរទស្សនកិច្ចឯកជនមានតម្លៃ ៣០ ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ក្រុមពី ១ ទៅ ៤ នាក់ និង ២០ ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ក្រុមពី ៥ ទៅ ២០ នាក់។
ដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលនេះត្រូវបានចាត់ទុកថាជាកន្លែងទាក់ទាញកំពូលមួយក្នុងខេត្តសៀមរាប ដោយបំពេញបន្ថែមការទស្សនាកន្លែងល្បីៗផ្សេងទៀត ដូចជា ប្រាសាទអង្គរវត្ត និងឧទ្យានជាតិផ្សេងៗ។
អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ APOPO បានធ្វើការបោសសម្អាតមីននៅកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ដោយគ្រាប់មីនខ្លាំងបំផុតនៅលើពិភពលោក។
ដោយប្រើ HeroRATs ដើម្បីហិតរកគ្រឿងផ្ទុះ APOPO អាចរំដោះផ្ទៃដីដ៏ធំល្វឹងល្វើយ ដោយប្រគល់វាជូនកសិករ និងសហគមន៍មូលដ្ឋានវិញ។
មជ្ឈមណ្ឌល APOPO Visitor Center មិនត្រឹមតែលើកឡើងពីការងារដ៏សំខាន់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱកាសសម្រាប់ភ្ញៀវទេសចរក្នុងការគាំទ្របុព្វហេតុផងដែរ។
វត្ថុអនុស្សាវរីយ៍អាចរកទិញបាន ហើយអ្នកទស្សនាអាចផ្ដល់ប្រាក់ចិញ្ចឹមសត្វកណ្ដុរក្នុងតម្លៃ ៦០ ដុល្លារក្នុងមួយឆ្នាំ ដោយទទួលបានព័ត៌មានថ្មីៗអំពីសកម្មភាពសត្វកណ្ដុរ និងការរួមចំណែកក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាព។
មជ្ឈមណ្ឌលអ្នកទស្សនារបស់ APOPO នៅខេត្តសៀមរាបមិនត្រឹមតែលើកកម្ពស់ការយល់ដឹងអំពីបញ្ហាមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការងារដ៏អស្ចារ្យរបស់ HeroRATs ផងដែរ។
ភ្ញៀវត្រូវបានលើកទឹកចិត្តឱ្យកក់ទុកមុនតាមរយៈអ៊ីម៉ែល visitor.center@apopo.org មុនពេលទៅទស្សនាមជ្ឈមណ្ឌលដែលមានទីតាំងនៅភូមិត្រពាំងសេះ ឃុំគោកចក ខេត្តសៀមរាប៕