ភ្នំពេញ៖ របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ទស្សនៈ​ពិភព​លោក​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​មក​លើ​កុមារ​នៅ​ទូទាំង​តំបន់​​អាស៊ី​អាគ្នេយ៍ ដោយ​កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​មួយ​ផងដែរ។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បរិស្ថាន Stockholm (SEI) បាន​បង្ហាញ​ពីទិដ្ឋភាព​​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ផ្លូវ​អារម្មណ៍ ការអប់រំ និង​សង្គម​លើ​កុមារ​ដែល​ត្រូវ​បាន​ទុក​ចោល​នៅ​ពេល​ឪពុកម្តាយ​​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក។

អ្នកស្រី Terry Ferrari នាយិកា​​ប្រចាំ​តំបន់​នៃ World Vision East Asia បាន​និយាយ​ថា៖ «វិបត្តិ​អាកាសធាតុ​គឺជា​ចលករ​ដ៏​សំខាន់​​បំផុត​មួយ​ដែល​បង្កើត​ពិភពលោក​របស់​យើង​ទាំង​បច្ចុប្បន្ន និង​អនាគត។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកយើង​មាន​ភាពស៊ាំ​នឹង​ពិត​នោះ​​ទេ។ គ្រួសារ​ទាំង​នោះ​​បាន​រង​គ្រោះ​ពី​​គ្រោះរាំងស្ងួត​ ឬ​ជន់​លិច​»។​

អ្នកស្រី​បញ្ជាក់​ថា គ្រួសារ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​ជម្រើស​ក្រៅពី​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​មុខរបរ​ផ្សេង​ទៀត។

ភាព​ងាយ​រងគ្រោះ​របស់​កម្ពុជា​ចំពោះ​បម្រែបម្រួល​អាកាសធាតុ​ត្រូវ​បាន​កំណត់​ក្នុង​​ចំណាត់​ថ្នាក់ ១៣២ ក្នុង​ចំណោម ១៩២​ ប្រទេស​នៅ​លើ​សន្ទស្សន៍ ND-GAIN Country Index ដែល​វាស់វែង​ភាព​ងាយ​រងគ្រោះ​អាកាសធាតុ​និង​ការ​ត្រៀម​ខ្លួន។

លោក ខ្វៃ អាទិត្យា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​ផល​ប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ គិត​ត្រឹម​ម៉ោង​ធ្វើការ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

វេជ្ជបណ្ឌិត Sara Vigil អ្នក​ជំនាញ​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​ជា​អ្នក​ដឹកនាំ​សកល​នៃ​កម្មវិធី​ការ​ធ្វើ​ចំណាក​ស្រុក និង​ចល័ត​របស់ SEI បាន​ឱ្យ​ដឹង​ថា៖ «ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ការពិត​ដ៏​គួរឱ្យ​សោកស្ដាយ​មួយ៖ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ធ្វើ​ចំណាក​ស្រុក​កំពុង​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​ដែល​ងាយ​រងគ្រោះ​រាប់មិនអស់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ទុក​ចោល​ ដោយ​ពួកគេ​ប្រឈម​បញ្ហា​​ផ្លូវ​អារម្មណ៍ និង​រាងកាយ​នៃ​ការ​បែក​គ្នា និង​អស្ថិរភាព»។ 

វេជ្ជបណ្ឌិត​បាន​បន្ដ​ថា៖ «វា​ជា​រឿង​សំខាន់​ដែល​យើង​ដោះស្រាយ​មូលហេតុ​ដើម​នៃ​ទុក្ខព្រួយ​នេះ ហើយ​ធានា​ថា​កុមារ​គឺជា​ចំណុច​កណ្តាល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​អនាគត​ប្រកប​ដោយ​សុវត្ថិភាព និង​សុវត្ថិភាព​ជាង​មុន»។

ផល​ប៉ះពាល់​លើ​កុមារ​កម្ពុជា

ខេត្ត​បាត់ដំបង​ ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ស្រុក​ភ្នំព្រឹក ​បាន​រង​ផល​ប៉ះពាល់​​ដោយ​ការ​ផ្លាស់ប្តូរ​បរិស្ថាន។​ ជាមួយ​នឹង​កម្មករ​ចំនួន ២ ភាគ ៣ ដែល​ត្រូវ​បាន​ជួល​​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម តំបន់​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​នៃ​ការធ្វើ​ចំណាក​ស្រុក ខណៈដែល​គ្រួសារ​ជួបប្រទះ​នឹង​សម្ពាធ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

យោងតាម​របាយការណ៍​នេះ សម្ពាធ​ទាំងនេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​បញ្ហា​​អាកាសធាតុ ដូចជា​ទឹក​ជំនន់ និង​គ្រោះរាំង​ស្ងួត ដែល​រំខាន​ដល់​ការ​ចិញ្ចឹម​ជីវិត និង​បង្ខំ​ឱ្យ​ឪពុកម្តាយ​ស្វែងរក​ការងារ​ធ្វើ​នៅ​កណ្តាល​ទីក្រុង​របស់​ប្រទេស​កម្ពុជា ឬ​ឆ្លងកាត់​ព្រំដែន​ក្នុង​ប្រទេស​ថៃ។

ប្រជាជន​កម្ពុជា​ចំនួន ៦៩២០០០ នាក់​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ធ្វើ​ជា​ពលករ​​នៅ​ក្នុង​ប្រទេស​ថៃ​​នៅ​ឆ្នាំ ២០២០។ ផ្នែក​សំខាន់​នៃ​ចំណាកស្រុក​ទាំងនេះ​គឺ​មិនត្រូវ​បាន​កំណត់​ជាក់​លាក់​នោះទេ​ ដែល​ធ្វើ​ចំនួន​ជាក់​លាក់​ក៏​មិន​ត្រូវបាន​ដឹង​​​ពិត​ប្រាកដ​ដែរ។

របាយការណ៍​បាន​គូស​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​អាយុ​ក្រោម ១៥​ឆ្នាំ មាន​ប្រហែល ៣០,៥ភាគរយ​ និង ១៧,១ភាគរយ​ ទៀត​អាយុ ១៥-២៤ ឆ្នាំ ដែល​បង្ហាញ​ពី​យុវជន​មួយ​ចំនួន​ធំ​​​រង​ផល​ប៉ះពាល់​ដោយ​ទម្រង់​ការ​ធ្វើ​ចំណាកស្រុក​ទាំងនេះ​។​

គិតត្រឹម​ឆ្នាំ ២០២១-២០២២ ជិត ២១ភាគរយ​ នៃ​ស្ត្រី​ដែល​មាន​អាយុ​ពី ២០-២៤ ឆ្នាំ និង ៣០ភាគរយ​ នៃ​បុរស​ក្នុង​ក្រុម​អាយុ​ដូចគ្នា​គឺជា​ជន​ចំណាកស្រុក​​ក្នុង​ប្រទេស។

អ្នកម្ដាយ​នៅ​ស្រុក​ភ្នំព្រឹក​​ម្នាក់​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ការ​បង្ក​បង្កើន​ផល​ដំណាំ​ជួប​បញ្ហា​​បរាជ័យ​ដោយសារ​គ្រោះ​រាំងស្ងួត យើង​មិនអាច​រកប្រាក់​បាន​គ្រប់គ្រាន់​ទេ។ ប្តី​ខ្ញុំ និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​ធ្វើការ​នៅ​កសិដ្ឋាន​នៅ​ទីនោះ។ វា​ពិបាក​នឹង​ទុក​កូន​ចោល ប៉ុន្តែ​ពួកយើង​គ្មាន​ជម្រើសទេ​​»។​

សម្រាប់​មនុស្ស​ជាច្រើន ការ​ធ្វើ​ចំណាក​ស្រុក​មិនមែន​ជា​ជម្រើស​ទេ ប៉ុន្តែ​ជា​កត្តា​ចាំបាច់ ដែល​រមែង​កើតឡើង​ពី​បញ្ហា​​បំណុល និង​តម្រូវ​ការ​បន្ទាន់​ដើម្បី​ផ្គត់ផ្គង់​ដល់​កូន​របស់​ពួកគេ។

តាម​រយៈ​ការ​ពិនិត្យ​មើល​ភូមិ​ជនបទ​ចំនួន​ប្រាំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម របាយការណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​កត្ដា​អាកាសធាតុ​ប្រែប្រួល រួម​ទាំង​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹក​ជំនន់​ញឹកញាប់ បង្ក​ឱ្យ​ប្រជាជន​ជួប​គ្រោះ​​អត់​ឃ្លាន ការ​ខកខាន​សាលារៀន និង​ការ​ថប់​បារម្ភ​អំពី​បំណុល​ដែល​កើនឡើង។

កុមារ​ពិត​ជា​បាន​ជួប​វិបត្ដិ​ផ្លូវ​ចិត្ដ​​ធ្ងន់ធ្ងរ។ ពួកគេ​ជាច្រើន​ត្រូវ​បាន​មើល​ថែ​ដោយ​ជីដូន​ជីតា ហើយ​គ្រួសារ​ខ្លះ​ពិបាក​រក​លុយ​សូម្បី​តែ​ផ្ញើ​ប្រាក់​មក​ទិញ​ម្ហូប​អាហារ។

ក្មេងស្រី​នៅ​បាត់ដំបង អាយុ​ ១២​ឆ្នាំ​ម្នាក់​បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​នឹក​ពុក​ម៉ែ​ខ្លាំង​ណាស់ ហើយ​ត្រូវ​ជួយ​ជីដូន​ធ្វើ​​ការងារ​ផ្ទះ ធ្លាប់​ទៅ​រៀន​រាល់ថ្ងៃ តែ​ឥឡូវ​នឹក​ថ្នាក់រៀន​ព្រោះ​ត្រូវ​ជួយ​ច្រើន»។

របាយការណ៍​នេះ​បាន​រៀបរាប់​លម្អិត​ពី​ក្មេងស្រី​ខ្មែរ​ទាំង​នោះ ជាពិសេស ​អ្នក​ដែល​មក​ពី​តំបន់​ជនបទ​និង​មាន​បញ្ហា​សេដ្ឋកិច្ច​ជា​ញឹកញាប់​ធ្វើ​ចំណាក​ស្រុក​ទៅ​ទីក្រុង​ ដូចជា ​ភ្នំពេញ ឬ​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើការ។

ពួកគេ​ត្រូវ​បាន​ជួល​ជា​​នៅក្នុង​វិស័យ​ ដូចជា​ សំណង់ ការ​រើស​សំរាម ឬ​កាស៊ីណូ ដែល​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​កើន​ឡើង​ចំពោះ​​ស្ត្រី​​ធ្វើ​ចំណាក​ស្រុក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ក្នុង​ករណី​ដែល​ឪពុកម្តាយ​ធ្វើ​ចំណាក​ស្រុក ក្មេងស្រី​ទំនងជា​នឹង​ទទួល​បន្ទុក​មើល​ថែ​ប្អូនស្រី ឬ​ជីដូន​ជីតា។

ការ​បែងចែក​កម្លាំង​ពលកម្ម​តាម​យេនឌ័រ​នេះ​អាច​រំខាន​ដល់​ការ​អប់រំ​របស់​ពួកគេ និង​បង្ខំ​ពួកគេ​ឱ្យ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​​មនុស្ស​ពេញវ័យ។

ក្មេងស្រី​កម្ពុជា​ជាច្រើន​ដែល​ធ្វើ​ចំណាក​ស្រុក​ប្រឈម​មុខ​នឹង​លក្ខខណ្ឌ​ការងារ​មិន​ទៀងទាត់ ដោយ​ខ្លះ​ធ្វើ​​ការងារ​មិន​ច្បាស់លាស់ ឬ​ខុសច្បាប់​ក្នុង​វិស័យមួយ​ចំនួន ​ដូចជា ​កាស៊ីណូ​ជាដើម។

ជា​ឧទាហរណ៍ ក្មេងស្រី​អាយុ ១៦​ ឆ្នាំ​ម្នាក់​បាន​ចែក​រំលែក​ថា ​នាង​បាន​ចំណាក​ស្រុក​តែ​ម្នាក់​ឯង​ទៅ​ធ្វើ​ការ​នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

នាង​បាន​ធ្វើការ​ពី ១២ ទៅ ១៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយ​ផ្ញើ​ប្រាក់​ប្រហែល ១០០ ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​គ្រួសារ​របស់​នាង បន្ទាប់​ពី​បាន​រ៉ាប់រង​ការចំណាយ​របស់​នាង ប៉ុន្តែ​នាង​ក៏​ប្រឈម​នឹង​ការ​ភ័យខ្លាច និង​ភាពមិន​ច្បាស់លា​ស់​អំពី​អនាគត​របស់​នាង​ផងដែរ។

ផល​ប៉ះពាល់​ដល់​ផ្នែក​អប់រំ​និង​ការ​បង្កើន​កិច្ច​ទទួល​ខុស​ត្រូវ

របាយការណ៍​កត់​សម្គាល់​ថា កុមារ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​ជនបទ​ជួបប្រទះ​ការ​រំខាន​ដល់​ការ​សិក្សា​របស់​ពួកគេ​នៅពេល​ឪពុកម្តាយ​ធ្វើ​ចំណាកស្រុក។

ក្មេងស្រី​ម្នាក់​កំពុង​រៀបចំ​កាតាប​សិក្សា​របស់​ខ្លួន។ រូបថត World Vision

ប្រទេស​កម្ពុជា​មាន​អត្រា​ពិការភាព​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ឈាន​ដល់ ៥៧​ភាគរយ​ ក្នុង​ចំណោម​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ ដែល​ភាគច្រើន​ជា​ជីដូន​ជីតា​ដែល​ទុក​ឱ្យ​មើល​ថែទាំ​កុមារ ខណៈ​​ឪពុកម្តាយ​របស់​ពួកគេ​ធ្វើ​ចំណាកស្រុក។

ទឹកជំនន់​ដែល​ធ្វើ​ឲ្យ​ផ្លូវ​មិនអាច​ឆ្លងកាត់​បាន ហើយ​ការខ្វះខាត​ជំនួយ​នៅផ្ទះ​ច្រើនតែ​បង្ខំ​កុមារ​ឱ្យ​ទទួល​បន្ទុក​គ្រួសារ​កាន់​តែ​ច្រើន​។​

អ្នកស្រី Ferrari ត្រូវបាន​ដក​ស្រង់​សម្ដី​ដោយ​បាន​និយាយថា៖ «​ក្មេងៗ​ជារឿយៗ​ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ ដកហូត​ការអប់រំ និង​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច។ សុខុមាលភាព​របស់​ពួកគេ កុមារភាព​របស់​ពួកគេ និង​អនាគត​របស់​ពួកគេ​ស្ថិត​ក្នុង​តុល្យភាព»។

ក្នុង​ករណី​ខ្លះ ជន​ចាស់ជរា ជាពិសេស​កុមារី ត្រូវតែ​ទទួល​បន្ទុក​មើល​ថែ​ដោយ​ពួកគេ​ពិបាក​មាន​​លទ្ធភាព​ចូល​សាលា។

លោកយាយ​ម្នាក់​បាន​ចែក​រំលែក​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ចៅ​របស់​គាត់​តែ​ម្នាក់​ឯង​ថា៖ «ខ្ញុំ​ស្រឡាញ់​ពួកគេ ប៉ុន្តែ​វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​មើលថែ​ពួកគេ​ដោយ​ខ្លួនឯង ពេលខ្លះ​យើង​មិនមាន​អាហារ​គ្រប់គ្រាន់ ហើយ​ខ្ញុំ​បារម្ភ​ពី​អនាគត​ពួកគេ»។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា មិន​អាច​សុំការ​អត្ថាធិប្បាយ​បាន​ទេ ជុំវិញកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​គាំទ្រ​កុមារ​ដែល​ឪពុកម្តាយ​ធ្វើ​ការ​ជា​ជន​ចំណាកស្រុក។

ក្រសួង​អប់រំ​កម្ពុជា​បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ធានា​ថា កុមារ​ដែល​មាន​ឪពុកម្តាយ​ចំណាក​ស្រុក​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ ទោះបីជា​ប្រឈម​មុខ​នឹង​ស្ថាន​ភាពលំបាក​ក៏ដោយ​។​

យោង​តាម​វេទិកា​ដែល​រៀបចំ​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០២១ ក្រសួង​អប់រំ យុវជន​និង​កីឡា អង្គការ​ដៃគូ និង​បណ្តាញ​កុមារ និង​ក្រុម​យុវជន បាន​ធ្វើការ​លើ​បញ្ហា​សំខាន់​មួយ​សម្រាប់​កុមារ​ទាំង​នេះ ជាពិសេស​អ្នក​ដែល​ត្រឡប់​មកពី​ប្រទេស​ជិត​ខាង​ ដូចជា ​ប្រទេស​ថៃ មាន​​ការ​លំបាក​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សាលារៀន​កម្ពុជា។

បញ្ហា​ប្រឈម​ទាំងនេះ​ជារឿយៗ​កើតឡើង​ដោយសារ​ឧបសគ្គ​ភាសា ឬ​ភាព​ខុសគ្នា​នៅ​ក្នុង​កម្មវិធី​សិក្សា។

ជា​ឧទាហរណ៍ កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​ដល់​គ្រូ​បង្រៀន​​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ដើម្បី​ជួយ​ពួកគេ​បន្ត​ការ​សិក្សា​នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។

កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​មួយ​ចំនួន ​ដូចជា ​ខេត្ត​បាត់ដំបង និង​សៀមរាប ដែល​មាន​ចំនួន​ជន​ចំណាកស្រុក​ច្រើន។

លើសពីនេះ ផែនការ​សកម្មភាព​បរិយាបន្ន​​អប់រំ​​របស់​រដ្ឋាភិបាល​ឆ្នាំ ២០២៤-២០២៨ ផ្តោត​លើ​ការ​ធានា​ថា​កុមារ​ទាំងអស់ រួមទាំង​កុមារ​ដែល​មកពី​សាវតា​ជនពិការ ឬ​ជន​ចំណាក​ស្រុក​មាន​លទ្ធភាព​ទទួលបាន​ការអប់រំ​។​

ជាង​នេះ​ទៅ​ទៀត អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដូចជា Action Education ​​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​ដល់​កុមារ​ចំណាក​ស្រុក និង​ក្រៅ​សាលា។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​មាន​គោល​បំណង​បញ្ចូល​កុមារ​ជាង ១០ម៉ឺននាក់​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ផ្លូវការ​នៅ​ឆ្នាំ ២០២៥។

ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​បន្ទាន់

នៅ​ពេល​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តែ​បន្ត​កាន់តែ​ខ្លាំង របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អំពាវនាវ​ឱ្យមាន​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​ការពារ​កុមារ​ដែល​រង​ផលប៉ះពាល់​ដោយ​ការ​ធ្វើ​ចំណាក​ស្រុក។

គិត​ត្រឹម​ឆ្នាំ២០២០ មាន​ជន​ចំណាក​ស្រុក​កុមារ​អន្តរជាតិ​ប្រមាណ ១,២៧ លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន ៤០​ភាគរយ​រស់​នៅ​ក្នុង​ប្រទេស​ថៃ។

ទោះជា​យ៉ាងណា​ក៏ដោយ ដោយសារ​តែ​ចលនា​​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ទៀងទាត់ ចំនួន​ពិត​ប្រាកដ​អាច​កើន​ឡើង​ដល់ ២,៥ លាន​នាក់​។​

លោក Niall O'Connor នាយក​ SEI Asia Centre បាន​និយាយ​ក្នុង​របាយការណ៍​ថា៖ «ការ​រក​ឃើញ​នេះ​បញ្ជាក់​ពី​តម្រូវការ​បន្ទាន់ និង​មិន​អាច​ប្រកែក​បាន​សម្រាប់​វិធីសាស្ត្រ​អាកាសធាតុ និង​ការ​ធ្វើ​ចំណាក​ស្រុក​រួម​ដើម្បី​ដោះស្រាយ​បញ្ហា​នានា»។

របាយការណ៍​ណែ​នាំ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​ត្រៀមខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​ដើម្បី​ជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា។

លោក O'Connor បន្ថែមថា៖ «​កុមារ​គ្រប់រូប​សម​នឹង​ទទួល​បាន​បរិយាកាស​សុខ​ សុវត្ថិភាព និង​អនុញ្ញាតឱ្យ​មាន​ការ​អភិវឌ្ឍន៍ ប៉ុន្តែ​រឿងរ៉ាវ​នៅ​ក្នុង​របាយការណ៍​នេះ ធ្វើឱ្យ​មាន​រូបភាព​ផ្ទុយ​​ស្រឡះ​និង​ទាមទារ​ដំណោះ​ស្រាយ៕