ព្រះសីហនុៈ «ឥឡូវអញ្ចេះ ក្មួយទាំង២ នៅពេលនេះ ពូទុកឱកាសឱ្យក្មួយកែខ្លួន។ ចាប់ពីថ្ងៃនេះទៅកុំប្រព្រឹត្តអាហ្នឹងតទៅទៀត បើមិនឈប់ប្រើ កែខ្លួនជាមនុស្សល្អវិញទេ ថ្ងៃក្រោយពូមកយកក្មួយទៅមណ្ឌលបន្សាបហើយ»។
នេះជាការថ្លែងរបស់សមាជិកក្រុមប្រឹក្សាឃុំរាមម្នាក់ ទៅកាន់យុវជនប្រើប្រាស់ថ្នាំញៀន ២នាក់ នៅហ្នឹងផ្ទះរបស់ពួកគេ ក្នុងស្រុកព្រៃនប់នៅក្នុងអំឡុងពេលចុះធ្វើការអប់រំ និងប្រមូលអ្នកញៀនថ្នាំយកទៅមណ្ឌលអប់រំកែប្រែ បន្សាបគ្រឿងញៀន។
មន្រ្តីមូលដ្ឋានបានលើកឡើងថា ការចុះធ្វើការអប់រំតាមផ្ទះ និងប្រមូលយុវជនធ្លាក់ក្នុងអន្ទាក់គ្រឿងញៀននេះ គឺដើម្បីទប់ស្កាត់ពួកគេកុំឱ្យញៀនកាន់តែខ្លាំង រហូតលែងគ្រប់គ្រងខ្លួនឯងបាន ហើយបង្កបញ្ហាធ្ងន់ ទៅដល់សមាជិកគ្រួសារ សាច់ញាតិ អ្នកភូមិ ឬមន្រ្តីអនុវត្តច្បាប់។ ជាក់ស្តែង មន្រ្តីនគរបាលវ័យក្មេងក្នុងរាជធានីភ្នំពេញម្នាក់ ត្រូវបានជនញៀនថ្នាំចាក់សម្លាប់កាលពីថ្ងៃទី២៩ ខែសីហាកន្លងមក។
ក្នុងរយៈពេលប្រមាណជាង ៤ខែចុងក្រោយនេះ មន្រ្តីនគរបាល សមាជិកក្រុមប្រឹក្សាឃុំ និងសន្តិសុខភូមិបានចុះប្រមូលយុវជនញៀនថ្នាំញៀនប្រមាណជា ៣០នាក់ បញ្ជូនទៅមណ្ឌលអប់រំកែប្រែ ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត។
ក្រុមប្រឹក្សាឃុំ លោក ហ៊ឹន ត្រឹង បានឱ្យដឹងថា ការចុះទៅធ្វើការងារនេះគឺធ្វើឡើងទៅតាមបណ្តឹងរបស់ឱពុកម្តាយ សមាជិកគ្រួសារ ឬពលរដ្ឋក្នុងមូលដ្ឋានជាដើម។ ក្នុងករណីដែលពួកគេទើបតែប្រើប្រាស់ក្នុងដំណាក់កាលដំបូង ក្រុមការងារតែងតែធ្វើការអប់រំ និងណែនាំឱ្យពួកគេបញ្ឈប់ការប្រើប្រាស់ ក្នុងរយៈពេល ១៥ថ្ងៃ។ ប៉ុន្តែបើក្នុងអំឡុងពេលនេះ មិនស្តាប់តាមការណែនាំនោះទេ ពួកគេនឹងត្រូវយកទៅធ្វើតេស្តបញ្ជាក់ រកសារធាតុនៅនគរបាលប៉ុស្តិ៍ ដើម្បីបញ្ជូនទៅមណ្ឌលកែប្រែ។
លោកនិយាយថា៖«ខ្ញុំចុះធ្វើដោយសារតែខ្ញុំអត់ខ្លាច ព្រោះយើងធ្វើទៅតាមការឯកភាពរបស់ខេត្ត និងក្មេងទាំងអស់ហ្នឹងគឺទើបតែប្រើប្រាស់ ដែលមិនទាន់ដល់ថ្នាក់វង្វេងវង្វាន់អីនោះទេ។ អញ្ជឹងយើងចុះទៅអប់រំឱ្យឈប់ជាមុន កុំឱ្យដល់គាត់វង្វេងវង្វាន់ អាហ្នឹងក៏យើងមិនហ៊ានដែរ»។
លោកបន្តថា ក្នុងករណីដែលពួកគេបញ្ឈប់ការប្រើប្រាស់តាមការណែនាំ នោះក្រុមការងារអនុញ្ញាតឱ្យពួកគេនៅផ្ទះបន្ត ហើយធ្វើការតាមដានបន្តទៀត។
លោកបញ្ជាក់ថា៖«តែបើមើលទៅសភាពញៀនហ្នឹងខ្លាំងហើយ បើទុកនៅផ្ទះខ្លាចបង្កបញ្ហា យើងក៏ធ្វើរបាយការណ៍ទៅស្នងការ ដើម្បីជញ្ជូនទៅមណ្ឌលអប់រំកែប្រែ។ យើងមើលតាមសភាពជាក់ស្តែងអញ្ជឹង បើញៀនខ្លាំងបញ្ជូនទៅកន្លែងមានសុវត្ថិភាពហើយ[មណ្ឌល]...បើទុកដល់ថ្នាក់ហ្នឹង គឺយើងមិនអាចគ្រប់គ្រងបានទេ»។
ទោះយ៉ាងណា កន្លងមក នៅក្នុងមូលដ្ឋានឃុំរាមនេះ មិនទាន់មានបញ្ហាធ្ងន់ធ្ងររហូតដល់ថ្នាក់បង្ករបួសស្នាម ឬស្លាប់នោះទេ ដោយសារអាជ្ញាធរពាក់ព័ន្ធសហការគ្នាចុះទៅធ្វើការទប់ស្កាត់ជាមុន។
តាមរយៈការសាកសួរអ្នកញៀនទាំងនោះបានឱ្យដឹងថា ពួកគេបានប្រើប្រាស់គ្រឿងញៀនទៅតាមការអូសទាញរបស់មិត្តភក្តិ ឬអ្នកស្គាល់គ្នា។ នេះបើយោងតាមលោកត្រឹងដដែលនេះ
លោកថា៖«ភាគច្រើន វាមានមិត្តភក្តិ ពួកម៉ាកចេះតែប្រើតាមគ្នាម៉ាខ្សឺតពីរខ្សឺត សាកអញ្ចេះ អញ្ចុះ អីអញ្ជឹងទៅ។ យូរៗទៅចេះតែប្រើជាប់ទៅឈប់លែងបាន ទៅតាមមិត្តភក្តិ ហើយអូសទាញគ្នាបន្តទៀតអញ្ជឹងទៅ»។
លោកសុខ ស៊ីណា នាយប៉ុស្តិ៍នគបាលឃុំរាមបានឱ្យដឹងថា បន្ទាប់ពីធ្វើតេស្តបញ្ជាក់ថា ពួកគេពិតជាមានសារធាតុញៀនរួចហើយ លោកធ្វើរបាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុក។ អធិការដ្ឋាននគរបាលស្រុកបញ្ជូនរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនជនរងគ្រោះទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកនាយប៉ុស្តិ៍បានអះអាងថា ក្នុងមូលដ្ឋានឃុំរាមមិនមានអ្នកចែកចាយគ្រឿងញៀនធំដុំនោះទេ ដែលភាគច្រើនមានតែអ្នកប្រើប្រាស់។
មន្រ្តីអាជ្ញាធរឃុំបានលើកឡើងផងដែរថា ការបង្រ្កាបទៅលើអ្នកចែកចាយមានការលំបាក ដោយសារតែអ្នកប្រើប្រាស់គ្រឿងញៀនកម្រនឹងសារភាពប្រាប់សមត្ថកិច្ចតាមត្រង់ណាស់។ ពួកគេតែងតែអះអាងប្រាប់អាជ្ញាធរថា ពួកគេមិនស្គាល់អ្នកយកថ្នាំញៀនទៅលក់ឱ្យនោះទេ ដោយសារតែសកម្មភាពនេះធ្វើឡើងភាគច្រើននៅពេលយប់។ លើសពីនោះ អ្នកចែកចាយនោះតែងតែងពាក់មួកសុវត្ថិភាព មិនឱ្យចំណាំពួកគេបាននោះទេ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ)បានលើកឡើងថា នាពេលប្ចុប្បនេះ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា ដែលភាគច្រើនជាយុវជននោះមានមិនលើសពី៣ទៅ៤ម៉ឺននាក់នោះទេតាមការប៉ាន់ស្មាន។
ទោះយ៉ាងណា ការប្រមូលព័ត៌មានពីចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ដែលអ.ជ.ប.គ.ញគ្រប់គ្រងបានមានទិន្នន័យច្បាស់លាស់ គឺប្រហែលជា ២ម៉ឺននាក់ប៉ុណ្ណោះ ដែលកំពុងតែទទួលការព្យាបាលនៅតាមសហគមន៍ ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត និងថ្នាក់ពេទ្យជាតិ។ ក្រៅពីនោះ ក៏មានការព្យាបាលនៅតាមជម្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៥ផងដែរ។ អ្នកញៀនថ្នាំជាច្រើនផ្សេងទៀតក៏មិនទាន់ទទួលបានការព្យាបាលបន្សាបនោះទេ ដោយពួកគេបន្តរស់នៅជាមួយគ្រួសារនៅតាមសហគមន៍។
ក្នុងកិច្ចខិតខំទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា អ.ជ.ប.គ.ញបានបង្កើត App Nodrug កាលពីខែមេសាកន្លងមក ដើម្បីធ្វើទំនើបឱ្យទាន់សម័យ និងមានប្រសិទ្ធភាព។
លោក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: អ.ជ.ប.គ.ញ បានឱ្យដឹងថាចាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវApp NoDrug នេះមក អ.ជ.ប.គ.ញ បានជំរុញ បំផុស ផ្សព្វផ្សាយ ការទាញយកនិងប្រើប្រាស់បានជាង៣ម៉ឺននាក់ គិតមកដល់ពេលបច្ចុប្បន្ននេះ។
លោកបន្តថា តាមរយៈកម្មវិធីទូរស័ព្ទដៃនេះ អង្គភាពជំនាញបានទទួលរបាយការណ៍អំពីបញ្ហាគ្រឿងញៀនបានជាង៤៣៥ករណី។ ក្នុងនោះបទល្មើស ដែលត្រូវបានដោះស្រាយរួចមាន១៩៨ករណី និងកំពុងដោះស្រាយ៩៤ករណីផងដែរ។
លើសពីនោះ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននេះ អ.ជ.ប.គ.ញក៏បានបង្កើតគោលនយោបាយថ្មីមួយទៀតផងដែរគឺ «គោលនយោបាយភូមិស» ហើយបានដាក់ទៅទីស្តីការគណៈរដ្ឋមន្រ្តីរួចរាល់ហើយផងដែរ ដើម្បីពិនិត្យ និងសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការ។ នេះបើយោងតាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អ.ជ.ប.គ.ញ។
ទោះយ៉ាងណា លោកនាយឧត្តមសេនីយ៍សុំមិនទាន់ធ្វើអត្ថាធិប្បាយលំអិតពីគោលនយោបាយភូមិសនេះនោះទេ ដោយរងចាំការសម្រេចឱ្យអនុវត្តជាផ្លូវការរបស់រដ្ឋាភិបាលសិន។
លោកមាស វិរិទ្ធមានប្រសាសន៍ថា៖«ជំនាញបានបញ្ចប់គោលនយោបាយហ្នឹង ហើយបានដាក់ទៅរដ្ឋាភិបាលហើយដែរ។ គោលនយោបាយភូមិសនេះនឹងធ្វើនៅទូទាំងប្រទេស ចំនួន១៤ ៥៨០ភូមិ។សូចនាករហ្នឹងធ្វើយ៉ាងម៉េចកុំឱ្យមានគ្រឿងញៀនក្នុងភូមិ ដែលជាចំណែកមួយនៃភូមិឃុំមានសុវត្ថិភាព។ នៅក្នុងគោលនយោយមានសរសេរពីផែនការអនុវត្តអស់ហើយ»។
ក្រុមការងារឃុំរាមកំពុងតែបន្តសកម្មភាពនេះតទៅទៀត ដែលជាការចូលរួមក្នុងយុទ្ធនាការបង្រ្កាបក្មេងទំនើងផង និងអនុវត្តកម្មវិធីភូមិឃុំមានសុវត្ថិភាពផងដែរ។
លោកត្រឹងថ្លែងដូច្នេះថា៖«ក្មេងៗទាំងអស់ហ្នឹងភាគច្រើនបានឈប់ប្រើប្រាស់ និងកែប្រែខ្លួន។ តាំងពីយើងចុះហ្នឹងមក ឥលូវក្នុងភូមិឃុំរាងស្ងាត់អស់ហើយ ព្រោះគាត់បានយល់បន្ទាប់ពីយើងបានធ្វើការណែនាំពីផ្លូវច្បាប់ និងផលប៉ះពាល់។ អ្នកដែលបញ្ជូនទៅមណ្ឌល ទាល់តែអស់សារធាតុញៀនពីក្នុងខ្លួន ទើបគេឱ្យមកវិញ»៕