ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈគណៈកម្មការសុរិយោដី បានអះអាងថា វិវាទដីធ្លីទូទាំងប្រទេសកម្ពុជា បានថយចុះជាង ២០០ ករណីក្នុង ឆ្នាំ២០១៤ បើធៀបនឹង ឆ្នាំ២០១៣ ផ្ទុយពីការលើកឡើងរបស់អង្គការលីកាដូ ដែលថា ពលរដ្ឋរងគ្រោះដីធ្លីថ្មីមានជាង ១ ម៉ឺនគ្រួសារក្នុង ឆ្នាំ២០១៤ កើនបីដង ធៀបនឹង ឆ្នាំ២០១៣។
ជាមួយគ្នានេះតាមរយៈក្រសួង គណៈកម្មការសុរិយាដីថ្នាក់ជាតិ ក៏បានស្នើជាលើកដំបូង ទៅថ្នាក់ដឹកនាំអង្គការលីកាដូ ឲ្យផ្តល់ទិន្នន័យ និងឯកសារពាក់ព័ន្ធករណីទំនាស់ដីធ្លី ដែលខ្លួនលើកឡើងនោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងស្រាវជ្រាវ។
តាមសេចក្តីជូនដំណឹងចុះថ្ងៃ ទី២០ ខែកុម្ភៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកតួលេខដែលរកឃើញដោយលីកាដូ ថាច្រើនលើសលប់ មិនឆ្លុះបញ្ចាំងពីការពិត។ ក្រសួង បានឲ្យដឹងថា នៅត្រឹមដំណាច់ ឆ្នាំ២០១៤ វិវាទដីធ្លី មានចំនួន ៧៥០ ករណីតែប៉ុណ្ណោះ ដែលគណៈកម្មការសុរិយោដី កំពុងដោះស្រាយ ហើយតួលេខនេះ បានថយចុះប្រមាណ ២៤០ ករណី បើធៀបនឹង ឆ្នាំ២០១៣ ដែលមាន ៩៩០ ករណី។ ក្នុងលិខិតនោះ បានបន្តឲ្យដឹងថា ចាប់ពី ឆ្នាំ២០០២ រហូតដល់ដំណាច់ ឆ្នាំ២០១៤ គណៈកម្មការសុរិយោដី ទទួលបានពាក្យបណ្តឹងវិវាទដីធ្លីទូទាំងប្រទេសចំនួន ៦.៥៥៦ ករណី។
សេចក្តីជូនដំណឹងនេះ ចេញផ្សាយក្រោយមួយថ្ងៃ បំភ្លឺទៅសេចក្តីថ្លែងការណ៍របស់លីកាដូ ដែលបានរកឃើញថា មានពលរដ្ឋ ១០៦២៥ គ្រួសារដែលប្រមាណ ៤៩៥១៩ នាក់ដែលបានរងផលប៉ះពាល់ថ្មីដោយសារជម្លោះដីធ្លី ចំនួនជាង ៩០ ករណី ក្នុងខេត្តចំនួន ១៣ និងក្នុងរាជធានីភ្នំពេញ។ ចំនួននេះ មានការកើនឡើង ៣ ដង បើធៀបនឹង ឆ្នាំ២០១៣ ដែលមាន ៣៤៧៥ គ្រួសារ និងកើនជាង ២ ដងបើធៀបនឹង ឆ្នាំ២០១២ ដែលមានចំនួន ៥៦៧២ គ្រួសារ។
តាមលិខិតដាច់ដោយឡែកមួយផ្ញើទៅកាន់នាយិកាអង្គការលីកាដូ ចុះថ្ងៃ ទី២០ ខែកុម្ភៈ ដដែលនោះ គណៈកម្មការសុរិយោដីថ្នាក់ជាតិ ក៏បានស្នើទិន្នន័យពីអង្គការនេះ ដើម្បីធ្វើការបញ្ជាក់ឲ្យច្បាស់លាស់ពីអត្តសញ្ញាណនៃករណីទំនាស់នីមួយៗ ដោយរួម អត្តសញ្ញាណភាគីទាំងសងខាង កម្មវត្ថុនៃបណ្តឹងទាមទារ ទំហំដីទំនាស់ ចំនួនគ្រួសារ ឬចំនួនមនុស្ស ទីតាំងវិវាទ អង្គភាពដែលបណ្តឹងទាំងនេះបានដាក់ និងស្ថានភាពនៃការដោះស្រាយដូចម្តេច។
ឆ្លើយតបនឹងរឿងនេះ មន្រ្តីជាន់ខ្ពស់ផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ខ្លួន បានត្រៀមខ្លួនជាស្រេចនូវអំណះអំណាងនិងទឡ្ហីករណ៍ព័ត៌មាន សម្រាប់កិច្ចសហការជាមួយអាជ្ញាធរ ធ្វើការផ្ទៀងផ្ទាត់ និងស្វែងរកដំណោះស្រាយដល់ពលរដ្ឋរងគ្រោះវិវាទដីធ្លី។ លោកបន្តថា៖ «ករណីវិវាទ ដែលចងក្រងដោយគណៈកម្មការសុរិយោដី គឺផ្អែកតែលើបណ្តឹងដែលឆ្លងតាមគណៈកម្មការនេះតែប៉ុណ្ណោះ មិនបានរាប់បញ្ចូលករណីជម្លោះកើតឡើងដោយសម្បទានដីសេដ្ឋកិច្ច ឬករណីរងគ្រោះដែលពលរដ្ឋរកដំណោះស្រាយតាមប្រព័ន្ធតុលាការ និងជំនួយពីអង្គការក្រៅរដ្ឋាភិបាលឡើយ»។
ជុំវិញការលើកឡើងទាំងនេះ ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី បានឲ្យដឹងថា ថ្វីបើនីតិវិធីនៃការស្រង់របាយការណ៍តួលេខខុសគ្នាក្តី តែលោកគិតថា តួលេខដែលលីកាដូលើកឡើងគឺសមរម្យស្របទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងកាលពី ឆ្នាំ២០១៤។ លោកក៏បានរិះគន់ទៅគណៈកម្មការសុរិយោដី ហាក់មិនសកម្មនឹងការងារ និងមិនផ្តល់ទំនុកចិត្តដល់ជនរងគ្រោះ ដែលជាហេតុនាំឲ្យពលរដ្ឋរងគ្រោះ មិនស្វែងរកយន្តការនេះ ហើយថែមទាំងជម្នះដើរស្វែងរកដំណោះស្រាយដោយខ្លួនឯង តាមស្ថាប័នពាក់ព័ន្ធ។
អនុប្រធានលេខាធិការដ្ឋានគណៈកម្មការសុវិយោដីថ្នាក់ជាតិ លោក អេ ប៊ុនធឿន ដែលបានចុះហត្ថលេខាលើលិខិតស្នើទៅលីកាដូនោះ បានបដិសេធអធិប្បាយបន្ថែម។ លោកបន្ថែមថា៖ «ខ្ញុំមិនទាន់បានឃើញការឆ្លើយតបពីលីកាដូទេ ហើយខ្ញុំក៏មិនមានតួនាទីឆ្លើយតបនឹងអ្នកសារព័ត៌មានទេ»៕