The Phnom Penh Post Search

Search form

ពិព័រណ៍​រថយន្ត​ប្រចាំ​ឆ្នាំ​ នៅ​ផ្សារ​ទំនើប​អ៊ីអន ១

Content image - Phnom Penh Post

ពិព័រណ៍​រថយន្ត​ប្រចាំ​ឆ្នាំ​ នៅ​ផ្សារ​ទំនើប​អ៊ីអន ១

កាលពី​សប្តាហ៍​មុន​នៅ​ផ្សារ​ទំនើប​អ៊ីអន១​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការតាំងពិព័រណ៍​រថយន្ដ (AEON Mall Auto Show) ដ៏ធំ​ប្រចាំ​ឆ្នាំ​ ២០១៩​។ នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត​ដ៏អស្ទារ្យ​នោះ​មាន​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​ជាច្រើន​បាន​ចូលរួម​តាំង​បង្ហាញ​រថយន្ត​ប្រណីតៗ​របស់​ខ្លួន​ដែល​មាន​ដូចជា MG, Porsche, Nissan, McGuires និង Audi ជាដើម​។

រថយន្ត​ប្រណីតៗ និង​ទំនើប​ចុងក្រោយ​បំផុត​មាន​គ្រប់​ពណ៌​បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់ស្អាត​នៅ​ផ្សារ​ទំនើប​អ៊ីអន​ ១ ដែល​បង្កើត​បាន​ជា​រូបភាព​ដ៏គួរ​ឲ្យ​ទាក់ទាញ​បំផុត​ដែល​មើល​ទៅ​គឺ​ហាក់​ដូចជា​សាល​តាំង​បង្ហាញ​រថយន្ត​ប្រណីត​បណ្តោះអាសន្ន​ដូច្នេះ​ដែរ​។

Content image - Phnom Penh Post

ក្រុមហ៊ុន Foton ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ១៩៩៦ ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ក៏​បាន​ចូលរួម​នៅក្នុង​ពិធី​តាំងពិព័រណ៍​នោះ​ដែរ ដើម្បី​បង្ហាញ​រថយន្ត​ដ៏ប្រណីត​របស់​ខ្លួន​ដែរ​។ ក្រុមហ៊ុន Foton មាន​ជំនាញ​ផលិត​រថយន្ត​ដឹកទំនិញ រថយន្តក្រុង និង​រថយន្ត​ប្រភេទ SUV ជាដើម​។

តាម​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប និង​ការលើក​កម្ពស់​សុវត្ថិភាព រថយន្ត​របស់​ក្រុមហ៊ុន Fo-ton គឺជា​មធ្យោបាយ​ដ៏ល្អ និង​សមស្រប​បំផុត​សម្រាប់​ការដឹកជញ្ជូន​អ្នក​ដំណើរ និង​ដឹកទំនិញ​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង ហើយ​មិន​ត្រឹមតែ​ងាយស្រួល​ក្នុង​ការបើកបរ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការបើកបរ​ទៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​ភាពងាយស្រួល​ដែរ​។

Content image - Phnom Penh Post

ក្រុមហ៊ុន MG ក៏​បាន​ចូលរួម​ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ដ​នេះ​ដែរ​ដោយ​បង្ហាញ​រថយន្ត​ម៉ូដែល MG RX5 និង​ម៉ូដែល MG ZS ដ៏ថ្មី​សន្លាង​របស់​ខ្លួន​។ រថយន្ដ​ម៉ូដែល MG RX5 ជា​រថយន្ត​ដ៏ប្រណីត​មាន​ផាសុកភាព ហើយ​ផ្ទៃ​ខាង​ក្នុង​ធំ​ទូលាយ​។ លើស​ពី​នេះ​ទៀត​វា​ជា​ប្រភេទ​រថយន្ត​ដ៏ទំនើប​ដែល​ស៊ីសាំង​តិច មាន​សម្ទុះ​លឿន និង​មាន​លក្ខណពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​បន្ថែម ដូចជា​គ្រោង​តួ​រថយន្ត​ផលិត​ឡើង​ពី​ដែកថែប​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​។ ទាំង​ម៉ូដែល MG RX5 និង MG ZS គឺ​សុទ្ធតែ​ជា​រថយន្ត​ដែល​ផ្តល់​ផាសុកភាព​និង​បច្ចេកវិទ្យា​ទំនើប​ដែល​ផ្តល់​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការបើកបរ​។

អ្វី​កាន់តែ​អស្ចារ្យ​ទៀត​នោះ​គឺ​ក្រុមហ៊ុន Tang Chong Motor បាន​នាំ​យក​រថយន្ត Nissan ដ៏ប្រណីត​ប្រភេទ SUV ចំនួន​ ៣ ​ម៉ូដែល​មក​បង្ហាញ​ក្នុង​នោះ​រួមមាន​រថយន្ត​ម៉ូដែល X-Trail, Navarra និង Terra ស៊េរី​ថ្មី​។ ជាមួយ​ការរចនា​ប្រព័ន្ធ​បំផ្លាស់​ទីវៃឆ្លាត​របស់​ក្រុមហ៊ុន Nissan គឺជា​ចំណុច​លក់​ដ៏សំខាន់ និង​មោទនភាព​របស់​នីសាន់​។

Content image - Phnom Penh Post

ជាមួយ​គ្នា​នេះ​រថយន្ត Porsche ក៏​មាន​ ៣ ​ម៉ូដែល​មក​តាំង​បង្ហាញ​ផង​ដែរ​។ សម្រាប់​ការតាំងពិព័រណ៍​នេះ​ក្រុមហ៊ុន​បង្ហាញ​រថយន្ត​ស៊េរី SUV ម៉ូដែល Macan S, Cayenne និង​រថយន្ត​ស្ព័រម៉ូដែល Cayenne S​។ រថយន្ត​ទាំងនេះ​ត្រូវ​បាន​រចនា​ឡើង​ដ៏ប្រណីត និង​ទំនើប​បំផុត​ទាំង​រូបរាង​ខាងក្រៅ និង​ផ្ទៃ​ខាងក្នុង ដែល​ជា​ក្តីប្រាថ្នា​របស់​អតិថិជន​គ្រប់រូប​ចំពោះ​រថយន្ត​ប្រណីត​ដូចជា​ស៊េរី​រថយន្ត Porsche នេះ​ជាដើម​។

រថយន្ដ​មួយ​ប្រភេទ​ទៀត​ដែល​មាន​នៅក្នុង​ការតាំង​ពិព័រណ៌​នោះ​ដែរ​គឺ​រថយន្ត Audi Q5 Quattro ដ៏ទំនើប​។ វា​ជា​ប្រភេទ​រថយន្ត SUV ដ៏ទាន់​សម័យ​មាន​ពណ៌​ដ៏ស្រស់ស្អាត​។ ហើយ​ចំពោះ​ផ្ទៃ​ខាងក្នុង​វិញ​គឺ​ពិតជា​បង្ហាញ​នូវ​ភាពឥតខ្ចោះ​ខ្លាំង​ណាស់​។

Content image - Phnom Penh Post

ចំណែកឯ​រថយន្ត​ម៉ាក E-Green ក៏​បាន​ចូលរួម​នៅក្នុង​ការតាំងពិព័រណ៍​រថយន្ត​ប្រចាំ​ឆ្នាំ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន១​នោះ​ដែរ​។ E-Green គឺជា​រថយន្ត​អគ្គិសនី​ដែល​មិន​មាន​ការបញ្ចេញ​នូវ​ជាតិពុល​ទៅ​បំផ្លាញ​បរិស្ថាន​ដោយសារ​តែ​ចំហេះ​ពី​ឧស្ម័ន​ ឬ​ប្រេងឥន្ធនៈ​នោះទេ​។ វា​ជា​ប្រភេទ​រថយន្ត​ខ្នាតតូច​សម្រាប់​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ខ្លី​ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល​ក្នុង​ការបញ្ចូល​អគ្គិសនី និង​ឆាប់​ពេញ​។

រថយន្ត E-Green ហាក់​ចង់​បញ្ជាក់​ប្រាប់​យើង​ថា ការចំណាយ​លើ​ការធ្វើ​ដំណើរ​ជាមួយ​រថយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​អាច​កាត់បន្ថយ​បាន​។ រថយន្ត E-Green មាន​ច្រើន​​ម៉ូដែល​ដ៏ស្រស់ស្អាត​ ប៉ុន្តែ​មាន​មួយ​គ្រឿង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​មើល​ទៅ​ឃើញ​ថា​ប្លែក​ពី​គេ​គឺ​រថយន្ត​សណ្តោង​ទូក្លាស្សេ​ដែល​វា​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​។

Content image - Phnom Penh Post

ក្នុង​នោះ​ក៏​មាន​ការតាំង​បង្ហាញ​ម៉ូតូ​ដ៏ស្រស់ស្អាត​ម៉ាក TVS ដែល​ជា​ផលិតផល​របស់​ឥណ្ឌា​ផង​ដែរ វា​ជា​ស៊េរី​ម៉ូតូ​ដ៏អស្ចារ្យ​មាន​ចាប់ពី​ម៉ូតូ​ធុន​តូច​រហូត​ដល់​ម៉ូតូ​ធំ​។

ម៉ូដែល TVS Apache RTR 160 មាន​រូបរាង និង​បច្ចេកវិទ្យា​នៃ​ការ​ឌីហ្សាញ​ដ៏ទំនើប ពិសេស​សម្រាប់​ល្បឿន និង​ការប្រណាំង​។

ក្រៅពី​មាន​ការចូលរួម​ពី​សំណាក់​រថយន្ត​ល្បីៗ​ក៏​មាន​ការចូលរួម​ពី​មជ្ឈមណ្ឌល​ការពារ និង​ថែទាំ​យានយន្ត CTS ដែល​ជា​មជ្ឈមណ្ឌល​ការពារ និង​ថែទាំ​រថយន្ត​ឈានមុខ​គេ​។ លើស​ពី​នេះ​ទៀត​ក៏​មាន​ការចូលរួម​ពី​ក្រុមហ៊ុន Meguiar’s ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ការពារ និង​ថែទាំ​រថយន្ត​ដ៏ល្បីល្បាញ​លក្ខណៈ​អន្តរជាតិ​ផង​ដែរ​។

Content image - Phnom Penh Post

ហើយ​ស្តង់​តាំងពិព័រណ៍​មួយ​ទៀត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឃើញ​គឺ​ក្រុមហ៊ុន Pioneer ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ប្រព័ន្ធ​សំឡេង​បំពាក់​ក្នុង​រថយន្ត​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​មាន​ជំនាញ​ខ្ពស់​ខាង​បំពាក់​ប្រព័ន្ធ​សំឡេង​ដែល​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។ Pioneer តែងតែ​ជា​ជម្រើស​ពី​អ្នក​ចូលចិត្ត​រថយន្ត​នៅ​ទូទាំង​ពិភពលោក​។

ផ្សារ​ទំនើប​អ៊ីអន​គឺជា​ទីតាំង​ដ៏សមស្រប​បំផុត​សម្រាប់​ការតាំង​បង្ហាញ​រថយន្ត​ប្រណីតៗ ដោយ​គេ​ឃើញ​មាន​អតិថិជន​ជាច្រើន​បាន​ចូលរួម​ទស្សនា​ និង​សួរនាំ​ព័ត៌មាន​ពី​បុគ្គលិក​ផ្នែក​លក់ ជាពិសេស​ពួកគេ​បាន​ចាប់​អារម្មណ៍ និង​កោតសរសើរ​អំពី​ប្រណីតភាព​របស់​រថយន្ត​ទាំងនោះ​យ៉ាង​ខ្លាំង​៕

អត្ថបទគួរចាប់អារម្មណ៍