The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការដ្ឋាន​សង់​ខុនដូ​ក្នុង​គម្រោង អូឡាំព្យា កំពុង​មមាញឹក

ការដ្ឋាន​សង់​ខុនដូ​ក្នុង​គម្រោង អូឡាំព្យា កំពុង​មមាញឹក

ការដ្ឋាន​សង់​ខុនដូ​ក្នុង​គម្រោង អូឡាំព្យា កំពុង​មមាញឹក

Content image - Phnom Penh Post

ភ្នំពេញ: ការ​សាង​សង់​ខុនដូ​ចំនួន ៤ អគា​ នៅ​ក្នុង​ដំណាក់កាល ទី១ នៃ​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា ស៊ីធី នឹង​ត្រូវ​បញ្ចប់​នា​អំឡុង​ពាក់​កណ្តាល ឆ្នាំ​២០១៥ ខាង​មុខ​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រធាន​វិស្វករ​របស់​ក្រុមហ៊ុន អភិវឌ្ឍន៍​ទីក្រុង អូឡាំព្យា។

លោក ម៉េង ចំរើន ប្រធាន​ក្រុម​វិស្វករ​គ្រប់​គ្រង​ការ​សាង​សង់​អគារ​មួយ​នៅ​ក្នុង​ចំណោម​អគារ​ខុនដូ​ចំនួន ៤ នៃ​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា បាន​ប្រាប់​ថា ការ​សាង​សង់​ខុនដូ​ដែល​មាន​កម្ពស់ ២១ ជាន់​ចំនួន ៤ អគារ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​សកម្ម និង​មមាញឹក​ទាំង​យប់​ទាំង​ថ្ងៃ។ មក​ដល់​ពេល​នេះ​អគារ ទី១ សង់​បាន​កម្ពស់ ១៤ ជាន់​ហើយ ខណៈ​តាម​ផែនការ​ការ​សាង​សង់​គ្រោង​អគារ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ ខែ​វិច្ឆិកា។ ចំណែក​អគារ ទី២ សង់​បាន​ដល់​ជាន់ ទី១០ អគារ ទី៣ សង់​បាន​ចំនួន ៤ ជាន់ និង​អគារ ទី៤ សង់​បាន​ដល់​ជាន់ ទី​២។

លោក​បាន​ថ្លែង​ថា៖ «តាម​គម្រោង​អគារ​ខុនដូ​ទាំង ៤ នឹង​បញ្ចប់​ការ​សាង​សង់​គ្រោង​របស់​អគារ​ទាំង​មូល​នៅ​ពាក់​កណ្តាល ឆ្នាំ​២០១៥ ខាង​មុខ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​នេះ​ការ​សាង​សង់​ផ្សារ​ទំនើប​ដែល​មាន​កម្ពស់ ៧ ជាន់​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ»។ តែ​ទោះ​បី​យ៉ាង​ណា​លោក​បញ្ជាក់​ថា៖ «កាលបរិច្ឆេទ​នៃ​ការ​សាង​សង់​ផ្សារ​ទំនើប អគារ​ខុនដូ ទី៥ អគារ​ការិយាល័យ និង​សណ្ឋាគារ​កម្ពស់ ៤៥ ជាន់ និង ៥៥ ជាន់​មិន​ទាន់​ដឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ជាក់​លាក់​នោះ​ទេ»។

គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាណិកជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស (OCIC) ក្រោម​ទឹក​ប្រាក់ ៤០០ លាន​ដុល្លារ។ គម្រោង​នេះ​ចាប់​ផ្តើម​សាង​សង់​ដំបូង​ក្នុង ឆ្នាំ​២០១២ លើ​ផ្ទៃ​ដី​ចំនួន​ជិត ៧ ហិកតា​ដោយ​គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំង​មូល​ក្នុង ឆ្នាំ​២០១៧។

កញ្ញា ឡុង សុភ័ក្រ ប្រធាន​ផ្នែក​លក់​គម្រោង ទីក្រុង​អូឡាំព្យា បាន​ប្រាប់​ថា ការ​លក់​ខុនដូ​ក្នុង​គម្រោង អូឡាំព្យា កំពុង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ ដោយ​អតិថិជន​ភាគ​ច្រើន​ជា​អ្នក​នៅ​ក្នុង​ស្រុក ចំណែក​ជន​បរទេស​មាន​ដូចជា សិង្ហបុរី ចិន និង​ម៉ាឡេស៊ី។ រហូត​មក​ដល់​ពេល​នេះ​ការ​លក់​ខុនដូ ទី១ សម្រេច​បាន​ជាង ៩៥ ភាគរយ​ហើយ ចំណែក​ខុនដូ ទី២ លក់​បាន​ជាង ៧៥ ភាគរយ និង​ខុនដូ ទី៣ មិន​ទាន់​បាន​លក់​នៅ​ឡើយ​ទេ ខណៈ​ការ​លក់​ខុនដូ ទី៤ បាន​ចំនួន​ជាង ៣០ ភាគរយ។

20140515_03a
ការដ្ឋានសាងសង់អគារខុនដូ នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង អូឡាំព្យា ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្រេង ម៉េងស្រ៊ុន

ខុនដូ ទី៤ ដែល​មាន​ផ្ទះ​ចំនួន ៣០០ យូនីត មាន​ផ្ទះ​ចំនួន​បី​ប្រភេទ គឺ​ផ្ទះ ១ បន្ទប់​គេង​មាន​តម្លៃ​ចាប់​ពី ៨៨ ០០០ ទៅ ៩៤ ០០០ ដុល្លារ​ផ្ទះ ២ បន្ទប់​គេង​មាន​តម្លៃ​ចាប់​ពី ២២០ ០០០ ទៅ​ដល់ ២៣០ ០០០ ដុល្លារ និង​ផ្ទះ​ប្រភេទ​ស្ទូឌីយោ​មាន​តម្លៃ​ចាប់​ពី ៨៨ ០០០ ដល់ ៩២ ០០០ ដុល្លារ​អាមេរិក។

ខុនដូ​ក្នុង​គម្រោង អូឡាំព្យា ស៊ីធី គឺ​ចាប់​ពី​ជាន់ ទី៦ ដល់​ជាន់ ទី២១ ខណៈ​ជាន់​ផ្ទាល់​ដី​ដល់​ជាន់ ទី៥ ជា​ប្រភេទ​ផ្ទះ​ហាង​សម្រាប់​លក់​ទំនិញ។

កញ្ញា សុភ័ក្រ អះអាង​ថា៖ «ភាព​ជោគ​ជ័យ​របស់​គម្រោង អូឡាំព្យា ស៊ីធី គឺ​ដោយ​សារ​ជា​គម្រោង​ធំ មាន​សក្តានុពល និង​មាន​ទីតាំង​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ។ នៅ​ទី​នោះ​នឹង​មាន​សេវាកម្ម​ច្រើន​យ៉ាង​ដូចជា​ផ្សារ​ទំនើប​តំបន់​សាធារណៈ​អគារ​ការិយាល័យ​ហាង​លក់​ទំនិញ ផ្លូវ​ថ្មើរ​ជើង និង​សួនច្បារ​ជាដើម»។

កញ្ញា​បាន​បន្ត​ទៀត​ថា៖ «ការ​ពន្លឿន​ល្បឿន​សាង​សង់ ដោយ​ផ្តោត​ជា​ចម្បង​លើ​គុណភាព​សំណង់ និង​លក្ខខណ្ឌ​បង់​ប្រាក់​ងាយ​ស្រួល​សម្រាប់​អតិថិជន គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគ​ជ័យ​របស់​គម្រោង​នេះ»។

គម្រោង​ប្រកប​ដោយ​ក្តី​ស្រមៃ និង​ពោរ​ពេញ​ទៅ​ដោយ​មហិច្ឆតា​នេះ ជា​គម្រោង​អគារ​ខុនដូ កប់​ពពក​មួយ​ក្នុង​ចំណោម​គម្រោង​ខុនដូ​ជាច្រើន​ដែល​នឹង​ជំរុញ​ឲ្យ​មុខ​មាត់​រាជធានី​ភ្នំពេញ ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អេស៊ា រៀលអេស្ទេត មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​វិស័យ​ខុនដូ​មិន​ទាន់​មាន​បញ្ហា​ទេ​សម្រាប់​ទីផ្សារ​កម្ពុជា ដែល​កំពុង​ត្រៀម​ខ្លួន​ធ្វើ​សមាហរណកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​នា ឆ្នាំ​២០១៥ ខាង​មុខ។ ប៉ុន្តែ​បើ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​វា​ហាក់​ដូច​ជា​លើស​តម្រូវ​ការ​បន្តិច​ហើយ​នៅ​ពេល​នេះ។

លោក​បន្ត​ថា តាម​បទ​ពិសោធ​កាល​ពី​អំឡុង ឆ្នាំ​២០០៩-២០១០ មាន​ជន​ជាតិ​ខ្មែរ​យើង​ជាច្រើន​បាន​ទិញ​ខុនដូ De Castle, Camko City, Rose Condo ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​លក់​ចេញ​វិញ​ដែល​ភាគ​ច្រើន​ពួក​គាត់​បាន​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន។

លោក​បាន​បញ្ជាក់​ថា៖ «គម្រោង​នេះ​ទទួល​បាន​ជោគជ័យ ឬ​មិន​ជោគជ័យ​យើង​អាច​នឹង​ដឹង​ច្បាស់​នៅ​ពេល​គម្រោង​នេះ​ដាក់​ឲ្យ​ដំណើរការ។ នៅ​ពេល​នោះ​ទើប​យើង​អាច​ដឹង​ថា តើ​មាន​ភ្ញៀវ និង​ម្ចាស់​ផ្ទះ​ចូល​ទីស្នាក់នៅ​ក្នុង​អគារ​នេះ​ប៉ុន្មាន​ភាគរយ»។

លោក​បាន​បន្ត​ថា៖ «តម្លៃ​ខុនដូ​ក្នុង​គម្រោង ទីក្រុង​អូឡាំព្យា គឺ​មាន​តម្លៃ​សម​ស្រប ដែល​ជា​លក្ខខណ្ឌ​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​គម្រោង​ដទៃ​ទៀត»៕

អត្ថបទគួរចាប់អារម្មណ៍