
ភ្នំពេញៈ តម្លៃនៃការនាំចូលសម្ភារសំណង់ក្នុងឆមាស ទី១ឆ្នាំ ២០១៣ នេះបានបន្តកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២ កន្លងមក។
របាយការណ៍ពីក្រសួង ពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះបានបង្ហាញថា ការនាំចូលផលិតផលសម្ភារសំណង់ក្នុងឆមាស ទី១ឆ្នាំ ២០១៣ នេះមានចំនួនសរុប ៤៥១ ពាន់តោន ដែលស្មើនឹងទឹកប្រាក់ប្រហែល ២២៦ លានដុល្លារ អាមេរិក ខណៈកាលពីឆមាស ទី១ ឆ្នាំ ២០១២ កន្លងមកការនាំចូលសម្ភារសំណង់មានចំនួន ៤៣៩ ពាន់តោន ស្មើនឹងប្រាក់ប្រហែល ២១០ លានដុល្លារអាមេរិក ពោលគឺការនាំចូលសម្ភារសំណង់នៅក្នុងឆមាសទី១ ឆ្នាំ ២០១៣ នេះបានកើនឡើងជាង ៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២។
លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួង ពាណិជ្ជកម្ម បានប្រាប់ថា ការនាំចូលផលិតផលសម្ភារសំណង់ពីបរទេសមកកម្ពុជាបានកើនឡើងជារៀងរាល់ឆ្នាំ ខណៈវិស័យសាងសង់នៅកម្ពុជាបានវិវត្តទៅមុខជាប្រចាំ។ លោកបានប្រាប់ទៀតថា កំណើនប្រជាជនក៏បានចូលរួមចំណែកយ៉ាងសំខាន់ទាក់ទងទៅនឹងការវិវត្តវិស័យសំណង់ផងដែរ។
លោកបញ្ជាក់ថា៖ «ការកើនឡើងនៃចំនួនប្រជាជនបានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការកើនឡើងនៃការនាំចូលសម្ភារសំណង់ព្រោះកាលណាប្រជាជនកើនឡើង តម្រូវការលំនៅឋានក៏កើនឡើងផងដែរ»។
លោកប្រាប់ទៀតថា៖ «កាលណាប្រជាជនមានប្រាក់ចំណូលខ្ពស់វិស័យសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសមានស្ថិរភាពល្អ គម្រោងអភិវឌ្ឍន៍នានានឹងកើនឡើងជាបន្តបន្ទាប់។ ដូច្នេះបរិមាណតម្រូវទំនិញការនាំចូលនឹងកើនឡើងទៅតាមនោះដែរ»។
ការសិក្សាអង្កេតចន្លោះជំរឿនប្រជារាស្ត្រកម្ពុជាឆ្នាំ ២០១៣ (២០០៨-២០១៨) ដែលទើបបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៣ នេះបានរកឃើញថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានប្រជាជនសរុប ១៤,៦៧៦,៥៩១ នាក់ ខណៈការធ្វើជំនឿកាលពីឆ្នាំ ២០០៨ រកឃើញថា កម្ពុជាមានប្រជាជនសរុប ១៣,៣៩៥,៦៨២ នាក់ ពោលគឺក្នុងរយៈពេល ៥ ឆ្នាំនេះកើនឡើងចំនួន ១,២៨០,៩០៩ នាក់។
នៅកម្ពុជាគេបានសង្កេតឃើញថា មានគម្រោងសាងសង់ជាច្រើនកំពុងដំណើរការដូចជា ផ្លូវ ស្ពាន អគារលំនៅឋាន ពាណិជ្ជកម្ម អគារ និងរោងចក្រជាដើមដែលការដ្ឋានសាងសង់ទាំងនោះសុទ្ធតែត្រូវការសម្ភារនាំចូលមកពីបរទេស មកបង្គ្រប់លើផលិតផលក្នុងស្រុកដែលមានដូចជា ខ្សាច់ ថ្ម ស៊ីម៉ងត៍ និងឥដ្ឋជាដើម។
ផលិតផលគ្រឿងសម្ភារសំណង់ដែលកម្ពុជានាំចូលមកក្នុងទីផ្សារភាគច្រើន គឺមកពីប្រទេសចិន ថៃ វៀតណាម ម៉ាឡេស៊ី និងមានមួយចំនួនទៀតនាំចូលមកពីប្រទេសនៅទ្វីបអឺរ៉ុប។
បច្ចុប្បន្ននៅកម្ពុជា ក្នុង ១ ឆ្នាំគេត្រូវការលំនៅឋានថ្មីចន្លោះពី ១០-២០ ម៉ឺនខ្នង៕