
ភ្នំពេញៈ កំណើនអចលនទ្រព្យថ្មីដែលកើនឡើងជាប្រចាំ និងភាពយឺតយ៉ាវរបស់ប្រជាពលរដ្ឋក្នុងការមកបង់ពន្ធលើអចលនទ្រព្យ បានជំរុញឲ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០១៣ រហូតដល់ថ្ងៃ ទី៣១ ខែ តុលា ឆ្នាំ ២០១៣។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយពីថ្ងៃ ទី៨ ខែ តុលា ឆ្នាំ ២០១៣ កន្លងមកបានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលជិតបញ្ចប់នៃការប្រមូលពន្ធលើអចលនទ្រព្យគេសង្កេត ឃើញមានភាពមមាញឹកយ៉ាងខ្លាំងពោលគឺប្រជាពលរដ្ឋសម្រុកមកប្រកាសបង់ពន្ធនៅតាមបណ្ដាសាខាពន្ធដារ ខេត្ត-ខណ្ឌ ជាហេតុធ្វើឲ្យការផ្ដល់សេវាជូនអ្នកជាប់ពន្ធមិនទាន់ពេលវេលា។
តាមរយៈនេះអគ្គនាយកដ្ឋានពន្ធដារ សម្រេចនឹងពន្យារពេលប្រមូលពន្ធលើអចលនទ្រព្យរហូតដល់ថ្ងៃ ទី៣១ ខែ តុលា ឆ្នាំ ២០១៣ ហើយដើម្បីឲ្យមានភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យបន្ថែមទៀតនោះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំចាត់ចែង ប្រមូលពន្ធ នៅថ្ងៃសៅរ៍-អាទិត្យ បន្ថែមទៀត៕