
ភ្នំពេញ: ដោយមើលឃើញសក្តានុពល និងតម្រូវការការិយាល័យកម្រិត A កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់នោះ កាលពីចុងសប្តាហ៍កន្លងមកនៅសណ្ឋាគារ សូហ្វីតែល មានរៀបចំពិធីចុះកិច្ចព្រមព្រៀងមួយដើម្បីបង្កើតក្រុមហ៊ុនមួយសម្រាប់វិនិយោគលើការសាងសង់អគារការិយាល័យលំដាប់ A នៅក្នុងរាជធានីភ្នំពេញ។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ កម្ពុជា ស៊ីភីអិល និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាភាគីមួយក្នុងហត្ថលេខីនោះ បានឲ្យដឹងថា វាគឺជាកិត្តិយសណាស់ដែលក្រុមហ៊ុនរបស់លោកបានចាប់ដៃគូក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន ៣ ផ្សេងទៀតដែលមានជំនាញនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីរៀបចំសាងសង់អគារការិយាល័យកម្រិត A នៅរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា ពេលនេះគឺជាឱកាសដ៏ល្អក្នុងការវិនិយោគលើការសាងសង់អគារការិយាល័យនៅ កម្ពុជា ព្រោះបច្ចុប្បន្ននេះតម្រូវការការិយាល័យកម្រិត A កំពុងកើនឡើងខណៈចំនួនអ្នកវិនិយោគនិងក្រុមហ៊ុនធំៗដែលមកវិនិយោគនៅ ប្រទេសកម្ពុជា មានចំនួនកាន់តែច្រើនឡើងជាប្រចាំ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដៃគូនៅក្នុងប្រទេស និងមកពីបរទេសក្នុងការរៀបចំគម្រោងសាងសង់អគារការិយាល័យកម្រិត A នៅរាជធានីភ្នំពេញ»។
គម្រោងកសាងអគារការិយាល័យដ៏ធំ និងទំនើបខាងលើគ្រោងនឹងចាប់ផ្តើមសាងសង់នៅដើម ឆ្នាំ២០១៥ ខាងមុខ នៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ដោយមានកម្ពស់ ២៥ ជាន់ (ចំណតរថយន្តចំនួន ៥ ជាន់) និងមានផ្ទៃក្រឡាសរុប ៧៨០០០ ម៉ែត្រការ៉េ ក្រោមទឹកប្រាក់វិនិយោគប្រហែល ៥០ លានដុល្លារអាមេរិក និងគ្រោងសាងសង់រយៈពេល ៣ឆ្នាំ។
លោក ខេង បានអះអាងថា៖ «តាមផែនការអគារការិយាល័យកម្រិត A របស់យើងនឹងចាប់ផ្តើមសាងសង់នៅដើម ឆ្នាំ២០១៥ ខាងមុខ ដោយការសាងសង់នឹងត្រូវចំណាយពេលជិត ៣ឆ្នាំ។ នៅពេលសាងសង់រួចប្រសិនបើមានម្ចាស់ក្រុមហ៊ុន ឬអ្នកវិនិយោគណាមួយចង់បានអគារការិយាល័យផ្ទាល់ខ្លួនពួកគេក៏អាចទិញវាយកទៅប្រើប្រាស់ជាឯកជន ឬក៏ទុកជួលបានបន្តផងដែរ»។
តែទោះជាយ៉ាងណាលោកប្រធានក្រុមហ៊ុន ស៊ីភីអិល ខាងលើបានបដិសេធចំពោះទីតាំងពិតប្រាកដនៃអគារខាងលើ ដោយលោកគ្រាន់តែប្រាប់ថា អគារនោះស្ថិតតាមបណ្តោយមហាវិថី ព្រះនរោត្តម។
គោលបំណងនៃការធ្វើកិច្ចព្រមព្រៀងនេះគឺដើម្បីបង្កើតក្រុមហ៊ុនផ្នែកអភិវឌ្ឍន៍វិស័យសំណង់មួយដែលមានលក្ខណៈស្តង់ដារ ដើម្បីបំពេញសេចក្តីត្រូវការដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែលត្រូវការការិយាល័យធ្វើការកម្រិតស្តង់ដារ។ ការិយាល័យនោះនឹងក្លាយជាមជ្ឈមណ្ឌលដែលមានសេវាកម្មចម្រុះជាច្រើនដូចជា កន្លែងម៉ាស្សា សូណា អាងហែលទឹក ស្ទីម និងហាងលក់ទំនិញជាដើម។
លោកស្រី ស៊ ធីតា អ្នកអភិវឌ្ឍន៍អចលនទ្រព្យឯករាជ្យ ដែលជាភាគីហត្ថលេខីមួយក្នុងកិច្ចព្រមព្រៀងនោះដែរ បានប្រាប់ថា គម្រោងសាងសង់អគារការិយាល័យកម្រិត A ដែលគ្រោងនឹងសាងសង់នាពេលខាងមុខនេះនឹងមិនយឺតពេលនោះទេ បើទោះបីជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាននឹងឈានមកដល់នាចុង ឆ្នាំ២០១៥ ក៏ដោយ។
លោកស្រីបានបន្តថា ការផ្គត់ផ្គង់ការិយាល័យនៅ កម្ពុជា បច្ចុប្បន្នភាគច្រើនមានតែកម្រិត B និង C តែប៉ុណ្ណោះ ខណៈអគារការិយាល័យកម្រិត A នៅមានចំនួនតិចតួច។ ការសាងសង់អគារការិយាល័យថ្មីនេះនឹងមានភាពល្អឥតខ្ចោះ ព្រោះទីនោះនឹងមានចំណតរថយន្តធំទូលាយ។
លោកស្រី ធីតា បានថ្លែងថា៖ «ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាមទាររយៈពេលយ៉ាងតិចពី ១-២ ឆ្នាំ ដូច្នេះគម្រោងសាងសង់ខាងលើនឹងទទួលបានជោគជ័យ ព្រោះនៅពេលគម្រោងសាងសង់បញ្ចប់គឺចំពេលដែលមានអ្នកវិនិយោគច្រើនចូលមក កម្ពុជា»។
លោក Tomoyuki Yokoi តំណាងក្រុមហ៊ុន TriAsiaGroup Co.,Ltd ដែលជាក្រុមហ៊ុនសាងសង់ល្បីឈ្មោះមួយនៅ ប្រទេសជប៉ុន បាននិយាយថា លោកសប្បាយចិត្តក្នុងការចាប់ដៃគូ ក៏ដូចជាបោះទុនវិនិយោគនៅ កម្ពុជា ដោយសារតែក្រុមហ៊ុនរបស់លោកបានមើលឃើញពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនៅ ប្រទេសកម្ពុជា មានភាពរឹងមាំ។ តាមរយៈសំណង់អគារនាពេលខាងមុខក្រុមហ៊ុនរបស់លោកនឹងនាំយកមកនូវការសាងសង់ដែលមានលក្ខណៈស្តង់ដារកម្រិតខ្ពស់មកប្រើប្រាស់។
លោក Tomoyuki Yokoi បញ្ជាក់ថា៖ «ក្រុមហ៊ុនខ្ញុំពេញចិត្តចំពោះការវិនិយោគទៅលើការសាងសង់អគារការិយាល័យកម្រិត A នៅ កម្ពុជា»។
ក្រុមហ៊ុនទាំង ៤ ដែលបានចុះហត្ថលេខាជាមួយគ្នាពេលនោះរួមមាន៖
-ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល
-ក្រុមហ៊ុន TraAsiaGroup
-អ្នកអភិវឌ្ឍន៍អចលនទ្រព្យឯករាជ្យ
-លោក Lorenzo M.Martini ស្ថាបត្យករអ៊ីតាលី ដែលមានឯកទេសរចនាប្លង់អគារ៕