The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង Booyoung Town ឆ្ពោះ​ទៅ​មុខ​យឺតៗ

គម្រោង Booyoung Town ឆ្ពោះ​ទៅ​មុខ​យឺតៗ

គម្រោង Booyoung Town ឆ្ពោះ​ទៅ​មុខ​យឺតៗ

130926_02
សកម្មភាពនៃការជីកដី ដើម្បីសាងសង់ចំណតរថយន្តនៅក្រោមដី មុននឹងសាងសង់កន្លែងស្នាក់នៅ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅ Booyoung Town ហ៊ឹន ពិសី

ភ្នំពេញៈ គម្រោង​កសាង​ទីក្រុង​ពាណិជ្ជកម្ម និង​លំនៅឋាន Booyoung Town តម្លៃ​ជាង ១,១ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្ថិត​តាម​បណ្តោយ​មហាវិថី សហព័ន្ធ​រុស្ស៊ី ខាង​លិច​ស្ពាន​អាកាស ៧ មករា​នៅ​ពេល​នេះ​កំពុង​បោះ​ជំហាន​ទៅ​មុខ​យឺតៗ ស្រប​ពេល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់។

លោក Geum Yeon Hwang នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Booyoung Khmer Co.,Ltd បាន​ប្រាប់​ថា ការដ្ឋាន​សាង​សង់​ទីក្រុង Booyoung Town កំពុង​បោះ​ជំហាន​ទៅ​មុខ​ដោយ​សន្សឹមៗ​រង់​ចាំ​មើល​សភាពការណ៍ ខណៈ​នៅ​ពេល​នេះ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​កំពុង​ជីក​ដី​សម្រាប់​ធ្វើ ចំណត​យានយន្ត​នៅ​ខាង​ក្រោម​ដី​នៃ​អគារ​ពាណិជ្ជកម្ម។

លោក​បាន​ថ្លែង​ថា៖ «ពេល​នេះ​ក្រុមហ៊ុន​កំពុង​ពិចារណា​អំពី​ស្ថានភាព​នយោបាយ និង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា តែ​ទោះ​បី​ជា​យ៉ាង​ណា​យើង​រំពឹង​ថា អ្វីៗ​នឹង​មាន​ភាព​ប្រសើរ​ក្នុង​ពេល​ឆាប់ៗ»។ លោក​បន្ត​ទៀត​ថា៖ «យើង​មិន​បាន​ផ្អាក​ការ​សាង​សង់​ទេ គ្រាន់​តែ​យើង​ធ្វើ​យឺតៗ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំង​មូល​ក្នុង​រយៈ​ពេល ៧ ឆ្នាំ ប៉ុន្តែ​អ្វីៗ​អាច​ប្រែ​ប្រួល​ទៅ​តាម​ពេល​វេលា​ជាក់ស្តែង»។

ទោះ​បី​យ៉ាង​ណា លោក Geum Yeon Hwang នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ ដោយ​លោក​បាន​ប្រាប់​ថា គម្រោង​នេះ​នឹង​ទទួល​ជោគជ័យ ហើយ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នឹង​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក សារ៉ា សន្តិសុខ​ប្រចាំ​ការ​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ដ៏​ធំ​ខាង​លើ​បាន​ប្រាប់​ថា៖ «បើ​តាម​ខ្ញុំ​ដឹង​នៅ​ពេល​នេះ​ម្ចាស់​គម្រោង​ត្រូវ​ជីក​ដី​ជម្រៅ ១២ ម៉ែត្រ​ចុះ​ក្រោម​ដើម្បី​ធ្វើ​ជា​ចំណត​រថយន្ត​ចំនួន ៤ ជាន់​មុន​នឹង​ចាប់​ផ្តើម​ខួង​គ្រឹះ​សង់​អគារ​ពាណិជ្ជកម្ម»។

លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បាន​ថ្លែង​ថា បើ​គម្រោង​របស់ Booyoung Town ចាប់​ផ្តើម​ពី​ពេល​នេះ​គឺជា​ការ​ប្រសើរ​ណាស់​សម្រាប់​ពេល​អនាគត ប៉ុន្តែ​បើ​យើង​និយាយ​អំពី​ទម្លាប់​រស់​នៅ​ខុនដូ​របស់​ប្រជាជន​ខ្មែរ គឺ​មិន​ទាន់​មក​ដល់​ពេល​នោះ​ទេ ខណៈ​ទីតាំង​របស់ Booyoung Town ពិត​ជា​ល្អ​ណាស់។

លោក​បាន​បញ្ជាក់​ថា៖ «សម្រាប់​ទីតាំង​របស់​គម្រោង Booyoung Town គឺ​ជាប់​លេខ១ ព្រោះ​ជា​ផ្លូវ​ដែល​គណៈ​ប្រតិភូ និង​ភ្ញៀវ​បរទេស​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដែល​អាច​មើល​ឃើញ​និង​ចាប់​អារម្មណ៍ ហេតុ​នេះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ»។

លោក ច្រឹក សុខនីម អគ្គ​នាយក​រង​ក្រុមហ៊ុន VTrust Group បាន​និយាយ​ថា៖ «គម្រោង​នេះ​ពិត​ជា​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ ហើយ​បើ​គាត់​ចាប់​ផ្តើម​ពី​ពេល​នេះ​វា​គឺជា​ការ​ល្អ​ណាស់ ព្រោះ​នៅ​ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន នា​ឆ្នាំ ២០១៥ នឹង​មាន​អ្នក​វិនិយោគ​ជាច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដូច្នេះ​ពេល​នោះ​ជា​ឱកាស​ដែល​ក្រុមហ៊ុន​អាច​ប្រមូល​ទុន​ទៅ​វិញ​បាន»។

គម្រោង​កសាង ទីក្រុង Booyoung Town ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ពហុធុរកិច្ច​ដ៏​ធំ​របស់​ប្រទេស កូរ៉េ​ខាង​ត្បូង Booyoung Group។ គម្រោង​មួយ​នេះ​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃ​ទី៧ ខែ ឧសភា ឆ្នាំ ២០១៣ នៅ​លើ​ផ្ទៃ​ដី​សរុប​ជាង ២ លាន​ម៉ែត្រ​ការ៉េ ដោយ​ក្រុមហ៊ុន​នឹង​កសាង​កន្លែង​ស្នាក់នៅ​ចំនួន ១៧ ០០០ Unit អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​កីឡា និង​សាលារៀន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ជាង ១,១ ពាន់​លាន​ដុល្លារ។ នៅ​ដំណាក់កាល​ទី១​នេះ​ក្រុមហ៊ុន​នឹង​សាង​សង់​អគារ​ស្នាក់នៅ​រួម និង​អគារ​ពាណិជ្ជកម្ម​លើ​ផ្ទៃ​ដី ២៥ ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​មាន​ទុន​វិនិយោគ​ប្រហែល ១០៥ លាន​ដុល្លារ​អាមេរិក៕

អត្ថបទគួរចាប់អារម្មណ៍