The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្រូវការ​ឃ្លាំង​ជួល​មាន​កំណើន​ខ្ពស់​នា​រយៈពេល​១០​ខែ

តម្រូវការ​ឃ្លាំង​ជួល​មាន​កំណើន​ខ្ពស់​នា​រយៈពេល​១០​ខែ

តម្រូវការ​ឃ្លាំង​ជួល​មាន​កំណើន​ខ្ពស់​នា​រយៈពេល​១០​ខែ

131010_03
បច្ចុប្បន្នគេសង្កេតឃើញមានឃ្លាំងថ្មីកើតឡើងជាច្រើន នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ សហការី

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​សុទ្ធតែ​បាន​អះអាង​ថា ទីផ្សារ​ឃ្លាំង​ជួល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដោយ​តម្រូវការ​បាន​កើនឡើង​យ៉ាង​ច្រើន ខណៈ​តម្លៃ​កើន​ប្រហែល​១០​ភាគរយ។

លោក ស៊ា ឆៃលីន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​ប្រាប់​ថា ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​តម្រូវការ​ឃ្លាំង​ស្តុក​ទំនិញ​មាន​កំណើន​យ៉ាង​ច្រើន​ជាពិសេស​នៅ​តំបន់​ក្នុង​និង​ជាយ​រាជធានី​ភ្នំពេញ​ដូចជា ស្ទឹងមានជ័យ សាលារៀន​អន្តរជាតិ ណតប្រ៊ីត​ផ្លូវ​វេងស្រេង​ចោមចៅ​និង​ពោធិ៍ចិនតុង ជាដើម។ លោក​ប្រាប់​ទៀត​ថា ឃ្លាំង​ជួល​មាន​ច្រើន​ប្រភេទ​ទំហំ ហើយ​ទំហំ​ដែល​មាន​តម្រូវការ​ច្រើន​គឺ​ចាប់ពី​៥០០​ម៉ែត្រការ៉េ ទៅ​៣០០០​ម៉ែត្រការ៉េ។

Content image - Phnom Penh Post

លោក​បាន​ថ្លែង​ថា​៖​«​បច្ចុប្បន្ន​នេះ​អ្នក​មាន​ឃ្លាំង​ជួល មិន​បារម្ភ​ខ្លាច​គ្មាន​អ្នក​មក​រក​ជួល​នោះ​ទេ​ព្រោះ​មាន​អតិថិជន​ជាច្រើន​កំពុង​ត្រូវការ​ដោយ​ឃ្លាំង​ជួល​មាន​តម្លៃ​ក្នុង​១​ខែ​ជា​មធ្យម​ចន្លោះ​ពី​២-៣​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ។ ម៉្យាង​ទៀត​នៅពេល​មាន​អតិថិជន​ហើយ ម្ចាស់​ឃ្លាំង​ក៏​មិន​ពិបាក​ទាក់ទង​នឹង​ការ​ធ្វើ​កិច្ចសន្យា​ច្រើន​ដង​ដែរ ពីព្រោះ​ការ​ជួល​ឃ្លាំង​គេ​តែង​ធ្វើ​កិច្ចសន្យា​១​ដង​ចន្លោះ​ពី​៣-៥​ឆ្នាំ​»។

លោក ឆៃលីន​ប្រាប់​ទៀត​ថា បើ​ប្រៀបធៀប​តម្លៃ​ជួល​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៣​នេះ​ទៅ​ឆមាស​ទី​៣ ឆ្នាំ​២០១២​កន្លង​មក​ឃើញ​ថា តម្លៃ​បាន​កើនឡើង​ប្រហែល​១០​ភាគរយ​ចំពោះ​អតិថិជន​ដែល​ត្រូវការ​ឃ្លាំង​ជួល​មាន​ភាគច្រើន​ជា​ខ្មែរ ចិន កូរ៉េ ម៉ាឡេស៊ី​និង​ថៃ។

លោក វ៉ន ចាន់ថន ប្រធាន​ក្រុមហ៊ុន ថោនរៀល​អេស្ទេត បាន​ថ្លែង​ថា ការ​បោះទុន​លើ​ការ​វិនិយោគ​ឃ្លាំង​ជួល​គឺជា​ការ​វិនិយោគ​ដ៏​ល្អ និង​យូរអង្វែង ពិសេស​ឃ្លាំង​ដែល​មាន​ទំហំ​ចាប់​ពី​១០០០​ម៉ែត្រការ៉េ​ឡើង​ទៅ។ លោក​បាន​បន្ត​ទៀត​ថា​បច្ចុប្បន្ន​នេះ​ឃ្លាំង​ជួល​នៅ​រាជធានី​ភ្នំពេញ​មាន​តម្លៃ​ក្នុង​១​ម៉ែត្រការ៉េ​ជា​មធ្យម​ចន្លោះ​ពី​១,៥-២​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ហើយ​តំបន់​ដែល​មាន​តម្រូវការ​ឃ្លាំង​ជួល​ច្រើន​គឺ​នៅ​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ ដូចជា​តំបន់​ចម្ការដូង ផ្លូវវេងស្រេង លូប្រាំ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ពីព្រោះ​នៅ​ទី​នោះ​ជា​តំបន់​ដែល​មាន​អំណោយផល​សម្រាប់​ការ​ដឹកជញ្ជូន​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស។

លោក ចាន់ថន​បាន​អះអាង​ថា​៖​«​ប្រសិន​បើ​យើង​មាន​ដី​ធំ ហើយ​យក​ទៅ​សាងសង់​ឃ្លាំង​ជួល​នោះ គឺជា​រឿង​ល្អ​ណាស់ ពីព្រោះ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​កំណើន​ប្រជាជន នឹង​ធ្វើឲ្យ​តម្រូវការ​ទំនិញ​ប្រើប្រាស់​កាន់តែ​កើនឡើង ដូច្នេះ​ឃ្លាំង​ស្តុក​សម្ភារ និង​ទំនិញ​ក៏​ត្រូវការ​ច្រើន​ផង​ដែរ​»។ លោក​បញ្ជាក់​ថា​៖​«តម្រូវការ​ឃ្លាំង​ស្តុក​ទំនិញ​នឹង​បន្ត​កើនឡើង​ច្រើន​ទៀត​នៅ​កម្ពុជា​តែ​ម្ចាស់​ឃ្លាំង​ទាំងអស់​ក៏​គួរ​រៀបចំ​ឃ្លាំង​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ​ដូចជា ទីតាំង ភ្លើង​អគ្គិសនី ទឹកស្អាត​និង​ផ្លូវ​ចូល​ជាដើម។

ដើម្បី​ការ​វិនិយោគ​ទៅលើ​ឃ្លាំង​ជួល​មួយ​ទទួល​ជោគជ័យ ម្ចាស់​ឃ្លាំង​ជួល​គួរ​តែ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ឃ្លាំង​ត្រូវ​មាន​ដំបូល​ខ្ពស់​ដែល​អាច​ឲ្យ​ពន្លឺ និង​ខ្យល់​ចេញ​ចូល​បាន​ស្រួល មាន​ភ្លើង​អគ្គិសនី ទឹកស្អាត​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ ព្រម​ទាំង​មាន​ផ្លូវ​ចេញ-ចូល​ធំទូលាយ​ផង​ដែរ។

លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន វីអឹមស៊ី រៀលអេស្ទេត បាន​អះអាង​ថា តម្រូវការ​ឃ្លាំង​ជួល​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៣​មាន​ការ​កើនឡើង​ខ្លាំង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ ប៉ុន្តែ​នា​រយៈពេល​ថ្មី​ៗ​នេះ​ហាក់​នៅ​ទ្រឹង ដោយសារ​អ្នក​វិនិយោគ​ភាគច្រើន​សុទ្ធតែ​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ចំពោះ​ការ​បោះទុន​វិនិយោគ​បន្ថែម​ទៀត។​លោក​បាន​បន្ត​ទៀត​ថា ឃ្លាំង​ជួល​នៅ​រាជធានី​ភ្នំពេញ​បែងចែក​ជា​២ គឺ​ទី​១​ឃ្លាំង​ជួល​ខ្នាត​តូច​(ទំហំ​តូច​ជាង​២០០០​ម៉ែត្រការ៉េ)តំបន់​ក្នុង​រាជធានី​ភ្នំពេញ​១​ម៉ែត្រការ៉េ​មាន​តម្លៃ​ចាប់ពី​៣-៤​ដុល្លារ​ក្នុង​១​ខែ និង​ជាយក្រុង​មាន​តម្លៃ​ចាប់ពី​២-៣​ដុល្លារ រីឯ​ទី​២​ឃ្លាំង​ជួល​ខ្នាត​ធំ​,(២០០០-៥០០០​ម៉ែត្រការ៉េ)​ក្នុង​ក្រុង​មាន​តម្លៃ​២២,២​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ និង​នៅ​ជាយក្រុង​មាន​តម្លៃ ១,៥​ទៅ​១,៨​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ។

លោក ចណ្ណា បាន​និយាយ​ថា​៖​«​កាលពី​អំឡុង​ឆមាស​ទី​១ មាន​អតិថិជន​ជាច្រើន​បាន​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ​ជួយ​រក​ឃ្លាំង​ជួល ប៉ុន្តែ​បន្ទាប់ពី​បោះឆ្នោត​រួច​មក​តម្រូវការ​បាន​ធ្លាក់​ចុះ​មួយ​កម្រិត ព្រោះ​អ្នក​វិនិយោគ​ភាគច្រើន​សុទ្ធតែ​រង់​ចាំមើល​សភាព​ការណ៍​មុន​នឹង​សម្រេច​ចិត្ត​បន្ថែម​ការ​វិនិយោគ​»។

លោក ចណ្ណា បាន​ប្រាប់​ទៀត​ថា ទោះ​បី​យ៉ាង​ណា​នៅពេល​នេះ​ក៏​គេ​សង្កេត​ឃើញ​ថា និន្នាការ​វិនិយោគ​ទៅលើ​ឃ្លាំង​ជួល​បាន​កើនឡើង​ផង​ដែរ​ដូចជា​នៅ​តំបន់​ចម្ការដូង ចោមចៅ ទួលសង្កែ ច្បារអំពៅ និង​ជ្រោយចង្វារ។ លោក​បាន​បញ្ជាក់​ថា​៖​«​តម្រូវការ​ឃ្លាំង​ជួល​នឹង​កើនឡើង​ខ្លាំង​នៅពេល​ប្រទេស​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់​អាស៊ាន​ចុង​ឆ្នាំ​២០១៥​ខាង​មុខ ពីព្រោះ​នៅពេល​នោះ​នឹង​មាន​អ្នក​វិនិយោគ​ជាច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍