
ភ្នំពេញៈ តម្លៃដីធ្លីនៅបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មានកំណើនចន្លោះពី១៥ទៅ២០ភាគរយក្នុងរយៈពេល១១ខែ ឆ្នាំ២០១៣ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។ នេះបើតាមការប្រាប់ឲ្យដឹងពីក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា ។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បាននិយាយថា មហាវិថីសហព័ន្ធរុស្ស៊ីជាផ្លូវធំមានសក្តានុពលខ្ពស់ ព្រោះជាផ្លូវដែលគណៈប្រតិភូ និងភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់ ហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានក្រុមហ៊ុនលក់រថយន្តធំៗជាច្រើនបានបើកកន្លែងតាំងបង្ហាញ និងលក់នៅទីនោះ ជាហេតុធ្វើឲ្យដីនៅទីនោះឡើងថ្លៃចន្លោះពី១៥ទៅ២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តទៀតថា មានគម្រោងធំៗជាច្រើននៅទីនោះដែលមានដូចជា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Booyoung Town, Cambodia Plaza, សណ្ឋាគារ ផ្សារទំនើប ព្រមទាំងអគារខ្ពស់ៗមួយចំនួនទៀត។
លោកបាន បញ្ជាក់ថា៖ «បើទោះបីជាផ្លូវនេះមានសក្តានុពលខ្លាំង ដោយសារមានក្រុមហ៊ុនធំៗចាប់អារម្មណ៍ និងចង់លើកផ្លាកសញ្ញារបស់ខ្លួននៅតាមផ្លូវនេះក៏ដោយ ក៏ផ្លូវនេះមានបញ្ហាមួយចំនួនផងដែរ ទាក់ទងទៅនឹងការបិទផ្លូវធ្វើចរាចរនៅពេលមានគណៈប្រតិភូធំៗឆ្លងកាត់។
លោក ចណ្ណា បានប្រាប់ទៀតថា ដីតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមានតម្លៃខុសៗគ្នា ដោយអាស្រ័យទៅតាមតំបន់នីមួយៗដូចជា ចាប់ពីអគារកាណាឌីយ៉ា ទៅដល់ស្ពានអាកាស៧មករា គេអាចរកទិញដីបានក្នុង១ម៉ែត្រការ៉េ ចាប់ពី៩០០ទៅ១២០០ដុល្លារ ចំណែកចាប់ពីស្ពានអាកាស៧មករា ដល់ភ្លើងស្តុបផ្សារដីហុយ មានតម្លៃចន្លោះពី៧០០ទៅ៩០០ដុល្លារ និងចាប់ពីភ្លើងស្តុបផ្សារដីហុយ ទៅដល់រង្វង់មូលចោមចៅ គេអាចរកទិញបានក្នុងតម្លៃចាប់ពី៣០០-៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បានវាយតម្លៃអំពីសក្តានុពលមហាវិថីសហព័ន្ធរុស្ស៊ីខ្ពស់ជាងលោក ឌឹត ចណ្ណា ដោយលោកប្រាប់ថា ដីនៅតាមផ្លូវនេះបើគិតពីអគារកាណាឌីយ៉ាទៅដល់ស្ពានអាកាស៧មករា មានតម្លៃចាប់ពី១៥០០ទៅ២០០០ដុល្លារក្នុង១ម៉ែត្រការ៉េ និងចាប់ពីស្ពានអាកាស៧មករា ដល់ភ្លើងស្តុបផ្សារដីហុយ ដីមានតម្លៃចន្លោះពី១០០០-១៥០០ដុល្លារ និងចាប់ពីស្តុបផ្សារដីហុយ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដីមានតម្លៃចាប់ពី៥០០-៨០០ដុល្លារ។
លោកថ្លែងថា៖«តម្លៃដីនៅ តាមផ្លូវនេះបានកើនឡើងចន្លោះពី១០ទៅ១៥ភាគរយក្នុងឆ្នាំ២០១៣។ ក្រុមហ៊ុនធំៗចូលចិត្តប្រើប្រាស់ផ្លូវនេះដើម្បីផ្សព្វផ្សាយ ផលិតផលរបស់ខ្លួន ព្រោះជាផ្លូវមានមនុស្សឆ្លងកាត់ច្រើន ហេតុនេះទើបមានកន្លែងលក់រថយន្តថ្មីៗកើតឡើងព្រោងព្រាតនៅទីនោះ»។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា តម្លៃដីធ្លី និងការពេញនិយមសម្រាប់ផ្លូវនេះពិតជាមានការប្រែប្រួលច្រើនក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើឲ្យតម្លៃរបស់វាកើនឡើងចន្លោះពី១០ទៅ២០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។ លោកបន្តថា មានកន្លែងដាក់តាំងបង្ហាញជាច្រើនកើតឡើងនៅតាមបណ្តោយមហាវិថីនេះ ខណៈអគារខ្ពស់ៗបានលេចរូបរាងជាបន្តបន្ទាប់។
លោកអះអាងថា៖«តម្លៃដីឡើងបន្ថែមទៀត ឬអត់ គឺពិបាកកំណត់ណាស់ ព្រោះអ្វីៗវាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច»។
កញ្ញា ហាំង សុពិសី ប្រធានគ្រប់គ្រងទូទៅផ្សារទំនើបរតនាផ្លាហ្សា ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បានប្រាប់ថា ធម្មតាកាលណាគេចង់សាងសង់ផ្សារទំនើបគេតែងជ្រើសរើសយកផ្លូវ ធំៗ និងតំបន់ទីប្រជុំជន។ ការសង់ផ្សារទំនើបនៅបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពិតជាមានសក្តានុពលខ្ពស់ ព្រោះងាយស្រួលផ្សព្វផ្សាយព័ត៌មានឲ្យអតិថិជនបានដឹង បើទោះបីជាពេលខ្លះមានការកកស្ទះចរាចរណ៍ក៏ដោយ ។
កញ្ញាអះអាង ថា៖«ការមានផ្សារទំនើបនៅតាមបណ្តោយមហាវិថីនេះពិតជាមាន សក្តានុពល ដោយសារពេលនៅពេលមានភ្ញៀវឆ្លងកាត់ទៅព្រលានយន្តហោះគេនឹងឃើញ ផ្សាររបស់យើង»។
យោងតាមរបាយការណ៍ស្រាវជ្រាវដែលទើបចេញផ្សាយ កាលពីពេលថ្មីៗរបស់ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល បានបង្ហាញថា ដីនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីអគារកាណាឌីយ៉ា ទៅដល់ស្ពានអាកាស មានតម្លៃចាប់ពី១៦០០-២០០០ដុល្លារក្នុង១ម៉ែត្រការ៉េ រីឯចាប់ពីស្ពានអាកាស ទៅដល់ភ្លើងស្តុបផ្សារដីហុយ មានតម្លៃចាប់ពី៨០០-១០០០ដុល្លារ និងចាប់ពីស្តុបផ្សារដីហុយ ដល់ចោមចៅ មានតម្លៃចន្លោះពី៤៥០ទៅ៦៦០ដុល្លារ៕