The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ដី​នៅ​ក្រុង បាត់ដំបង មាន​កំណើន​ក្នុង​រង្វង់ ១០ ភាគរយ

តម្លៃ​ដី​នៅ​ក្រុង បាត់ដំបង មាន​កំណើន​ក្នុង​រង្វង់ ១០ ភាគរយ

តម្លៃ​ដី​នៅ​ក្រុង បាត់ដំបង មាន​កំណើន​ក្នុង​រង្វង់ ១០ ភាគរយ

130808_03
រង្វង់មូលលោកតា ដំបងគ្រញូង ដែលតំណាងឲ្យមហិទ្ធិឫទ្ធីនៃដំបងដ៏ខ្លាំងពូកែនៅ ខេត្ត បាត់ដំបង ហ៊ឹន ពិសី

ភ្នំពេញៈ តម្លៃ​ដីធ្លី​នៅ​ក្នុង​ក្រុង បាត់ដំបង​ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០១៣ នេះ មាន​កំណើន​តិច​តួច។ នេះ​បើ​យោង​តាម​ការ​ធ្វើ​អង្កេត​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ក្នុង​ស្រុក​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក សន សៀប ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ឃី រៀលអេស្ទេត បាន​ប្រាប់​ថា យោង​តាម​ការ​អង្កេត​ដោយ​ក្រុមហ៊ុន ឃី រៀលអេស្ទេត ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា តម្លៃ​ដីធ្លី​ក្នុង​ក្រុង បាត់ដំបង​មាន​កំណើន​ជា​មធ្យម​ប្រហែល ១៣ ភាគរយ ក្នុង​ឆមាស ទី១​ឆ្នាំ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​សិក្សា​ដដែល​នេះ​ក៏​បាន​រក​ឃើញ​ថា ដី​នៅ​តំបន់​កណ្តាល​ក្រុង តំបន់ Zone A តាម​បណ្តោយ​ផ្លូវ​ធំ​ដែល​កាល​ពី​ឆមាស​ទី១​ឆ្នាំ ២០១២ មាន​តម្លៃ​ចន្លោះ​ពី ១០០០ ដល់ ១៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ​នោះ​បាន​កើន​ដល់ ១២០០ ទៅ ១៨០០ ដុល្លារ ខណៈ​ផ្លូវ​តូច​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៧០០ ដល់ ៩០០ ដុល្លារ​បាន​ឡើង​ដល់ ៨០០ ទៅ ១០០០ ដុល្លារ។

Content image - Phnom Penh Post

ការ​សិក្សា​ខាង​លើ​ក៏​បាន​រក​ឃើញ​ដែរ​ថា បច្ចុប្បន្ន​នេះ​ដី​នៅ​តំបន់ Zone B តាម​បណ្តោយ​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី ៣០០ ទៅ ៧០០ ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី ១៥០ ទៅ ២០០ ដុល្លារ ខណៈ Zone C តាម​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី ២០០-៤០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ និង​ផ្លូវ​តូច​មាន​តម្លៃ ១០០-៣០០ ដុល្លារ។ ដី​នៅ​តំបន់ Zone D ដែល​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ ៥ មាន​តម្លៃ​ចាប់​ពី ១២០០-១៨០០ និង​នៅ​ភាគ​ខាង​ជើង​ផ្លូវ​តូច មាន​តម្លៃ​ចាប់​ពី ៥០ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ Zone E ផ្លូវ​ធំ​មាន​តម្លៃ​ពី ៥០០ ទៅ ៩០០ ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ពី ១០០ ទៅ ២០០ ដុល្លារ។ Zone F ផ្លូវ​ធំ​មាន​តម្លៃ​ចាប់​ពី ១០០ ទៅ ១៥០ ដុល្លារ​និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី ៣០ ទៅ ៦០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក សន សៀប បាន​អះអាង​ថា៖ «ពី​មុន​មក​គេ​ចាត់​ទុក​រាជធានី​ភ្នំពេញ ជា​តំបន់​ដែល​ដីធ្លី​មាន​តម្លៃ​ខ្ពស់​ជាប់​លេខ ១ ខេត្ត សៀមរាប​លេខ ២ ខេត្ត ព្រះ​សីហនុ​លេខ ៣ និង​ខេត្ត បាត់ដំបង​ជាប់​លេខ ៤ ប៉ុន្តែ​នៅ​ពេល​នេះ​មិន​ប្រាកដ​ដូច្នេះ​ទេ»។

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ឃី រៀលអេស្ទេត ខាង​លើ​បាន​បន្ត​ថា៖ «បាត់ដំបង ជា​ខេត្ត​ដែល​មាន​សក្តានុពល​ខ្លាំង ចំណែក​ឯ​កម្រិត​ជីវភាព​របស់​ប្រជាជន​ក៏​ធូរធារ​ដែរ»។

បើ​ទោះ​បី​ប្រជាជន​នៅ​ខេត្ត បាត់ដំបង ភាគ​ច្រើន​ត្រូវ​បាន​គេ​គិត​ថា ជា​អ្នក​មាន​កម្រិត​ជីវភាព​ល្អ​ប្រសើរ​ក៏​ដោយ ក៏​ការ​សាង​សង់​សំណង់​ធំៗ និង​លំនៅឋាន​ជា​ប្រភេទ​បុរី នៅ​ទី​នោះ​ហាក់​មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត បាត់ដំបង ធ្លាប់​បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ​ថា រហូត​មក​ដល់​ពេល​នេះ (ត្រីមាស ទី១​ឆ្នាំ ២០១៣) គម្រោង​សាង​សង់​បុរី​ថ្មីៗ​នៅ​មិន​ទាន់​មាន​ទេ ខណៈ​គម្រោង​សាង​សង់​ចាស់ៗ​មិន​ទាន់​បាន​បញ្ចប់។ ចំណែក​តម្លៃ​ដីធ្លី​និង​លំនៅឋាន​នៅ​ខេត្ត បាត់ដំបង​មាន​កំណើន​សន្សឹមៗ។

ក្រុង បាត់ដំបង គឺជា​ទីក្រុង​ដែល​មាន​វ័យ​ចំណាស់​មួយ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុង​ទីក្រុង​នោះ​មាន​បន្សល់​ទុក​នូវ​សំណង់​បុរាណ​ជា​ច្រើន​តាំង​ពី​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស ថៃ និង បារាំង​ផង​ដែរ។

បច្ចុប្បន្ន​ក្រុង បាត់ដំបង​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ១៤ ម៉ឺន​នាក់​និង​មាន​សង្កាត់​ចំនួន ១០៕

អត្ថបទគួរចាប់អារម្មណ៍