The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ផ្ទះ​នៅ​តំបន់​អាស៊ាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​១

តម្លៃ​ផ្ទះ​នៅ​តំបន់​អាស៊ាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​១

តម្លៃ​ផ្ទះ​នៅ​តំបន់​អាស៊ាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​១

130516_09a
លំនៅឋាននៅទីក្រុងហ្សាការតា មានកំណើនរហូតដល់ ៨,៧ភាគរយ bloomberg

ក្រុងហុងកុង: ចំពោះ​អ្វី​មួយ​ដែល​គេ​ហៅ​ថា​«ការ​ចាប់​ផ្ដើម​ឆ្នាំ​ដ៏​ឆាប់​រហ័ស​»​នោះ គឺ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៣​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ឡើង​តម្លៃ​លំនៅឋាន​ប្រណីត​ៗ​ចំនួន​៧​នៅ​ក្នុង​ចំណោម​៩​ទីផ្សារ​ដែល​គេ​បាន​អង្កេត​នៅ​ក្នុង​សន្ទស្សន៍​របស់​ក្រុមហ៊ុន​Jones Lang LaSalle។

តម្លៃ​ផ្ទះ​ក្នុង​ទីផ្សារ​ចំនួន​៩​ដែល​គេ​បាន​អង្កេត​នោះ​បាន​កើន​ឡើង​ជា​មធ្យម​ចំនួន ២,២​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១២​និង​បាន​កើន​ឡើង​៦,១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តម្លៃ​ផ្ទះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បន្ត​កើន​ឡើង​នៅ​គ្រប់​ទីផ្សារ​ដែល​គេ​បាន​អង្កេត​ទាំងអស់​ដោយ​តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហ្សាការតា​កើន​ឡើង​ចំនួន​៨,៧​ភាគរយ​បើ​ប្រៀបធៀប​ទៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១២ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​តម្លៃ​ផ្ទះ​គោល​ប្រចាំ​ឆ្នាំ​ដែល​មាន​អត្រា​៣២,៩​ភាគរយ​។

យោង​តាម​សន្ទស្សន៍ Jones Lang LaSalle បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​បាន​កើន​ឡើង​៦,០​ភាគរយ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១២​និង​ទីក្រុង​ប៉េកាំង​បាន​កើន​ឡើង​២,៤​ភាគរយ​ផង​ដែរ។

នា​ពេល​នេះ​ផង​ដែរ​តម្លៃ​លំនៅឋាន​ក្នុង​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ​ចំនួន​១,១​ភាគរយ​និង​សិង្ហបុរី​ធ្លាក់​ចុះ​ចំនួន​០,៦​ភាគរយ​ខណៈ​ការ​រឹតបន្តឹង​វិធានការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​កាល​ពី​គ្រា​មុន​នោះ​បាន​ដាក់​ចូល​ជា​ធរមាន។

ដោយ​ថ្លែង​ពី​ទីផ្សារ​ផ្ទះ​ប្រណីត​ៗ​នៅ​ទីក្រុង​ហុងកុង​លោក Joseph Tsang នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Jones Lang LaSalle នៅ​ទីក្រុង​ហុងកុង​បាន​ថ្លែង​ថា​៖​«​ជា​អកុសល​រដ្ឋាភិបាល​បន្ត​អនុម័ត​នីតិវិធី​រឹតបន្តឹង​ក្នុង​ការ​កំណត់​គោល​នយោបាយ​ទំហំ​និង​តម្លៃ​ផ្ទះ​នោះ​ទំនង​ជា​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​រយៈពេល​ខ្លី​នេះ​»។

ដោយ​ពិភាក្សា​ពី​ចក្ខុវិស័យ​សម្រាប់​រយៈពេល​ដែល​នៅ​សល់​នៃ​ឆ្នាំ​នេះ​លោកស្រី​បណ្ឌិត Jane Murray ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន Jones Lang LaSalle បាន​និយាយ​ថា​៖​«​ជា​រួម​សេដ្ឋកិច្ច​តំបន់​បាន​បន្ត​កើន​ឡើង​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​គួរ​តែ​ប្រឹង​បង្កើន​ល្បឿន​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ត​ទៀត​នៅ​ឆ្នាំ​នេះ​ហើយ​ទីផ្សារ​តម្លៃ​លំនៅឋាន​នៅ​ទីក្រុង​ហ្សាការតា​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ច្រើន​ដោយ​សារ​មាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​ជា​បន្តបន្ទាប់​»។

លោកស្រី​បាន​បន្ត​ថា​៖​«​ទោះ​បី​យ៉ាង​ណា​ការ​រឹត​បន្តឹង​គោលនយោបាយ​នៅ​ក្នុង​ទីផ្សារ​មួយ​ចំនួន​នឹង​បន្ត​ដាក់​កម្រិត​ការ​ឡើង​ថ្លៃ​ផ្ទះ​សម្រាប់​រយៈពេល​ដែល​នៅ​សល់​ក្នុង​ឆ្នាំ​នេះ​ជា​ពិសេស​នៅ​ទីក្រុង​ហុងកុង​ប្រទេស​ចិន​និង​សិង្ហ​បុរី»។

លោកស្រី​Murry បាន​បន្ថែម​ថា​៖​«ខ្ញុំ​រំពឹង​ថា តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហុងកុង​នឹង​ធ្លាក់​ចុះ​៥​ទៅ​១០​ភាគ​រយ​នា​ពេល​ខាង​មុខ​ហើយ​តម្លៃ​នឹង​ធ្លាក់​ចុះ​រហូត​ដល់​៥​ភាគរយ​នៅ​សិង្ហបុរី​»៕ PN

អត្ថបទគួរចាប់អារម្មណ៍