The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ​

តម្លៃ​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ​

តម្លៃ​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ​

20140327_04
ទិដ្ឋភាពនៅការដ្ឋានសាងសង់លំនៅឋានលក់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ហុង មិនា

ភ្នំពេញ: អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ និង​អ្នក​វិនិយោគ​ផ្នែក​សំណង់​បាន​និយាយ​ថា តម្លៃ​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ​ក្នុង​ឆ្នាំ​២០១៤​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​កន្លង​មក។

លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​ការ​លក់​លំនៅឋាន​ក្នុង​បុរី​នានា​ពេល​នេះ​កំពុង​មាន​ដំណើរការ​ល្អ។ បច្ចុប្បន្ន​អ្នក​ទិញ​លំនៅឋាន​ភាគច្រើន​គឺ​ទុក​សម្រាប់​រស់នៅ ខណៈ​ការ​ទិញ​ទុក​លក់​យក​ចំណេញ​មិន​សូវ​មាន​នោះ​ទេ​។ លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប្រជាជន​វ័យ​អាយុ​ក្រោម​៣៥​ឆ្នាំ​ប្រហែល​៩ លាន​នាក់ ហេតុនេះ​តម្រូវការ​ផ្ទះសម្បែង​នឹង​មាន​ការ​កើនឡើង​បន្ថែម​ទៀត ខណៈ​ពួកគេ​សុទ្ធតែ​ត្រូវ​រៀបចំ​គ្រួសារ និង​ត្រូវការ​លំនៅឋាន​។ ម៉្យាង​ទៀត​បើ​ពួកគេ​រង់ចាំ​យូរ​តទៅ​ទៀត​នោះ ពួកគេ​មិន​អាច​ទិញ​ផ្ទះ​បាន​ទេ ព្រោះ​តម្លៃ​លំនៅឋាន​មាន​កំណើន​ពី​១០​ទៅ​២០​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។

លោក អះអាង​ថា៖ «​ខ្ញុំ​គិត​ថា​តម្រូវការ​លំនៅឋាន​នឹង​មាន​កំណើន​ខ្លាំង​ក្នុង​រយៈពេល ១០​ឆ្នាំ​ទៀត ព្រោះ​នៅ​កម្ពុជា​មាន​ប្រជាជន​វ័យក្មេង​ច្រើន​។ អ្នក​ដែល​នឹង​ទទួល​ជោគជ័យ​ច្រើន​ជាង​គេ គឺ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​១០​ម៉ឺន​ដុល្លារ»។ លោក​បាន​បន្ត​ថា​៖​«​កំណើន​លំនៅឋាន​នឹង​ឆ្ពោះ​ទៅ​តំបន់​ជាយក្រុង ព្រោះ​អ្នកមាន​គ្រួសារ​ថ្មី​នឹង​ផ្តោត​ទៅ​កាន់​ទី​នោះ ពីព្រោះ​ពួកគេ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ទិញ​ផ្ទះ​នៅក្នុង ក្រុង ស្រប​ពេល​ដែល​ចំនួន​ប្រជាជន​ចូល​មក​រស់នៅ​ភ្នំពេញ​កាន់តែ​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​»។

លោក គីម ហ៊ាង បាន​បន្ត​ថា តម្លៃ​ផ្ទះ​ល្វែង និង​ផ្ទះ​វីឡា បាន​កើនឡើង ប៉ុន្តែ​តម្លៃ​ខុនដូ​មិន​កើនឡើង​នោះ​ទេ មាន​តែ​ធ្លាក់​ចុះ ព្រោះ​ការ​ផ្គត់ផ្គង់​មាន​ចំនួន​កាន់តែ​ច្រើន​។ លោក​បន្ត​ថា ការ​មាន​រថយន្ត​ក្រុង​ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ​ក៏​ជា​កត្តា​មួយ​ធ្វើឲ្យ​តម្លៃ​ផ្ទះ​នៅ​ភ្នំពេញ​ឡើង ថ្លៃ​ផង​ដែរ​។

លោក ឈិត អ៊ុយស្ទីវិកសូ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន វីត្រាស់ អាព្រីសល បាន​ប្រាប់​ថា តម្លៃ​ដីធ្លី​មិន​មាន​សញ្ញា​កើនឡើង​ទេ ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​តែ​អូសបន្លាយ​បែប​នេះ ព្រោះ​អ្នក​វិនិយោគ​ធំៗ​កំពុង​តែ​រង់ចាំ​មើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ លោក​បន្ត​ថា ពេល​ណា​ដី​មិន​ឡើង​ថ្លៃ ផ្ទះ​ក៏​មិន​ឡើង​ថ្លៃ​ដែរ ប៉ុន្តែ​បើ​គិត​ការ​បន្ថែម​ពន្ធ​ដែល​រដ្ឋាភិបាល​រឹតបន្តឹង​នោះ​អាច​ធ្វើឲ្យ​ផ្ទះ​ឡើង​ថ្លៃ ស្រប​និង​តម្លៃ​នាំ​ចូល​សម្ភារ​សំណង់​កើនឡើង។ ទោះ​យ៉ាង​ណា​លោក​មិន​បញ្ជាក់​ថា មាន​កំណើន​ប៉ុន្មាន​នោះ​ទេ​។

លោក វ៉ន ចាន់ថន អគ្គនាយក​ក្រុមហ៊ុន ថោន ស៊ីធី រៀលអេស្ទេត បាន​យល់​ស្រប​ថា តម្លៃ​ផ្ទះ​នៅ​តាម​បុរី​មួយ​ចំនួន​ដូចជា បុរី​មហាសេដ្ឋី បុរី​ឧទ្យាន​បាសាក់ លំនៅឋាន​នៅ​តំបន់​បឹងកេងកង​១ និង​លំនៅឋាន​នៅ​តំបន់​ជាយក្រុង​មាន​កំណើន​ក្នុង​រង្វង់​ប្រហែល​១០​ភាគរយ។ លោក​បាន​បន្ត​ថា នៅ​ឆ្នាំ​២០១៤ នេះ​មិន​មាន​បុរី​ថ្មី និង​ទីក្រុង​រណប​ណា​មួយ​កើតឡើង​នោះ​ទេ​មាន​តែ​បុរី និង​ទីក្រុង​រណប​សង់​មិន​ទាន់​រួច។ នៅពេល​បុរី ឬ​ទីក្រុង​រណប​ណា​មួយ​សង់​រួច ហើយ​មាន​រចនាសម្ព័ន្ធ​ល្អ​នោះ តម្លៃ​លំនៅឋាន​នៅ​ទីនោះ​នឹង​ឡើង​ដោយ​ស្វ័យប្រវត្តិ។

លោក​ថ្លែង​ថា​៖ «​ស្ថានភាព​នៃ​ការ​លក់​លំនៅឋាន​នៅ​តាម​បុរី​នានា​មិន​មាន​អ្វី​រាំងស្ទះ នោះ​ទេ ព្រោះ​អ្នក​ទិញ​ពេល​នេះ​មាន​គោលដៅ​ច្បាស់លាស់​»។

នាយក គ្រប់គ្រង​ទូទៅ​នៃ​បុរី​រីវើល ថោន ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ជិត​ស្ពាន​ជ្រោយចង្វារ លោក តេង រីទ្ធី បាន​និយាយ​ថា ការ​លក់​លំនៅឋាន​នៅក្នុង​បុរី​របស់​លោក​ចាប់ផ្តើម​មាន​ដំណើរការ​ល្អ ប្រសើរ​ឡើង​វិញ​ហើយ​បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ដោយសារ​ការ​បោះឆ្នោត ។ លំនៅឋាន​ក្នុង​បុរី​របស់​លោក​ដែល​មាន​ទាំង​វីឡា​ភ្លោះ វីឡា​ទោល និង​ផ្ទះ​ហាង​នោះ​លក់​បាន​ជាង​៨០​ភាគរយ​ហើយ។

ទាក់ទង​នឹង​តម្លៃ លំនៅឋាន លោក រិទ្ធី បាន​និយាយ​ថា តម្លៃ​លំនៅឋាន​ក្នុង​បុរី​រីវើលថោន​កើនឡើង​ប្រមាណ​៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ កំណើន​នេះ​បណ្តាល​មកពី​មូលហេតុ​បី​សំខាន់ ទី​១ តម្លៃ​សម្ភារ​សំណង់​នាំ​ចូល​កើនឡើង ទី​២​ប្រាក់​ឈ្នួល​កម្មករ​ឡើង​ថ្លៃ និង​ទី​៣​ដោយសារ​តម្រូវការ​លំនៅឋាន​កំពុង​កើនឡើង៕

អត្ថបទគួរចាប់អារម្មណ៍