The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ឥដ្ឋ​ផលិត​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ

តម្លៃ​ឥដ្ឋ​ផលិត​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ

តម្លៃ​ឥដ្ឋ​ផលិត​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ

130516_06b
កុមារម្នាក់នេះកំពុងជញ្ជូនឥដ្ឋទៅដាក់ហាលថ្ងៃ នារោងសិប្បកម្មមួយនាពេលកន្លងមក ម៉ៃ វីរៈ

ភ្នំពេញ: ក្រុម​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​និយាយ​ថា​តម្លៃ​ឥដ្ឋ​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក ព្រាប កុយ ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ម្តុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​បាន​ប្រាប់​ថា តម្លៃ​ឥដ្ឋ និង​ផលិតកម្ម​ឥដ្ឋ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៣​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ កាល​ពី​ឆ្នាំ​២០១២​កន្លង​មក ឥដ្ឋ​ចំនួន​១​ម៉ឺន​ដុំ​មាន​តម្លៃ​៤០០​ដុល្លារ តែ​នៅ​ពេល​នេះ​ឥដ្ឋ​១​ម៉ឺន​ដុំ​មាន​តម្លៃ​ត្រឹម​តែ​៣៤០​ទៅ​៣៦០​ដុល្លារ​តែ​ប៉ុណ្ណោះ។

លោក​បាន​អះ​អាង​ថា​៖​«​ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​ផលិតកម្ម​ឥដ្ឋ​ធ្លាក់​ចុះ គឺ​ដោយ​សារ​កង្វះ​កម្លាំង​ពលកម្ម​និង​ទីផ្សារ​មិន​សូវ​មាន​តម្រូវការ​ច្រើន​ដូច​បណ្តា​ឆ្នាំ​មុន​ទេ​»។

ម្ចាស់​រោង​សិប្បកម្ម​ផលិត​ឥដ្ឋ​«ពន្លឺ​ព្រះ​អាទិត្យ»ដែល​មាន​ទីតាំង​នៅ​ព្រែក​អញ្ចាញ​ដែរ​នោះ បាន​និយាយ​ដោយ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ថា​តម្រូវការ​ឥដ្ឋ​ឆ្នាំ​នេះ​មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន ប៉ុន្តែ​តម្លៃ​របស់​វា​បាន​ធ្លាក់​ចុះ​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ ហើយ​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នោះ​លោក​មិន​បាន​ដឹង​ច្បាស់​ទេ​ដោយ​គ្រាន់​តែ​ឮ​ដំណឹង​ថា បច្ចុប្បន្ន​នេះ​មាន​ឥដ្ឋ​ផលិត​នៅ​ប្រទេស​វៀតណាម​ជាច្រើន​កំពុង​ហូរ​ចូល​មក​កម្ពុជា​។ ម្ចាស់​សិប្បកម្ម​ខាង​លើ​បាន​ប្រាប់​ទៀត​ថា បើ​និយាយ​ពី​គុណភាព​ឥដ្ឋ​ផលិត​នៅ​វៀតណាម​មិន​មាន​គុណភាព​ល្អ​ដូច​ឥដ្ឋ​ផលិត​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ពួកគេ​ធ្វើ​ពី​ដី​ឆៅ​និង​ចម្អិន​មិន​បាន​ល្អ​។

ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ខាង​លើ​បាន​ថ្លែង​ថា​៖​«​កម្លាំង​ទិញ​ឥដ្ឋ​នៅ​ឆ្នាំ​នេះ​មិន​មាន​សញ្ញា​កើន​ឡើង​នោះ​ទេ​បើ​ទោះ​បី​ជា​វិស័យ​សំណង់​មាន​ការ​រីកចម្រើន​ក៏​ដោយ ប៉ុន្តែ​ការ​ទិញ​និង​តម្លៃ​ឥដ្ឋ​នៅ​ពេល​នេះ​កំពុង​ធ្លាក់​ចុះ​។ ការ​ផលិត​ឥដ្ឋ​នា​ពេល​នេះ​មិន​សូវ​មាន​ផល​ចំណេញ​នោះ​ទេ​ពី​ព្រោះ​វត្ថុ​ធាតុ​ដើម ពិសេស​តម្លៃ​អុស​និង​កម្លាំង​ពលកម្ម​មាន​ការ​កើន​ឡើង​ច្រើន​»​។

ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​រូប​ទៀត​ដែល​គ្រាន់​តែ​ប្រាប់​ឈ្មោះ​សុវណ្ណ បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន​ឥដ្ឋ​១​ម៉ឺន​ដុំ​មាន​តម្លៃ​៤០០​ដុល្លារ​ដូច​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​នៅ​ពេល​ដឹក​មក​ដល់​ដេប៉ូ​នានា​ក្នុង​រាជធានី​ភ្នំពេញ វា​អាច​មាន​តម្លៃ​ខ្ពស់​ជាង​នេះ​។​លោក​បាន​បន្ត​ថា លោក​ក៏​ទទួល​បាន​ដំណឹង​ថា តម្លៃ​ឥដ្ឋ​ដែល​ផលិត​នៅ​ម្តុំ​ព្រែក​អញ្ចាញ​ធ្លាក់​ចុះ​ដែរ តែ​តម្លៃ​ឥដ្ឋ​ដែល​ផលិត​ដោយ​សិប្បកម្ម​របស់​លោក​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ។

អ្នក​រក​ស៊ី​ដឹក​ឥដ្ឋ​ដាក់​តាម​ដេប៉ូ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រូប​ឈ្មោះ​ចែ​មួយ​បាន​និយាយ​ថា តម្លៃ​ឥដ្ឋ​បាន​ចាប់​ផ្តើម​កើន​ឡើង​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​ដោយសារ​អាកាស​ធាតុ​ចាប់​ផ្តើម​មាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឲ្យ​សកម្មភាព​ផលិត​ឥដ្ឋ​មិន​សូវ​ដំណើរការ​ល្អ​។ បច្ចុប្បន្ន​ឥដ្ឋ​១​ម៉ឺន​ដុំ មាន​តម្លៃ​៤០០​ដុល្លារ​នៅ​កន្លែង​ផលិត​និង​មាន​តម្លៃ​ប្រហែល​៤៨០​ដុល្លារ​ពេល​ដឹក​មក​ដល់​ដេប៉ូ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ស្រ្តី​ដដែល​បាន​បន្ត​ថា​ឥដ្ឋ​ចាប់​ផ្តើម​កើន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​វិញ​ហើយ ព្រោះ​ការ​ផលិត​មាន​ការ​លំបាក និង​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​។

អ្នកស្រី មួយ​បាន​អះអាង​ថា​៖​«​តម្រូវ​ការ​ឥដ្ឋ​ឆ្នាំ​នេះ​មាន​កំណើន​ច្រើន​ជាង​ឆ្នាំ​មុន ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​និង​ការ​សាងសង់​បាន​កើន​ឡើង​នៅ​គ្រប់​ទិសទី​ក្នុង​ប្រទេស​»៕

អត្ថបទគួរចាប់អារម្មណ៍