ភ្នំពេញៈ ការកើនឡើងនៃកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងស្រុក និងកំណើនអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបានធ្វើឲ្យតម្លៃនិងតម្រូវការវីឡាជួលនៅក្នុងរាជធានីភ្នំពេញ កើនឡើងគួរឲ្យកត់សម្គាល់នារយៈពេលជិត៦ខែនាដើមឆ្នាំ២០១៣នេះ។
ការរស់នៅក្នុងផ្ទះវីឡាត្រូវបានគេឲ្យតម្លៃយ៉ាងខ្ពស់ ព្រោះវីឡាគេតែងសង់ឡើងដោយមានបន្សល់ទុកនូវចំណែកដីមួយចំនួនសម្រាប់ធ្វើជាសួនច្បារ ទីធ្លាលេងកម្សាន្ត និងកន្លែងចតរថយន្តផងដែរ។ ផ្ទះវីឡាត្រូវបានគេគិតថា ជាលំនៅឋានដែលអ្នករស់នៅភាគច្រើនជាអ្នកមានប្រាក់ចំណូលខ្ពស់។
លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បាននិយាយថា តម្លៃ និងតម្រូវការវីឡាជួលនៅក្នុងរាជធានីភ្នំពេញនាឆមាសទី១ ឆ្នាំ២០១៣នេះបានកើនឡើងច្រើនពិសេសក្នុងខណ្ឌចំការមន ដូនពេញ និងខណ្ឌទួលគោក។ ការកើនឡើងនៃតម្រូវការវីឡាជួលនៅពេលនេះក៏ដោយសារតែកម្រិតជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាកំពុងកើនឡើង ស្របពេលកំណើននៃអ្នកវិនិយោគចូលមកប្រទេសកម្ពុជាបន្តកើនជារៀងរាល់ថ្ងៃដែលពួកគេទាំងនោះសុទ្ធតែត្រូវការលំនៅឋានស្នាក់នៅ ឬបើកជាការិយាល័យ។
នាយកក្រុមហ៊ុន ស៊ីអិល រៀលធី ខាងលើបានបញ្ជាក់ថា៖«តម្លៃវីឡាជួលនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៣នេះបានកើនឡើងចន្លោះពី២០-៣០ភាគរយចំណែកឯតម្រូវការក៏កើនឡើងច្រើនដែរ។
កត្តាដែលធ្វើឲ្យតម្រូវការជួលវីឡាកើនឡើងដោយសារតែមានហេតុផលសំខាន់ៗមួយចំនួនដូចជា កត្តាកម្រិតជីវភាពរបស់ប្រជាជនកើនឡើង តម្លៃអចលនទ្រព្យ និងដីធ្លីកើនឡើង និងការស្វែងរកទីតាំងបើកអាជីវកម្ម ឬក៏ការិយាល័យធ្វើការកាន់តែមានច្រើន។
លោក ឆៃលីន បានប្រាប់ទៀតថា បច្ចុប្បន្នផ្ទះវីឡាស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ដែលមានបន្ទប់ចំនួន៤-៥ គេអាចរកជួលបានក្នុងតម្លៃចាប់ពី២៥០០-៤០០០ដុល្លារក្នុង១ខែ ខណៈទំហំដដែលនេះអាចមានតម្លៃប្រហែល១៨០០-២៥០០ដុល្លារ ក្នុងខណ្ឌទួលគោក។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បាននិយាយថា តម្លៃវីឡាជួលនៅឆ្នាំនេះបានកើនឡើងជាង២០ភាគរយនៅខណ្ឌចំការមន និងខណ្ឌដូនពេញ ចំណែកខណ្ឌទួលគោកកើនឡើងប្រហែល១០ភាគរយដែរ រីឯតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញកើនឡើងតិចតួចទេ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ចណ្ណា បានបន្តថា វីឡាជួលដែលស្ថិតក្នុងខណ្ឌដូនពេញ និងចំការមន មានតម្លៃប្រហាក់ប្រហែលគ្នា ដោយវីឡាដែលមានបន្ទប់ចំនួន៥-៦ មានតម្លៃចាប់ពី៣៥០០-៤០០០ដុល្លារក្នុង១ខែ ចំណែកនៅខណ្ឌទួលគោកមានតម្លៃចន្លោះពី២៥០០-៣០០០ដុល្លារអាមេរិក ក្នុង១ខែ។
ទាក់ទងទៅនឹងការកើនឡើងនៃតម្លៃជួល និងតម្រូវការខាងលើ លោក ឌឹត ចណ្ណា បានបញ្ជាក់ថា៖«តម្លៃជួលវីឡានឹងបន្តកើនឡើងទៀត ពីព្រោះកម្ពុជាជិតដល់ពេលដែលត្រូវធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាននាចុងឆ្នាំ២០១៥ខាងមុខ។

ការដែលវីឡាជួលនៅក្នុងខណ្ឌចំការមន និងដូនពេញ មានតម្លៃថ្លៃពីព្រោះនៅទីនោះមានលក្ខណពិសេសមួយចំនួនដូចជា ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ជាតំបន់មានប្រជាជនរស់នៅច្រើន សម្បូរមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្ត ភោជនីយដ្ឋានធំៗ ហាងលក់ទំនិញ ផ្លូវខ្វាត់ខ្វែង និងមានសុវត្ថិភាពល្អប្រសើរទៀតផង។ រីឯវីឡានៅទួលគោក មានលក្ខណពិសេសត្រង់មានទីតាំងធំទូលាយ និងមានបរិយាកាសល្អសម្រាប់ការរស់នៅ។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បានលើកឡើងថា តម្លៃ និងតម្រូវការវីឡាជួល ពិតជាបានកើនឡើងនៅក្នុងឆមាសទី១ឆ្នាំ២០១៣នេះ ប៉ុន្តែមិនកើនឡើងច្រើននោះទេ។ នៅខណ្ឌចំការមន និងខណ្ឌដូនពេញ វីឡាដែលមានចំនួន៤-៥ បន្ទប់មានតម្លៃជួលក្នុង១ខែចាប់ពី២០០០ទៅ៤០០០ដុល្លារ និងនៅខណ្ឌទួលគោកមានតម្លៃពី២០០០-៣០០០ដុល្លារ។
លោក ខាត់ សុវណ្ណ នាយកគ្រប់គ្រងក្រុមហ៊ុនខេមថប ប្រផឺធី គ្រុប បាននិយាយថា តម្លៃ និងតម្រូវការវីឡាជួលបានកើនឡើងអាស្រ័យទីតាំង(តំបន់បឹងកេងកង ជាតំបន់ដែលមានតម្រូវការច្រើនជាងគេ) តែទោះបីជាយ៉ាងណាវាមិនបានកើនឡើងច្រើននោះទេ។ លោកបានប្រាប់ទៀតថា បច្ចុប្បន្នលោកពិបាករកវីឡាជួលដើម្បីបំពេញឲ្យសេចក្តីត្រូវការរបស់ភ្ញៀវនៅក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ណាស់ពីព្រោះវីឡាជួលនៅទីនោះមានតម្លៃថ្លៃនិងមិនសូវមានទៀតផង។
លោកបានថ្លែងថា៖«បច្ចុប្បន្នខ្ញុំកំពុងមានអតិថិជនចំនួន៦នាក់ដែលមានបំណងចង់រកជួលវីឡានៅក្នុងតំបន់បឹងកេងកង១ ប៉ុន្តែខ្ញុំមិនទាន់អាចរកជូនពួកគាត់បានទេព្រោះវីឡានៅទីនោះបច្ចុប្បន្នមិនសូវមានទេរីឯតម្លៃមានចាប់ពី២៥០០-៣៥០០ក្នុង១ខែសម្រាប់វីឡាដែលមាន៤-៦ បន្ទប់»។
លោក សុវណ្ណ បានប្រាប់ទៀតថា ចំណែកវីឡាសម្រាប់ជួលនៅក្នុងខណ្ឌទួលគោក មិនពិបាករកដូចខណ្ឌចំការមន និងដូនពេញនោះទេ ព្រោះនៅទីនោះសម្បូរវីឡាជួល ហើយមានតម្លៃធូរថ្លៃផងដែរគឺវីឡាដែលមានចំនួន៤-៦បន្ទប់អាចមានតម្លៃប្រហែល១០០០-២៥០០ដុល្លារក្នុង១ខែ។
បច្ចុប្បន្ននេះគេមិនសូវឃើញមានការសង់វីឡាថ្មីនៅក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញទេ ដោយផ្ទះវីឡាភាគច្រើនត្រូវបានគេឃើញកំពុងរីកដុះដាលនៅក្នុងខណ្ឌទួលគោក ពីព្រោះនៅទីនោះមានដីនៅសល់ទំនេរច្រើន ហើយធំៗទៀតផង ខណៈនៅខណ្ឌចំការមន និងខណ្ឌដូនពេញផ្ទះវីឡាបានបាត់បង់ជាបន្តបន្ទាប់ដោយសារតែអ្នកវិនិយោគបានវាយវីឡាចាស់ចោល ដើម្បីយកដីទៅសង់ជាអាផាតមិន ឬខុនដូ។ ការសង់ជាខុនដូ និងអាផាតមិន ត្រូវបានគេគិតថា ជាការវិនិយោគដែលងាយស្រួលរកប្រាក់ជាងទុកផ្ទះដ៏ធំសម្រាប់ជួលឲ្យមនុស្សស្នាក់នៅ ក្រុមហ៊ុន ឬអង្គការ៕