The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ឡើង​តិចតួច

ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ឡើង​តិចតួច

ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ឡើង​តិចតួច

131107_01
ទុនវិនិយោគវិស័យំណង់ក្នុងរយៈពេល៩ខែឆ្នាំ២០១៣ បានកើនឡើង២៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២ ខណៈឆ្នាំ២០១២ កើនឡើងជាង៨៣% ហុង មិនា

ភ្នំពេញៈ ទុន​វិនិយោគ​វិស័យ​សំណង់​រយៈ​ពេល ៩ខែ ឆ្នាំ ២០១៣ នេះ​បាន​កើន​ឡើង ២៤ ភាគរយ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ នា​ពេល​ថ្មីៗ​នេះ។

តាម​ទិន្នន័យ​បាន​បង្ហាញ​ថា​ចាប់​ពី​ខែ មករា រហូត​ដល់​ខែ កញ្ញា ឆ្នាំ ២០១៣​នេះ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ចេញ​លិខិត​អនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ១២៤២ គម្រោង ដែល​មាន​ផ្ទៃ​ក្រឡា​សាង​សង់​សរុប​ជិត ៦ លាន​ម៉ែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ​ចំនួន ២,២៧ ពាន់​លាន​ដុល្លារ​អាមេរិក បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២ មាន​គម្រោង​សាង​សង់​ចំនួន ១៣៥៧ គម្រោង​លើ​ផ្ទៃ​ក្រឡា​សាងសង់ ៥,៦ លាន​ម៉ែត្រ​ការ៉េ ស្មើ​និង​ទុន​វិនិយោគ ១៨៣៥ លាន​ដុល្លារ គឺ​កើន​ឡើង ២៤ ភាគរយ។

លោក ឡៅ ទិព្វសីហា អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​សំណង់ នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ មាន​ប្រសាសន៍​ថា វិស័យ​សំណង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ ពីព្រោះ​ការ​រីក​ចម្រើន​វិស័យ​សំណង់​បាន​បង្កើត​នូវ​ការងារ​ជាច្រើន។ លោក​បាន​ប្រាប់​ទៀត​ថា បើ​ទោះ​បី​ជា​កំណើន​ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ ២០១៣ នេះ​មាន​ទំហំ​តិច​តួច​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២ ក៏​ដោយ​ក៏​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា នៅ​បំណាច់​ឆ្នាំ ២០១៣ នេះ កំណើន​នេះ​នឹង​បន្ត​កើន​ឡើង​ជា​បន្ត​ទៀត ព្រោះ​នា​អំឡុង​ខែ តុលា កន្លង​មក មាន​អ្នក​វិនិយោគ​ទុន​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​មក​សុំ​ច្បាប់​អនុញ្ញាត​សាង​សង់​នៅ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់។

លោក​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ដែល​មាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​នា​រយៈ​ពេល ៩ខែ នេះ​រួម​មាន​អគារ​លំនៅឋាន​ស្នាក់​នៅ​រួម វីឡា ផ្ទះ​ល្វែង ផ្សារ​ទំនើប កាស៊ីណូ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អគារ​ការិយាល័យ អគារ​គ្រឹះស្ថាន​អប់រំ មន្ទីរពេទ្យ ធនាគារ សណ្ឋាគារ រោងចក្រ ឃ្លាំង រោងចក្រ កាត់ដេរ និង​ស្ថានីយ​ប្រេង​ឥន្ទនៈ​ជាដើម។ ទោះ​បី​ជា​យ៉ាង​ណា​ការ​កើន​ឡើង​នៅ​ពេល​នេះ មិន​មាន​ទំហំ​ធំ​ដូច​ការ​កើន​ឡើង​នា​អំឡុង​ឆ្នាំ ២០១២ នោះ​ទេ ដោយ​នៅ​ពេល​នោះ​ទឹក​ប្រាក់​វិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈ​ពេល ៩ខែ ដើម ឆ្នាំ ២០១២ បាន​កើន​ឡើង​ពី ៩៩៩ លាន​ដុល្លារ​អាមេរិក​នា​រយៈ​ពេល ៩ខែ ឆ្នាំ ២០១១ មក​ដល់ ១៨៣៥ លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​កំណើន ៨៣,៦ ភាគរយ។

អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​ជា​ច្រើន​សុទ្ធ​តែ​បាន​អះអាង​ដូច​គ្នា​ថា នា​អំឡុង ២ ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ ២០១៣ នេះ មាន​ក្រុមហ៊ុន​បរទេស និង​ក្នុង​ស្រុក​ជាច្រើន បាន​បោះ​ទុន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា ប៉ុន្តែ​ក្នុង​អំឡុង​ត្រីមាស ទី៣ នេះ​ការ​បញ្ចេញ​ទុន​វិនិយោគ​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​បន្ទាប់​ពី​ការ​បោះឆ្នោត។

លោក ស៊ឹង ប៊ុណ្ណា អគ្គ​នាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​ប្រាប់​ថា ក្រោយ​ពេល​បោះឆ្នោត​ថ្មីៗ​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​ប្រៀប​បាន​នឹង​អំឡុង​ពេល Coffee break (សម្រាក​ញ៉ាំ​កាហ្វេ) ប៉ុន្តែ​ពេល​នេះ​អ្នក​វិនិយោគ​បាន​ចាប់​ផ្តើម​ចូល​មក​កម្ពុជា​វិញ​ជា​បណ្តើរៗ​ហើយ ដោយ​នៅ​ពេល​នេះ​មិន​មាន​អ្វី​គួរ​ព្រួយ​បារម្ភ​អំពី​ស្ថិរភាព​នយោបាយ​ទៀត នោះ​ទេ ម៉្យាង​ទៀត​នៅ​ពេល​នេះ​ប្រទេស​កម្ពុជា​ក៏​កំពុង​ត្រៀម​ខ្លួន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ទៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ដែល​នេះ​គឺជា​ឱកាស​វិនិយោគ​ល្អ​មួយ​នៅ​ទីនេះ។

លោក​បាន​ថ្លែង​ថា៖ «ការ​ចាប់​ផ្តើម​វិនិយោគ​នៅ​កម្ពុជា​ពេល​នេះ​គឺ​រឿង​ដ៏​ល្អ ពីព្រោះ​នៅ​ពេល​ឆ្នាំ ២០១៥ មក​ដល់​នឹង​មាន​ជន​បរទេស​ជាច្រើន​ហូរ​ចូល​មក​កម្ពុជា»។ លោក​បាន​បន្ថែម​ថា៖ «វិស័យ​អចលន​ទ្រព្យ​ពិសេស​អគារ​ការិយាល័យ ខុនដូ និង អាផាតមិន នឹង​មាន​តម្រូវការ​ច្រើន​នៅ​ពេល​ឆ្នាំ ២០១៥ ចូល​មក​ដល់»។

នា​អំឡុង​ត្រីមាស ទី២ និង ទី៣ នេះ​គេ​សង្កេត​ឃើញ​មាន​គម្រោង​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស​ជាច្រើន​មាន​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ដូចជា ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស កូរ៉េ Booyoung និង​ក្រុមហ៊ុន Hong kong Land ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍